Friday 24 July 2009

ភាសាចំនួនពាក់កណ្តាលនឹងបាត់បង់ នៅពេលជិត១០០ឆ្នាំទៀត

ម៉ែន គឹមសេង VOA

មនុស្សគ្រប់គ្នាមានភារៈកិច្ចជួយអភិរក្សនូវភាសាមួយចំនួន​កុំឱ្យបាត់បង់​ ជា
ពិសេស​ភាសារបស់​​ជន ជាតិ​ដើម​ភាគតិច។​ នេះជា​ការស្នើសុំ​របស់​ក្រុម​អ្នក​
ឯកទេស​ភាសាសាស្រ្ត​ក្នុង​កិច្ច​ពិភាក្សា​មួយ​នៅ​ទីក្រុង​វ៉ាស៊ីងតោន​។​ ​

ក្រុម​អ្នកឯកទេស​ខាង​ភាសាសាស្រ្ត​បានធ្វើការព្រមានកាលពីថ្ងៃអង្គារនេះថា​
ភាសា​និយាយ​ដែល​កំពុងប្រើប្រាស់​ចំនួន​ ៧.០០០ប្រភេទផ្សេងៗគ្នានៅលើ
ពិភពលោក​ នាពេលបច្ចុប្បន្ន​នេះ​នឹង​ត្រូវ​បាត់​បង់​​អស់ពាក់កណ្តាលនៅឆ្នាំ​
២១០០ ហើយបានទទូចស្នើសុំឱ្យមានការយកចិត្តទុកដាក់​ ថែ​រក្សា​កុំឱ្យ​បាត់
បង់​។​

ថ្លែងក្នុងកម្មវិធីពិភាក្សាពិសេសមួយនៅ​ទីស្នាក់ការ​វីអូអេ​ សម្លេង​សហរដ្ឋ
អាមេរិក​ប្រចាំនៅរដ្ឋធានី​វ៉ាស៊ីងតុន​ លោកស្រី​បណិ្ឌតSusan D. Penfield
នាយិកា ​កម្មវិធី​​ចងក្រងឯកសារ​ភាសា​ ដែល​កំពុង​​ទទួលរង​ការបាត់បង់​នៃ
​មូលនិធិវិទ្យាសាស្ត្រជាតិ​របស់​សហរដ្ឋ អាមេរិក​បាន​បញ្ជាក់ថា​ជារៀងរាល់​
ពីរសប្តាហ៍មានភាសាមួយត្រូវបានបាត់បង់​ ដែលនេះជា​ការមួយគួរឱ្យសោក
ស្តាយ។

“ការបាត់បង់នូវភាសាសូម្បីតែមួយគឺជាការបាត់បង់​សម្រាប់​យើងទាំងអស់
គ្នា។ វាមិនគ្រាន់តែ​ជាការ​បាត់​បង់​សម្រាប់​ខ្ញុំជាវាគ្មិន​ទេ។វាជារឿងមួយដែល
យើងទាំងអស់គ្នាត្រូវគិតគូរនិងទទួលខុសត្រូវ”។​

ភាសាដែលអាចនឹងបាត់បង់ ​មានរាប់តាំងពីទ្វីប​អាហ្រ្វិក​ អាមេរិក​​ រហូតដល់
​ទី្វប​​អាស៊ី។​​ ក្រុមអ្នក​ឯកទេស​ក៏បញ្ជាក់ផងដែរថា ​ជាទូទៅភាសារបស់ជនជាតិ
មួយជាពិសេស​របស់​ជនជាតិ​​ដើម​ភាគតិចអាចងាយទទួលរងការបាត់​បង់ដោយ
សារការបំលាស់ទី ​​កន្លែង​របស់​ម្ចាស់​ភាសា​ទៅ​នៅ​តំបន់​​ដែល​មិនប្រើភាសា
កំណើតហើយ​វាជា​សញ្ញា​នៃ​ការឈាន​ទៅបាត់បង់​ប្រសិន​បើ​ក្មេងៗ​ជំនាន់
​ក្រោយ​​​មិន​ព្រម​សិក្សាភាសាជនជាតិដើមរបស់​គេ។​​

លោក​Hayib N. Sossehអ្នកឯកទេសខាងភាសា​សាស្រ្តនិងជាសាស្រ្តាចារ្យ
នៃ​មហា​វិទ្យាល័យ​​សហគមន៍​Virginia​ភាគខាងជើង​បានប្រាប់ក្រុមអ្នកចូល
រួមស្តាប់​ថា​ ការ​បាត់បង់​​ភាសា​របស់​ជនជាតិមួយគឺជាការស្លាប់បាត់​បង់​នូវ
វប្បធម៌របស់​ពួកគេផងដែរ។

“វាគួរតែជាអាទិភាពសម្រាប់​មនុស្សគ្រប់គ្នា រួមទាំងរដ្ឋាភិបាលនិងមនុស្សគ្រប់ៗ
រូបផងដែរ​ ពីព្រោះ​នៅ​ពេល​​ដែល​ភាសាមួយស្លាប់បាត់បង់​ ផ្នែកមួយនៃ​វប្បធម៌
ក៏ស្លាប់​បាត់​បង់​ដែរ ហើយ​ភាសា​ទាំងនេះ​មានលក្ខណៈពិសេសរបស់​វាផ្សេងៗ
គ្នា”។​

យោងតាមរបាយការណ៍អង្កេតប្រជាសាស្រ្ត​ឆ្នាំ​១៩៩៨របស់ក្រសួងផែនការ​
ប្រទេសកម្ពុជា​មាន​ជនជាតិ​ដើមភាគ​តិច​​ចំនួន​ ១៧ក្រុម​ផ្សេងៗ​​គ្នា​ ហើយភាគ
ច្រើន​រស់​នៅ​ភាគឥសាន​ប្រទេស។​ ជនជាតិ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​តំបន់
​ដ៏​ធំ​​ហួស​​ពីព្រំដែន​ប្រទេស​ កម្ពុជា ហើយ​ស្ថិត​នៅ​​ក្នុង​អំបូរ​ភាសា​ពីរ​ខុសៗ​គ្នា
គឺ​ក្រុមនិយាយ​តាម​អំបូ​រ​អូស្រ្តូណេស៊ី​ មានដូចជា​ជនជាតិ​ចារ៉ាយ​និង​​ក្រុម​
និយាយ​តាម​អំបូ​រ​ខ្មែរ​-មន មានដូចជា​ជនជាតិ​ព្រៅ គ្រឹង ទំពូន​ ព្នង​ ស្ទៀង​
កួយ​​​​ និង​ព័រ។​

លោកស្រី​ទួន​ សាអ៊ីម​ រដ្ឋលេខាធិការក្រសួង​អប់​រំ​កម្ពុជា​បានប្រាប់​វីអូអេ​សម្លេង
​សហរដ្ឋ​អាមេរិកថា​កម្ពុជាបានយក​ចិត្តទុកដាក់​​អភិរក្សភាសារបស់​ក្រុមជន
ជាតិ​ទាំង​នោះ ដោយមាន​ការ​ផ្តល់​នូវ​មធ្យោបាយ​ជាច្រើន។

“យើងមានគោលនយោបាយជាតិសម្រាប់អភិវឌ្ឍន៍ជនជាតិភាគតិច។ អញ្ចឹង
ក្នុង​គោល​នយោបាយ​ជាតិ​​សម្រាប់​​អភិវឌ្ឍន៍​​ជនជាតិ​​ភាគតិច​​ហ្នឹង​ គឹ​យើង​
មាន​គោលនយោបាយ​និយាយច្បាស់ណាស់​តាំងពីផ្តល់លទ្ធភាពឱ្យសិក្សាឱ្យ
មានតាំងពីវិទ្យុក្នុងការផ្សព្វផ្សាយភាសារបស់គាត់។និយាយជាភាសា​របស់​
គាត់​ទៅកាន់​គ្នាគាត់​ទៀត​។​ នៅក្នុងគោល​នយោបាយ យើងបើក​ទូលាយ​
ណាស់។”

យន់​ ម៉ានេ ជនជាតិខ្មែរលើ​មានដើមកំណើត​ជាជនជាតិ​ព្នង​និងកំពុង​បម្រើ
ការ​ជា​បុគ្គលិក​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​​ទីក្រុង​ភ្នំពេញតែងតែខំប្រឹង
និយាយភាសារបស់ ​ក្រុម​ជនជាតិនាង​ជាមួយ​សមាជិក​ក្រុម​​គ្រួសារ​​ ពេល​
ដែលទៅ​លេង​ស្រុកកំណើត​នៅ​ខេត្តមណ្ឌល​គីរី​ម្តងៗ​ដោយ​ខ្លាច​ថ្ងៃ​ណា​មួយ​
ភាសា​នេះ​អាច​​នឹង​​ត្រូវ​​បាត់បង់។​

“ការភ័យព្រួយបារម្ភរឿងបាត់បង់ហ្នឹង ​មិនមែនតែខ្ញុំម្នាក់​ឯង​ទេ​ សូម្បីតែបង
ប្អូន​ជាជនជាតិ​ដើម​ភាគតិច​មួយចំនួន​ធំ​ ហើយនិង​យុវជន​ជនជាតិ​ដើម​ភាគ
តិច​​ដែល​រស់​នៅក្នុង​ក្រុង​ភ្នំពេញនេះ​ ក៏ពួក​គាត់​មាន​ការព្រួយ​បារម្ភ​ដែរ​ អញ្ចឹង
​ហើយ​បាន​ជា​នៅក្នុង​ទីក្រុង​ភ្នំពេញនេះ​ ក្រុម​និស្សិត​ដែល​ជា​យុវជន​ជនជាតិ
​ដើម​​ភាគតិច​​បាន​​រួម​គ្នា សាម​គ្គី​គ្នា ​ហើយ​បង្កើត​ជាសមាគម​មួយ​​ដែល​​យើង
​ហៅ​ថា​​ សមាគម​​និស្សិត​យុវជន​​ជនជាតិ​​ ដើម​​ភាគ​តិច​ ក្នុង​​គោល​បំណង​ទី
មួយ​ដើម្បី​ឱ្យ​ស្គាល់គ្នា​ទៅ​វិញ​ទៅមក ហើយ​ទី​ពីរ​​ចេះ​សាមគ្គី​​គ្នា​ ទីបី​ចូលរួម​​
អភិវឌ្ឍនិងអភិរក្សនូវប្រពៃណី​ ទំនៀម​ទម្លាប់​ដែលខ្លួនមាន”។

ចាប់តាំងពីឆ្នាំ​២០០៣​មក ​ក្រសួង​អប់រំកម្ពុជាបានបង្កើត​សំណេរមួយសម្រាប់​
កត់ត្រាតាម​សូរសំនៀងភាសាជនជាតិដើម​ចំនួន​ប្រាំ ដោយយកអក្ខរក្រម​
របស់​ខ្មែរ​មកប្រើ​។​ ភាសា​ជនជាតិ​ទាំង​ប្រាំមាន​​ ទំពូន​ គ្រឹង ព្រៅ កាវ៉ែត និង​
ព្នង​។​ លោក​ស្រី​ទួន​ សាអ៊ីម​ បញ្ជាក់ថា​ ការបង្កើត​នូវ​អក្សរ​សរសេរ​នេះ​ អាច
ជួយ​រក្សា​បាន​​នូវ​ប្រវត្តិសាស្រ្តនិងវប្បធម៌របស់​ជន​ជាតិ​ភាគតិច ​ ហើយ​វា
អាចជាស្ពាន​សម្រាប់​ជួយ​ពួកគេ​អាច​ចូល​សិក្សា​​ភាសា​ជាតិ​ខ្មែរ​​ផង​ដែរ​។

“ជនជាតិ​ទាំង​នោះគាត់អត់មាន​សំណេរទេ​ គាត់​មានតែសូរ​ពាក្យ​ ហើយ​
ដូច្នេះចង់​កត់ត្រា​រឿងរ៉ាវ​ផ្សេងៗ​ទាល់​តែ​យើង​ឱ្យ​គាត់មានសំណេរ​ មាន
ប្រព័ន្ធសំណេរ​។​ ហើយ​អក្ខរក្រមរបស់​យើង​យកខ្ចីពីអក្សរ​ខ្មែរ​ទៅបង្កើត
ជាប្រព័ន្ធសំណេរ​ឱ្យ​ពួកគាត់​។”

ក្រុមអ្នកឯកទេស​ខាងភាសាសាស្រ្តបាន​ផ្តល់ជាអនុសាសន៍ថា​ការ​រៀបចំ
ចងក្រងទុក​នូវ​ភាសា​ដែលនឹង​ត្រូវបាត់បង់​រួមមាន​​​ការថតសម្លេងទុក និង
ការវិភាគទិន្នន័យ​ដែលបាន​មក​ជា​ការសំខាន់​ ហើយ​ដើម្បី​ឱ្យភាសានោះ
នៅរស់រានមានជីវិតបានគឺត្រូវឱ្យមានការប្រើប្រាស់ ការហាត់ហ្វឹនហ្វឺន​និង
ការបង្រៀន​ដល់មនុស្សជំនាន់ក្រោយ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog