Thursday 16 July 2009

ប្រាសាទព្រះវិហ៊ារ ៖ ខ្សែព្រំដែន ត្រូវបានតុលាការអន្ដរជាតិ នាក្រុងឡាហេ គូសទុករួចស្រេចមកហើយ (ពីឆ្នាំ១៩៦២)

នៅចុងខែមិថុនា ២០០៧នេះ ដោយសារប្រទេសថៃឡង់ បានប្ដឹងដាក់លក្ខខ័ណ្ឌ អង្គការ “យូនេស្កូ” (UNESCO) បាន សំរេច “ព្យួរទុក” នូវសេចក្ដីស្នើរនៃរដ្ឋាភិបាលកម្ពុជា ដែលសុំឲគេថែររក្សាប្រាសាទខ្មែរព្រះវិហ៊ារ ជា រមណីយដ្ឋានមួយ ក្នុងចង្កោមបេតិកភ័ណនៃពិភពលោក ហើយអង្គការ “យូនេស្កូ”បានប្រាប់ ឲប្រទេស ទាំងពីរ “ធ្វើការដោះស្រាយបញ្ហាខ្សែ-បន្ទាត់ព្រំដែន នៅទីនោះ ឲឆាប់រហ័ស”ផង ។

នៅថ្ងៃទី២៩ មិថុនា ២០០៧ អង្គការសារពត៌មាននានា នៅទីក្រុងបឹងកក បានលើកពីការប្រកាស នៃក្រសួង ការបរ-ទេសថៃ ដែលបញ្ជាក់ថា “ក្នុងគោលការណ៍ ប្រទេសថៃឡង់យល់ស្របទាំងស្រុង ឲគេចាត់ទុក ប្រាសាទព្រះវិហ៊ារ ជារមណីយ-ដ្ឋានមួយ នៃបេតិកភ័ណ នៃពិភពលោក របស់ “យូនេស្កូ” តែនៅក្នុង លក្ខខ័ណ្ឌ ថា ទំនាស់ក្នុងបញ្ហាអភិបាលរួមគ្នា នៃ រមណីយដ្ឋាន និងបញ្ហាកំណត់បង្គោលព្រំដែន នៅទីនេះ ត្រូវបានដោះស្រាយ ជាបឋមសឹន” ។ គ្រាន់តែថាអញ្ចឹងភ្លាម រដ្ឋការ ថៃក៏បញ្ជូន ក្រុមទាហ៊ាន “ឯកសណ្ឋានខ្មៅ” មកបីទច្រកចូល ពីខាងថៃឡង់ មកប្រាសាទនោះភ្លាម ធ្វើឲមានភាព ជ្រួលច្របល់ និងការ ខឹងសំបារ នៅខាងខ្មែរវិញដែរ ។
ការប្រព្រឹត្ដដោយកម្លាំងទ័ពថៃ មិនមែនកើតមាន នៅតែពេលនេះ នៅមុខប្រាសាទព្រះវិហ៊ារនេះទេ ។ កាលពី ខែឧសភា ឆ្នាំ២០០៥ ក្រុមទាហ៊ានថៃ “ឯកសណ្ឋានខ្មៅ” ក្រុមទាហ៊ាន “ឯកសណ្ឋានខ្មៅ” បានធ្វើយ៉ាង នេះដែរ ហើយ ហើយ លោកថាមារ៉ាក់ អ៊ីសារ៉ាងគូរ កាលនោះជារដ្ឋមន្ដ្រីការញរប្រទេសថៃ បានថ្លែងថា “កងយោធាថៃ បានតាំងទី នៅមុខ ប្រាសាទ ព្រះវិហ៊ារ ដើម្បីកុំឲមានការឆ្លងកាត់ទីដី ដែលកំពុងមានវិវាទ រហូតទាល់តែ ប្រទេសទាំងពីរ បានសំរេចការងារ នៃ ការកំណត់ព្រំដែន នៅត្រង់កន្លែងនោះ” ។
រីឯលោកឯកអគ្គរាជទូតនៃថៃឡង់ ប្រចាំកម្ពុជា កាលនោះ ក៏បានខំបញ្ជាក់ថា “ប្រទេសថៃឡង់នៅ តែគោរពសាលក្រម នៃតុលាការអន្ដរជាតិ (នាក្រុងឡាហេ) ដែលបានសំរេចពីឆ្នាំ១៩៦២ ថា់ប្រាសាទ ព្រះវិហ៊ារ ជាកម្មសិទ្ធ របស់ប្រទេសកម្ពុជា ។ ប៉ុន្ដែសាលក្រមនោះ បាននិយាយតែអំពីប្រាសាទប៉ុណ្ណោះ ហើយមិនបាន បញ្ជាក់ អំពីគំនូសព្រំដែន (នៅកន្លែងនោះ) ទេ... ទើបយើងមានបញ្ហាព្រំដែនហ្នឹង មកទល់ថ្ងៃនេះ” ។ នៅថ្ងៃទី៦ កក្កដា ២០០៧នេះ លោកវិរាផាន់ វ៉ាចារាធិត ជាឯកអគ្គរាជទូតនៃថៃឡង់ ប្រចាំកម្ពុជា ដោយចង់ទម្លាក់ ការ ទទួលខុសត្រូវ ក្នុងរឿងថ្មីៗនេះ ទៅលើរដ្ឋាភិបាល ហ៊ុន សែន បាននិយាយថា “ប្រទេសកម្ពុជា បានដឹងច្បាស់ ជាមុនហើយ ថា “យូនេស្កូ”នឹងសំរេចព្យួរទុក នូវសំណើររបស់ខ្លួន នោះ... ព្រោះតែរឿង ខ្សែព្រំដែន មិនទាន់ ច្បាស់លាស់” ។
ការប្រាកដមួយ គឺនៅខែឧសភា ២០០៥ រដ្ឋាភិបាល ហ៊ុន សែន បានសន្យាថានឹង “ដោះស្រាយបញ្ហា គំនូសព្រំដែន ត្រង់ កន្លែងប្រាសាទព្រះវិហ៊ារនេះ ឲបានស្រេចបាច់ ក្នុងពេលឆាប់ខាងមុខ” ។ តែនៅថ្ងៃនេះ (២ឆ្នាំបន្ទាប់មក) លោក ខៀវ កញ្ញារិត ជារដ្ឋមន្ដ្រី-អ្នកនាំពាក្យនៃរដ្ឋាភិបាលហ៊ុន សែន បែរជានិយាយ ស្រពីច ស្រពឹលថា “វានៅមានការគិតគូរ នៅឡើយ អំពីរឿងបច្ចេកទេសតូចតាចខ្លះ នៃសំណង់ថ្មីៗនៅទីនោះ ដូចជា អាគារទីលំនៅ ប៉មស្ថានីយវិទ្យុ បន្លាយទឹក ។ល។” ចំណែកឯ លោករដ្ឋមន្ដ្រី វ៉ា គិម ហុង ទទួលបន្ទុក កិច្ចការ ព្រំដែន ក៏រិតតែច្របូកច្របល់សាច់រឿង ជាងលោករដ្ឋមន្ដ្រីមួយនោះទៀត ដោយបន្លឺថា “យើងមិនឃើញមាន បញ្ហាអ្វីធំដុំ ដល់នរណាម្នាក់ទេ ។ បើអាជ្ញាធរនៅទីនេះក្ដី អាជ្ញាធរខែត្រព្រះវិហ៊ារក្ដី ឬ ប្រជាពលរដ្ឋយើងក្ដី ពើបប្រទះនិងបញ្ហាអ្វីមួយ នោះគេលើកមកប្រាប់យើងមក យើងនឹងដោះស្រាយបញ្ហានោះ ជាមួយគ្នា”។
បញ្ហាដែលអង្គការ “យូនេស្កូ” បានលើកឡើង គឺការដោះស្រាយឲច្បាស់លាស់ នូវរឿងដែលគេហៅថា “តំបន់ ស” នៅ ជាប់និង ប្រាសាទព្រះវិហ៊ារនោះ ដែលលោកហ៊ុន សែន បានទទួលស្គាល់ទទេៗ ជាច្រើន ឆ្នាំ មកហើយ - ដោយធ្វើ ឲ ថៃ សប្បាយ ចិត្ដណាស់ – ទោះបីវាផ្ទុយនិងសន្ធិសញ្ញាជាប្រវត្ដិសាស្ដ្រ រវាងកម្ពុជា និងថៃឡង់ តាំងពីឆ្នាំ១៩០៧មក និងផ្ទុយពី សេចក្ដីសំរេច ឥតកែរប្រែវិញបាន នៃ តុលាការអន្ដរជាតិ នាក្រុង ឡាហេ ពីឆ្នាំ១៩៦២ ស្ដីអំពីប្រាសាទព្រះវិហ៊ារនេះក្ដី ។ ការពិតប្រាកដ គឺ នៅក្នុងសាលក្រម នៃ តុលាការអន្ដរជាតិនេះ ចុះថ្ងៃទី១៥ មិថុនា ១៩៦២ ក្រុមចៅក្រមបានធ្វើការវិភាគ យ៉ាងលំអឹត ហើយ សំរេចគូសកំណត់ព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេសសៀម (ថៃឡង់) ជាស្រេច មុននិង សំរេចថា ប្រទេស កម្ពុជា ត្រូវមាន “អធិបតេយភាព” លើប្រាសាទព្រះវិហ៊ារនេះ (សូមអានសេចក្ដី នៃសាលក្រម និង រូបគំនូស នៃ ផែនទីព្រំដែន របស់តុលាការ ខាងក្រោមនេះ) ។ ដូចនេះ វាមិនដែលមាន “តំបន់ ស”អ្វី នៅកន្លែងនោះទេ ហើយកម្ពុជា ក៏គ្មានត្រូវ “ចរចា”អ្វីជាថ្មីទៀត អំពី ការកំណត់ព្រំដែន នៅមុខប្រាសាទព្រះវិហ៊ារនោះឡើយ ។ គេគ្រាន់តែយោងតាមផែនទី របស់តុលាការអន្ដរជាតិនោះ និងធ្វើ ការបោះបង្គោលព្រំដែនទៅ ជាការស្រេច ទៅហើយ ហើយកិច្ចការហ្នឺង ក៏មិនស៊ី ពេល វេលា អស់ច្រើនសប្ដាហ៍ទេ ។
បុន្ដែ យើងសូមរំលឺកថា រឿង “តំបន់ ស”នានា លើទឹកដីខ្មែរ ជាការបង្កើតឡើង ដោយលោកហ៊ុន សែន និង បក្សប្រជាជន បដិវត្ដិកម្ពុជា (ហៅសព្វថ្ងៃថា បក្សប្រជាជនកម្ពុជា) បន្ទាប់ពីគេចុះហត្ថលេខា ជាមួយ ក្រុង ហាណូយ ក្នុង ទសវត្ស ១៩៨០ លើ សន្ធិសញ្ញានិងកិច្ចព្រមព្រៀងខុសច្បាប់ជាច្រើន ដើម្បីកំណត់ព្រំដែនកម្ពុជា ជាថ្មី ។ សន្ធិសញ្ញា និង កិច្ចព្រមព្រៀងខុសច្បាប់ ទាំងនេះ ដែលគេបានអនុវត្ដិដោយលួចលាក់ ជានិច្ចជា កាលនោះ បានទាត់ចោល ឬបំបាត់កម្លាំងខ្លះ នៃសន្ធិសញ្ញាអន្ដរជាតិ ពី ពេលមុនៗ ដែលបានការពារ យ៉ាង ច្បាស់លាស់ នូវបូរណភាពទឹកដី នៃប្រទេសកម្ពុជា ។ ជាឧទាហរណ៍ កិច្ចព្រមព្រៀង ចុះថ្ងៃ៧ កក្កដា ១៩៨២ រវាង “សាធារណរដ្ឋប្រជាមានិតកម្ពុជា” និងវៀតណាម ដែលក្នុងនោះ លោកហ៊ុន សែន និងបក្សប្រជាជន បដិវត្ដិកម្ពុជា បានកាត់កោះត្រល់និងក្រុមកោះក្រចកសេះរបស់ខ្មែរ ឲទៅយួន ហើយបង្កើតតំបន់មួយ ហៅថា “តំបន់ទឹក ប្រវត្ដិសាស្ដ្រ” (គីជា “តំបន់ ស”មួយ លើសមុទ្រ) វាបានកែប្រែ ព្រំប្រទល់ដែន សមុទ្រ ពីមុន រវាងកម្ពុជានិងវៀតណាម ហើយ ជាបន្ទាប់មក ក៏វាបាន កែប្រែ ព្រំប្រទល់ ដែនសមុទ្រ ពីមុន រវាងកម្ពុជា និង ថៃឡង់ និងបង្កើត “តំបន់ ស”ខ្មែរ-ថៃ នៅទីផ្សេងៗ ទៀតដែរ ។ ជាការធម្មតាទេ រាល់“តំបន់ ស”ទាំងនេះ ទាំងនៅ លើដីគោក ទាំងនៅលើទឹកសមុទ្រ វាបានក្លាយជាតំបន់ នៃការ ឈ្លោះគ្នា នៃការប្រើច្បាប់ព្រៃ និង នៃអស្ថិរភាព ជានិរន្ដ ។ រីឯ អ្នករងគ្រោះមុនគេ គឺប្រជាជនខ្មែរ ដែលមិនអាចការពារ ខ្លួន ហើយគ្មាន នរណាមកការពារ ក្រៅពីសំដីធានាត្រឡប់ត្រឡឹន និងគ្មានទទួលការខុសត្រូវអ្វីទាំងអស់ នៃរដ្ឋាភិបាល ហ៊ុន សែន ។ (១)
ការកត់ចំណាំនៃអង្គការ “យូនេស្កូ” អំពីភាពមិនច្បាស់លាស់ នៃព្រំដែនកម្ពុជា-ថៃឡង់ នៅមុខប្រាសាទ ព្រះវិហ៊ារនេះ ដោយយោងតាមបណ្ដឹងដាក់លក្ខខ័ណ្ឌ របស់ថៃឡង់ និងដោយបំភ្លេចសូន្យឈឺង អំពីសាលក្រម ចុះថ្ងៃទី១៥ មិថុនា ១៩៦២ នៃតុលាការ អន្ដរជាតិ នាក្រុងឡាហេ គឺជាកំណត់ច្បាប់បឋមមួយ ប្រកបដោយ គ្រោះថ្នាក់ ធ្ងន់ធ្ងរ ចំពោះច្បាប់អន្ដរជាតិទាំង អស់ ដែលការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា ៖ គឺថា”យូនេស្កូ” ដែលជាស្ថាប័នមួយ នៃអង្គការសហប្រជាជាតិ បាន ព្រមទទួលស្គាល់ នូវវត្ដមាននៃ“តំបន់ ស” រវាងកម្ពុជា និងថៃឡង់ នៅត្រង់កន្លែងហ្នឹងហើយ ។ ដូចនេះ ក្នុងអនាគតកាល តើ រឿង“តំបន់ ស” នៅកន្លែង នានា ឯទៀត ដែលលោកហ៊ុន សែន និងបក្សរបស់គាត់ បានទទួលស្គាល់ ជាមួយប្រទេសជិតខាងដែរ នោះ វានឹង ផ្ដល់ គ្រោះថ្នាក់យ៉ាងណាថែមទៀត ដល់កម្ពុជា ? បើគេនាំគ្នាដើរចូលផ្លូវហ្នឺង ស្រុកខ្មែរទាំងមូល នឺង ក្លាយជា “តំបន់ ស” រវាងវៀតណាមនិងថៃឡង់ ដូចកាលពី២០០ឆ្នាំមុន ក្នុងពេលឆាប់ៗខាងមុខមិនខាន - ដោយ ឧបមាថា វាមិនបានក្លាយ រួច ស្រេចទៅហើយ ។
--------------------
(១)- ក្នុងឧកាសសន្និសិទ នាក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ប្រទេសបារាំងបានគូស ហើយប្រគល់ឲសន្និសិទ នូវផែនទី នៃ ប្រទេសកម្ពុជា ខ្នាត១/១០០ ០០០ ។សន្និសិទបានប្រគល់ផែនទីនេះ (ដោយបង្រួមខ្នាត ដើម្បីសំរួល ការប្រើប្រាស់) ឲគណកម្មការអន្ដរជាតិ នៃកិច្ចត្រួតពិនិត្យ ដែលមានប្រទេសឥណ្ឌា ជាប្រធាន និងដឹកនាំ ដោយ លោក បិនដ្រា ។
ដោយឡែក ពីឆ្នាំ១៩៦៨ដល់ឆ្នាំ១៩៧១ បារាំងបានផ្ដល់ជំនួយឲកម្ពុជា ក្នុងការលើកផែន ទី ភូគព្ភ-សាស្ដ្រមួយ ខ្នាត ១/២០០ ០០០ ដោយមានការចូលរួមការងារ នៃអ្នកភូគព្ភសាស្ដ្រ និងវិស្វករបារាំង ចំនួន៨នាក់ និងវិស្វករ និងអ្នកបច្ចេកទេសខ្មែរ ចំនួន២០នាក់ផង ក្រោមការណែនាំនៃលោក ស៊ាន ប៉េងសែ ។
នៅពេលផ្សេងៗខាងលើនេះ គេគ្មានទុក “តំបន់ ស” នៅកន្លែងណាមួយ នៃព្រំដែនរបស់កម្ពុជាទេ ។

ក្រុងប៉ារីស ថ្ងៃទឹ៧ ខែកក្កដា ឆ្នាំ២០០៧
គណកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង
និងនៅលើពិភពលោក
ឌី-ការ៉េត
អនុប្រធាន
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog