Saturday 23 May 2009

ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​ប្រើជម្រើស​ថ្មី

ទំនាក់ទំនង​ការទូត​រវាង​ខ្មែរ​និង​ថៃ​បាន​ឈាន​ដល់​ដំណាក់កាល​តានតឹង​ជាថ្មី​ ទៀត​ នៅ​ចុង​សប្តាហ៍​នេះ នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ទាមទារ​សំណង​ជាង​ពីរ​លាន​ដុល្លារ​ អាមេរិក​ពី​ភាគី​ថៃ ដើម្បី​ជួសជុល​ការ​ខូចខាត​ផ្សារ​ព្រះវិហារ ដែល​បាន​ឆេះ​ កាល​ពី​ដើម​ខែ​មេសា ដោយ​ស្នាដៃ​ទាហាន​សៀម។ ​ប៉ុន្តែ​ទីក្រុង​បាងកក​បាន​បដិសេធ ​​ហើយ​ថែមទាំង​អះអាង​ថា​ ទីនោះ​ជា​ទឹកដី​របស់​ខ្លួន​ទៀតផង។ តើ​កម្ពុជា​គួរ​ចាត់ទុក​ថៃ​ជា​ដៃគូ​ចរចា សម្រាប់​ដំណោះស្រាយ​ព្រំដែន​តទៅទៀត​ដែរ​ឬទេ?


សៀម ដៃម្ខាង​ចរចា ដៃ​ម្ខាង​ឈ្លានពាន! តើ​នៅ​បន្ត​របៀប​នេះ​រហូត​ដល់​ណា?

វា​ហាក់ដូច​ជា​មិនខុស​អ្វី​ពី​ល្បែង​បិទពួន ​ឬ​ក៏​ល្បែង​ដណ្តើម​ស្លឹក​ឈើ​នោះឡើយ ​ប្រសិនណា​បើ​គេ​ពិនិត្យ​មើល​ទំនាក់ទំនង​ការទូត​រវាង​ខ្មែរ​និង​សៀម នារយៈពេល​ចុងក្រោយ​នេះ។

ចាប់តាំង​ពី​វត្ត​កែវសិក្ខាគីរីស្វារៈ​ រហូត​ដល់​តំបន់​វាល​ឥន្ទ្រី ​និង​តំបន់​ជាយដែន​ឯទៀត​ សុទ្ធតែ​មាន​ករណី​ជម្លោះ​ដណ្តើម​ដី​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។​

ទីតាំង ​ជាច្រើន​នៅ​លើ​ទឹកដី​របស់​ខ្មែរ​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជា​យូរយារ​ណាស់ ​មក​ហើយ​នោះ​ ស្រាប់តែ​ឥឡូវ​នេះ​ បែរ​ជា​ភាគី​សៀម​អះអាង​ថា​ជា​របស់​គេ​ដែរ។ រឿង​ជាក់ស្តែង​បំផុត​មួយទៀត​កំពុង​តែ​កើតឡើង​ នាពេល​នេះ​ គឺ​ចំណាទ​ទាក់ទង​នឹង​ទីផ្សារ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ជាប់​ជើង​ប្រាសាទ​ព្រះវិហារ។​

មហិច្ឆតា​របស់​សៀម ដែល​ចង់​បាន​ដី​ក្បែរ​ជើង​ប្រាសាទ​ព្រះវិហារ​បន្ថែម​ទៀត​នេះ​ បាន​បង្ហាញ​ច្បាស់ នៅ​ក្រោយ​ពេល​ដែល​ក្រសួង​ការបរទេស​កម្ពុជា​បាន​ទាមទារ​សំណង​ខូចខាត​ ជា​ទឹកប្រាក់​ជាង​២លាន​ដុល្លារ​អាមេរិក​ ពី​ភាគី​សៀម ដើម្បី​ជួសជុល​ការ​ខូចខាត​ផ្សារ​ដែល​ទាហាន​របស់​ពួកគេ​បាន​បាញ់​ឲ្យ​ឆេះ​ ខ្ទេចខ្ទី​គ្មាន​សល់ ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ កាល​ពី​ដើម​ខែ​មេសា។ ​ប៉ុន្តែ​ជំនួស​ឲ្យ​សំណង​ជួសជុល​ខូចខាត​ ទីក្រុង​បាងកក​បែរ​ជា​ចាត់ទុក​ទីផ្សារ​នោះ​ថា​ជា​ទឹកដី​របស់​ខ្លួន​ទៅវិញ។

តាមពិត រឿង​បែបនេះ វា​បាន​កើត​មាន​ដដែលៗ ច្រើនលើក​ច្រើនសារ​ណាស់​មក​ហើយ​ ពោលគឺ​ភាគី​សៀម​ហាក់ដូច​ជា​បង្ហាញ​ពី​ចេតនា​បង្ក​ទំនាស់​កាន់តែ​ខ្លាំង​ តាមរយៈ​មហិច្ឆតា​ចង់​បាន​ទឹកដី​ខ្មែរ​ស្ទើរ​គ្រប់​ទីកន្លែង​នៅតាម​ជាយដែន​ ខណៈ​ដែល​ភាគី​កម្ពុជា​តែងតែ​បង្ហាញ​ភាព​ទន់ភ្លន់ ចង់​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី។

ជំហរ​របស់​ក្រសួង​ ការបរទេស​សៀម​ដែល​មិនត្រឹម​តែ​មិន​ខ្ចី​អើពើ​ទៅនឹង​ការ​ទាមទារ​សំណង​របស់​ កម្ពុជា​ តែ​ថែមទាំង​បាន​បង្ហាញ​ចេតនា​ចង់​លេប​ទឹកដី​ខ្មែរ នៅ​ជើង​ប្រាសាទ​ព្រះវិហារ​ថែមទៀត​នោះ​ បាន​ធ្វើ​ឲ្យ​អរិយភាព​រវាង​ជាតិសាសន៍​ខ្មែរ​និង​សៀម​កាន់តែ​រីក​ធំឡើង​ថែម​ មួយ​កម្រិត​ទៀត។ ​ប៉ុន្តែ​ទំនង​ជា​ចង់​បង្ហាញ​ភាពទន់ភ្លន់​ខ្លះ ​មេទ័ព​កំពូល​របស់​សៀម​បាន​បង្ហាញ​ចេតនា​ចង់​ចរចា​ជាមួយ​កម្ពុជា​ អំពី​បញ្ហា​នេះ​ដែរ។

យ៉ាងណា​ក៏ដោយ សម្រាប់​ក្រុម​អ្នក​វិភាគ​និង​តាមដាន​ទំនាស់​ព្រំដែន​រវាង​ខ្មែរ​និង​សៀម​ ពាក្យ​ថា​ចរចា​ដែល​ភាគី​សៀម​តែងតែ​ប្រើប្រាស់​នោះ​ហាក់ដូច​ជា​គ្មាន​តម្លៃ​ ទៀត​ឡើយ សម្រាប់​កម្ពុជា។​គ្មាន​តម្លៃ​ដោយហេតុ​ថា ​រាល់​ការ​ចរចា​ម្តងៗ​ ភាគី​សៀម​តែង​យក​វេទិកា​នៃ​តុចរចា​នេះ ដើម្បី​យក​ប្រៀប​លើ​កម្ពុជា​ជា​ដរាប ​តាមរយៈ​ការ​ទាមទារនេះ ទាមទារនោះ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ រាប់​ទាំង​ការ​ទាមទារ​ខ្លះ​ដែល​គ្មាន​មូលដ្ឋាន​អ្វី​ទាំងអស់។​

ជាក់ស្តែង ​គ្រាន់តែ​ការ​ទាមទារ​ឲ្យ​កម្ពុជា​ទទួល​យក​ពាក្យ​ប្រាសាទ​ “ប្រះវិហាន” តាម​សំនៀង​របស់​ថៃ សម្រាប់​ហៅ​ប្រាសាទ​ព្រះវិហារ​ទៅតាម​ការ​នឹកឃើញ​របស់​ខ្លួន​នោះ​បាន​ធ្វើ​ ឲ្យ​រាំងស្ទះ​ដំណើរការ​ចរចា​ជាច្រើន​លើក​មក​ហើយ។ នេះ​នៅ​មិនទាន់​រាប់​ការ​ទាមទារ​ចង់​ឲ្យ​កម្ពុជា​ទទួល​យក​ផែនទី ដែល​សៀម​ខ្លួនឯង​បាន​គូស​ជា​ឯកតោ​ភាគី​ និង​ការ​លើក​ហេតុផល​ដែល​ខ្វះ​មូលដ្ឋាន​ច្បាប់​ជាច្រើន​ទៀត​ផង​ទេ។​

ក្នុង ​ស្ថានភាព​បែប​នេះ​ គេ​អាច​ចោទសួរ​ថា​ តើ​រដ្ឋាភិបាល​កម្ពុជា​អាច​ចាត់ទុក​ប្រទេស​ជិតខាង​មួយ​នេះ​ជា​ដៃ​គូ​ចរចា ក្នុង​ដំណោះស្រាយ​ព្រំដែន​តទៅទៀត​បាន​ដែរ​ឬ​ទេ?​ ចម្លើយ​ដែល​ហាក់ដូច​​ជា​មិន​ពិបាក​នឹង​ឆ្លើយ​សោះ​នោះ គឺ​មិន​អាច​ឡើយ។ ​មិនអាច ​ព្រោះតែ​គ្មាន​អ្នកណា​សង្ឃឹម​ថា​ ការ​ចរចា​អាច​សម្រេច​បាន​លទ្ធផល​នោះ​ទេ។​ កម្ពុជា​ពិត​ជា​បាន​សាកល្បង​ចរចា​ជាច្រើនលើក​រួច​ហើយ​ ប៉ុន្តែ​ ទីបំផុត ​មិន​ត្រឹមតែ​គ្មាន​លទ្ធផល​ប៉ុណ្ណោះ​ទេ​តែ​ភាគី​សៀម​រិតតែ​បង្ហាញ​ភាព​ គឃ្លើន​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត។

ដូច្នេះ ​វា​ពិត​ជា​សមស្រប​ណាស់ ដែល​ថា ​គួរ​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​ប្រើប្រាស់​ជម្រើស​ថ្មី​ក្នុង​ការ​ដោះស្រាយ ​បញ្ហា​ព្រំដែន​ជាមួយ​សៀម​ហើយ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog