Tuesday 28 July 2009

បញ្ញា​ជន​ថៃ​មួយ​ក្រុម​បន្ត​តវ៉ា​អំពី​រឿង​ប្រាសាទ​ព្រះ​វិហារ

ដោយ កេសរណ្ណីយ្យា
2009-07-28


កាសែត​នៅ​ស្រុក​ថៃ​ចុះ​ផ្សាយ​ថា មាន​ក្រុម​បញ្ញា​ជន​ថៃ​មួយ​ក្រុម​នៅ​តែ​បន្ត​ការ​តវ៉ា​ទាក់ទង​នឹង​ការ​ដាក់​ ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​ជា​បេតិក​ភណ្ឌ​ពិភពលោក។

កាសែត​បាងកក​ប៉ុស្តិ៍​ជា​ភាសា​អង់គ្លេស​របស់​ប្រទេស​ថៃ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កក្កដា​នេះ​ថា ក្រុម​បញ្ញា​ជន​ថៃ​ប្រមាណ ៣០​នាក់ ដែល​ដឹកនាំ​ដោយ វ៉ាល់វីប៉ា ចារុនរោជ សមាជិក​បណ្ឌិត​សភា​នៃ​វិទ្យាស្ថាន​សិក្សា​ថៃ​របស់​មហាវិទ្យាល័យ​ធម្មសាស្រ្ត បាន​នាំ​គ្នា​ធ្វើ​ការ​ទាមទារ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ នា​អគារ​រដ្ឋាភិបាល សុំ​រដ្ឋាភិបាល​ថៃ​ឲ្យ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​រួម​ថៃ​-កម្ពុជា​ មួយ ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០០៨ កន្លង​ទៅ យល់​ព្រម​ឲ្យ​ប្រទេស​កម្ពុជា ចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​ជា​ឯកតោ​ភាគី​ នោះ​ចេញ។

ក្រុម​បញ្ញា​ជន​ទាំង​នោះ​ឲ្យ​ដឹង​ថា លោក​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស Noppadon Pattama ដែល​បាន​ចុះ​ហត្ថលេខា​នោះ គឺ​ពុំ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​សភា​នៃ​រាជា​ណាចក្រ​ថៃ​ឡើយ។

ក្រុម​បញ្ញា​ជន​ទាំង​នោះ​បាន​និយាយ​ថា ការ​យល់​ព្រម​បែប​នេះ​បណ្តាល​ឲ្យ​ប្រទេស​ថៃ​បាត់​បង់​ទឹក​ដី​របស់​ខ្លួន​មាន ​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ ព្រមទាំង​ព្រៃ​ព្រឹក្សា​នៅ​តំបន់​ជម្លោះ​នេះ​ដ៏​ច្រើន​ទៀត​ផង។

មន្រ្តី​ជាន់​ខ្ពស់​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ ព័ត៌មាន​នៃ​រដ្ឋាភិបាល​កម្ពុជា​គឺ​លោក​រដ្ឋ​លេខាធិការ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា រឿង​ប្រាសាទ​ព្រះ​វិហារ​គឺ​ជា​រឿង​ដាច់​ដោយ​ឡែក​ពី​អ្វី​ដែល​រដ្ឋាភិបាល​និង ​ក្រុម​បញ្ញា​ជន​ថៃ​លើក​មក​និយាយ ពោល​គឺ​ពុំ​មាន​ទាក់​ទង​អ្វី​សោះ ជាមួយ​បញ្ហា​ទឹក​ដី។

លោក ផៃ ស៊ីផាន ថ្លែង​ដូច្នេះ​ថា ៖ «រាជ​រដ្ឋាភិបាល ជា​ពិសេស​ឯក​ឧត្ដម​បណ្ឌិត សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី​នៃ​រាជា​ណាចក្រ​កម្ពុជា គឺ​បាន​ធ្វើការ​ច្រាន​ចោល​នូវ​អ្វី​ដែល​រាជ​រដ្ឋាភិបាល​ថៃ ដែល​បាន​យក​ប្រាសាទ​ព្រះ​វិហារ​ទៅ​លាយ​ឡំ​ជាមួយ​នឹង​បញ្ហា​បូរណភាព​ទឹក​ដី ពីព្រោះ​ប្រាសាទ​ព្រះ​វិហារ​ជា​រឿង​មួយ​ដាច់​ដោយ​ឡែក​ពី​រឿង​វប្បធម៌ ហើយ​ប្រាសាទ​ព្រះ​វិហារ​ដែល​ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​ហ្នឹង គឺ​តាម​រយៈ​លក្ខខណ្ឌ​សភា​ខ្មែរ​ជា​ម្ចាស់​ទ្រព្យ​ស្រប​ច្បាប់​តាម​សាលក្រម​ តុលាការ​អន្តរជាតិ​ឆ្នាំ​១៩៦២ ដោយ​ប្រាប់​ថា ប្រាសាទ​ព្រះ​វិហារ​ជា​របស់​កម្ពុជា បញ្ហា​ទី​១។ បញ្ហា​ទី​២ ប្រាសាទ​ព្រះ​វិហារ​បាន​ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​តាម​តម្លៃ​របស់ ​ប្រាសាទ​ព្រះ​វិហារ គឺ​មាន​តម្លៃ​សកល ហើយ​គ្មាន​ពីរ។ លក្ខខណ្ឌ​ពីរ​ហ្នឹង​ហើយ​ដែល​ធានា​ឲ្យ​ប្រាសាទ​ព្រះ​វិហារ​ចូល​ទៅ​ក្នុង​ បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក»។

លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន ឲ្យ​ដឹង​ថា ការ​ចុះ​ហត្ថលេខា​របស់​លោក​អតីត​រដ្ឋមន្រ្តី​ការ​បរទេស Noppadon Pattama គឺ​ជា​ការ​គាំទ្រ​របស់​លោក​លើ​លក្ខខណ្ឌ​វិនិច្ឆ័យ​របស់​អង្គការ​យូណេស្កូ ដូច​បាន​ជម្រាប​ខាង​ដើម ហើយ​មិន​ទាក់ទង​អ្វី​នឹង​ការ​យល់​ព្រម ឬ​មិន​យល់​ព្រម​របស់​លោក​ឡើយ។

លោក​បន្ត​ថា ឯ​ការ​ដែល​ក្រុម​បញ្ញា​ជន​និង​អ្នក​នយោបាយ​ថៃ​មួយ​ចំនួន​តែង​បាន​លើក​ឡើង​ អំពី​ការ​មាន​តំបន់​ជម្លោះ ឬ​មាន​តំបន់​ត្រួត​ស៊ី​គ្នា​នោះ គឺ​ជា​មហិច្ឆតា​ដែល​ប្រទេស​នេះ​មាន​ទៅ​លើ​ប្រទេស​ជិត​ខាង​តាំង​ពី​យូរ​យារ​ មក​ហើយ។

លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ហើយ​ បង្កើត​បាន​នូវ​គំនិត ឬ​ពាក្យ​ថា តំបន់​ជម្លោះ ឬ​តំបន់​ត្រួត​ស៊ី​គ្នា ៤,៦​គីឡូម៉ែត្រ​ការ៉េ ជា​ពាក្យ​ឈ្លាន​ពាន​ដែល​មាន​គម្រោង​ការ​ជា​យូរ​លង់​ណាស់​មក​ហើយ ជា​ពិសេស​តាម​រយៈ​ផែនទី​របស់​ថៃ គូស​ដោយ​ឯកតោ​ភាគី​ខ្លួន​ឯង ហើយ​និង​សម្ងាត់​ខ្លួន​ឯង ដែល​យើង​បាន​ចាប់​ឯកសារ​ហ្នឹង ហើយ​ឯកសារ​ហ្នឹង​បាន​ផ្សព្វ​ផ្សាយ​ពេញ​ពិភព​លោក​ឥឡូវ​នេះ។ ហេតុ​ដូច្នេះ​បើ​សិន​ជា​អ្នក​និយាយ​ហ្នុង និយាយ​នៅ​ក្នុង​រឿង​ប្រាសាទ​ព្រះ​វិហារ គឺ​ដោយសារ​រឿង​ប្រាសាទ​ព្រះ​វិហារ​ដាច់​ដោយ​ឡែក យក​ប្រាសាទ​ព្រះ​វិហារ​ជា​ចំណាប់​ខ្មាំង​នៃ​ការងារ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ ខ្លួន នោះ​ហើយ​គឺ​ជា​ការ​ឈ្លានពាន​គេ»៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog