Tuesday 8 September 2009

ប្រែពីសំស្រ្កិតដោយ ភិក្ខុ ប៉ាង.ខាត់ វិរយបណ្ឌិតោ

ព.ស ២៥៩២ គ.ស ១៩៤៩
កថាមុខ

កាលខ្ញុំអានគតិលោក របស់លោកអុញ៉ាសុតន្ដ ប្រីជាអិន្ដ មុនដំបូង ខ្ញុំឃើញមាននិទាន និង សុភាសិតជាកាព្យមាន
រសជាតិផ្អែមល្ហែមចាប់ចិត្ដចាប់ថ្លើម នាំអោយនឹកស្ងើចស្នាដៃលោក និង ទឹកចិត្ដលោកពេញដោយមេត្តាករុណាដ៏
ធ្ងន់ជ្រាលជ្រៅ ខ្ញុំយល់ថាលោកមិនមែនត្រឹមតែជាអ្នកកវីអែកប៉ុណ្ណោះទេ លោកជាអ្នកប្រាជ្ញសីលធម៌ និងទស្សន
វិជ្ជាផង តមកមិនយូរប៉ុន្មាន ខ្ញុំបានអានហិតោបទេស បណ្ឌិតអារាយណៈទៀត ខ្ញុំឃើញសីលធម៌ និងអរិយធម៌ខ្ពង់ខ្ព
ស់វិសេសក្រៃលែងទៅទៀត ខ្ញុំគិតថា ធ្វើដូចម្ដេចហ្ន៎ នឹងមានលោកណាប្រែជាភាសាខ្មែរ ទុកជាសម្បត្ដិទិព្វវិសេស
សំរាប់ជនជាតិខ្មែរ? តាំងពីកាលនោះច្រើនឆ្នាំ បញ្ចតន្រ្ដៈ ជាប្រភពហិតោបទេស និង រឿងរ៉ាវទាំងឡាយក្នុងពិភព
លោកធ្លាក់មកលើដៃខ្ញុំទៀត ដូចជាទេពតាប្រទាន ខ្ញុំអានហើយអានទៀត ជាប់ចិត្ដស្អិតចំពោះអរិយធម៌នេះមានបី
តិបាមោជ្ជឆ្អែតកាយឆ្អែតចិត្ដ ហាក់ដូចជាបានក្រេបផឹកទឹកអំរឹត ហើយសរសើរភ័ព្វសំណាងខ្ញុំដែលកើតមកក្នុងសម័
យវិបត្ដិអក្សរសាស្រ្ដខ្មែរ បានជួបប្រទះកិច្ចការស្នាដៃសំខាន់បែបនេះ ខ្ញុំនឹកដល់លោក ឃើត្ថ កវីជាតិអាល្លឺម៉ងដ៍
ដែលបានក្រេបរសជាតិកាព្យសកុន្ដលា ជាបទល្ខោនកវីកទាសៈ ជាតិអិណ្ឌាមុនដំបូង លោកលុតជង្គង់ចុះដល់ដីលើក
ដៃសំពះប្រណម្យទៅលើ អរគុណចំពោះទេព្ដា ដែលបានទុកអាយុអោយលោក រហូតដល់បានអានរឿងវិសេសនេះ។
មិនតែប៉ុណ្ណោះទេ អក្សរសាស្រ្ដសំស្រ្ដឹតផ្នែកពុទ្ធសាសនាក្ដីផ្នែកសាសនាព្រាហ្មណ៍ក្ដី រឺ ផ្នែកអែទៀតក្ដី សុទ្ធសឹងប្រ
កបដោយលំអគួរស្ងើចជាទីបំផុត។ រឿងនេះជាដើម ហេតុនាំអោយខ្ញុំតាំងចិត្ដមាំថា ដរាបណាខ្ញុំមិនទាន់អស់ជីវិតទេ
ដរាបនោះ ខ្ញុំនឹងប្រែហិតោបទេស និងបញ្ចតន្រ្ដៈភាសាសំស្រ្កឹតនេះ មកជាភាសាខ្មែរទុកជាប្រយោជន៍ដល់ជនានុជន
ទាំងឡាយ តាមកម្លាំងដែលខ្ញុំអាចធ្វើបាន។
ការប្រែគម្ពីរដិការក្បួនខ្នាត ជាអរិយធម៌អិណ្ឌាមកជាភាសាខ្មែរទុកថាជាការប្លែកក៏ពុំមែន រឺទុកថាជាការមិនប្លែកក៏
ពុំមែនដែរ។ ព្រះបាទកៅណ្ឌិណ្យៈជាក្សត្រសម័យក្រុងភ្នំ (Founan)ជាជាតិអិណ្ឌាបាននាំអរិយធម៌មកកាន់ប្រទេស
កម្ពុជាមុនដំបូងរវាងខាងចុងសតវត្សរ៍ទី២ នៃគ្រឹស្ដសករាជ។ ចាប់ពីសម័យនោះ មកអរិយធម៌អិណ្ឌា ហូរចូលមក
កាន់ប្រទេសកម្ពុជាអិតអាក់ រហូតដល់បច្ចុប្បន្នកាលនេះ មានគោល គឺសាសនាព្រាហ្មណ៍ មានគម្ពីរត្រៃវេទ គម្ពីរ
អុបនិស័ទគម្ពីរហិរវង្ស គម្ពីរបុរាណរឿងរាមកេរ្ដិ៍ រឿងមហាភារតៈ និងពុទ្ធសាសនា មានគម្ពីរព្រះត្រៃបដកជាដើម
តែគម្ពីរដិកា និង ទំនៀមទំលាប់សាសនាព្រាហ្មណ៍អស់នោះ កប់បាត់នៅក្រោមប្រាសាទបុរាណទាំងឡាយស្ទើរតែ
អស់ហើយ នៅសល់តែពុទ្ធសាសនា ដែលហូរចូលមកក្រោយគេ។ អរិយធម៌អស់នេះ មិនមែនជាអាថិកំបាំងអ្វី
សោះ កាលបើយើងបើកភ្នែកក្រឡេកមើលទៅលើទំព័រប្រវត្ដិសាស្រ្ដសាកល ដែលអ្នកប្រាជ្ញទាំងឡាយបានចារឹក
ទុកមក។ ដើម្បីបញ្ជាក់សេចក្ដីពិតនេះ លោកស៊ីស្វាំង ឡេវិសសរសេរថា ប្រទេសអិណ្ឌាជាដើមមេគំនិតប្រាជ្ញា មេ
ដើមរឿងនិទានផ្សេងៗ មេជំនឿសាសនា មេទស្សនវិជ្ជា មេច្បាប់ និងមេការរចនាទ្វីបអាស៊ីអស់ភាគ៣ក្នុង៤។ លោ
កសឺដែសសរសេរថា អ្នកប្រាជ្ញប្រទេសអិណ្ឌាភ្លេចសូន្យឈឹង មិនដឹងជាវប្បធម៌ខ្លួនផ្សាយទៅកាន់ប្រទេសអាស៊ីភាគ
ខាងកើត និងកាគអគ្នេយ៍ រហូតមកដល់កាលអិលូវនេះ អ្នកប្រាជ្ញអិណ្ឌាខ្លះ ចេះបារាំងនិងចេះហុលងដ៍ទៅស្វះស្វែង
រកប្រភពប្រវត្ដិអស់នេះ ចេញពីមហាវិទ្យាល័យក្រុងបារីសនិងឡីដ៏ ហើយពោលថា មហាប្រទេសអិណ្ឌា (Grea-
ter India)។
ហិតោបទេសនេះប្រែថា ការប្រៀនប្រដៅប្រយោជន៍ ការពន្យល់ប្រយោជន៍ ការប្រាប់ប្រយោជន៍ រឺការដឹកនាំជនា
នុជនអោយបានប្រយោជន៍នៅនាលោកីយនេះ ពុំនោះថា ពាក្យប្រៀនប្រដៅសីលធម៌ដល់ជនានុជនទាំងឡាយ ពុំ
នោះសោតនឹងហៅថា ធម៌បំពេញមនុស្សភាពក៏សឹងបាន ជាគម្ពីរចាស់បុរាណមានអាយុរាប់ពាន់ឆ្នាំ គេនិយមប្រែ
ស្ទើរគ្រប់ភាសាក្នុងសាកលលោក ទោះជាអាស៊ី រឺអឺរុប គេទុកជាលោកនីតិ រឺគតិលោកមួយដ៍សំខាន់។ ហិតោប
ទេសជាភាសាសំស្រ្ដឹតនេះមាន៤ប្រការគឺៈ
១ - សេចក្ដីជ្រាលជ្រៅទន់ផ្អែម
២ - ប្រើពាក្យពេចន៍លែបខាយល្អស្រស់
៣ - ជើងកាព្យណែងណង
៤ - រឿងរ៉ាវទាក់ទងគ្នារដឹកដូចរឿង១០០១យប់។
បើនរជនណាបានអានហើយ នរជននោះជាប់ចិត្ដនឹកស្ងើចសរសើរជពា្ជក់មាត់ ចង់មើលចង់អាន និងនឹកដល់អ្នកនិពន្ធ
ដើម ស្ងើចសរសើរស្នាដៃ និងចិត្ដប្រកបដោយមេត្តាក្រាលទៅគ្របដណ្ដប់សព្វសត្វទាំងឡាយ។
លោកល្លូ ល័ល្ល បណ្ឌិតអិណ្ឌាជាតិព្រាហ្មណ៍ សរសេរទុកថា ហិតោបទេសនេះលោកនារាយណៈមហាបណ្ឌិតអិណ្ឌា
រៀបរៀងឡើងដកស្រង់ពីគម្ពីរឈ្មោះបញ្ចតន្រ្ដៈ និងគម្ពីរផ្សេងៗទៀត ដូចសេចក្ដីដែលបណ្ឌិតនារាយណៈ បានពោ
លទុកក្នុងអារម្ភបទលោកស្រាប់។ ផ្ទៃសេចក្ដីហិតោបទេសនេះ បើតាមការសង្កេតមើល ឃើញមានទំនងស្រប
ទៅខាងពុទ្ធសាសនាដោយច្រើន ដូចសេចក្ដីយល់នៃលោកបេន ហ្វៃ បណ្ឌិតអង់គ្លេសថាៈ ហិតោបទេសនេះ គង់
អាស្រ័យគោលពុទ្ធសាសនាផ្សំផងដែរ។ តាមសេចក្ដីគ្នេរគ្នាន់អ្នកប្រាជ្ញពង្សាវតារ លោកសរសេរថា ហិតោបទេស
ភាសាសំស្រ្កឹត កើតឡើងសតវត្សទី១០ នៃពុទ្ធសករាជ សតវត្សទី៥ នៃគ.ស ហើយចំលងតគ្នាទៅស្ទើតែគ្រប់ភា
សាប្រទេសអិណ្ឌា មានភាសាបេង្គ័លមហរ័តជាដើម តែដែលសំខាន់ជាងគេនោះ គឺរបស់បណ្ឌិត លល្លូ ល័ល្លជាភា
សាក្រ័ជកាខាឈ្មោះរាជនីតិ។ តពីប្រទេសអិណ្ឌាទៅទៀត គេប្រែជាភាសា បេហ្លីរវាងសតវត្សទី១១ នៃពុទ្ធសករាជ
(សតវត្សទី៦នៃគ.ស) ពីភាសាបេហ្លី ជាភាសាអារ៉ាប់រវាងតវត្សទី១៤ នៃពុទ្ធសករាជ(សតវត្សទី៨ នៃគ.ស)ប្រែពី
អារ៉ាប់ទៅភាសាហិបរូ(ជ្វិហ្វ) ប្រែពីភាសាហិបរូទៅជាភាសាក្រឹក ទៅជាភាសាធំៗ ក្នុងទ្វីបអឺរុបមានភាសាអាល្លឺមង់
អង់គ្លេស និង បារាំងជាដើម។ ខ្ញុំសូមអភ័យទោសដោយខ្ញុំមិនបានលើកយក ឈ្មោះអ្នកប្រែទាំងអស់មកចារឹកទុក
ក្នុងទីនេះទេ យកតែគោលខ្លះ ល្មមអោយដឹងដំណើរសេចក្ដីដូចតទៅនេះ៖
ក្នុងសតវត្សទី២៣ នៃពុទ្ធសករាជ (សតវត្សទី១៧ គ.ស) បណ្ឌិតអិស្លាមជាតិ បារសី (បៀរស៍) ឈ្មោះតាជអែទឌិត
បានប្រែជាភាសាបៀរស៍អោយឈ្មោះថា មហ្វោររឹហ៍អលកូលូព ប្រែថាគម្ពីរបញ្ជើតចិត្ដអោយរីករាយ តែជាធម្ម
តាអ្នកកាន់សាសនាអិស្លាម កាលប្រែនោះគេបំប្លែងសេចក្ដីដើមជាលទ្ធិសាសនាព្រាហ្មណ៍ អោយមានទំនងទៅជា
លទ្ធិអិស្លាមទាំងអស់។ អែសេចក្ដីប្រែ របស់បណ្ឌិត តាជអែទឌិន នេះត្រូវបណ្ឌិតអិណ្ឌាឈ្មោះមីរពហាឌួរអាលី
ហូសៃនី ប្រែត្រលប់ជាភាសាអិណ្ឌូស្ថានីវិញ កាលព.ស ២៣៤៥(គ.ស ១៨០២) បោះពុម្ពនៅក្រុងកល្លកត្ដា អោយ
ឈ្មោះថាអក្លាគ អិហិណ្ឌិ ប្រែថា សីលធម៌ អិណ្ឌា។ អែសេចក្ដីប្រែជាភាសាទ្វីបអឺរ៉ុបមុនដំបូង ច្រើនមានសេចក្ដី
ឃ្លៀងឃ្លាតពីសៀវភៅដើមដោយច្រើន ព្រោះកាលនោះ ការចេះដឹងភាសាសំស្រ្ដឹត នៅទ្វីបអឺរ៉ុបពុំទាន់មានបរិបូណ៌
ក្នុង ព.ស ២៣៥៧ (គ.ស១៨៤៤) ទើបលោក ម៉ាក់មុល្លើបណ្ឌិតអាល្លឺមង់ ប្រែបានត្រឹមត្រូវតាមសៀវភៅដើម។
កាលព.ស១៣៩១ គ.ស ១៩៤៩ លោកហ្រ្វង្សីសជនសុង បណ្ឌិតអង់គ្លេស ប្រែជាភាសាអង់គ្លេសក្នុងព.ស ២៣៤៩
គ.ស១៨៥១ លោកដេម៉េត្រិយ៉ូស គាឡាណូស ជាតិក្រិកនៅក្រុងអាថែន ប្រែជាភាសាក្រឹក លោកនេះបានចូល
ទៅនៅប្រទេសអិណ្ឌាតាំងពីកាលព.ស២៣២៩ គ.ស១៧៨៦ ដល់ព.ស២៣៧៦ គ.ស១៨៣៣។ ក្នុងព.ស២៣៩៨គស
១៨៥៥ លោកអេឌូអាដ ឡង់សឺរូ ប្រែជាភាសាបារាំង ក្នុងបណ្ណាល័យ អែលសេវិរីយែនដឺបស៊ានេត Bidliathe-
queelzévirienne de P.jannet។ ក្នុងព.ស២៤៦២ គ.ស១៩២១ លោកនាគប្រទីប បណ្ឌិត សៀម ប្រែជាភាសា
សៀម។ ដើម្បីអោយស្រួលទៅតាមទំនងភាសាខ្លួន ហិតោបទេសជាសំស្រ្ដឹតបោះពុម្ពផ្សេងគ្នាក្ដី សេចក្ដីប្រែគ្រប់
ជាតិភាសាក្នុងសាកលលោកក្ដី តែងមានសេចក្ដីខ្វះខាតលើសលស់គ្នាខ្លះដោយអន្លើ ដោយការបន្ថែមបន្ថយទៅ
តាមអត្ដនោម័តិ ពុំនោះក្លាយទៅជាសុភាសិត រឺរឿងនិទានជាតិភាសានោះៗសុទ្ធសាធ ដូចកាព្យលោកឡាហ្វុងតែន
បណ្ឌិតបារាំងជាអុទាហរណ៍ សេចក្ដីពិត ហិតោបទេសនេះ គឺបញ្ចតន្រ្ដ:ត្រង់តែម្ដងដោយគ្រាន់តែបំព្រួញមកនៅ
ត្រឹមតែ៤ភាគគឺ៖
១ - មិត្រលាភ ការគប់មិត្ដ
២ - សុហរិទ្ភេទ ការបំបែកមិត្ដ
៣ - វិគ្រហៈ សង្រ្គាម
៤ - សន្ធិ សន្ដិភាព
អែបពា្ចតន្រ្ដៈមាន៥ភាគ បញ្ច=ប្រាំ តន្រ្ដៈ=ច្បាប់ ច្បាប់ប្រាំប្រការ។ ខ្ញុំប្រែជាភាសាខ្មែរនេះ ក្នុងមួយភាគពុម្ពជា
សៀវភៅមួយរហូតគ្រប់ទាំង៤ ភាគ។
ហិតោបទេសដែលខ្ញុំប្រែនេះ ខ្ញុំប្រែត្រង់តាមច្បាប់ភាសាសំស្រ្ដឹតនារាយបណ្ឌិតដែលលោក កាសីនាថបាណ្ឌុរង្គបរ័ព
បោះពុម្ពលើកទី១០ កែតំរូវដោយលោក វាសុទេវ លក្សមណៈសាស្រ្ដីបាង្សកី ការបោះពុម្ពផ្សាយដោយលោកបាណ្ឌុ
រង្គជាវជី ម្ចាស់រោងពុម្ព និយមសាគ័រ នៅក្រុងបុំបៃ គ.ស១៩២១។ កាលប្រែខ្ញុំរកកលនឹងប្រែផ្ដិត មិនបានបន្ថែម
សេចក្ដីអោយឃ្លាតឆ្ងាយច្បាប់ដើមពេកទេ គ្រាន់តែសំរួលទៅតាមភាសាខ្មែរប៉ុណ្ណោះ ព្រោះចង់រក្សារសជាតិលំ
នាំភាសាសំស្រ្កឹតអោយគង់នៅ តែទោះជាខិតខំប្រិតប្រៀនយ៉ាងណា ខ្ញុំនៅតែមានភ័យក្នុង រឿងនេះមិនអស់មិន
ហើយ ព្រោះការប្រែភាសាមួយទៅភាសាមួយ តែងមាន ការឃ្លៀងឃ្លាតរអៀងសេចក្ដីគ្នា ដែលជាទោសគេចពុំរួច
ណាមួយវិជ្ជាអក្សរសាស្រ្ដខ្មែររបស់ខ្ញុំនៅទន់ខ្ចីពេក មិនអាចឈោងចាប់សំនួនវោហារពាក្យមួយមាត់ៗ នៃអក្សរ
សាស្រ្ដសំស្រ្កឹតយកមកប្រែជាពាក្យខ្មែរអោយបានច្បាស់លាស់ដូចសេចក្ដីដើមបាន ហើយជាការលំបាកលើស
សមត្ថភាពរបស់ខ្ញុំផង។ ដើម្បីជាគ្រឿងណែនាំអោយទូលាយគំនិត ខ្ញុំបានយកហិតោបទេសច្បាប់ប្រែ ជាភាសា
សៀមរបស់លោកនាគប្រទីប រោងពុម្ពសមុទថៃខែតុលា ព.ស ២៤៦៤ និងហិតោបទេសច្បាប់ប្រែភាសាបារាំង
របស់លោកអេឌូអារដ៍ ឡង់សឺរូរោងពុម្ពមេស៊ននើវគ.ស១៨៨២។ ខ្ញុំបានធ្វើន័យលក្ខណៈខ្លះប្រាប់សេចក្ដីប្លែកគ្នាចំ
ពោះសុភាសិតដែលមានប្រយោជន៍ គួរអោយដឹងហើយបំព្រួញនាមលោកអេឌូអារដ៍ ឡង់សឺរូថា ឡង់សឺរូ នាម
លោកសេដ្ឋីរយកោសេសនាគប្រទីបថា នាគប្រទីប សូម្បីខ្ញុំខំប្រឹងប្រែងកុំអោយមានការភ្លាំងភ្លាត់ ការប្រែនេះ
នៅតែ មានការខុសឆ្គាំឆ្គងតក់សេចក្ដីរឺទោសអ្វីមួយ ដែលហួសកំលាំងសតិបញ្ញាសេចក្ដីព្យាយាមខ្ញុំ ថាបើមានធម្ម
តាគង់អភ័យទោសអោយបច្ឆាជន ជាអ្នកប្រាជ្ញភាសាសំស្រ្កឹតអានាគត និងជាភាជនៈ ទទួលត្រង់នូវកេរ្ដិ៍មត៌ក គឺភ្លាំង
ភ្លាត់ខុសរបស់ខ្ញុំ ក្នុងការប្រែច្បាប់នេះ ហើយនឹងកែសំរួលអោយបានត្រឹមត្រូវល្អឡើង ទុកជាហិតានុហិតដល់បង
ប្អូនរួមជាតិតទៅសេចក្ដីប្រែនេះ ខ្ញុំទុកជាទីរលឹកការនៅចាំវស្សាអស់ត្រៃមាសក្នុងឆ្នាំឆ្លូវអែកស័ក ព.ស ២៤៩២។
ខ្ញុំមានអំណរយ៉ាងក្រៃលែង ចំពោះលោកគ្រូព្រះទេពសត្ថា សូរ ហាយ ក្រុមជំនុំព្រះត្រៃបីដក និងព្រះគ្រូមុនីសោ
ភ័ណលេខ នាង សាស្រ្ដាចារ្យសាលាបាលីជាន់ខ្ពស់ ដែលជួយអោយន័យក្នុងការប្រែ។ ខ្ញុំសូមអរគុណលោក ព្រះបា
ឡាត់ពោធិរាម ជា ឆាយ សាស្រ្ដាចារ្យសាលាបាលីជាន់ខ្ពស់ ដែលពេញចិត្ដ នឹងភាសាសំស្រ្កឹតដូចខ្ញុំដែរ ព្រមទាំងស
ហការីទាំងឡាយ ដែលបានយកព្រះទ័យទុកដាក់ជួយសរសេរជួយកែតម្រង់ជំនួសខ្លួនខ្ញុំ។ សូមអរគុណលោក ជុំទួត
ទីប្រឹក្សាព្រះរាជអាណាចក្រ ដែលស្រលាញ់ការនេះ ហើយបានអារាធនា សូម អោយប្រែហិតោបទេសនេះយក
ទៅបោះពុម្ពផ្សាយដល់សាធារណជន។
ខ្ញុំសូមអោយប្រជាជនខ្មែរបានប្រកបដោយសេចក្ដីសុខចំរើនគ្រប់ប្រការ!
វត្ដអុណ្ណាលោម ថ្ងៃពុធ ៦ រោចខែភទ្របទ ឆ្នាំឆ្លូវអែកសក ព.ស២៤៩២
ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា គ.ស ១៩៤៩
ភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ
អារម្ភកថាលើកទី២
ហិតោបទេសភាគទី១ ឡើងកាន់ពុម្ពលើកដំបូងនៅក្នុងឆ្នាំឆ្លូវ អែកស័កព.ស ២៤៩២ បណ្ណាគារ ឃឺនឆែ ជាអ្នកបោះ
ពុម្ពផ្សាយមកដល់អិលូវនេះសៀវភៅនេះ បាត់មុខពីបណ្ណាគារអស់ទៅហើយ។ មានអ្នកត្រូវការមកសួររករឿយៗ
សំដែងអោយឃើញថា មានសេចក្ដីរីករាយសប្បាយចិត្ដណាស់ដោយគិតឃើញថា ការព្យាយាមរបស់ខ្ញុំដែលខំប្រឹង
នោះមិនអិតប្រយោជន៍ទេ បានផលសមតាម បំណងខ្ញុំហើយ។ អិលូវនេះគួរចាត់ការបោះពុម្ពលើកទី២ តទៅទៀត
ដើម្បីបំពេញត្រូវការអ្នកអានទាំងឡាយដែល មានសេចក្ដីស្រេកឃ្លានចង់ចេះដឹង ទើបខ្ញុំប្រគល់ហិតោបទេស
នេះទៅបណ្ណាគារគីមគី អោយចាត់ការបោះពុម្ពលើកទី២ នេះតទៅ។ ខ្ញុំបានកែតំរឹមតំរូវសេចក្ដីខ្លះ ដែលភ្លាំងភ្លាត់
ឆ្គាំងឆ្គងអោយបានល្អ ហើយបានអនុញ្ញាតអោយចាត់បោះពុម្ព។
វត្ដអុណ្ណាលោមថ្ងៃសៅរ៍ ៥ រោច ខែពិសាខ ឆ្នាំមមី ឆស័កព.ស ២៤៩៧
ត្រូវនឹងថ្ងៃទី២២ ខែអុសភា គ.ស ១៩៥៤។

វិរិយបណ្ឌិតោ ប.ខាត់
ស្រីហិតោបទេស
អារម្ភបទ
១ -សូមសេចក្ដីប្រាថ្នារបស់ សាធុជនទាំងឡាយបានសំរេចផលដោយ កិរិយាប្រសិទ្ធី នៃព្រះអិសូរ ដែលរស្មីភាគ១ក្នុង
១៦ ស្ថិតនៅអៃដ៏ព្រះលាដ ដូចជាលេខា (បន្ទាត់គំនូស រឺត្រា គឺរស្មីភ្លឺភ្លេកដូចបន្ទាត់ រឺត្រាផ្សាយចេញពីពពុះទឹក។) នៃ
ពពុះទឹកទន្លេគង្គា។
២ - ហិតោបទេសនេះ នរជនបានត្រងត្រាប់ស្ដាប់ហើយ នឹងប្រគល់ អោយនូវសេចក្ដីជំនាញក្នុងភាសាសំស្រ្កឹត នូវ
សេចក្ដីឆ្លៀវឆ្លាសក្នុងសំដីថ្វីមាត់ និង ក្នុងនិតិវិជ្ជាទាំងឡាយដ៏វិចិត្រផ្សេងៗក្នុងទីទាំងពួង។
៣ - អ្នកប្រាជ្ញ កាលបើស្វែងរកវិជ្ជា និងទ្រព្យគប្បីគិតថា ដូចជាខ្លួនមិនចាស់មិនស្លាប់ កាលបើស្វែងរកធម៌ គប្បីគិត
ថាខ្លួនត្រូវម្រឹត្យុចាប់ក្របួចសក់បោកសំលាប់អិលូវនេះហើយ។
៤ - បណ្ដាទ្រព្យទាំងពួង,វិជ្ជា លោកពោលថាជាទ្រព្យដ៏អុត្ដម ព្រោះវិជ្ជាចោរលួចយកមិនបានផង កាត់ថ្លៃមិនបានផង
មិនចេះរេចរឹលអស់ទៅផង សព្វៗកាល។
៥ - វិជ្ជាយិតយោងជនដែលនៅថោកទាក អោយបានចូលទៅជិតព្រះនរបតីដែលគេនៅជិតបានដោយក្រ រឺអ្នកមាន
បុណ្យដ៏ក្រៃលែងជាងនរបតីទៅទៀត ដូចស្ទឹងដែលនៅក្នុងទីទាបតែងប្រមូលយកទឹកចូលទៅកាន់សមុទ្រ។
៦ - វិជ្ជានាំអោយមានវិន័យ, វិន័យ នាំអោយបានសេចក្ដីថ្លៃថ្នូរ, សេចក្ដីថ្លៃថ្នូរនាំអោយបានទ្រព្យសម្បត្ដិ,ទ្រព្យសម្បត្ដិ
នាំអោយបានធម៌ ធម៌ដឹកនាំអោយបានសេចក្ដីសុខ។
៧ - សស្រ្ដវិជ្ជា(វិជ្ជាកសាង រឺជាអាវុធសំរាប់ប្រហារគ្នាទៅវិញទៅមក) និង សាស្រ្ដវិជ្ជា(ការចេះដឹងក្បួនខ្នាត គម្ពីរ ដី
ការច្បាប់សំរាប់ប្រតិបត្ដិអោយកើតសេចក្ដីសុខក្សេមក្សាន្ដ រឺសេចក្ដីចំរើនលោក) ទាំង២នេះ គួរប្រតិបត្ដិសិក្សា
រៀនអោយ ដឹងទាំងអស់ វិជ្ជាទី១ ខាងដើម (សស្រ្ដវិជ្ជា) កើតចំរើនឡើង ដើម្បីសើចលេងជាត្លុកកំប្លែក,វិជ្ជាទី២ខាង
ចុង (សាស្រ្ដវិជ្ជា)បុគ្គលគួរគោរព ក្នុងកាលទាំងពួង។
៨ - រូបគំនូរដែលគេគូរទុកអៃដ៏ភាជនៈថ្មី មិនឃ្លាតក្លាយទៅជាប្រការដទៃយ៉ាងណា និតិវិជ្ជា ដែលគេ បង្វឹក បង្ហាត់
ដល់កូនក្មេងទាំងឡាយដោយថា ជាគ្រឿងប្រៀបធៀប ក៏ជាប់នៅយ៉ាងនោះលោកពោលទុកក្នុងទីនេះគឺៈ
៩ - ១ មិត្រលាភ, ការគប់មិត្ដ, ២ សុហរិទភេទ ការបំបែកមិត្រ, ៣ វិគ្រហៈ សង្រ្គាម, ៤ សន្ធិ សន្ដិភាព ដែលស្រង់
យកមកពីគម្ពីរបញ្ចតន្រ្ដៈ និងគម្ពីរដ៍ទៃទៀតនោះ ខ្ញុំពោលទុកក្នុងទីនេះដូចសេចក្ដីតទៅ។ ក្នុងអតីតកាល មាននគរ
មួយឈ្មោះបាដលីបុត្រ ស្ថិតនៅក្បែរស្ទឹងគង្គា។ ព្រះបាទ សុទសិនៈ ទ្រង់ប្រកបដោយស្វាមីគុណគ្រប់ប្រការ ស្ដេច
គ្រប់គ្រងនគរនោះ។ សម័យមួយទ្រង់ធ្វើព្រះសណ្ដាប់ស្លោកពីរបទ ដែលអ្នកប្រាជ្ញបានពោលទុក មានសេចក្ដីដូចត
ទៅនេះ ៖
១០ សាស្រ្ដវិជ្ជា ជាគ្រឿងកាត់បង់នូវសេចក្ដីសង្ស័យជាអនេក ជាគ្រឿង បើកបង្ហាញនូវអាថិកំបាំង និង ជាភ្នែកសំ
រាប់មើលសព្វសារពើការណ៍ទាំងឡាយ អ្នកណាមិនមានសាស្រ្ដវិជ្ជា អ្នកនោះទុកដូចជាមនុស្សខ្វក់។
១១ ភាពជាយុវជន១ ភាពជាអ្នកមានទ្រព្យច្រើន១ ភាពជាអ្នកមានអធិបតេយ្យ១ និងភាពជាអ្នកមិនបែកបាក់គ្នា១ បើ
មានតែមួយៗ ក៏នាំអោយខូចប្រយោជន៍ ធ្វើម្ដេចហ្ន៎ អោយបានគ្រប់ទាំង ៤ប្រការក្នុងខ្លួនមនុស្ស? កាលព្រះរាជាអង្គ
នោះ ទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ក៏ទ្រង់ព្រួយតានតឹងព្រះរាជហរិទ័យ ចំពោះព្រះរាជបុត្ររបស់ព្រះអង្គដែលមិន
ទាន់បានសិក្សាសាស្រ្ដវិជ្ជាទាំងឡាយ ព្រមទាំងប្រព្រឹត្ដក្នុងផ្លូវខុសគន្លងធម៌ដោយសេចក្ដីប្រមាថ ទើបទ្រង់ព្រះតំរិះក្នុង
ព្រះរាជហរិទ័យដូច្នេះថា៖
១២ មានប្រយោជន៍អ្វី ចំពោះកូនដែលកើតហើយល្ងង់ផង មិនប្រកបដោយធម៌ផង?ដូចភ្នែកឈឺ មានប្រយោជន៍អ្វី?
បានគ្រាន់តែឈឺចាក់ដោតនាំអោយរំខានប៉ុណ្ណោះ។
១៣ បណ្ដាកូនបីពួក គឺកូនមិនទាន់កើត១ពូក កូនកើតហើយស្លាប់ទៅវិញ១ពូក និង កូនល្ងង់ខ្លៅ១ពួក កូនពីរពួកខាង
ដើមជាកូនគាប់ប្រសើរ ពួកកូនទីបីមិនប្រសើរឡើយ ព្រោះថា កូនពីរពួកខាងដើម ធ្វើទុក្ខព្រួយតែម្ដងក៏អស់ហើយ
ទៅ អែពួកកូនក្រោយទីបីធ្វើទុក្ខមាតាបិតាអោយលំបាកគ្រប់ជំហានជើង។
១៤ - អ្នកណាកើតហើយដឹកនាំត្រកូលអោយចំរើនខ្ពង់ខ្ពស់ឡើង អ្នកនោះទើបឈ្មោះថា «កើត» មែនទែន រឺពេញ
ជាកើតត្រឹមត្រូវ ព្រោះក្នុងសំសារវដ្ដដែលប្រព្រឹត្ដទៅនេះ អ្នកណាមួយដែលស្លាប់ទៅហើយមិនត្រលប់កើតវិញ
ទៀត?
១៥- ក្នុងពេលប្រារព្ធនឹងរើសរកឈ្មោះ នៃពួកអ្នកមានគុណចុះក្នុងបញ្ជីផែនថ្ម ឈ្មោះអ្នកណាអិតគុណ មិនញ៉ាំងចិត្ដ
គេអោយរំភើបព្រឺព្រួចទេ! គេមិនចារឹកឈ្មោះអ្នកនោះឡើយ បើដូច្នោះតើគួរនឹងហៅម្ដាយដែលបង្កើតកូននោះ
ថាជាស្រ្ដីអា រឺស្រ្ដីអ្វីហ្ន៎? ១៦ - អ្នកណាមិនតំកល់ខ្លួនក្នុងការអោយទាន ក្នុងតបធម៌ គឺសុចរិតក្នុងសេចក្ដីអង់អាចក្លា
ហាន ក្នុងវិទ្យាសាស្រ្ដ និងការស្វែងរកទ្រព្យ អ្នកនោះ លោកទុក្ខជាអុច្ចារ:នៃមាតា។
១៧ - កូនមានគុណគាប់តែម្នាក់ជាកូនប្រសើរ កូនល្ងង់រាប់រយមិនប្រសើរទេ ដូចព្រះចន្ទតែមួយដួងអាចកំចាត់ងងឹត
អន្ធកាលបាន កងតារាទាំងឡាយ កំចាត់ងងឹតមិនបានឡើយ។ ១៨- តបៈ គឺការបំពេញកុសល ដែលបុគ្គលណាមួយធ្វើ
ក្នុងទីស័ក្ដិសិទ្ធិ ពុំនោះបំពេញទុក្ខរៈកម្មដ៍ក្រៃលែងអែណា
មួយ ព្រោះប្រាថ្នាកូន កូននៃអ្នកនោះ គួរជាកូនប្រដៅងាយ សមរិទ្ធិសំរេចប្រយោជន៍ប្រកបដោយធម៌ និងមានប្រា
ជ្ញាបរិបូណ៌។
១៩- កិរិយាបានទ្រព្យ១ ភាពជាបុគ្គលមិនមានរោគជានិច្ច១ ភរិយាជាទីស្រឡាញ់១ ភរិយាពោលពាក្យពិរោះ១ កូនប្រ
ដៅងាយ១ និងមានវិជ្ជាធ្វើប្រយោជន៍ដល់សាធារណជន១ បពិតព្រះរាជា! ធម៌៦ប្រការនេះ ជាបរមសុខក្នុងជីវលោក
នេះ។
២០ - គួរនឹងរាប់អ្នកមានកូនច្រើនថា គាប់ប្រសើររឺទេ! បើកូនទាំងឡាយនោះទុកជានាឡិទទេក្នុងជង្រុក កូនតែម្នាក់
ជាទីពឹងផ្អែក ទំនុកបំរុងត្រកូលល្អជាជាងកេរ្ដិ៍ឈ្មោះបិតាក៏ល្បីល្បាញលឺខ្ចរខ្ចាយទៅគ្រប់ទិសានុទិស។
២១ - បិតាធ្វើបំណុលទុកអោយកូនជាសត្រូវ មាតាប្រព្រឹត្ដទុចរិតខុស គន្លងប្រពៃណីជាសត្រូវ ភរិយាមានរូបល្អជា
សត្រូវ កូនល្ងង់ក៏ជាសត្រូវ។
២២ - វិជ្ជា បើមិនយកទៅប្រើប្រាស់ ជាពិសពុល ភោជនដែលបរិ ភោគទៅហើយមិនរលួយ ជាពិសពុល សភា (ទី
ប្រជុំ រោងមហោស្រព រីឋានអិស្សរជន) ជាពិសពុល សំរាប់អ្នកក្រីក្រ ស្រ្ដីក្រមុំជាពិសពុលសំរាប់មនុស្សចាស់ជរា។
២៣ - នរជនសូម្បីចេញពីត្រកូលណាក៏ដោយ តែមានគុណគាប់ប្រសើរហើយ លោកក៏គួរគោរពបួជា ធ្នូសូម្បីបរិ
សុទ្ធដោយវង្ស (វិស ប្រែថា រិស្សី រនូត រត ខ្លុយឆ្អឹងខ្នង ខ្សែស្រលាយវង្សជាតិ។ ទីនេះមានសេចក្ដីផ្សេងគ្នា គឺធ្នូរិស្សី
នេះ មិនប្រសិទ្ធីក៏មិនពូកែ ធ្នូមានវង្ស ដូចជាធ្នូព្រះអិសូរ ព្រះរាមជាដើម បើមិនប្រសិទ្ធីមិនពូកែ) តែមិនប្រសិទ្ធីនឹង
ធ្វើអ្វីកើត?។
២៤ - អោកូនតូចកំសត់អើយ! អ្នកមិនទាន់បានរៀនសូត្រសោះរាត្រីទាំងឡាយចេះតែប្រព្រឹត្ដកន្លងទៅៗ បើដូច្នោះ
ខ្លួនអ្នកនឹងកប់បាត់នៅកណ្ដាលហ្វូងអ្នកប្រាជ្ញទាំងឡាយ ដូចគោលង់ទ្រនេសជាប់ក្នុងកណ្ដាលបឹងភក់។កាលបើដូច្នេះ
ធ្វើដូចម្ដេចអោយកូនអាត្មាអញ ត្រលប់បានជាបុគ្គលមានគុណ គាប់ប្រសើរឡើង ក្នុងកាលអិលូវនេះ?។
២៥ - បរិភោគអាហារ១ ការដេក១ ភ័យ១ និង សេពមេថុន១ ធម៌ ទាំង៤ប្រការនេះមនុស្សនិងសត្វមានស្មើគ្នា មាន
តែព្រះធម៌ប៉ុណ្ណោះទេ ទើបអាចធ្វើមនុស្ស និងសត្វអោយវិសេសប្លែកពីគ្នា នរណាប្រាសចាសធម៌ នាក់នោះទុក
ស្មើសត្វ។
២៦ - ធម៌ (ព្រះវេទ) អាថិធម៌ (សេចក្ដីអធិប្បាយព្រះវេទ) កាម (សេចក្ដីប្រាថ្នាធម៌ និងអាធម៌) និង មោក្សៈធម៌ទាំង
៤ប្រការនេះអ្នកណាមិនមានក្នុងខ្លួន សូម្បីតែមួយប្រការ ជីវិតអ្នកនោះអិតប្រយោជន៍សោះសូន្យទទេ ដូចបូកពពែ
(នៅប្រទេសអិណ្ឌាខាងបេង្គាល់មានពពែមួយពួកគេហៅថា គលស្តនីប្រែថាពពែកដោះនោក) រកប្រយោជន៍គ្មាន
២៧ - អាយុ១ កម្ម១ ទ្រព្យ១ វិជ្ជា១ និង សេចក្ដីស្លាប់១ ធម៌៥ប្រការ នេះកើតសំរេចមកជាមួយរាងកាយមនុស្សតាំង
ពីស្ថិតនៅក្នុងគភ៌ម្លេះ។
២៨ - ភាវធម៌នៃបុគ្គលមានភាវធម៌ តែងកើតមានដល់ភាវៈនៃបុគ្គល ជាធំដោយពិត ភាវៈអាក្រាតតែងមានដល់ព្រះ
អិសូរ កិរិយាដេកលើពោះធំ (យានព្រះនរាយណ៍ ឈ្មោះមហាអហិ)តែងមានដល់ព្រះហរិ(នាមព្រះនរាយណ៍)។
២៩ - របស់ណាមិនមានបច្ច័យ របស់នោះក៏តែងមិនមាន ថាបើរបស់ណា មានបច្ច័យ របស់នោះក៏មិនមែនជាមិន
មាន ថ្នាំនេះរំងាប់នូវពិសពុលគឺ សេចក្ដីគិតបាន ហេតុដូចម្ដេចគេមិនផឹកថ្នាំនោះហ្ន៎? តែភាសិតនេះច្រើនជាសំដីម
នុស្សខ្ជិលពួកខ្លះ ក្នុងចំណោមមនុស្សមិនចេះអត់ធន់ដល់ការងារទាំងឡាយ។
៣០ -បុគ្គលសូម្បីគិតឃើញព្រេងវាសនា ក៏មិនគួរលះបង់សេចក្ដីព្យាយាមខ្លួនចេលឡើយ បើបុគ្គលមិនព្យាយាមចំ
រាញ់ល្ងមិនបានប្រេងល្ងទេ។
៣១ - ជោគលាភ តែងចូលទៅរកបុរសសីហៈ ដែលជាអ្នកមានព្យាយាមក្លៀវក្លាមានតែបុរសគំរក់ទេតែងពោលថា
«ស្រេចតែព្រេងសំណាង!» បុគ្គលចូរផ្ចាញ់វាសនា ហើយធ្វើនូវព្យាយាមអោយពេញដោយកូនប្រុស តាមកម្លាំងខ្លួន
ដែលអាចធ្វើបាន ថាបើតាំងព្យាយាមប្រឹងប្រែងធ្វើហើយ នៅតែមិនសំរេចទៀតតើវានឹងកើតទោសអ្វី?។
៣២ - រថមិនគប្បីទៅបានដោយកង់តែមួយយ៉ាងណា ព្រេងវាសនាបើរៀរចាកព្យាយាមនៃបុរសហើយ ក៏មិនសំរេច
យ៉ាងនោះដែរ។
៣៣ - កម្មដែលបុគ្គលធ្វើពីបុព្វជាតិ លោកហៅថា «ព្រេងវាសនា» ព្រោះហេតុនោះបុគ្គលមិនខ្ជឹលច្រអូស គប្បីធ្វើ
សេចក្ដីប្រឹងប្រែងដោយព្យាយាមពេញជាបុរស។
៣៤ - ជាងប៉ាន់ ប៉ានដុំដីជារូបផ្សេងៗ តាមចិត្ដខ្លួនប៉ាន់យ៉ាងណា កម្មដែលបុគ្គលសាងទុកខ្លួនអែង ក៏ប៉ាន់មនុស្សអោយ
ភាវៈផ្សេងៗ តាមលក្ខណៈនៃកម្ម របស់ខ្លួនយ៉ាងនោះដែរ។
៣៥ - បុគ្គល សូម្បីឃើញកំណប់ទ្រព្យនៅក្នុងទីចំពោះមុខ ដូចរឿងក្អែកដោយមិននឹកថា នឹងកើតបានហើយ ចាំព្រេ
ងវាសនាគាស់កកាយយកមកអោយអែងៗ មិនរវល់ធ្វើសេចក្ដីព្យាយាមជាប្រុសមិនបានកំណប់នោះទេ។
៣៦ - ការទាំងឡាយ តែងសំរេចដោយសេចក្ដីព្យាយាមប្រឹងប្រែង ដោយពិត មិនមែនដោយមនោរថទេ ដូចម្រឹគ
ទាំងឡាយ មិនដែលបោលចូល មាត់សីហៈដេកលក់ឡើយ។
៣៧ - កូនក្មេងដែលមាតាបិតាបានហ្វឹកហ្វឺនហើយ ទៅជាកូនគាប់ប្រសើរបានមិនដែលមានកូនក្មេងណាបានទៅជា
បណ្ឌិត ដោយគ្រាន់តែច្យុតចេញពីគភ៌មាតាទេ។
៣៨ - កូនក្មេងដែលមាតាបិតាណាមិនបានអោយរៀនសូត្រ មាតានោះត្រលប់ជាសត្រូវ បិតានោះត្រលប់ជាបុគ្គល
មានពៀរ ព្រោះកូនមិនបានរុងរឿងក្នុងទីប្រជុំជន ដូចកុកកណ្ដាលហ្វូងហង្ស។
៣៩ - ក្មេងបរិបូរណ៍ដោយរូប និងវ័យក្មេងសម្ភពក្នុងត្រកូលដ៏វិសេស អិតចេះដឹងវិជ្ជាអ្វីមិនមានរាសីរុងរឿងទេ ដូច
ផ្កាចារអិតមានក្លិនក្រអូប។
៤០ - មនុស្សល្ងង់ ប្រដាប់កាយដោយគ្រឿងអម្ពរតែងមានរាសីរុងរឿងក្នុងទីប្រជុំជន បើមនុស្សល្ងង់នោះ មិនទាន់
ហារមាត់ចេញនិយាយដរាបណា ក៏នៅតែមានរាសីរុងរឿងដរាបនោះ។
កាលព្រះរាជាទ្រង់រំពឹងដូច្នោះ ទ្រង់ត្រាស់បង្គាប់អោយប្រជុំអ្នកប្រាជ្ញ ទាំងឡាយ ទើបទ្រង់ត្រាស់ថា៖ «នែលោក
បណ្ឌិតទាំងឡាយសូមលោកស្ដាប់ខ្ញុំ បណ្ដាលោកបណ្ឌិតទាំងឡាយនេះ មានលោកណាខ្លះជាអ្នកប្រាជ្ញអាចបង្រៀន
និតិសាស្រ្ដដល់កូនខ្ញុំ ដែលល្ងង់ខ្លៅប្រព្រឹត្ដខុសគន្លងធម៌ជានិច្ចអោយមានកំណើតថ្មី អោយត្រលប់បានល្អឡើងក្នុង
កាលអិលូវនេះរឺទេ?» ព្រោះថា៖
៤១ - កញ្ចក់នៅរួមជាមួយមាស អាចចោលស្រមោលក្លាយទៅជា កែវមរកតយ៉ាងណា មនុស្សល្ងង់នៅរួមជាមួយ
នឹងលោកសម្បុរសក៏អាចត្រលប់ ទៅជាសប្បុរសឆ្លៀវឆ្លាតបានយ៉ាងនោះដែរ។
៤២ - កូនអើយ! មតិថោកទាប ព្រោះសមាគមមួយអន្លើដោយ បុគ្គលថោកទាប សមាគមមួយអន្លើដោយបុគ្គល
ស្មើគ្នា មតិក៏ស្មើគ្នា សមាគមមួយអន្លើដោយបុគ្គលប្រសើរ មតិក៏រឹងរិតតែប្រសើរឡើង។
សម័យនោះ មហាបណ្ឌិតម្នាក់ឈ្មោះវិសណុសិម័ន មានការចេះដឹង សកលនីតិសាស្រ្ដពិតប្រាកដ ដូចជាព្រះព្រឹហ
ស្បត៍ក្រាបទូលថា៖ «បពិតព្រះសម្មតិទេវង្ស! ព្រះរាជបុត្រទាំងឡាយនេះទ្រង់សម្ភពក្នុងមហាត្រកូល ទូលព្រះបង្គំ
អាចបងៀននិតិសាស្រ្ដទាំងឡាយតាមព្រះរាជបំណងបាន ព្រោះថា
៤៣ - កិច្ចការអ្វីមួយដែលប្រកបដោយអំពើអិតប្រយោជន៍ ក៏រមែងមិនបានផលសមតាមប្រាថ្នាទេ ដូចជាប្រើវេលា
ព្យាយាមបង្រៀនសត្វកុក អោយចេះនិយាយដូចសត្វសេកសូម្បីច្រើនរយដងនឹងបានផលក៏អិតអង្គឺមានឡើយ។
៤៤ - តែក្នុងមហាត្រកូលបែបនេះ អ្នកគ្មានបុណ្យមិនមកកើតទេប្រៀបដូចអណ្ដូងរ៉ែកើតត្បូងទទឹម ធ្វើម្ដេចឡើ
យនឹងកើតមានកពា្ចក់?។ ហេតុនេះខ្ញុំព្រះអង្គ សូមទទួលយកព្រះរាជទានអាសាបង្រៀនព្រះរាជកុមារទាំងឡាយនេះ
ត្រឹមតែឆមាសប៉ុណ្ណោះ អោយមានការចេះដឹងនិតិសាស្រ្ដស្ទាត់ជំនាញ។ ព្រះរាជាទើបទ្រង់ត្រាស់តបដោយសុភាព
ថា៖
៤៥ - ដង្កូវឡើងទៅទំនៅលើក្បាលសាធុជនបានព្រោះនៅលាយឡំជាមួយកំរងផ្កា ដុំថ្មដែលអ្នកធំលើកតំកើងហើ
យក៏ក្លាយទៅជាភាពទេវតាពូកែ ស័ក្ដិសិទ្ធិ។
៤៦ - របស់ទ្រព្យដែលនៅលើកំពូលភ្នំខាងអុទយាទិត្យ តែងបានពន្លឺស្វាងរុងរឿង ព្រោះនៅជិតព្រះអាទិត្យយ៉ាងណា
ជនហីនជាតិវណ្ណថោក តែងទទួលការចេះជាពន្លឺ ព្រោះនៅជិតលោកអ្នកសប្បុរសយ៉ាងនោះដែរ។
៤៧ - អ្នកមានគុណគាប់ តែងដឹងល្អ និង អាក្រក់ អ្នកមានគុណគាប់នោះ បើទៅសេពគប់មនុស្សអាក្រក់ ក៏ត្រល
ប់ទៅជាអាក្រក់វិញ ដូចស្ទឹងមានទឹកដល់ហើយដោយរសជាតិល្អ លុះហូរចូលទៅដល់សមុទ្រហើយក៏ក្លាយទៅជា
មានរសប្រៃផឹកមិនបាន។
ព្រោះហេតុនោះ ខ្ញុំសូមប្រគល់អំណាចដល់លោកជាអ្នកបង្រៀននីតិសាស្រ្ដដល់កូនខ្ញុំ ទ្រង់ត្រាស់ហើយ ទើបប្រ
គល់រាជអោរសដល់បណ្ឌិតវិសណុសម័ន ដោយ សេចក្ដីគោរពក្រៃលែង។
អារម្ភបទ ចប់ប៉ុណ្ណេះ

free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog