Saturday 23 May 2009

សេរីភាព​សារព័ត៌មាន​កម្ពុជា​រអិល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង

ថ្ងៃ​ទី​៣​ឧសភា​ស្អែក​នេះ​គឺ​ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។​ អង្គការ​នានា​ដែល​ធ្វើការ​ដើម្បី​ការពារ​សេរីភាព​សារព័ត៌មាន​បាន​ចេញ​ របាយការណ៍​វាយ​តម្លៃ​ពី​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​ក្នុង​បណ្តា​ប្រទេស ​ទាំងឡាយ​នៅ​ក្នុង​ពិភពលោក​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ។ ប្រទេស​កម្ពុជា​ដែល​គេ​ចាត់​ថ្នាក់​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​មាន​ សេរីភាព​សារព័ត៌មាន​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០០៨។​


អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន

ខណៈ​ដែល​សេរីភាព​សារព័ត៌មាន​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​មាន​ការ​ធ្លាក់​ ចុះ​ ប្រទេស​កម្ពុជា​ក៏​ត្រូវ​គេ​ចាត់​ថ្នាក់​ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំងនោះ​ ដែរ។​​

អង្គការ Reporters Sans Fronfiers ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​បាន​ដាក់​ប្រទេស​កម្ពុជា ​ក្នុង​លេខ​រៀង​១២៦ ក្នុង​ចំណោម​ប្រទេស​១៧៣​លើ​ពិភពលោក ពោល​គឺ​សេរីភាព​សារព័ត៌មាន​កម្ពុជា​ឆ្នាំ​២០០៨​បាន​រអិល​ធ្លាក់​ចុះ​យ៉ាង​ ខ្លាំង បើ​ធៀប​នឹង​លេខ​រៀង​៨៥​កាល​ពី​ឆ្នាំ​២០០៧។ ​រិត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត អង្គការ​ Fredom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ប្រទេស​កម្ពុជា​ក្នុង​ ចំណោម​ប្រទេស​ដែល​មាន​សេរីភាព​សារព័ត៌មាន​ដ៏​អាក្រក់​មួយ។​

យ៉ាង​ណា​ក៏​ដោយ​ក្រុម​អ្នក​តាមដាន​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ បាន​មើល​ឃើញ​ថា​របាយការណ៍ ឬ​ការ​រិះគន់​នានា​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ពិត​ជា​មិន​ខុស​ឡើយ តែ​ក៏​មិន​មែន​ត្រឹមត្រូវ​ទាំងអស់​ដែរ។

ជា​ការ​ពិត ​ប្រសិន​បើ​គេ​និយាយ​ថា ​កម្ពុជា​គ្មាន​សេរីភាព​ផ្នែក​សារព័ត៌មាន​ទេ​នោះ វា​ពិត​ជា​មិនត្រឹម​ត្រូវ​ឡើយ។ តែ​បើ​ថា​ប្រទេស​នេះ​មាន​សេរីភាព​សារព័ត៌មាន​យ៉ាង​ពេញលេញ​ ក៏​មិនមែន​ជា​ការ​ពិត​ដែរ។ ​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​សេរីភាព​សារព័ត៌មាន​ក្នុង​ឋានៈ​ជា​រដ្ឋ​ ប្រជាធិបតេយ្យ​មួយ។ ប៉ុន្តែ​គ្រាន់​តែ​ថា​សេរីភាព​នោះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មួយ​មិន​ទាន់​ ច្បាស់លាស់​ និង​ជា​ញឹកញាប់​តែង​តែ​ប៉ះ​ទង្គិច​នឹង​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ដើម្បី​វាយ​តម្លៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ​យើង​គួរ​ពិនិត្យ​មើល​ទិដ្ឋភាព​មួយ​ចំនួន​ដូច​ខាង​ក្រោម។ ​

- ទី១ គឺ​ទិដ្ឋភាព​វិជ្ជមាន ៖ ប្រទេស​កម្ពុជា​មាន​កាសែត​ច្រើន​ព្រោង​ព្រាត​រួម​ទាំង​កាសែត​ប្រឆាំង​ រដ្ឋាភិបាល​ផង។ កាសែត​ទាំងនោះ​អាច​សរសេរ​ព័ត៌មាន​បាន​គ្រប់​បែប​យ៉ាង រាប់​ទាំង​ការ​រិះគន់ ឬ​ពេល​ខ្លះ​រហូត​ដល់​ការ​តិះដៀល​អ្នក​ដឹក​នាំ​ផង​ក៏មាន។

ក្រៅពី​កាសែត​កម្ពុជា​មាន​ប៉ុស្តិ៍​វិទ្យុ​ច្រើន​ស្អេកស្កះ ដែល​តាម​រយៈ​នោះ​គេ​អាច​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ​ដែល​ផ្សាយ​តាម​វិទ្យុ​ ឯករាជ​នានា យ៉ាង​សម្បូរ​បែប​រហូត​ដល់​មាន​កម្មវិធី​ផ្សាយ​របស់​គណបក្ស​នយោបាយ​ទៀត​ផង។ នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ស្ថានីយ៍​ទូរទស្សន៍​ជាច្រើន​ទៀត​ដែល​កំពុង​ ផ្សាយ​សព្វ​ថ្ងៃ​ផង​ទេ។​តាមរយៈ​ទិដ្ឋភាព​ទាំងនេះ​គេ​ពិត​ជា​មិន​អាច​និយាយ​ ថា​កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សេរីភាព​សារព័ត៌មាន​បាន​ឡើយ។

- ប៉ុន្តែ​បើ​ពិនិត្យ​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាង​នេះ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ពិត​ជា​នៅ​មាន​បញ្ហា​ជាច្រើន។ ជា​បឋម​សារព័ត៌មាន​ភាគ​ច្រើន​លើស​លប់​ទាំង​កាសែត​វិទ្យុ និង​ទូរទស្សន៍​សុទ្ធ​តែ​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល។ ត្រង់​ចំណុច​នេះ​គេ​អាច​និយាយ​បាន​ទៀត​ថា​រដ្ឋាភិបាល​នៅ​មាន​ទស្សនៈ​ចង្អៀត​ ចង្អល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​អ្នក​ដែល​មាន​ និន្នាការ​ប្រឆាំង ជា​ពិសេស​ផ្នែក​ទូរទស្សន៍​និង​វិទ្យុ​តែ​ម្តង។ ភាព​ចង្អៀត​ចង្អល់​នេះ​បាន​ធ្វើ​ឲ្យ​សំឡេង​ប្រឆាំង​គ្មាន​តុល្យភាព​បើ​ធៀប​ នឹង​សំឡេង​គាំទ្រ​រដ្ឋាភិបាល។

​ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​អ្នក​កាសែត​នៅ​តែ​ទទួល​រង​ការ​យាយី​ គំរាមកំហែង​ការ​ចាប់ខ្លួន​ឬ​រហូត​ដល់​ការ​ធ្វើ​ឃាត។ ​ឃាតកម្ម​លើ​លោក ឃឹម​សំបូរ ​អ្នក​កាសែត​មនសិការ​ខ្មែរ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០០៨ និង​ការ​ចាប់​ខ្លួន​និង​ការ​គំរាមកំហែង​អ្នក​កាសែត​ជាច្រើន​ករណី​ទៀត គឺ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ស្រអាប់​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ ឆ្នាំ​២០០៨​យ៉ាងពិត​ប្រាកដ។

ដូច្នេះ ដើម្បី​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ ​រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​បន្ថែម​ទៀត​នូវ​ឆន្ទៈ​លើក​ស្ទួយ​សេរីភាព​សារព័ត៌ ​មាន​តាម​រយៈ​ការ​បើក​ចំហ និង​ការ​ទទួល​យក​ឲ្យ​ទូលំទូលាយ​នូវ​សារព័ត៌មាន​សេរី និង​ប្រកប​ដោយ​សមភាព និង​គ្មាន​អំពើ​ហិង្សា៕​
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog