ដោយ កេសរណ្ណីយ្យា
2009-08-09
ប្រភពពីខេត្តសុរិន្ទ បានឲ្យដឹងថា អាជ្ញាធរផ្នែកសិក្សាធិការនៃខេត្តសុរិន្ទរបស់ថៃ បានយល់ព្រមឲ្យមានការបញ្ចូលភាសាខ្មែរក្នុងកម្មវិធីសិក្សាក្នុង សាលារដ្ឋ។
ខណៈដែលស្ថានការណ៍រវាងកម្ពុជានិងថៃនៅតាមបណ្តោយព្រំដែនក្នុង តំបន់ប្រាសាទព្រះវិហារមិនទាន់ដោះស្រាយរួចស្រេចនៅឡើយនោះ ខ្មែរនាឧត្តរទិសក្នុងខេត្តសុរិន្ទ ដែលធ្លាប់ជាភាគមួយនៃទឹកដីខ្មែរលើខ្ពង់រាបនគររាជ បានឲ្យដឹងថា មានការអនុញ្ញាតជាផ្លូវការឲ្យមានបង្រៀនភាសាខ្មែរនៅតាមសាលារៀន របស់រដ្ឋនានាក្នុងខេត្តនៃភាគឦសានរបស់ប្រទេសថៃមួយនេះហើយ។
សមាគមភាសានិងវប្បធម៌ខេត្តសុរិន្ទ ដែលមានលោក ជ័យ មង្គល ជាប្រធាន បានឲ្យដឹងថា សមាគមបានស្នើទៅក្រសួងអប់រំ សុំឲ្យអនុញ្ញាតជាផ្លូវការ ឲ្យមានម៉ោងបង្រៀនអាននិងសរសេរភាសាខ្មែរក្នុងកម្មវិធីសិក្សាទូទៅ កាលពីពេលថ្មីៗនេះ។
នាយកដ្ឋានផ្នែកអប់រំខេត្តសុរិន្ទ កាលពីថ្ងៃពុធទី៥ ខែសីហា បានទទួលយល់ព្រមតាមសំណើនេះ ព្រមទាំងបានរៀបចំសន្និសីទមួយជាមួយតំណាងសាលាបឋមសិក្សានិងមធ្យម សិក្សាចំនួនប្រមាណ ៣០-៤០សាលាពីឃុំស្រុកនានាក្នុងខេត្ត ដើម្បីពិភាក្សាពីកម្មវិធីបង្រៀនភាសាខ្មែរក្នុងថ្នាក់រៀននេះ។
លោក ជ័យ មង្គល មានប្រសាសន៍ថា ៖ «យើងបាននិយាយគ្នាល្អៗ ខ្ញុំទៅជួបនាយកសិក្សាអប់រំខេត្តហ្នឹង អំពីរឿងភាសាខ្មែរយើង និយាយគ្នាល្អ ថាយើងនៅស្រុកជាមួយគ្នា មិនបាច់យកច្បាប់មកដាក់គ្នាទេ យើងរកការស្វែងយល់ជាមួយគ្នា កុំឲ្យថា ខ្មែរនិយាយគ្នាមិនល្អ យើងខ្មែរ។ គេព្រម គេប្រជុំហើយ គេថា OK [យល់ព្រម] អ៊ីចឹងឲ្យខ្ញុំធ្វើអី? ខ្ញុំចង់ឲ្យលោកគ្រូកោះហៅនាយកសាលាមក ហើយអ្នកណាស្ម័គ្រចិត្តបញ្ចូលភាសាខ្មែរ មានច្រើនសាលារៀន គេប្រាប់ខ្ញុំតាមទូរស័ព្ទ មាន ៣០-៤០សាលារៀន»។
យោងតាមគម្រោងផ្លូវការ ការបើកបង្រៀនភាសាខ្មែរក្នុងសាលារៀនរដ្ឋ នឹងមានបង្រៀន ២ម៉ោងក្នុងមួយសប្តាហ៍ មានតាំងពីថ្នាក់បឋមសិក្សាឆ្នាំទី១ ដល់មធ្យមសិក្សា ឆ្នាំទី១២ ហើយនឹងចាប់ផ្តើមអនុវត្តជាបណ្តើរៗ ចាប់ពីខែកញ្ញាខាងមុខនេះទៅ ដោយនឹងផ្តើមដំបូងនៅស្រុកស្វាយ ជាមុនសិន។
បញ្ហាដែលគម្រោងនេះជួបប្រទះ គឺកង្វះគ្រូសម្រាប់បង្រៀន។ លោក ជ័យ មង្គល បានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ លោកនឹងចាត់ឲ្យមានការបង្រៀនដោយកូនសិស្ស ដែលលោកបានអប់រំ ក្នុងយុទ្ធនាការដាស់ភាសាខ្មែររបស់លោកផ្ទាល់។
លោក ជ័យ មង្គល ថ្លែងបន្ថែមយ៉ាងដូច្នេះ ៖ «គ្រូបង្រៀនហ្នឹង យកកូនសិស្សយើងបានល្អជាង ព្រោះគ្រូនៅសាលាគាត់ជាប់ដៃជាប់ជើងអស់ហើយ ព្រោះការងារពេញដៃ។ បើថា យកប្រជាជនកូនសិស្សយើងទៅ នេះជាមធ្យោបាយមួយសម្រាប់ឲ្យមានមនុស្សមករៀនឲ្យច្រើន។ ទី២ អ្នកភូមិគាត់មិនដែលទៅណាទេ បើយកគ្រូមកពីឆ្ងាយបង្រៀនមួយភ្លែតទៅបាត់អស់»៕
free programes
Read more!
![]() |
LABELS
- Khmer krom (5)
- Khmer news (73)
- Phật giáo (8)
- vietnam news (34)
- world news (36)
- พระพุทธศาสนา (3)
- កំណាព្យ (5)
- ប្រវត្តិសាសនាក្នុងលោក ជាភាសាសៀម (6)
- ព្រះពុទ្ធសាសនា (5)
- ភូមិសាស្ត្រកម្ពុជាក្រោម (3)
- ភូមិសាស្ត្រនយោបាយ (15)
- ស្រីហិតោបទេស (3)
FOLLOWERS
FROM ALL COUNTRY
VIET NAM SONG
CHINESE SONG
ENGLISH SONG
Monday, 10 August 2009
ភាសាខ្មែរត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាក្នុងខេត្តសុរិន្ទ
Posted by
sereykh
at
08:41
Labels: Khmer news
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment