Saturday 23 May 2009

ការ​ប្តឹង​ផ្តល់​គ្នា​របស់​អ្នក​នយោបាយ​ក្លាយ​ជា​រឿង​ធំ

ទំនាស់​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន និង​លោក​ស្រី មួរ​សុខ​ហួរ​អ្នក​តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី​កាន់​តែ​ឈាន​ទៅ​តឹងតែង​ឡើង ​ជា​លំដាប់​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ពាក្យ​បណ្តឹង​តប​របស់​មេធាវី​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​មាន​ការ​ ព្រមាន​ពី​ការ​ដក​អភ័យឯកសិទ្ធិ​សភា​ពី​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ក្នុង​គូ ​ទំនាស់​ផង​នោះ​គឺ​ជា​ចំណោទ​បញ្ហា​ថ្មី​មួយ​ទៀត​បន្ថែម​ទៅ​លើ​បញ្ហា​ដែល​ កំពុង​តាន​តឹង​ស្រាប់។


លោក ហ៊ុន សែន និង​លោក​ស្រី មូ សុខហួរ

មួយ​ថ្ងៃ​បន្ទាប់​ពី​លោកស្រី មួរ​​ សុខហួរ ​អ្នក​តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី​បាន​ប្រកាស​ថា​នឹង​ដាក់​ពាក្យ​បណ្តឹង​ មួយ​ទៅ​តុលាការ​ប្រឆាំង​នឹង​លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ​ពី​បទបរិហារ​កេរ្តិ៍​មក​ពាក្យ​បណ្តឹង​ដែល​បាន​ទៅ​ដល់​ដៃ​តុលាការ​មុន​គេ ​គឺ​មិន​មែន​ជា​របស់​លោក​ស្រី​ មួរ​ សុខ​ហួរ​ ទេ​តែ​គឺ​ជា​ពាក្យ​បណ្តឹង​របស់​មេធាវី​រដ្ឋាភិបាល​ប្រឆាំង​លោក​ស្រី មួរ ​សុខ​ហួរ ទៅ​វិញ។

អម​ជាមួយ​ពាក្យ​បណ្តឹង​នេះ​លោក​ស្រី​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ត្រូវ​ បាន​គេ​ព្រមាន​ថា​អាច​នឹង​ត្រូវ​គេ​ដក​អភ័យឯកសិទ្ធិ​សភា​ដើម្បី​ឲ្យ​តុលាការ ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ទៀត​ផង។ នេះ​ជា​ចំណោទ​បញ្ហា​ថ្មី​មួយ​ទៀត​ដែល​កំពុង​ដុត​កំដៅ​ឆាក​នយោបាយ​ប្រទេស​ កម្ពុជា​ដែល​មាន​ឧិកាស​តិច​តួច​នៅ​ឡើយ​ក្នុង​ការ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ ស្ងប់ស្ងាត់។

តាម​ពិត​ដើម​ចម​នៃ​បញ្ហា​បាន​កើត​ចេញ​ពី​សង្គ្រាម​ពាក្យ ​សម្តី​តាម​រលកធាតុ​អាកាស​តែ​ប៉ុណ្ណោះ​និយាយ​តាម​ន័យ​នយោបាយ​គឺ​ការ​រិះគន់​ គ្នា​ដែល​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ចាត់​ទុក​ថា​ជា​សិទ្ធិ​របស់​ បុគ្គល​ម្នាក់ៗ ដែល​ត្រូវ​គោរព​និង​ការ​ពារ។​

កម្ពុជា​ក៏​ជា​ប្រទេស​ ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​មួយ​នឹង​គេ​ដែរ​ប៉ុន្តែ​សេរីភាព​ក្នុង​ ការបញ្ចេញ​មតិ​គឺ​ជា​កម្មវត្ថុ​នៃ​ការ​ពិភាក្សា​នយោបាយ​ដ៏​សកម្ម ​និង​ចម្រូង​ចម្រាស់​មួយ។ ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រជាធិបតេយ្យ​ដែល​មិន​ទាន់​រឹង​មាំ​ ទំនាស់​ដែល​ផ្តើម​ចេញ​ពី​ការអនុវត្តន៍​ប្រជាធិបតេយ្យ​បាន​កើត​ឡើង​ជា​ ញឹកញាប់​មិន​ថា​នៅ​ក្នុង​ចំណាម​ប្រជាពលរដ្ឋ​សាមញ្ញ ​ឬ​ក្នុង​ចំណាម​អ្នក​នយោបាយ​នោះ​ឡើយ។

រឿង​រ៉ាវ​ដែល​បាន​ដាក់​ឲ្យ​លោក នាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ និង​លោកស្រី មួរ ​សុខ​ហួរ​​ស្ថិត​នៅ​ជា​គូ​បដិបក្ខ​យ៉ាង​ជូរចត់​ជាមួយ​គ្នា​នៅ​ពេល​នេះ​ អាច​ជា​ឧទាហរណ៍​មួយ​ដែល​គេ​អាច​លើក​យក​មក​ឆ្លុះ​បញ្ចាំង​បាន។ តាម​រយៈ​ទំនាស់​នេះ​គេ​អាច​ទាញ​ចេញ​ជា​សេចក្តី​សន្និដ្ឋាន​មួយ​ចំនួន​ដូច​ ខាង​ក្រោម។​

ជា​បឋម​គេ​គួរ​សង្កត់​ធ្ងន់​ថា ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌​ក្នុង​រឿង​ណា​មួយ​ រាប់​ទាំង​រឿង​រ៉ាវ​ដែល​កើត​ចេញ​ពី​ពាក្យ​សម្តី​ផង​គឺ​ជា​សិទ្ធិ​ស្រប​ ច្បាប់​របស់​បុគ្គល​គ្រប់​រូប​ ជា​ពិសេស​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​តែ​ម្តង។ ប៉ុន្តែ​នៅ​លើ​ទិដ្ឋភាព​នយោបាយ​វិញ​ ទំនាស់​នេះ​បាន​បង្ហាញ​ពី​អរិភាព​ធ្ងន់ធ្ងរ​រវាង​កម្លាំង​ប្រជែង​នយោបាយ​​នៅ ​ក្នុង​ប្រទេស​នេះ។ ជា​ពិសេស​វា​បាន​បង្ហាញ​ពី​ឆាក​នយោបាយ​មួយ​ដែល​ប្រកប​ដោយ​កំហឹង ​និង​ការគុំគួន។

ការ​ធ្វើ​នយោបាយ​ប្រកប​ដោយ​កំហឹង​និង​ការ​គុំ​គួន​ គ្នា​នេះ ​គឺ​វា​ងាយ​នឹង​រុញ​ច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ភាព​វឹក​វរ​ខ្លាំង​ណាស់ ​ឬ​ពេល​ខ្លះ​នាំ​ដល់​ការបង្ហូរឈាម​ក៏​មាន។ វិបត្តិ​នយោបាយ​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​ ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​លទ្ធផល​នៃ​នយោបាយ​ប្រកប​ដោយ​កំហឹង​នេះ​ផង​ដែរ។ អតីតកាល​របស់​ប្រទេស​កម្ពុជា​របស់​យើង​ ក៏​ជា​ពិសោធន៍​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​សម្រាប់​ដក​ស្រង់​មេ​រៀន។

ម្យ៉ាង ​ទៀត​ការប្តឹងផ្តល់គ្នា​រវាង​អ្នក​នយោបាយ​នៅ​ក្នុង​ទំនាស់​ពាក្យ​សម្តី​ បន្តិច​បន្តួច ​ឬ​បើ​ទោះ​បី​ជា​ពេល​ខ្លះ​មាន​ការលើសលោះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លះៗ នោះ​ក៏​ដោយ​ចុះ​ក៏​ជា​រឿង​មួយ​គួរ​ឲ្យ​ចៀស​វាង​ពី​ព្រោះ​ថា ម្យ៉ាង​វា​ធ្វើ​ឲ្យ​វប្បធម៌​នៃ​ការ​រិះគន់​គ្នា​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ លទ្ធិប្រជាធិបតេយ្យ​កាន់​តែ​រិចរឹល​ទៅៗ។ និង​ម្យ៉ាង​ទៀត​គឺ​វា​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ដែល​នាំ​ឲ្យ​អាប់​អួរ​ដល់​ បរិយាកាស​នយោបាយ​ជា​ទូ​ទៅ​ ទាំង​នៅ​លើ​ឆាក​នយោបាយ​ជាតិ ​និង​អន្តរជាតិ។

ដើម្បី ​ចៀសវាង​បញ្ហា​នេះ​បាន​​អ្នក​នយោបាយ​គួរ​បង្កើន​ការទទួល​ខុសត្រូវ​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ខ្ពស់​នៅ​ក្នុង​ការ​ប្រើប្រាស់​ សិទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន។ ការបន្ស៊ាំ​ខ្លួន​ឲ្យ​បាន​ល្អ​ទៅ​នឹង​ពាក្យ​រិះគន់ ​ដោយ​ពង្រីក​វប្បធម៌​ជជែក​បក​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ គឺ​ជា​គោលការណ៍​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​អ្នក​នយោបាយ​ទាំង​អ្នក​ កាន់​អំណាច​ទាំង​អ្នក​ប្រឆាំង​ត្រូវ​ប្រកាន់​យក។​

បើ​ពុំ​ដូច្នោះ​ទេ​ពួក​គេ​ពិបាក​នឹង​ស្វែង​រក​ភាពស្ងប់សុខ​ជូន​ប្រទេស​ជាតិ​របស់​ខ្លួន​ខ្លាំង​ណាស់៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog