Tuesday 7 July 2009

ខ្មែរ​ក្រោម​ដែល​ថៃ​បញ្ជូន​មក​វិញ​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង

ដោយ សុផលមុន្នី 2009-07-06

ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​នាក់​ដែល​បាន​គេច​ខ្លួន​ពី​ប្រទស​វៀតណាម​ទៅ​ ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​ថៃ​ចាប់​បញ្ជូន​ពី​ក្រុង​បាងកក​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​កាល​ពី ​ពេល​ថ្មីៗ​នេះ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កំពុង​ដាច់​ស្បៀង​និង​ជួប​ប្រទះ​បញ្ហា​សុខភាព​និង​ទី​ជម្រក។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្រោម លោក អាង ចាន់រិទ្ធិ បាន​ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា ខ្មែរ​កម្ពុជា​ក្រោម​ជាង៤០​នាក់ ដែល​បាន​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នា​ទីស្នាក់ការ​សមាគម​ប្រជា​ធិបតេយ្យ​ សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ​ក្នុង​ក្រុង​ប៉ោយប៉ែត កំពុង​ខ្វះ​ស្បៀង ហើយ​បាន​អំពាវនាវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សប្បុរសជន​នានា​ជួយ​ពួក​ គាត់។

លោក អាង ចាន់​រិទ្ធិ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «មក​ដល់​ទី​នេះ គាត់​អត់​មាន​បង​ប្អូន អត់​មាន​កន្លែង​ស្នាក់នៅ​សមរម្យ ហើយ​សុខភាព​ក៏​មាន​បញ្ហា​ទ្រុឌ​ទ្រោម​ច្រើន ដោយសារ​តែ​គេ​ដាក់​គុក​ពួក​គាត់​២០​ថ្ងៃ​ជាង​នៅ​ប្រទេស​ថៃ ទើប​បញ្ជូន​មក​ដល់​ស្រុក​ខ្មែរ ហើយ​ទុក​នៅ​ស្រុក​ខ្មែរ​មួយ​ថ្ងៃ​ទៀត»។

លោក យ៉ាំង សឺន អាយុ ៤០​ឆ្នាំ ក្នុង​ចំណោម​ខ្មែរ​ក្រោម​ទាំង​នោះ បាន​ថ្លែង​ថា ៖ «ទី ​មួយ ខ្វះ​ទី​ជម្រក ទី​២ ខ្វះ​ស្បៀង​អាហារ មិន​ដឹង​ខាង​ណា​គេ​ជំនួយ​ឧបត្ថម្ភ​ទេ។ រឿង​នេះ​វា​មិន​ទាន់​ដឹង​ច្បាស់​លាស់​ទេ ព្រោះ​ខាង​អង្គការ​នានា​កំពុង​ទាក់ទង ស្វាគមន៍​ទាំង​អស់»។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​៥៦​នាក់ ក្នុង​នោះ​ព្រះសង្ឃ​១​អង្គ​ផង ត្រូវ​បាន​ថៃ​ចាប់​បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ។

លោក អាង ចាន់រិទ្ធិ បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ខ្មែរ​ក្រោម​ទាំង​៥៦​នាក់ គឺ​បាន​បែង​ចែក​ជា​ពីរ​ក្រុម ១​ក្រុម​មាន​គ្នា​ជិត​១០​នាក់ និង ១​ក្រុម​ទៀត​មាន​គ្នា​ជាង ៤០​នាក់ នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​អាជ្ញាធរ​ខ្មែរ។

លេខាធិការ​នៃ​សមាគម​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ លោក ជា សុគន្ធ បាន​ថ្លែង​ថា ខ្មែរ​ក្រោម​ចំនួន​៤៨​នាក់ បាន​ស្នាក់​នៅ​ទីស្នាក់ការ​សមាគម មាន​៣​នាក់​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ និង ៤​នាក់​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​សាច់​ញាតិ​ពួក​គេ​ក្នុង​ប្រទេស​កម្ពុជា។

លោក ជា សុគន្ធ បន្ត​ថា ខ្មែរ​ក្រោម​នៅ​សល់​ចំនួន​៤១​នាក់ ខាង​សមាគម​កំពុង​រៀបចំ​ធ្វើ​លិខិត​ស្នាម​ដើម្បី​បញ្ជូន​ឲ្យ​ស្នាក់​នៅ​ឯ​ ផ្ទះ​ខ្មែរ​ក្រោម​ដូច​គ្នា​មួយ​ក្នុង​ភូមិ​អូរ​ឫស្សី សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ៖ «មេភូមិ​ហ្នឹង​គេ​ចង់​បាន​ចេញ​ពី​សមាគម​យើង​អ៊ីចឹង​ជា​លាយ​ល័ក្ខណ៍​អក្សរ​ឲ្យ​គាត់ បាន​គាត់​ទទួល»។

លោក​ឧត្តម​សេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខ្មែរ​គ្រាន់​តែ​ធ្វើការ​ស្រង់​សិ្ថតិ​ពី​ចំនួន​ប្រជា​ពលរដ្ឋ​ ខ្មែរ​ក្រោម​ទាំង​នោះ ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​តាម​គោលដៅ​រៀង​ខ្លួន។

ប្រភព​ពី​ខ្មែរ​ក្រោម​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ជាង ២០០​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​បាន​រត់​គេច​ពី​ប្រទេស​វៀតណាម។

ប្រភព​បន្ត​ថា អាជ្ញាធរ​វៀតណាម​បាន​បិទ​សិទ្ធិ​សេរីភាព បិទ​មិន​ឲ្យ​មាន​ការ​គោរព​ប្រពៃណី ទំនៀម​ទម្លាប់ សាសនា មិន​ឲ្យ​រៀន​អក្សរ​សាស្រ្ត​ខ្មែរ ធ្វើ​ទុក្ខ​បុក​ម្និញ ចាប់​ដាក់​គុក​ដោយសារ​តែ​ខ្មែរ​ក្រោម​ទាំង​នោះ បាន​ក្រោក​ឈរ​តវ៉ា​ទាមទារ​យក​ដី​ដូនតា​របស់​ពួក​គេ​រហូត​ដល់​មាន​ការ​រត់​ ភៀស​ខ្លួន​ទៅ​ស្រុក​ខ្មែរ​និង​ទៅ​ប្រទេស​ថៃ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន ​នៅ​ប្រទេស​ក្រៅ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog