Thursday 28 May 2009

វៀតណាម​ហាម​អ្នក​ភូមិ​ខ្មែរ​នៅ​ស្រុក​អណ្ដូង​មាស​មិន​ឲ្យ​សង់​ផ្ទះ​នៅ​លើ​ដី​ភូមិ​ខ្មែរ

ដោយ រដ្ឋាវិសាល

ប្រភព​ពី​អ្នក​ភូមិ​រស់​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ក្នុង​ស្រុក​អណ្តូង​ មាស ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​នៅ​តែ​ចូល​មក​ហាម​ឃាត់​អ្នក​ភូមិ​មិន​ឲ្យ​សាង​សង់​ផ្ទះ​ ថ្មី​លើ​ដី​ភូមិ​ពួក​គាត់​ដែល​ធ្លាប់​រស់​នៅ ដោយ​សំអាង​ថា​ជា​ទឹក​ដី​ប្រទេស​វៀតណាម។

អ្នក​ភូមិ​តាង៉ា ឃុំ​ញ៉ាង ឈ្មោះ សល់ យ៉ាម បញ្ជាក់​ថា រហូត​មក​ទល់​ថ្ងៃ​នេះ ក្រុម​អាជ្ញាធរ​វៀតណាម​នៅ​តំបន់​នោះ​តែង​ហាម​ឃាត់​កាល​ណា​គ្រួសារ​អ្នក​ភូមិ ​ណា​មួយ​រៀបចំ​លើក​ផ្ទះ​លើ​ដី​ភូមិ​របស់​ពួក​គេ ហើយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ ឬ​តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ​មិន​បាន​ធ្វើ​អន្តរាគមន៍​ជួយ​អ្វី​ដល់ ​អ្នក​ភូមិ​ដោយ​លើក​ហេតុ​ផល​ថា តំបន់​នោះ​មិន​ទាន់​មាន​ការ​កំណត់​បង្គោល​ព្រំដែន​ជាក់​លាក់​នៅ​ឡើយ ចំណែក​ភាគី​វៀតណាម​អាច​ធ្វើការ​ឈូស​ឆាយ​ផ្លូវ​កាត់​ភូមិ​ដោយ​គ្មាន​ការ​ហាម​ ឃាត់។

លោក សល់ យ៉ាម ថ្លែង​ដូច្នេះ​ថា ៖ «អ្នក​ភូមិ​ដឹង​ថា វៀតណាម​នឹង​យក​ពាក់​កណ្ដាល​ភូមិ ហើយ​យើង​កំពុង​ព្រួយ​បារម្ភ​ថា អត់​មាន​កន្លែង​ណា​នៅ​ទៀត​ទេ ព្រោះ​អី​ដី​ឥឡូវ​មាន​មនុស្ស​នៅ​ទាំង​អស់។ ខាង​ឃុំ​អត់​យក​ចិត្ត​ទុក​ដាក់ អត់​មាន​ទៅ​ជួយ​ដោះស្រាយ​ឲ្យ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អាជ្ញាធរ​វៀតណាម​នៅ​តំបន់​នោះ​ដើម្បី​ អត្ថា​ធិប្បាយ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ រីឯ​ជំទប់​ទី​២​ឃុំ​ញ៉ាង អ្នកស្រី សយ នី មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា អ្នក​ភូមិ​ពិត​ជា​ជួប​ប្រទះ​បញ្ហា​លំបាក ពីព្រោះ​តំបន់​នោះ​មិន​ទាន់​មាន​ការ​កំណត់​ព្រំដែន​តាម​ភូមិ​សាស្ត្រ​ជាក់​ ស្តែង។

អ្នក​ស្រី សយ នី ថ្លែង​យ៉ាង​ដូច្នេះ ៖ «ប្រជាពលរដ្ឋ​មាន​ទំនាស់​យូរ​ហើយ គាត់​ធ្វើ​មិន​កើត​ជាមួយ​វៀតណាម គេ​ឈូស​កាត់​ភូមិ​ពីរ​ឆ្នាំ​មក​ហើយ»។

ប្រភព​ពី​អ្នក​ភូមិ​ឲ្យ​ដឹង​ដែរ​ថា ពី​ប៉ុស្តិ៍​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន​វៀតណាម​មាន​ចម្ងាយ​ប្រមាណ​មួយ​ គីឡូម៉ែត្រ​ពី​ភូមិ​ពួក​គាត់​ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម​ មក ក៏​ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០០៥​មក អាជ្ញាធរ​វៀតណាម​បាន​ឈូស​ឆាយ​ផ្លូវ​បន្ថែម​ចូល​មក​ក្នុង​ភូមិ​ជម្រៅ ២០០​ម៉ែត្រ ហើយ​អះអាង​ថា ជា​ដី​របស់​ពួក​គេ​មិន​ឲ្យ​អ្នក​ភូមិ​ធ្វើ​អ្វី​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ករណី​នេះ​ពី​អភិបាល អភិបាល​រង​ស្រុក​អណ្តូង​មាស​បាន​ទេ ចំណែក​អភិបាល​ខេត្ត​រតនគិរី​ស្តីទី លោក មុំ សារឿន មាន​ប្រសាសន៍​ថា ជាប់​រវល់។

យ៉ាង​នេះ​ក្តី មន្ត្រី​ខេត្ត​មួយ​រូប​និយាយ​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា បង្គោល​ព្រំដែន​មេ​នៅ​តំបន់​នោះ​បាន​បោះ​រួច​ហើយ​កាល​ពី​ឆ្នាំ​២០០៨ ក៏​ប៉ុន្តែ​ការ​បោះ​បង្គោល​ព្រំដែន​តាម​ភូមិ​សាស្ត្រ​ជាក់​ស្តែង​នៅ​ទីនោះ​ មិន​ទាន់​បាន​ធ្វើ ទើប​នៅ​កើត​រឿង​បែប​នេះ។

ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​របាយការណ៍​ណា​មួយ​ពី​ករណី​ខាង​លើ​នេះ​ទេ។

លោក​ថា ប្រសិន​អ្នក​ភូមិ​មាន​បញ្ហា​ជម្លោះ​នៅ​តំបន់​ព្រំដែន អាជ្ញាធរ​មូលដ្ឋាន​នៅ​ទី​នោះ​ត្រូវ​សហការ​ដោះ​ស្រាយ ហើយ​រាយការណ៍​មក​គណៈកម្មការ​ជាតិ​ដើម្បី​ជួយ ប្រសិន​រឿង​នេះ​មិន​អាច​សម្រប​សម្រួល​បាន ៖ «បើ​គេ​[វៀតណាម]​មក​ឃាត់ យើង​ត្រូវ​ទៅ​ខាង​អាជ្ញាធរ​ដែន​ដី​របស់​យើង​ដើម្បី​សួរ​ថា រឿង​អី​បាន​ជា​គេ​មក​ឃាត់»។

ប្រភព​មន្ត្រី​ខេត្ត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ថ្ងៃ​នេះ អាជ្ញាធរ​ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​ធ្វើ​ការ​បោះ​បង្គោល​ព្រំដែន​មេ​នៃ ​ប្រទេស​ទាំង​ពីរ ៣៨​បង្គោល​រួច​ហើយ ពី​តំបន់​ព្រំ​ប្រទល់​បី​ប្រទេស​លាវ​-កម្ពុជា​-វៀតណាម ដែល​គេ​និយម​ហៅ​ថា​តំបន់​ត្រី​កោណ ឬ​តំបន់​កន្ទុយ​នាគ​រហូត​មក​ទល់​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ស្រុក​អូរ​យ៉ាដាវ ដែល​កំពុង​មាន​បញ្ហា​ប្រទាញ​ប្រទង់​គ្នា​លើ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ទី​ នោះ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog