Tuesday 7 July 2009

ប្រភព​នៃ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ

ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់ 07/07/2009

ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០០៨ កងទ័ព​ថៃ​បាន​ចូល​កាន់កាប់​ទឹក​ដី​ខ្មែរ​ម្តុំ​តំបន់​ក្បែរ​ប្រាសាទ​ ព្រះវិហារ ហើយ​ក្រាញ​នៅ​ទី​នោះ​រហូត​មក​ទល់​សព្វថ្ងៃ។ ព្រឹត្តិការណ៍​នេះ​បំផុស​ឡើង​នូវ​ជម្លោះ​ទឹកដី និង​ព្រំដែន​ដែល​មាន​ជា​យូរលង់​មក​ហើយ​រវាង​ប្រទេស​ទាំងពីរ។ ព្រឹត្តិការណ៍​ដ៏​ហ្មងសៅ​នេះ វា​កើត​ចេញ​ជា​ពិសេស​ពី​ខាង​ភាគី​ថៃ ដែល​នៅ​តែ​មិន​អស់​អាល័យ​នឹង​ទឹកដី​ខ្មែរ​នៅ​ប៉ែក​ខាង​ជើង ដូចជា​បាត់ដំបង និង​សៀមរាប​ដែល​ខ្លួន​ធ្លាប់​បាន កាន់​កាប់​មុន​សម័យ​អាណានិគម​បារាំង។

បន្ទាត់​ព្រំដែន​បច្ចុប្បន្ន​ដែល​ខណ្ឌ​ចែក​កម្ពុជា និង​ថៃ​ជា​មរតក​ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង។ ក៏ប៉ុន្តែ ជម្លោះ​ដែនដី​រវាង​ប្រទេស​ទាំងពីរ​ដែល​បន្ត​មាន​មក​ទល់​សព្វ​ថ្ងៃ ជា​អធិករណ៍​យូរ​លង់​ដែល​បាន​ចាក់​ឫស តាំងពី​សម័យ​មុន​បារាំង​មក​កាន់​កាប់​កម្ពុជា​ទៅ​ទៀត។

ជន​ជាតិ​សៀម ដែល​ចុះ​មក​ពី​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន បាន​មក​រស់​នៅ​លើ​ដែនដី នៃ​អាណាចក្រ​ខ្មែរ ម្តុំ​ប៉ែក​ខាង​ជើង​នៃ​ជួរ​ភ្នំ​ដងរែក​នៅ​ចុង​សតវត្សរ៍​ទី​៩។ បន្តិច​ម្តងៗ ពូជ​សាសន៍​នេះ ដែល​បាន​បង្កើត​រាជាណាចក្រ​មួយ​ឡើង ចូល​ប្លន់​អង្គរ​ម្តង​ជា​ពីរ​ដង វាយ​យក​ទឹកដី​ខ្មែរ ដោយ​លេប​យក​ទាំង​មូល​តែ​ម្តង​បណ្តា​ខេត្ត​ជាច្រើន។ កុំ​តែ​បាន​បារាំង ដែល​បាន​ដាក់​រាជាណាចក្រ​ខ្មែរ​ក្រោម​អាណាព្យាបាល​របស់​ខ្លួន​នៅ​ឆ្នាំ​១៨៦៣ ​ ម្ល៉េះ​សម បណ្តា​ខេត្ត​ខ្មែរ​មួយ​ចំនួន ដូច​យ៉ាង​សៀមរាប និង​បាត់ដំបង​ជាដើម ច្បាស់​ជា​ត្រូវ​បន្ត​ឋិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​សៀម ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​មិន​ខាន​ឡើយ។

បារាំង​បាន​ប្រើ​ពេល​ជាង​៤០​ ឆ្នាំ ដើម្បី​ចរចា​ជាមួយ​សៀម គាប​សង្កត់​សៀម និង​យក​ពី សៀម​មក​វិញ​ទឹកដី​ខ្មែរ​មួយ​ចំនួន។ ឧទាហរណ៍​ជាក់​ស្តែង តាម​រយៈ​សន្ធិសញ្ញា​ឆ្នាំ​១៨៩៣​ សៀម​បាន​ប្រគល់​ខេត្ត​ស្ទឹងត្រែង ហើយ​ក្រោយ​មក​ទៀត ផ្អែក​ទៅ​លើ​អនុសញ្ញា​ឆ្នាំ​១៩០៤ ខេត្ត​ម្លូព្រៃ និងទន្លេ​រពៅ មក​ឲ្យ​អាជ្ញាធរ​បារាំង​ដែល​ជា​អ្នក​ត្រួតត្រា​រាជាណាចក្រ​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ តាម​រយៈ​អនុសញ្ញា​ឆ្នាំ​១៩០៤ បារាំង និង​សៀម​ថែម​ទាំង​បាន​គ្រោង​ថា​នឹង​គូស​ឲ្យ​បាន​ច្បាស់​និង​ជា​ស្ថាពរ បន្ទាត់​ព្រំដែន​រវាង​កម្ពុជា​និង​សៀម។ បី​ឆ្នាំ​ក្រោយ​មក​ទៀត សន្ធិសញ្ញា​ឆ្នាំ​១៩០៧​បាន​តម្រូវ​ឲ្យ​សៀម​ប្រគល់​មក​វិញ ដែនដី​នៃ​ខេត្ត​បាត់ដំបង សៀមរាប និង​សេរីសោភ័ណ។ ជា​ថ្នូរ​វិញ បារាំង​ប្រគល់​ទៅ​ឲ្យ​សៀម​ដែនដី​ដែល​កងទ័ព​ជើង​ទឹក​បារាំង វាយ​យក​នៅ​ខែ​កក្កដា​ឆ្នាំ​១៨៩៣ នោះ​គឺ Trat Chantaboun និង​Dan Sai។ ពី​ឆ្នាំ​១៩០៧​ដល់​ឆ្នាំ​១៩០៩ ភាគី​បារាំង​និង​ភាគី​សៀម បាន​គូស​បន្ទាត់​ព្រំដែន​មួយ​ឡើង ហើយ​ពី​ឆ្នាំ​១៩១៨ ​ដល់​ឆ្នាំ​១៩១៩ បង្គោល​ជាច្រើន​សិប​ដើម ថែម​ទាំង​ត្រូវ​បាន​ដាំ​ទៀត​ផង នៅ​លើ​ព្រំដែន​ប្រវែង​៨០០​គ.ម ដែល​ខណ្ឌ​ចែក​ទឹកដី​ខ្មែរ និង​ទឹកដី​សៀម។

*

យ៉ាង ​ណា​មិញ​នៅ​ក្នុង​អតីតកាល​ក៏​ដូច​បច្ចុប្បន្នកាល រាជបល្ល័ង្ក កងទ័ព និង​អ្នក​នយោបាយ​សៀម មិន​ដែល​ពេញ​ចិត្ត​នឹង​បន្ទាត់​ព្រំដែន​នេះ​ឡើយ​ ហើយ​នៅ​តែ​មិន​អស់​អាល័យ​នឹង បណ្តា​ខេត្ត​ខ្មែរ ដែល​ខ្លួន​ធ្លាប់​បាន​កាន់កាប់ ជាពិសេស​ទឹកដី​អង្គរ​ដែល​សម្បូណ៌​ទៅ​ដោយ​ប្រាង្គ​បា្រសាទ។ ម៉្លោះ​ហើយ ឲ្យ​តែ​មាន​ឱកាស សៀម​ដែល​ដូរ​ឈ្មោះ​ជា​ថៃ​នៅ​ឆ្នាំ​១៩៣៩ តែង​តែ​រក​រឿង សើរើ​ឡើង​វិញ​ជានិច្ច សន្ធិសញ្ញា​ព្រំដែន​ដែល​សល់​មក​ពី​អតីតកាល។ នៅ​ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​១៩៤០ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ ថៃ​ដែល​ចូល​ដៃ​ជាមួយ​ជប៉ុន បាន​ឆក់​យក​ខេត្ត​បាត់ដំបង និង​សៀមរាប​ទៅ​វិញ។ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ចប់​សង្គ្រាម​លោក​លើក​ទីពីរ ពេល​បារាំង​មាន​ឥទ្ធិពល​ឡើង​វិញ​នៅ​ឥណ្ឌូចិន ទើប​ឃើញ​ថៃ ដែល​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​គាប​សង្កត់ យល់​ព្រម​ប្រគល់​ខេត្ត​បាត់ដំបង និង សៀមរាប​មក​ឲ្យ​កម្ពុជា​វិញ។

ក្រោយ ​មក នៅ​ឆ្នាំ​១៩៥៣ គ្រាន់​តែ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​បារាំង​ភ្លាម ថៃ​ចូល​មក រក​រឿង​ភ្លែត​ជា​ថ្មី​ម្តង​ទៀត ដោយ​បាន​បញ្ជូន​ទ័ព​មក​កាន់កាប់​ប្រាសាទ​ព្រះវិហារ។ សម្តេចឪ​​នរោត្តម សីហនុ បាន​ចំណាយ​ពេល​៩​ឆ្នាំ មុន​នឹង​ទាមទារ​ប្រាសាទ​ព្រះវិហារ​បាន​មក​វិញ នៅ​ខែ​កក្កដា​ឆ្នាំ​១៩៦២ ក្រោយ​ពី​តុលាការ​អន្តរជាតិ​ទីក្រុង​La Hay បាន​ចេញ​សាលក្រម​មួយ ទទួល​ស្គាល់​ថា​ប្រាសាទ​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ឋិត​នៅ​លើ​ទឹកដី​ខ្មែរ និង​តម្រូវ​ឲ្យ​ថៃ ដក​ទ័ព​ចេញ​ពី​ទី​នោះ។

រហូត ​មក​ទល់​ឆ្នាំ​មុន​២០០៨ គេ​នឹក​ស្មាន​ថា​ទីក្រុង​បាងកក នៅ​ទី​បំផុត សុខ​ចិត្ត​ទទួល​ស្គាល់​ហើយ​បន្ទាត់​ព្រំដែន ពីព្រោះ​នៅ​ឆ្នាំ​២០០០ ថៃ​និង​កម្ពុជា​បាន​ទាំង​ចុះ​ហត្ថលេខា​លើ អនុស្សរណៈ​យោគ​យល់​គ្នា​មួយ ដើម្បី​គ្រោង​ដាំ​បង្គោល​លើ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដោយ​យក​សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​មាន​សល់​ពី​អតីតកាល​មក​ធ្វើ​ជា​មូលដ្ឋាន។ តាម​ការ​ពិត ថៃ​អត់​ដូរ​ចិត្ត​គំនិត​សោះ នៅ​តែ​មាន​ពុត​ដដែល ដោយ​ហេតុ​ថា នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០០៨​ កងទ័ព​ថៃ​បាន​ចូល​កាន់កាប់​តំបន់​ក្បែរ​បា្រសាទ​ព្រះវិហារ មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយពី​អង្គការ​UNESCO បាន​ចុះ​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​មនុស្ស​ជាតិ។ វត្តមាន​របស់​កងទ័ព​ថៃ​នៅ​ទីនោះ​បាន​និង​កំពុង​បន្ត​បង្ក​ជម្លោះ​មួយ​សែន​ ស្មុគស្មាញ​ដែល​អាច​នាំ​ទៅ​រក​សង្គ្រាម​រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ​គ្រប់​ ពេលវេលា។ ពីព្រោះ ជួន​ចំ​ពេល​មួយ​ដែល​ប្រទេស​ថៃ​កំពុង​ប្រទះ​នឹង​វិបត្តិ​ផ្ទៃ​ក្នុង​មួយ​ ធ្ងន់ធ្ងរ រាជបល្ល័ង្ក ថ្នាក់​ដឹកនាំ និង​កងទ័ព​ថៃ អាច​នឹង​ចង់​រក​លេស​បំផុស​បំផុល​មនោសញ្ចេតនា​ជាតិនិយម ដើម្បី​ផ្សះផ្សា​ប្រជាជាតិ​ដែល​កំពុង​បែកបាក់។

ក្រៅពីនេះ ក៏​មាន​ដែរ​ជម្លោះ​ព្រំដែន​សមុទ្រ​ដែល​ប្រទេស​ជិត​ខាង​ទាំងពីរ​មិន​ទាន់ ដោះស្រាយ​រួច​នៅ​ឡើយ។ នៅ​ឆ្នាំ​១៩៧២ តាម​រយៈ​ក្រិត្យ​មួយ របប​សាធារណរដ្ឋ​ខ្មែរ​របស់ លន់ នល់ បាន​គូស​បន្ទាត់​ព្រំដែន​សមុទ្រ​របស់​កម្ពុជា ដោយ​សំអាង​ទៅ​លើ​សន្ធិសញ្ញា ​ឆ្នាំ​១៩០៧។ ក៏​ប៉ុន្តែ​ថៃ​មិន​ព្រម​ទទួល​ស្គាល់ ហើយ​បាន​គូស​បន្ទាត់​ព្រំដែន​សមុទ្រ​នៃ​ប្រទេស​គេ​មួយ​ដែរ ដោយ​បាន​ខិត​ចូល​មក​ហួស​ក្នុង​ផ្ទៃ​សមុទ្រ​របស់​ខ្មែរ។ អ៊ីចឹង​ហើយ បាន​ជា​មាន​មក​ទល់​សព្វ​ថ្ងៃ តំបន់​ត្រួត​គ្នា​មួយ នៅ​លើ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​ថៃ។ បាត​សមុទ្រ​នៃ​តំបន់​ត្រួត​គ្នា​នេះ​ដែល​ច្បាប់​អន្តរជាតិ​ហៅថា​តំបន់​វិវាទ អាច​មាន​ផ្ទុក​ប្រេងកាត​ទៀត​ផង៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog