Saturday 1 August 2009

តុលាការកម្ពុជាពុករលួយ ទទួលឥទ្ធិពលពីអ្នកមានអំណាច

By រស់ សុធា, VOA

តុលាការកម្ពុជាពុករលួយនិងទទួល ឥទ្ធិពលពីអ្នកមានអំណាចការស្រាវជ្រាវ
មួយបានបង្ហាញថា ប្រព័ន្ធតុលាការកម្ពុជាគ្របដណ្តប់ដោយអំពើពុករលួយ​
យ៉ាងខ្លាំង ហើយអ្នកមានអំណាចមានឥទ្ធិពលខ្លាំងមកលើប្រព័ន្ធតុលាការ។

ប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា គឺទន់ខ្សោយ មិនឯករាជ្យ និងពោរពេញ​
ដោយ​អំពើ​ពុករលួយ​។ នេះ គឺជា​លទ្ធផលនៃការសិក្សាចុងក្រោយដែលធ្វើឡើង
ដោយក្រុមអ្នក​ស្រាវជ្រាវ​ជាតិនិងអន្តរជាតិ។ ការសិក្សានេះត្រូវបានលើកឡើង
នៅក្នុងសៀវភៅដែលមានចំណងជើង​ថា​ “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យក្នុង
ប្រទេសកម្ពុជា” ដែលទើបចេញផ្សាយជា​សាធារណៈ​កាលពីថ្ងៃសុក្រ ។

ជំពូកទី៣នៃសៀវភៅដែលមាន១០ជំពូក បោះពុម្ពជាភាសាអង់គ្លេសនេះ បាន
លើកឡើងថា អំពើពុករលួយកំពុងកើតមានយ៉ាងក្តៅគគុក នៅក្នុងប្រព័ន្ធ
តុលាការខ្មែរ ពោលគឺភាពសំខាន់ និង ភាពមិនសំខាន់របស់រឿងក្តីនីមួយៗ
អាស្រ័យទៅលើចំនួននៃទឹកប្រាក់។

ជាញឹកញាប់ ចៅក្រមជាច្រើនបានចរចា​ជាមួយអ្នកមកទាក់ទងតុលាការដើម្បី
រកឲ្យបាន សំណូក​ច្រើន​បំផុត ។ មានពេលខ្លះ ចៅក្រមបានប្រើយុទ្ធសាស្ត្រ
ពន្យារពេល​ក្នុងការចេញ​សេចក្តី​សម្រេច ដើម្បីស្វែងរកសំណូកបន្ថែមពីអ្នក
ប្តឹង។

សៀវភៅដដែលនេះបានលើកឡើងថា កម្រិតប្រាក់ខែទាបនាំឲ្យចៅក្រម និង
មន្ត្រី​តុលាការ​ងាយ​នឹងទទួលយកការសម្រុះសម្រួលនិងសំណូក។ ចៅក្រម
ដែលប្រព្រឹត្តអំពើពុករលួយ និង​ចៅក្រមដែលគ្មានសមត្ថភាព​អាចរក្សាតួនាទី
របស់ពួកគេបាន​ ដោយសារតែ​ការផ្តល់ប្រាក់​សំណូក​ច្រើនឲ្យទៅថ្នាក់លើ។
ទន្ទឹមនឹងនោះ ការជ្រើសតាំងនិងការតំលើងឋានៈ ក៏ត្រូវពឹង​ផ្អែក​ទៅលើប្រាក់
ឧបត្ថម្ភនិងសំណូកដែរ។

អំពើពុករលួយធ្វើឲ្យជនក្រីក្រដែលគ្មានប្រាក់និងគ្មានខ្នងបង្អែក​ ទទួលរង​នូវ
ភាពអយុត្តិធម៌​ នៅពេល​ប្រឈមនឹងការតវ៉ា​ក្តី​ជាមួយនឹងក្រុមអ្នកមានទ្រព្យ
និងអ្នកមានអំណាច។

សៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” សរសេរបន្ថែមទៀត
ថា តុលាការ​នៅ​ប្រទេសកម្ពុជាបច្ចុប្បន្នមាន​ឯករាជ្យភាពតិចតួចណាស់ពោល
គឺការជ្រៀតជ្រែក​ដោយ​ស្ថាប័ន​កំពូល និងបុគ្គលិកមានអំណាចតែងតែកើតមាន
ក្នុងប្រព័ន្ធតុលាការខ្មែរ។ ចៅក្រមនិង​ព្រះរាជអាជ្ញាជាច្រើន ជាទូទៅទទួលរង
ការរំលោភពីអ្នកមានអំណាចនិងមេដឹកនាំ​​គណបក្ស​នយោបាយ​ដែលអាចដក
ពួកគេពីតំណែង ប្រសិន​បើពួកគេមិនពេញចិត្ត​ចំពោះ​សេចក្តី​សម្រេច​​​របស់
តុលាការ។

ចៅក្រមម្នាក់​ដែល​ត្រូវបានសម្ភាសនៅក្នុងសៀវភៅនោះ​និយាយ​ថា បើទោះជា
ពួកគេពុំមាន​ទទួល​​ការគំរាម​គំហែង​ ​ក៏​ពួកគេជាចៅក្រមត្រូវតែប្រតិបត្តិតាមអ្នក
ធ្វើអន្ដរាគម ពីព្រោះពួកគេ​បាន​ដឹង​ទុក​ជា​មុន​ពីទំហំនៃអំណាចរបស់អ្នកធ្វើ
អន្តរាគមទាំងនោះ។ ក្នុងចំណោមអ្នកត្រូវ​បាន​សម្ភាស​ មាន​ការយល់​ស្របជា
ទូទៅមួយថា ក្នុងរឿងក្តីនយោបាយចៅក្រមតែង ចេញ​ដិកា​តម្រូវ​តាម​កាល
បរិច្ឆេទរបស់រដ្ឋាភិបាល។

សៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” ក៏បានរិះគន់ធ្ងន់ៗ
ដែរ​ចំពោះ​ប្រព័ន្ធ​ច្បាប់​នៅកម្ពុជា ដែលប្រឈមនឹងការខ្វះធនធានមនុស្ស ដូច
ជាចៅក្រម ព្រះរាជអាជ្ញា និង​មេធាវី ជាដើម។ មេធាវីមានការភ័យខ្លាចនិងមិន
មានបទពិសោធន៍ក្នុងការតទល់​ជាមួយ​ព្រះរាជអាជ្ញា ឬក៏ចៅក្រមក្នុងអំឡុង
ពេលកាត់ក្តី​ទេ​ ។

ជាងនេះទៅទៀត ថវិកាជាតិសម្រាប់តុលាការមានទំហំតិចតួចជាងក្រសួងនិង
ស្ថាប័ន​នានា​យ៉ាងច្រើន ហើយជាទូទៅ​ប្រាក់ទាំងនោះមានការយឺតយ៉ាវ និង
មិនទៀតទាត់ ។

លោក ខៀង អ៊ុន អ្នកស្រាវជ្រាវនិងជាអ្នកសរសេរ​អំពីប្រព័ន្ធតុលាការនៅកម្ពុជា
បានថ្លែង​នៅ​ក្នុង​ការសម្ពោធចេញផ្សាយសៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជា
ធិបតេយ្យនៅកម្ពុជា” នេះថា ប្រព័ន្ធតុលាការមានសារៈសំខាន់ណាស់ក្នុងការ
លើកកម្ពស់ប្រព័ន្ធច្បាប់ក្នុងការងារអភិវិឌ្ឍន៍ និងកសាងសេដ្ឋកិច្ច។ ប៉ុន្តែប្រព័ន្ធ
តុលាការនៅកម្ពុជាមិនទាន់ល្អទេ។

“ប្រសិនបើ​លោក​អ្នកសួរប្រជាជនថាតើកម្ពុជាជារបបមានច្បាប់ត្រឹមត្រូវដែរទេ
ចម្លើយ​ជា​ទូទៅគឺ​ថា​ មាន។ ប៉ុន្តែប្រសិនបើលោក​អ្នកសួរប្រជាជនថា តើ​តុលា
ការ​មាន​ច្បាប់​ត្រឹមត្រូវ​ដែរ​ទេ តើតុលាការមាន​ឯករាជ្យដែរទេចម្លើយច្រើនលើស
លុបគឺថា គ្មានទេ។ ជាក់ស្តែង បើ​មើល​ពី​ជម្លោះរវាងលោកនាយករដ្ឋមន្ត្រី និង
លោកស្រី មួរ​ សុខហួ លោក​អ្នកនឹងឃើញពីតួនាទីនៃតុលាការនៅក្នុងប្រទេស
នេះ” ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិយាយថា ការលើក
ឡើង​នៅក្នុង​សៀវភៅ​នោះមិនបានឆ្លុះបញ្ជាំងពីធាតុពិតទាំងស្រុងក្នុងប្រព័ន្ធ
តុលាការកម្ពុជាទេ។ហើយ​រដ្ឋាភិបាលកំពុងបន្តធ្វើការកែទម្រង់លើប្រព័ន្ធច្បាប់
និងតុលាការរបស់ខ្មែរ។

លោកជៀម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភា បានទទួលស្គាល់
ថា​ មាន​អំពើ​ពុករលួយ​ក្នុងប្រព័ន្ធតុលាការ ។ ប៉ុន្តែលោកបានស្តីបន្ទោសថា
សៀវភៅនោះ​ទំនង​ជា​មិន​បាន​​ធ្វើការស្រាវជ្រាវ​ស៊ីជម្រៅពីប្រព័ន្ធតុលាការកម្ពុជា
ទេ ។ ម្យ៉ាងវិញទៀត ការសរសេរបែបនេះ​នឹង​បង្អាក់​ការវិនិយោគពីបរទេស
ពិសេសក្នុងពេលសេដ្ឋកិច្ចជួបវិបត្តិ។

“សៀវភៅហ្នឹងគេសរសេរជាសិទ្ធិរបស់គេហើយ ប៉ុន្តែមុននឹងសរសេរហ្នឹងយើង
ចាំបាច់ ត្រូវ​សួរថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ ឲ្យបានសមស្រប ពីព្រោះថា បើសិន
ជាសៀវភៅហ្នឹង គេលើក ឡើងមិនល្អពីការគ្រប់គ្រងរបស់យើងវាក៏នឹងធ្វើឲ្យ
ប៉ះពាល់ដល់ការទាក់ទាញការវិនិយោគ ភ្ញៀវបរទេសឲ្យចូលធ្វើវិនិយោគនៅ
កម្ពុជាផងដែរ” ។

ទោះយ៉ាងណា លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិ
មនុស្សអាតហុក គាំទ្រការលើកឡើងនៅក្នុងសៀវភៅនោះ ដោយអះអាងថា
វាជាការស្រាវជ្រាវឯករាជ្យ និងគួរ ឲ្យជឿ​ទុក​ចិត្តបាន។

“ការស្រាវជ្រាវឯករាជ្យនេះ មានលក្ខណៈប្រសើរនិងត្រឹមត្រូវច្រើន ខ្ញុំគំាទ្រ។
យើង​ចាត់​ទុកថា ការរកឃើញត្រឹមត្រូវមើលឃើញចំចំណុចដែលរដ្ឋាភិបាល
កម្ពុជាត្រូវតែទទួលយក និងធ្វើការកែប្រែ” ។

គួរបញ្ជាក់ថា អស់រយៈពេលជាយូរឆ្នាំមកនេះ ប្រទេសផ្តល់ជំនួយជាច្រើនបាន
ផ្តល់ថវិកា​រាប់លាន​ដុល្លាសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការកែទម្រង់ច្បាប់
និងប្រព័ន្ធតុលាការ ក្នុងនោះមានសហរដ្ឋអាមេរិក បារំាង អូស្ត្រាលី និងជប៉ុន។
គោលនយោបាយ​កំណែ​ទម្រង់​ច្បាប់ និងប្រព័ន្ធតុលាការបានក្លាយជាចំណុច
ស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ខ្មែរ។ ក្រុមប្រឹក្សាកំណែទម្រង់
ច្បាប់ និងប្រព័ន្ធតុលាការបានផ្តោតលើការងាររៀបចំតាក់តែង​ច្បាប់​សំខាន់ៗ ដើម្បីពង្រឹងសមត្ថភាពចៅក្រមនិងព្រះរាជអាជ្ញា។ ប៉ុន្តែរហូតមកដល់ពេលនេះ ការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការកម្ពុជា ហាក់ដូចជានៅស្រពិច
ស្រពិល ហើយ​តុលាការ​កម្ពុជានៅតែទទួលរងការរិះគន់ពីអង្គការសង្គមស៊ីវិល
និង​មហាជន​ ថា​មិន​មាន​ភាព​យុត្តិធម៌​ ។

លោក Joakim Ojendal ជា​សាស្ត្រាចារ្យផ្នែកសា្រវជ្រាវការអភិវឌ្ឍន៍សន្តិភាព
នៃ​សាកល​វិទ្យាល័យ Gothennburg និងជាអ្នកនិពន្ធសៀវភៅ​ “នៅពីក្រោយ
លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​​កម្ពុជា” ។​ លោកបានព្រមានថា នៅពេលដែល
សុក្រិតភាព​នៃ​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​បន្ត​រំលោភបំពាន ហើយបានប្រែក្លាយ
ជាតុលាការដែលគ្មានប្រសិទ្ធិភាព ដោយពឹងផ្អែកលើ​ឥទ្ធិពល​នយោបាយ និង
ស្ថាប័នពុករលួយផ្សេងទៀតនោះ វានឹងខារខាំង​ដល់​ការ​ពង្រីក​លទ្ធិ​ប្រជាធិប
តេយ្យ និង​ការវិនិយោគ ហើយនឹងធ្វើឲ្យប្រជាជនអស់ជំនឿ​ មិនត្រឹមតែទៅលើ
​ប្រព័ន្ធ​តុលាការប៉ុណ្ណោះទេ តែថែមទាំងស្ថាប័ននយោបាយដទៃទៀតដែរ៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog