Friday 24 July 2009

មួយឆ្នាំក្រោយឃាតកម្មសម្លាប់លោកឃឹមសំបូរ សារព័ត៌មានមនៈសិកាខ្មែរបិទ

ពិន ស៊ីសុវណ្ណ VOA

៣៦៥ថ្ងៃក្រោយពីមានឃាតកម្មសម្លាប់លោកឃឹមសំបូរមកនោះ សារព័ត៌មាន
មនៈសិកាខ្មែរដែលលោកបានសរសេរអត្ថបទអំពីអំពើពុករលួយ អយុត្តិធម៌
សង្គមជាដើម កាលពីលោកនៅរស់នោះ បានបាត់មុខពីតូបលក់កាសែតនៅ
កម្ពុជា តាំងពីថ្ងៃសុក្រមក។

មកដល់ថ្ងៃនេះគឺ៣៦៧ថ្ងៃបានកន្លងផុតទៅយ៉ាង
យឺតៗសម្រាប់អ្នករង់ចាំយុត្តិធម៌ ក៏ប៉ុន្តែអាជ្ញាធរមិនទាន់រកឃើញឃាតករនៅ
ឡើយ ផ្ទុយទៅវិញអនាគតសារព័ត៌មាននេះប្រហែលជាត្រូវអស់ជីវិតទៅវិញ។

៣៦៥ថ្ងៃក្រោយពីមានឃាតកម្មសម្លាប់លោកឃឹមសំបូរ ​ កាលពីថ្ងៃសៅរ៍នេះ
លោកដាំ សិទ្ធិ ចាងហ្វាងនិងជានិពន្ធសារព័ត៌មានមនៈសិកាខ្មែរ បានសុំមិន
ធ្វើអត្ថាធិប្បាយអំពីខួបមួយឆ្នាំនៃឃាតកម្មសម្លាប់លោកឃឹម សម្បូរនិងអំពី
អនាគតសារព័ត៌មានរបស់លោកទេ ។ សូម្បីសម្លេងរបស់លោកដែលសុំមិន
ធ្វើអត្ថាធិប្បាយនោះ ក៏លោកសុំមិនឲ្យចាក់ផ្សាយដែរ។ លោកនិយាយថា
"ពីព្រោះខ្ញុំកំពុងជួបការលំបាក" ។

ក្រោយពីបានបោះពុម្ពផ្សាយជាង១០ឆ្នាំ និងប្រឈមមុខការវាយប្រហារក្រៅ
ច្បាប់ផង និងក្នុងប្រព័ន្ធតុលាការផងនោះ លោកដាំ សិទ្ធិបានសរសេរលិខិត
អរគុណលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានធានាឲ្យលោកនៅក្រៅឃុំ
ហើយលោកបានសន្យាឈប់ចេញផ្សាយសារព័ត៌មាននេះទៀត។ អ្នកយក
ព័ត៌មានដែលធ្លាប់ធ្វើការឲ្យកាសែតរបស់លោក១០ឆ្នាំកន្លងមកនេះធ្លាប់បាន
រងរបួស ស្លាប់ ជាប់ឃុំឃាំងជាដើម។

បច្ចុប្បន្ននេះបុគ្គលិកខ្លះរបស់សារព័ត៌មាននេះបានបាត់បង់ការងារ ហើយខ្លះ
ទៀតត្រូវបង្ខំចិត្តទៅធ្វើការនៅសារព័ត៌មានផ្សេង។

លោកវង្ស សុភ័ក្ស អតីតអ្នកយកព័ត៌មាននៃសារព័ត៌មានមនៈសិកាខ្នែរ បាន
និយាយថា លោកមានការភិតភ័យ តក់ស្លុតយ៉ាងខ្លាំងក្រោយពីមានឃាតកម្ម
សម្លាប់លោកឃឹម សម្បូរ ។ លោកនិយាយថា "មានអារម្មណ៍ភ័យគ្រប់ពេល
វេលា។ បើយើងភ័យខ្លាំងពេក យើងធ្វើការអត់កើត ចេះតែទុកការភ័យព្រួយ
មួយឡែកសិនទៅ ។ មានអារម្មណ៍តក់ស្លុតពីសន្តិសុខ សុវត្ថិភាពខ្លួនឯងដែរ
ហ្នឹងណា ដូចជាខ្លាចជួបរឿងអាក្រក់ដូចបងសម្បូរ និងកូនគាត់ដែរ ពីព្រោះ
សន្តិសុខសម្រាប់អ្នកកាសែត វាផុយស្រួយពេក"។

លោកបន្ថែមថា នៅពេលជួបគ្នា អតីតអ្នកយកព័ត៌មានសម្រាប់សារព័ត៌មាន
មនៈសិកាខ្មែរ តែងតែសួរអ្នករួមវិជ្ជាវរកការងារនៅអង្គការព័ត៌មានផ្សេងទៀត។
លោកនិយាយថា ការបិទសារព័ត៌មាននេះនាំឲ្យប្រជាជនបាត់ព័ត៌មានមួយ
ផ្នែកធំ។

លោកនិយាយថា "ហឺ ចេះតែខំស្វែងរកការងារធ្វើរៀងខ្លួនទៅ ពួកហ្នឹងជួបគ្នា។ សោកស្តាយដែលប្រជាពលរដ្ឋបាត់ព័ត៌មានមួយផ្នែកធំទៅណា។ ធម្មតា​សង្គម
ប្រជាធិបតេយ្យ ត្រូវមានការរិៈគន់ស្ថាបនា។ បើមិនមានអ្នករិៈគន់ស្ថាបនាទេ
មិនអាចធ្វើឲ្យសង្គមដើរទៅមុខរលូនទេ "។

ពីរសប្តាហ៍មុនលោក និងកូនប្រុសរបស់លោកអាយុ២១ឆ្នាំត្រូវឃាតករបាញ់
សម្លាប់នោះ លោកឃឹម សំបូរដែលប្រើរហសនាមថា ស្រីកា បានសរសេរ
អត្ថបទព័ត៌មានដែលថា នៅថ្ងៃទី២៥ខែមិថុនា មន្ត្រីប៉ូលិសកំពូលម្នាក់បាន
ចាញ់ល្បែងនៅកាស៊ីណូLe Macau Casino and Hotel ក្នុងស្រុកបាវិត ក្បែរ
ព្រំដែនវៀតណាម ចាញ់អស់ខោអស់អាវ។ក្រោយពីចាញ់អស់១០ម៉ឺនដុល្លារ
កាស៊ីណូបានសងវិញ៥ម៉ឺនដុល្លារ។ មេប៉ូលិសនេះបានលេងអស់៥ម៉ឺននេះ
ទៀត ​ ព្រមទាំងបង្ខំខ្ចីលុយកាស៊ីណូថែមទៀត។ នៅពេលបុគ្គលិកកាស៊ីណូ
មិនព្រមឲ្យខ្ចី មេប៉ូលិសនេះបានគម្រាមឲ្យកូនចៅរបស់លោកចាប់ខ្លួន។

ក្រោយពីមានឃាតកម្មសម្លាប់លោកឃឹម សម្បូរ និងកូនប្រុសកាលពីថ្ងៃទី១១
ខែកក្កដាឆ្នាំ២០០៨មកនោះ Reporters Without Borders បានជំរុញឲ្យ
លោកនាយករដ្ឋមន្រ្តីហ៊ុន​ សែន បង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេត
ឃាតកម្មបាញ់សម្លាប់លោកឃឹម សម្បូរ ពីព្រោះមានរបាយការណ៍ព័ត៌មាន
សង្ស័យថា អតីតអគ្គស្នងការប៉ូលិសជាតិ លោកហុក ឡងឌី ប្រហែលនៅពី
ក្រោយឃាតកម្មនោះ ហើយថា ប៉ូលិសបិទបាំងករណីនេះ។ អ្នកសារព័ត៌មាន
ខ្លះនិងសកម្មជនសិទ្ធិមនុស្សបានទទួលព័ត៌មានដែលគួរទុកចិត្តបានថា លោក
ហុក ឡងឌី ប្រហែលជាប់ទាក់ទងនឹងឃាតកម្មនេះ ។

ភ្នាក់ងារ FBI បានចុះទៅធ្វើការជាមួយមន្ត្រីកម្ពុជា ស៊ើបអង្កេតរឿងនេះជាងពីរ
សប្តាហ៍ ប៉ុន្តែមិនទាន់បង្ហាញលទ្ធផលទេ។ កាលណោះមានការអំពាវនាវឲ្យFBI
បង្ហាញលទ្ធផលស៊ើបអង្កេតនោះ។ ភរិយារបស់លោកឃឹម សំបូរ និងកូនៗត្រូវ
បានអង្គការសិទ្ធិមនុស្សជួយនាំចេញពីប្រទេសកម្ពុជា ដោយសារព្រួយបារម្ភអំពី
សុវត្ថិភាពរបស់អ្នកដែលនៅរស់។

ប្រហែល៥ខែក្រោយមកលោកហុក ឡងឌី អតីតអគ្គស្នងការប៉ូលិសជាតិ បាន
ស្លាប់ក្នុងឧបត្តិហេតុធ្លាក់យន្តហោះបណ្តាលមកពីអាកាសធាតុ។

លោកឧត្តមសេនីយ៍ឯកខៀវ សុភ័ក្ស អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា រដ្ឋាភិបាលបានខិតខំស៊ើបអង្កេតឃាតកម្មនេះហើយថែមទាំងសហប្រតិបត្តិការ
ជាមួយ FBI ទៀតផង។ ក៏ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយអំពីលទ្ធផលស៊ើប
អង្គេតទេ ។ លោកបានបដិសេធការសង្ស័យដែលថា ប៉ូលិលបិទបាំងសំណុំ
រឿងឃាតកម្មនេះ។

"មិនមែនអញ្ចឹងទេ មិនមែនអញ្ចឹងទេ ទោះជាពាក់ព័ន្ធអ្នកណាក៏ដោយ គឺយើង
ដំណើរការទៅទៀត។ បាទ ការស៊ើបអង្កេតកំពុងដំណើរការសុំអនុញ្ញាតិមិន
ទា​ន់អាចជម្រាបជូនបានទេ បាទ"។

លោកបានបន្ថែមថា ការស៊ើបអង្កេតមានការលំបាក ​ដោយសារខ្វះកិច្ចសហ
ប្រតិបត្តិការពីសាច់ញាតិ ដែលបានចាកចេញពីកម្ពុជាទៅហើយនោះ។

"ដោយសារអវត្តមានពីគ្រួសារ។ យើងគ្មានការសហការពីគ្រួសារជនរងគ្រោះធ្វើ
ឲ្យការស៊ើបអង្កតរបស់យើងជួបការលំបាក។សំណុំរឿងហ្នឹងមិនបិទទេ ។​ យើង
ដំណើរការទៅទៀត។ ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចយើងនៅតែដំណើរ
ការការស៊ើបអង្កេត ​"។

លោកចាន់ សូវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស អាដហុក
ដែលបានចុះទៅស៊ើបអង្កេតផ្ទាល់នៅកន្លែងតំកល់សព និងកន្លែងឃាតកម្ម
បានសម្តែងការខកចិត្តជាខ្លាំងអំពីនិទណ្ឌភាពនៅកម្ពុជាដែលកំពុងកើនឡើង
នេះ។

"វាធ្វើឲ្យស្ថានការណ៍ហ្នឹងឆ្លុះបញ្ចាំងពីនិទណ្ឌភាពនៅក្នុងស្រុកយើង ​ ជុំវិញ
បញ្ហាបាញ់សម្លាប់អ្នកកាសែត អ្នកសារព័ត៌មានផ្សេងៗ។ ហើយនិទណ្ឌភាព
នៅក្នុងស្រុកខ្មែរយើងហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃចេះតែគរទៅៗ។ យើងមានការ
ព្រួយបារម្ភដែរចំពោះបញ្ហាហ្នឹង ក្រោយពីស្លាប់ហើយស្ងាត់ៗ"។

លោករំឭកថា អ្វីដែលគួរឲ្យតក់ស្លុតនោះគឺឃាតករមិនបានញញើតអាជ្ញាធរ
ទេ។ ​គេហ៊ានវិលត្រឡប់ទៅផ្តាច់ជីវិតកូនប្រុសរបស់លោកឃឹម សម្បូរដែល
រងរបួសក្នុងការបាញ់ប្រហារលើកទីមួយនោះ។

លោកចាន់ សូវ៉េតបន្តថា លោកមិនអស់ចិត្តទេ ដែលប៉ូលិសមិនទាន់រកឃើញ
ឃាតករសម្លាប់លោកឃឹម សម្បូរផង បែរជាសារព័ត៌មានមនៈសិកាខ្មែររបស់
លោកបាត់មុខពីតូបលក់សារព័ត៌មានទៅវិញ។ និទណ្ឌភាពធ្ងន់ធ្ងរបែបនេះ
មានឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំងចំពោះសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន
និងលទ្ធិប្រជាធិបតេយ្យ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog