Tuesday 7 July 2009

អតីត​សង្ឃ​ខ្មែរ​ក្រោម ទឹម សាខន បាន​ទៅ​ដល់​ស៊ុយអែដ​ហើយ


ដោយ ហាស់ សាន 2009-07-07

កាល​ពី​ចុង​សប្តាហ៍​មុន លោក ទឹម សាខន អតីត​ចៅ​អធិការ​វត្ត​ភ្នំដិន​ខាង​ជើង ក្នុង​ខេត្ត​តាកែវ បាន​លា​ចាក​សិក្ខាបទ​ពី​ភាព​ជា​សាមណេរ ហើយ​បាន​ទៅ​ដល់​ប្រទេស​ស៊ុយអែដ ដោយ​សុវត្ថិភាព​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៤ ខែ​កក្កដា សប្តាហ៍​មុន​នេះ។

មាន​ប្រសាសន៍​ពី​ប្រទេស​ស៊ុយអែដ លោកគ្រូ​អតីត​ចៅ​អធិការ ទឹម សាខន បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​បង្ខំ​ចិត្ត​លា​ចាក​សិក្ខាបទ​ពី​សាមណេរ​ភាវៈ​ជា​ថ្មី​ទៀត​ដើម្បី​ សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ជា​ច្រើន​ទៅ​កាន់​ទី​មួយ ដែល​ពុំ​ទាន់​មាន​អារាម​ពុទ្ធ​សីមា​ព្រះ​ពុទ្ធ​សាសនា​នៅ​ឡើយ។

លោក​អតីត​ចៅ​អធិការ​វត្ត​ភ្នំដិន​រូប​នេះ ដែល​មាន​ប្រសាសន៍​នៅ​លាយ​ឡំ​ពាក្យ​សង្ឃ​ស័ព្ទ​ផង​នោះ បាន​ឲ្យ​ដឹង​ថា លោក​ប្រាថ្នា​បំពេញ​ផ្នួស​ក្នុង​ពុទ្ធ​សាសនា​ជា​ថ្មី​ឡើង​វិញ ៖ «ខ្ញុំ​ ជម្រាប ជា​ដំបូង ខ្ញុំ​មក​ប្រទេស​ថៃ​នោះ​ជា​សង្ឃ​សាមណេរ អ៊ីចឹង​ដោយ UN ទទួល​ការ​ភៀស​ខ្លួន​ពី​ប្រទេស​ថៃ មក​កាន់​ប្រទេស​ទី​៣​ទៀត ដោយ​មាន​ការ​លំបាក​តាម​ផ្លូវ ហើយ​ណា​មួយ​ប្រទេស​ដែល​មក​នេះ អត់​មាន​វត្ត​អារាម អ៊ីចឹង​អាត្មា​ក៏​សម្រេច​ចិត្ត​និង​ពិគ្រោះ​យោបល់​គ្នា​ជាមួយ​បង​ប្អូន​ ពុទ្ធ​បរិស័ទ​នៅ​ទី​នោះ ដើម្បី​ចាក​សិក្ខា​បទ​បណ្ដោះ​អាសន្ន​សិន។ អ៊ីចឹង​មក​ដល់​ប្រទេស​ស៊ុយអែដ​នេះ អាត្មា​មាន​ទឹក​ចិត្ត​នៅ​តែ​ចង់​បួស​ជា​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ដដែល»។

ទាក់ទង​នឹង​ការ​ចង់​បំពេញ​ផ្នួស​ជា​ថ្មី​ឡើង​វិញ​របស់​អតីត​ព្រះ​គ្រូ​ចៅ ​អធិការ​វត្ត​ភ្នំដិន​រូប​នេះ នាយក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក គឺ​លោក ថាច់ ង៉ុកថាច់ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ពិភាក្សា​ជាមួយ​គណៈ​អធិបតី​សង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ដើម្បី​សម្រេច ​សង្ឃ​កិច្ច​និង​ធ្វើការ​បំពេញ​ឧប​សម្បទា​ជា​ថ្មី​ឡើង​វិញ​ទៅ​តាម​ប្រពៃណី​ ព្រះ​ពុទ្ធ​សាសនា​តាម​ការ​គួរ ៖ «ទាក់​ទិន​ចំពោះ​លោកគ្រូ ទឹម សាខន មុន​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​ស៊ុយអែដ ថា​គាត់​បាន​ពិគ្រោះ​គ្នា​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ដូច្នេះ​យើង​យល់​ថា មាន​តែ​លា​ចាក​សិក្ខាបទ​មួយ​រយៈ​សិន ហ្នឹង​ទី​១។ ទី​២ យើង​បាន​ពិនិត្យ​មើល​នៅ​ប្រទេស​ស៊ុយអែដ គឺ​ថា​គ្មាន​វត្ត​ខ្មែរ​នៅ​ទី​នោះ អ៊ីចឹង​មាន​ការ​លំបាក។ ហើយ​យើង​ខ្ញុំ​ក៏​បាន​ពិគ្រោះ​គ្នា​ទៀត​ដែរ ដោយ​លោកគ្រូ ទឹម សាខន ចង់​សាង​ផ្នួស​ឡើង​វិញ យើង​ខ្ញុំ​នឹង​ពិគ្រោះ​គ្នា​ជាមួយ​គណៈសង្ឃ​ខ្មែរ​ក្រោម តើ​ត្រូវ​រៀបចំ​ធ្វើ​យ៉ាង​ណា ទៅ​តាម​សំណូមពរ​របស់​លោកគ្រូ ទឹម សាខន ដែល​ជា​អ្នក​កាន់​ខ្ជាប់ មាន​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា»។

អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង ទឹម សាខន ឲ្យ​ដឹង​ថា នៅ​មាន​ខ្មែរ​ក្រោម​ច្រើន​នាក់​ទៀត​កំពុង​គេច​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ វៀតណាម ហើយ​ស្វែងរក​ការ​ជ្រក​កោន​យ៉ាង​លំបាក​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ​ បច្ចុប្បន្ន។

លោក​បាន​អំពាវនាវ​សុំ​អង្គការ​អន្តរជាតិ​ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ​ជូន​អ្នក​ទាំង​នោះ​យ៉ាង​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន ៖ «ខ្ញុំ ​ដែល​បាន​មក​ដល់​ប្រទេស​ទី​៣​នេះ មាន​អារម្មណ៍​សប្បាយ​រីក​រាយ ហើយ​និង​ថ្លែង​អំណរ​អរ​គុណ​ដល់​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ជួយ​ខ្ញុំ​បាទ​ឲ្យ​ឆ្លង​ផុត​ពី​ការ​តាម​ចាប់ តាម​ធ្វើ​បាប ពី​សំណាក់​ប្រទេស​វៀតណាម អាត្មា​ភិត​ភ័យ​ជា​ទី​បំផុត​​នៅ​ប្រទេស​ថៃ​នោះ ក្នុង​រយៈ​ជិត​៣​ខែ គ្មាន​ចេញ​ទៅ​ណា​ទេ លាក់​ខ្លួន​ដោយ​លំបាក​ជា​ទី​បំផុត។ បាន​អន្តរជាតិ​ជួយ​មក​ដល់​ប្រទេស​ទី​៣​នេះ គឺ​មាន​សេចក្ដី​ត្រេក​អរ ហើយ​អាត្មា​ក៏​ឃើញ​ទុក្ខ​វេទនា​របស់​បង​ប្អូន​ខ្មែរ​យើង​ដែល​ភៀស​ខ្លួន​មក​ នៅ​ប្រទេស​ថៃ​នេះ មាន​ការ​យ៉ាប់​យ៉ឺន​ជា​ទី​បំផុត។ អ៊ីចឹង​សូម​អំពាវនាវ​ដល់​អង្គការ​សហ​ប្រជាជាតិ​សុំ​ជួយ​បង​ប្អូន​ទាំង​នោះ​ ឲ្យ​បាន​ឆាប់​មក​កាន់​ប្រទេស​ទី​៣ ដូច​ខ្ញុំ​បាទ​នេះ»។

លោក ទឹម សាខន ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ត្រូវ​សម្តេច​សង្ឃរាជ​គណៈ​មហានិកាយ​ចេញ​សង្ឃ​បញ្ជា​ឲ្យ​ផ្សឹក ហើយ​ចាប់​ដាក់​រថយន្ត​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​យៀកណាម​ដាក់​ក្នុង​មន្ទីរ​ ឃុំឃាំង​នៅ​ខេត្ត​គៀនយ៉ាង៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog