Friday 24 July 2009

Oxfam America ស្នើសុំឱ្យសហរដ្ឋអាមេរិកបង្ហាញគោល ជំហរទាក់ទងនឹងជំនួយក្នុងពេលអនាគតទៅប្រទេសកម្ពុជា

ម៉ែន គឹមសេង VOA

របាយការណ៍មួយរបស់​អង្គការ Oxfam America ចេញផ្សាយកាលពីថ្ងៃពុធ
បាន​ស្នើសុំឱ្យ​សហរដ្ឋ​អាមេរិក​ បង្ហាញនូវ​គោលជំហរ​ច្បាស់​លាស់​ទាក់ទង​នឹង​
ជំនួយក្នុងពេលអនាគត​ ទៅប្រទេសកម្ពុជា។

សហរដ្ឋអាមេរិក​ត្រូវតែ​បង្ហាញ​ឱ្យ​ច្បាស់​នូវ​គោលបំណង​នៃជំនួយរបស់​ខ្លួន​មក​
ប្រទេស​កម្ពុជា​ ហើយ​ត្រូវ​ធានាថា ​ជំនួយនេះ​ជួយឱ្យមានតម្លាភាព​និង​គាំទ្រដល់​
សម្លេង​របស់​ពលរដ្ឋ​ទាំងអស់។​​

នេះបើយោងតាម​របាយការណ៍ថ្មីមួយចេញផ្សាយ​​កាលពី​ថ្ងៃ​ពុធ​​ដោយអង្គការ​
អុកស្វាម​អាមេរិកា នៅទីស្នាក់ការ​ក្រុង​វ៉ាស៊ីនតោនដោយមានការចូលរួម​ពី​អ្នក
ជំនាញការ​អភិវឌ្ឍន៍មកពីសហរដ្ឋអាមេរិក​​និង​ប្រទេស​កម្ពុជា​។​​

របាយការណ៍ដែលមាន៩ទំព័រ​បាន​បង្ហាញនូវ​ប្រតិកម្មចម្រុះ​ពីភាគី​ពាក់ព័ន្ធ​នានា​
ដែល ​អ្នករៀបរៀងបាន​ជួបសម្ភាសកាលពី​ចុង​ឆ្នាំ​២០០៨​ ក្នុងនោះមាន​ដូចជា​ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍​អន្តរជាតិ (USAID) រាជរដ្ឋាភិបាល​
កម្ពុជា​ ប្រទេស​អ្នកផ្តល់​ជំនួយ និង​អង្គការមិនមែន​រដ្ឋាភិបាល​ ។​

លោក​ស្រី​ Archana Palaniappan​ មន្ត្រី​គម្រោង​ប្រសិទ្ធិភាព​ជំនួយ​របស់​អង្គការ​
អុក​ស្វាម​អាមេរិកា​និងជាអ្នករៀបរៀងរបាយការណ៍នេះ​បាន​ប្រាប់វីអូអេ​សម្លេង​
សហរដ្ឋអាមេរិកក្នុង​បទសម្ភាស​ន៍​ពិសេសមួយក្រោយការចេញផ្សាយ​ថា​ នៅមាន
ការព្រួយបារម្ភក្នុងចំណោម​អ្នកទទួលជំនួយរបស់​អាមេរិក​ ដូចជាថា​ នា​ពេល​កន្លង
មក​អាមេរិក​ផ្តោត​លើបញ្ហា​ប្រឆាំងអំពើពុករលួយ​ និង​លើកកម្ពស់​លទ្ធិ​ប្រជាធិប
តេយ្យនិង​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​តើថ្ងៃអនាគតនឹងត្រូវផ្តោតលើអ្វីទៀត​ជាពិសេស​
ក្រោយពីការ​លើកលែង​រាល់បម្រាម​លើជំនួយទ្វេភាគី​ដល់​ប្រទេស​កម្ពុជា​នាឆ្នាំ​
២០០៧ ​និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល។

“យើងរកឃើញថា ​សហរដ្ឋអាមេរិក​ចាំបាច់ត្រូវតែមានភាពច្បាស់លាស់​ចំពោះ
​គោលបំណងរបស់​គេ​ នៅពីក្រោយ​ជំនួយ​ដែល​គេផ្តល់​ គឺ​សម្រាប់​ហេតុផល​
អភិវឌ្ឍន៍​ ហើយនោះគឺ​ដើម្បី​ជួយប្រជាពលរដ្ឋ​កម្ពុជា​ឱ្យចេះជួយខ្លួនឯង​ចេញ
ពី​ភាពក្រីក្រ​។​ ក្នុង​ពេលខ្លះ​ ប្រជាពលរដ្ឋកម្ពុជាមានការសង្ស័យ ដូច្នេះ​សហរដ្ឋ
អា​មេរិក​ចាំបាច់ត្រូវ​បង្ហាញ​ឱ្យច្បាស់ថា​ អ្វីជាកត្តាជំរុញ​ពិតប្រាកដ​ ហើយត្រូវ​
មាន​តម្លាភាព​អំពី​គោលបំណងរបស់​គេនៅ​ប្រទេស​កម្ពុជា”។​

របាយការណ៍បាន​លើកឡើងនូវ​​រឿង​ជោគជ័យមួយចំនួនបានមកពី​ជំនួយរបស់
​អាមេរិក។​ឧទាហរណ៍​ជោគជ័យ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់សហគមន៍​
ហៅ​កាត់ថា​ CLEC​ ក្នុង​ការការ​ពារសិទ្ធិ​ពលរដ្ឋក្រីក្រ​​រស់នៅភូមិមួយក្នុងទីក្រុង​
ភ្នំពេញ​ ទល់​នឹងការទាមទារយកមកកាន់​កាប់​ដោយខុសច្បាប់​ពី​សំណាក់​អាជ្ញា
ធរ​មូលដ្ឋាន។​ អង្គការ CLEC ទទួលបាន​មូលនិធិពី​ទីភ្នាក់ងារ​ USAID។

របាយការណ៍ដដែលក៏​បង្ហាញនូវ​ភាពតានតឹង​ដែល​ក្រុម​អ្នកអនុវត្តន៍​ការងារ​ជួប​
ប្រទះ។​ ​​របាយការណ៍​បាន​ដកស្រង់សម្តី​របស់​បុគ្គលិកបម្រើការនៅក្នុង​ទីភ្នាក់ងារ​​
សហរដ្ឋអាមេរិកសម្រាប់ ​ការអភិវឌ្ឍ​អន្តរជាតិ​ដែលបាន​ត្អូញត្អែ​ តាំងពី​ទីតាំងដែល​ទីភ្នាក់ងារនេះត្រូវចូលទៅនៅជាមួយស្ថានទូត​អាមេរិក​ ដែលជាការមួយនៅចាក​
ឆ្ងាយពី​សហគមន៍ដែលពួកគេត្រូវផ្តល់សេវា ចំនួនបុគ្គលិក​តិចតួច​ បើប្រៀប​ធៀប​​
ជាមួយនឹង​ទឹកប្រាក់ និង​គម្រោងអភិវឌ្ឍន៍ដែលគេត្រូវ​ទទួលខុសត្រូវ​ និងរហូត​
ដល់​​កង្វះ​យុទ្ធសាស្រ្ត​វែងឆ្ងាយក្នុងជំនួយរបស់​អាមេរិក ។​ បុគ្គលិកម្នាក់​របស់​
USAID បាន​ប្រាប់​អ្នក​វាយតម្លៃថា៖

“ក្តីកង្វល់របស់សង្គមស៊ីវិល​ទាក់ទង​នឹង​ការផ្លាស់ប្តូ​រ​ក្នុង​ជំនួយបរទេស​ អាច​ទាក់​
ទង​នឹងកង្វះខាត​ការរៀបចំ​​ផែនការ​យុទ្ធសាស្រ្តរយៈពេលវែង​។ ហើយ​ជា​លទ្ធផល
​​នៃ​កំណែទម្រង់​គោលនយោបាយ​ជំនួយ​បរទេស​​នាំឱ្យពិបាក​សម្រាប់​ក្រុមបេសក
កម្ម​បង្ហាញនូវ​គោលដៅ​វែងឆ្ងាយជាអាទិភាពសម្រាប់​ប្រទេស​កម្ពុជា​”​​។

ជំនួយរបស់​សហរដ្ឋអាមេរិក​ដល់ប្រទេសកម្ពុជា​ផ្តោតជាសំខាន់លើ​ផ្នែក​សុខភាព​​​​​​
ជា​ពិសេស​ការព្យាបាល​​និងទប់ស្កាត់​មេរោគអេច្ហអាយវី-ជម្ងឺអេដស៍ ហើយ​ក៏មាន
ការ​ផ្តោត​លើ​ការពង្រឹង​នីតិរដ្ឋ​និង​សិទ្ធិមនុស្ស​ អភិបាល​កិច្ចល្អ ជំនួយ​យោធា​ ការ
ដោះមីននិង​ប្រឆាំង​ភេរវកម្ម។​ ចន្លោះពីឆ្នាំ​២០០២​ដល់​២០០៧​ ជា​មធ្យម​​សហរដ្ឋ
អាមេរិក​ផ្តល់ជំនួយ៤១,៥៥​លានដុល្លារ​ក្នុង​មួយឆ្នាំៗដល់​ប្រទេស​កម្ពុជា។​​​​​

លោក ​ ចន​ ចនសុន​ អ្នកនាំពាក្យស្ថានទូត​អាមេរិក​ប្រចាំនៅទីក្រុង​ភ្នំពេញ​ពុំអា​ច​
ទាក់ទងជួប​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅថ្ងៃ​ព្រហស្បតិ៍នេះ ។ ​

លោក​ស្រី​​ Archana Palaniappan បានបន្ថែមថា​ ការផ្តល់នូវ​ភាពជា​ម្ចាស់​លើ​
ការងារអភិវឌ្ឍន៍ដល់​រដ្ឋាភិបាល​​ និងប្រជាពលរដ្ឋកម្ពុជា​ក៏ជាការចាំបាច់ក្នុងការ​
ធានា​នូវប្រសិទ្ធិភាព​ជំនួយរបស់​អាមេរិក​ផងដែរ។

“អុកស្វាម​ជឿជាក់ថា​ យើង​គួរតែ​លើកកម្ពស់​នូវ​រដ្ឋមួយដែល​សកម្ម​ ប្រជាពលរដ្ឋ​
សកម្ម​ និង​រដ្ឋដែល​មាន​​ប្រសិទ្ធិភាព​ក្នុងការ​ពង្រឹង​ភាពជាម្ចាស់​របស់​រដ្ឋាភិបាល​
កម្ពុជានិងប្រជាជន​កម្ពុជា​ដែល​ទទួល​ជំនួយរបស់​អាមេរិក។ មាន​ប្រទេស​អ្នកផ្តល់​​
ជំនួយ​ច្រើនណាស់​ មាន​ទឹកប្រាក់​ច្រើនណាស់ ដែល​ហូរចូលមក​ ដូច្នេះ​ព័ត៌មាន​
ដែលរដ្ឋាភិបាល​និងប្រជាពលរដ្ឋទទូល​បាន​អំពី​ទឹកប្រាក់​នេះនឹង​ជួយឱ្យ​ពួកគេ​​ធ្វើ
ម្ចាស់ការ​​លើ​ដំណើរការអភិវឌ្ឍន៍របស់គេបាន​ ហើយ​ជួយ​ពួកគេ​ជួយ​ខ្លួន​ឯង​​ចាក​
ចេញ​ពី​ភាពក្រីក្រ”។

ប្រទេសកម្ពុជានៅតែជាប្រទេស ​ដែលទទួល​ជំនួយអភិវឌ្ឍន៍យ៉ាង​ច្រើន​ពី​សហ
គមន៍អន្តរជាតិ ក្នុងទឹកប្រាក់​​ប្រហែលជាពាក់កណ្តាល​នៃ​ថវិកា​​ប្រចាំឆ្នាំ​របស់​ជាតិ​
ហើយ​សហរដ្ឋអាមេរិក ​គឺជា​អ្នកផ្តល់​ជំនួយលំដាប់​ទី​៥​ បន្ទាប់​ពី​ប្រទេស​ជប៉ុន
ធនាគារអភិវឌ្ឍន៍អាស៊ី​ ធនាគារពិភពលោក​​​ និង​អង្គការ​សហប្រជា​ជាតិ។​

កាលពីកិច្ចប្រជុំជាមួយម្ចាស់ជំនួយកន្លងទៅនេះ​ ប្រទេសកម្ពុជាទទួលបាន​នូវការ​
សន្យាផ្តល់​ប្រាក់​ជំនួយ​ជិត​១,០០០​លានដុល្លារអាមេរិក៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog