Tuesday 28 July 2009

ប្រទេស​វៀតណាម​ត្រូវ​គេ​ស្នើ​ឲ្យ​ស.រ.អា.​ដាក់​ជា​"ប្រទេស​គួរ​បារម្ភ"

ដោយ ឃឹម សារ៉ង

ប្រតិភូ​នៃ​ស្នងការ​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​របស់​ប្រទេស​អាមេរិក​ដែល ​ទើប​បាន​វិល​ត្រឡប់​ពី​ទស្សនកិច្ច​លើក​ទី​៤​នៅ​ប្រទេស​វៀតណាម​កាលពី​ចុង​ខែ ​ឧសភា​កន្លង​ទៅ បាន​ស្នើសុំ​សភា​សហរដ្ឋ​អាមេរិក​ឲ្យ​ដាក់​ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​គួរ​ បារម្ភ (Country of Particular Concerns (CPC))។

ក្នុង​ឯកសារ​សរសេរ​ផ្តល់​កសិណសាក្សី​ដែល​យើង​បាន​ទទួល​នៅ​ចុង​សប្តាហ៍​ មុន​នេះ លោក Michael Cromartie អនុ​ប្រធាន​ស្នងការ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ផ្នែក​សេរីភាព​ សាសនា​អន្តរជាតិ មាន​ប្រសាសន៍​ជម្រាប​គណៈកម្មការ​កិច្ចការ​សិទ្ធិ​មនុស្ស​របស់​សភា​អាមេរិក Tom Lantos នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ចំនួន​៤​ដង​ទៅ​ប្រទេស​វៀតណាម ស្នងការ​លោក​អាច​ទាញ​សេចក្តី​សន្និដ្ឋាន​បាន​ថា ប្រទេស​នេះ​គឺ​ជា​ប្រទេស​ដែល​រំលោភ​លើ​សិទ្ធិ​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ​លើ​ វិស័យ​សេរីភាព​ផ្នែក​ការគិតគូរ, ផ្នែក​សម្បជញ្ញៈ និង​ផ្នែក​ជំនឿ​សាសនា។ លោក​បន្ត​ថា ប្រទេស​វៀតណាម​តែង​ធ្វើ​ទុក្ខ​បុកម្នេញ​ចំពោះ​សហគមន៍​សាសនា​និង​សកម្មជន​ នានា​ដែល​ទាមទារ​សេរីភាព។

លោក Michael Cromartie បាន​ឲ្យ​ដឹង​ថា ក្នុង​ទស្សនកិច្ច​របស់​លោក​នៅ​ចុង​ខែ​ឧសភា​កន្លង​ទៅ សមាជិក​ប្រតិភូ​របស់​លោក​បាន​ជួប​ធ្វើ​សម្ភាសន៍​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម ​ចំនួន​៧​អង្គ​ដែល​អាជ្ញាធរ​វៀតណាម​ទើប​នឹង​បាន​ដោះលែង​ពី​គុក ព្រោះ​តែ​បាន​ទាមទារ​សិទ្ធិ​មនុស្ស​និង​ចូលរួម​ក្នុង​បាតុកម្ម​សន្តិភាព​ ដើម្បី​សុំ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ឲ្យ​បាន​ប្រសើរ​ឡើង​នា​ពេល​ កន្លង​ទៅ។

លោក Michael Cromartie បន្ត​ថា ការគាប​សង្កត់​ជំនឿ​សាសនា​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង​នោះ​មាន​សភាព​ ធ្ងន់ធ្ងរ​ណាស់ ហើយ​ថា ក្រសួង​ការបរទេស​នៃ​ប្រទេស​អាមេរិក​មិន​ដែល​បាន​ធ្វើ​សេចក្តី​រាយការណ៍​ពី​ រឿង​នេះ​ឡើយ។

លោក​អនុ​ប្រធាន​ស្នងការ Michael Cromartie បាន​សង្កត់​បញ្ជាក់​ដោយ​ជំទាស់​ទៅ​នឹង​ការអះអាង​របស់​លោក​ឯកអគ្គរដ្ឋទូត​ អាមេរិក Michael Michalak ប្រចាំ​ប្រទេស​វៀតណាម ដែល​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មីៗ​ថា លោក​ពុំ​ទាន់​ឃើញ​ភ័ស្តុតាង​គ្រប់គ្រាន់​នឹង​ដាក់​ប្រទេស​វៀតណាម​ទៅ​ក្នុង​ ក្រុម​ប្រទេស CPC នោះ ដោយ​បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​លោក​មាន​ភ័ស្តុតាង​យ៉ាង​គ្រប់​សព្វ​ដោយ​គ្មាន​សង្ស័យ​ឡើយ។

យោង​តាម​ច្បាប់​ប្រទេស​អាមេរិក​ហៅ​ថា Act 1998 ប្រទេស​ដែល​គួរ​បារម្ភ (CPC) នោះ នឹង​តម្រូវ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​ ប្រទេស​នោះ​ដោយ​វិធី​ណា​មួយ​ក្នុង​វិធី​ទាំង​១៥​យ៉ាង ដោយ​រួម​ទាំង​ការធ្វើ​សេចក្តី​ថ្លែង​ថ្កោលទោស​ជា​ឯកជន​ឬ​ជា​សារធារណៈ​ចំពោះ​ អំពើ​រំលោភ​នោះ​រហូត​ដល់​ការផ្តាច់​ជំនួយ​និង​ហាមប្រាម​ប្រទេស​ផ្សេង​ទៀត​ មិន​ឲ្យ​ធ្វើ​កិច្ចសន្យា​ជំនួញ​ជាមួយ​ប្រទេស​នោះ​ទៀត​ផង។

លោក ចាប ត្រាន់ អគ្គ​នាយក​រដ្ឋបាល​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​បាន​ដឹកនាំ​ប្រតិភូ​ខ្មែរ​ក្រោម​ចូលរួម​ស្តាប់​សវនាការ​នៃ​គណៈកម្មការ​ រដ្ឋ​សភា​ប្រទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​នោះ បាន​ឲ្យ​ដឹង​ថា លោក​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការយក​ចិត្ត​ទុក​ដាក់​របស់​សមាជិក ​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋ​សភា​ប្រទេស​អាមេរិក​ចំពោះ​សេចក្តី​ សោកសៅ​និង​ការរង​ទុក្ខ​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ទទួល​ក្នុង​ពេល​កន្លង​មក ដោយ​អស់​លោក​បាន​ទទួល​ដំណឹង​យ៉ាង​តិចតួច​បំផុត​ពី​ក្រសួង​ការបរទេស​របស់​ ខ្លួន។

លោក ចាប ត្រាន់ បាន​មាន​ប្រសាសន៍ថា ៖ «សមាជិក Human Rights Commission នៅ Congress ហ្នឹង កំពុង​តែ​ចាប់​អារម្មណ៍​មែនទែន។ គេ​បាន​ដឹង​បាន​ឮ​ថា ខាង​ក្រសួង​ការបរទេស​អត់​បាន​ធ្វើការ​ម៉ត់ចត់​រឿង​ខ្មែរ​ក្រោម​និង​រឿង​ ម៉ុងតាញ៉ា។ ថ្ងៃ Hearing ហ្នឹង ក៏​បាន​អញ្ជើញ​ក្រសួង​ការបរទេស​សម្រាប់​មក​ឆ្លើយ​១០​សំណួរ ហើយ​ក្រសួង​ការបរទេស​ក៏​អត់​បាន​មក ដល់​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​ខាង Human Rights Commission ហ្នឹង អត់​សប្បាយ​ចិត្ត​សោះ​ជាមួយ​ក្រសួង​ការបរទេស។ ទី​១ ប្រកាស​ទាមទារ​ដក​ទូត​អាមេរិក​នៅ​ហាណូយ​ត្រឡប់​មក​វិញ ព្រោះ​អត់​មាន​ការបារម្ភ​អី​រឿងរ៉ាវ​ខ្មែរ​ក្រោម​សោះ រឿង​បង​ប្អូន​ខ្មែរ​ក្រោម​ខាង​ព្រះពុទ្ធ​សាសនា ខ្មែរ​ក្រោម​យើង​នៅ​កម្ពុជា​ក្រោម បញ្ហា​សម្បើម ហើយ​គេ​យក​ចិត្ត​ទុក​ដាក់​តិចតួច​មែនទែន»។

លោក ចាប ត្រាន់ ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ចប់​សវនាការ​លោក​បាន​ទទួល​ពាក្យ​សន្យា​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​ នៃ​រដ្ឋ​សភា​ប្រទេស​អាមេរិក​ថា ពួក​អស់​លោក​បាន​ដឹង​បញ្ហា​ខ្មែរ​ក្រោម​ប្រសើរ​ជាង​មុន ហើយ​ថា​នឹង​បញ្ចូល​តំណាង​ខ្មែរ​ក្រោម​និង​តំណាង​ម៉ុងតាញ៉ា​ទៅ​ក្នុង​ ការពិភាក្សា​នានា​ ក្នុង​ពេល​អនាគត​ដែល​ទាក់ទង​នឹង​បញ្ហា​នានា​នៅ​ប្រទេស​វៀតណាម មាន​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ជាដើម៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog