Sunday 5 July 2009

សង្គ្រាម​ដេញ​ពួក​ឈ្លានពាន​ទំនង​ជា​ពិបាក​បញ្ចៀស

ដោយ ប៉ែន បូណា
ថ្ងៃទី 04/07/2009
ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ត្រៀម​ប្រារព្ធ​ពិធី​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ ការចុះ​ ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​ បញ្ជី​បេតិកភណ្ឌ​ពិភពលោក​(៧ កក្កដា​២០០៨ ៧ កក្កដា​២០០៩)​ដែល​នឹង​ចូល​មក​ដល់​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ទៀត​ខាង​មុខ​នេះ។ គឺ​ជា​រយៈពេល​មួយ​ឆ្នាំ​នៃ​មោទនភាព​ជាតិ​ផង និង​មួយ​ឆ្នាំ​នៃ​ការប្រឈម​មុខ​ដ៏​ជូរចត់​ផង។ ជូរចត់​ដោយសារ​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​សៀម​ដែល​នៅ​ពេល​នេះ​សង្រ្គាម​ ទល់​ដែន​ទំនង​ជា​ពិបាក​នឹង​បញ្ចៀស​ប្រសិន​បើ​សៀម​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​ ទឹកដី​ខ្មែរ​ទេ​នោះ។

កាល​ពី​មួយ​ឆ្នាំ​មុន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈាមជ័រ​ជា​អ្នកកសាង​អង្គរ បាន​វាយ​ជួង ទូង​ស្គរ​ និង​លើក​ជ្រោង​ទង់​ប្រាសាទ​កំពូល​ប្រាំ​បក់​រវិចៗ​លាយឡំ​ដោយ​សម្លេង​ហ៊ោ​ កញ្ជ្រៀវ​យ៉ាង​កង​រំពង។ សម្លេង​ដែលផុស​ចេញ​ពី​មោទនភាព​ជាតិ​ដ៏​ជ្រាល​ជ្រៅ​នេះ​បាន​ប្រកាស​ប្រាប់​ ពិភពលោក​ថា ប្រាសាទ​ព្រះវិហារ​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​ត្រូវ​គេ​កត់ត្រា​ទុក​ក្នុង​ បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​មាន​តម្លៃ​មហាសាល​មិន​អាច​កាត់​ ថ្លៃ​បាន។

នៅ​លើ​ទិដ្ឋភាព​មួយ​ទៀត សម្លេង​ខ្ញៀវខ្ញារ​កង​រំពង​កាល​ពី​ថ្ងៃ ៧​កក្កដា​២០០៨ ក៏​ជា​ការប្រកាស​ប្រាប់​ជាតិ​សាសន៍​សៀម​ថា ពួកគេ​បាន​ទទួល​បរាជ័យ​ជា​ម្តង​ទៀត​ក្រោម​បារមី​នៃ​ប្រាសាទ​ព្រះវិហារ​ក្នុង ​ការដែល​ពួកគេ​ព្យាយាម​រារាំង​មិន​ឲ្យ​ប្រាសាទ​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​នេះ ​ត្រូវ​គេ​កត់​ចូល​ក្នុង​បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​លើ​ ពិភពលោក។ ជាតិ​សាសន៍​សៀម​ធ្លាប់​បាន​ភ្លក់​រសជាតិ​បរាជ័យ​ម្តង​រួច​ទៅ​ហើយ កាល​ពី​ខែ​មិថុនា​ឆ្នាំ​១៩៦២ ក្នុង​ការប៉ុនប៉ង​ចង់​លេប​ត្របាក់​យក​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ។

យ៉ាងណា ​ក៏​ដោយ ជាតិ​សាសន៍​មួយ​នេះ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ទោសៈ​ប្រកប​ដោយ​មហិច្ឆតា​ស្រក់​ទឹក ​មាត់​ចង់​បាន​ប្រាសាទ​របស់​ខ្មែរ​ដដែល។ មួយ​សប្តាហ៍​ក្រោយ​ពី​ការចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ សៀម​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ចូល​កាន់កាប់​ដី​មួយ​ចំណែក​ក្នុង​បរិវេណ​ ប្រាសាទ​នេះ​យ៉ាង​ងងើល​បំផុត។ ទង្វើ​ដ៏​ឥត​អៀន​ខ្មាស់​របស់​សៀម​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ជា​ ការបង្ក​ហេតុ​ដើម្បី​ផ្សង​ព្រេង​ទាញ​យក​ផល​ចំណេញ។

ឥឡូវ​នេះ​មហិច្ឆតា​ របស់​សៀម​បាន​ស្តែង​ចេញ​យ៉ាង​ច្បាស់​ហើយ​នោះ​គឺ​មេដឹកនាំ​សៀម​បាន​លើក​យក​ បញ្ហា​ជម្លោះ​ជាយ​ដែន​មក​ធ្វើ​ជាលេស​ក្នុង​ការត​ថ្លៃ​យ៉ាង​ងងឹត​ងងុល​ជាមួយ​ អង្គការ​យូណេស្កូ​ឲ្យ​សើរើ​ការចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ។

បំណង ​ចុង​ក្រោយ​របស់​សៀម​គឺ​យ៉ាង​ហោច​ណាស់​ពួកគេ​ចង់​ធ្វើ​ជា​សហកម្ម​សិទ្ធិ​លើ​ ប្រាសាទ​ព្រះវិហារ​ជាមួយ​ខ្មែរ​ដែរ​បើ​ទោះ​បី​ជា​គេ​ដឹង​ថា​ដូនតា​របស់​គេ​ គ្មាន​ចំណែក​សូម្បី​តែ​បន្តិច​ក្នុង​ការកសាង​ប្រាសាទ​នេះ​ក៏​ដោយ។

ពាក្យ​ចាស់​បុរាណ​ពោល​ថា «អ្នក​ដែល​សាប​ព្រោះ​ខ្សល់​រមែង​តែងតែ​ទទួល​រង​នូវ​ព្យុះ​សង្ឃរា»។ យ៉ាង​ណា​មិញ ពួក​សៀម​ដែល​បាន​ឈ្នានីស​កម្ពុជា​គ្រប់​បែប​យ៉ាង​ក៏​បាន និង​កំពុង​ត្រៀម​ទទួល​ក្តី​មហន្តរាយ​ដ៏​ធំធេង​ផង​ដែរ។ មហន្តរាយ​បាន​កើត​មាន​រួច​ទៅ​ហើយ​ក្នុង​ការប៉ះ​ទង្គិច​ប្រដាប់​អាវុធ​ពីរ​ លើក​កន្លង​ទៅ​នេះ។ ប៉ុន្តែ មហន្តរាយ​ធំធេង​ជាង​នេះ​កំពុង​រង់ចាំ​អ្នកឈ្លានពាន​នៅ​ពេល​ខាង​មុខ។

ប៉ុន្តែ តាម​រយៈ​ការព្រមាន​ធ្ងន់ៗ​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​កាល​ពី​ប៉ុន្មាន​ ថ្ងៃ​មុន​នេះ​អ្នក​ដែល​មាន​ឈាមជ័រ​ឈ្លានពាន​ទំនង​ជា​អាច​យល់​បាន​ថា កម្ពុជា​អស់​ក្តី​អត់​ធ្មត់​ត្រឹម​នេះ​ហើយ។ ការបណ្តែត​បណ្តោយ​ឲ្យ​កងទ័ព​បរទេស​បោះ​ទី​តាំង​នៅ​លើ​ទឹកដី​របស់​ខ្លួន​ រយៈពេល​មួយ​ឆ្នាំ​គឺ​ជា​ការអត់​ធ្មត់​មួយ​ដែល​គ្មាន​អ្នកណា​នឹក​ស្មាន​ដល់។ ការអត់​ធ្មត់​បែប​នេះ​អាច​ចាត់​ទុក​ថា​ជា​ការបង្ហាញ​សមាន​ចិត្ត​ក្នុង​នាម​ ជា​ជាតិ​សាសន៍​ដែល​ឆ្អែត​ឆ្អន់ និង​ស្អប់​ខ្ពើម​សង្រ្គាម​ទៅ​ចុះ។

ប៉ុន្តែ សៀម​គួរ​តែ​យល់​ថា​នៅ​លើ​លោក​នេះ​គ្មាន​ជាតិ​សាសន៍​ណា​ដែល​សុខចិត្ត​ទទួល​យក ​ការឈ្លាន​ពាន​របស់​បរទេស​ដោយ​មិន​តបត​នោះ​ឡើយ។ ជា​ពិសេស​ទៅ​ទៀត​សៀម​ប្រហែល​ជា​បាន​ស្គាល់​ហើយ​ថា​ខ្មែរ​ធ្លាប់​មាន​ឈាមជ័រ​ ជា​អ្នកតស៊ូ​ដើម្បី​បូរណភាព​ទឹកដី​ និង​ដើម្បី​ឯករាជ្យ​ជាតិ​យ៉ាង​ណា​នោះ។ ដូច្នេះ សង្គ្រាម​ជាយ​ដែន​អាច​កើត​មាន ឬ​មិន​មាន​ក្នុង​ពេល​ឆាប់ៗ​នេះ​គឺ​អាស្រ័យ​ទាំង​ស្រុង​ទៅ​នឹង​សៀម​ថា តើ​ពួកគេ​ព្រម​ដក​ទ័ព​ចេញ​ពី​ទឹកដី​ខ្មែរ​ដែរ​ឬ​ក៏​អត់។

សម្រាប់​ភាគី ​កម្ពុជា បើ​យោង​តាម​ប្រសាសន៍​ចុង​ក្រោយ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ដែន​កំណត់​នៃ​ការអត់​ធ្មត់​បាន​មក​ដល់​ហើយ។ រី​ឯ​មធ្យោបាយ​សម្រាប់​ការពារ​ខ្លួន​ក៏​បាន​រៀបចំ​រួច​ស្រេច​ហើយ​ដែរ។ សូម​បារមី​ប្រាសាទ​ព្រះវិហារ​ជួយ​ថែរក្សា​បូរណភាព​ទឹកដី​ខ្មែរ និង​សូម​ឲ្យ​ពួក​ឈ្លានពាន​ជួប​នឹង​បរាជ័យ​កុំ​បី​ខាន​ឡើយ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog