By ម៉ែន គឹមសេង, VOA
មុខរបរមេធាវីជាមុខរបរដែលគេចាត់នៅក្នុងវិជ្ជាជីវៈសេរីនេះបើ តាមការអះអាង
របស់ក្រុមមេធាវីកម្ពុជា។ នេះមានន័យថាមេធាវីមានសិទ្ធិទទួលឬមិនទទួល
ការពារក្តីឱ្យជនណា ម្នាក់តាមការស្ម័គ្រចិត្ត។
ក្រុមមេធាវីដែល វីអូអេសម្លេងសហរដ្ឋអាមេរិកបានជួបសម្ភាសនាពេលថ្មីៗនេះ
បានបញ្ចេញទស្សនៈស្រដៀងគ្នា ដោយអះអាងពីសេរីភាពក្នុងការធ្វើតំណាង
ឱ្យកូនក្តី។
លោកស្រី ពឹង ធីតា ដែលបានធ្វើជាមេធាវីអស់រយៈពេលជាង១០ឆ្នាំ ដោយ
ធ្លាប់ទាំងធ្វើជាមេធាវីនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានរៀបរាប់ពីសេរី
ភាពនៃការងាររបស់លោកស្រីថា៖
“អត់បញ្ហាអ្វីទេ ឱ្យតែគេពឹងពាក់យើង ត្រឹមត្រូវតាមបែបបទនីតិវិធី។ យើងដាក់
ការពារទៅ ហើយអតិថិជនណាដែលយើង គិតថា ពេញចិត្ត ការពារទៅ។ បើ
អតិថិជនណាដែលយើងមិនពេញចិត្ត យើងកុំការពារទៅ។ នេះជាឆន្ទានុសិទ្ធិ
របស់យើងក្នុងការសម្រេច”។
មេធាវីទាំងអស់នៅប្រទេសកម្ពុជាមានចំនួន ៦៤៧នាក់ដែលជាសមាជិកនៃ
គណៈមេធាវីកម្ពុជា។ លោកជីវ សុងហាក់ ប្រធាននៃស្ថាប័នមួយនេះបន្ថែមពី
សេរីភាពក្នុងមុខរបរនេះថាៈ
“មេធាវីយើងមានសេរីភាពគ្រប់គ្រាន់ ព្រោះក្នុងការជ្រើសរើសអតិថិជនម្នាក់ៗ
គេអាចជ្រើសរើសតាមសិទ្ធិរបស់គេ ។ ច្បាប់អត់មានហាមឃាត់ថា ឥឡូវអតិថិ
ជនប្រភេទនេះអ្នកឯងត្រូវទទួលយក អតិថិជនប្រភេទនេះអ្នកឯងមិនត្រូវទទួល
យកមិនមានចែងដូចនេះទេ។ នៅក្នុងក្រមសីលធម៌គេគ្រាន់តែនិយាយថា មេធាវី
មានសិទ្ធិ បដិសេធក្នុងការពឹងពាក់របស់អតិថិជនដែរ ប្រសិនបើគេមិនពេញចិត្ត
គេអាចបដិសេធដែរ”។
លោកសុង ហាក់ក៏បានអះអាងពីការនៅអព្យាក្រឹតរបស់គណមេធាវីកម្ពុជាពី
សម្ពាធនយោបាយផ្សេងៗ។
ប៉ុន្តែលោក ស្រី មួរ សុខហួ សមាជិកសភា និងជាអគ្គលេខាធិការរងរបស់គណ
បក្សសម រង្ស៊ី ដែលមានសញ្ជាតិខ្មែរ អាមេរិកាំងហើយបច្ចុប្បន្នកំពុងមានរឿង
ក្តីក្តាំជាមួយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែនពីបទបរិហារកេរ្តិ៍បានយល់ផ្សេង
ពីនេះ។ ខណៈពេល ដែលទទួលស្គាល់ថា មេធាវីនៅកម្ពុជាមានជំនាញគ្រប់
គ្រាន់ក្នុងការប្រកបការងាររបស់គេ លោកស្រីមួរ សុខហួយល់ថាពួកគេកំពុង
ទទួលរងការគាបសង្កត់មិនប្រយោលពីក្រុមអ្នកនយោបាយ។
ប្រតិកម្មរបស់លោកស្រី បានកើតមានឡើងបន្ទាប់ពីអតីតមេធាវីរបស់គាត់គឺ
លោកគង់ សំអុនបានដកខ្លួនថយបន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយគណ
មេធាវីកម្ពុជា និងការដែលលោកស្រី មានបរាជ័យជាលើកទីពីរក្នុងការរកមេធាវី
ការពារក្តីលោកស្រី សម្រាប់ឡើងទៅតុលាការ ហើយចុងក្រោយលោកស្រី ត្រូវ
ឡើងតុលាការការពារក្តី ដោយខ្លួនឯង។
លោកស្រី បានបញ្ជាក់ថា៖ “ករណីរបស់ខ្ញុំជាក់ស្តែងណាស់។ តើឱ្យមេធាវីគាត់
បំពេញតួនាទី ជាមេធាវីរបៀបណា ប្រសិនបើអារម្មណ៍របស់គាត់នៅតែមានការ
ភ័យខ្លាច អារម្មណ៍នៅតែមានគិតថា អាចនឹងទៅជាការរងគ្រោះ ដូចជាមេធាវី
គង់ សំអុន នោះ។ ខ្ញុំយល់ឃើញថា អាជីពមេធាវី គឺជាអាជីពមួយដែលអាចរង
គ្រោះ ដោយសារសម្ពាធនយោបាយ”។
លោកស្រីបានដាក់ការចោទប្រកាន់ត្រង់ៗថា គឺមានការគាបសង្កត់ផ្នែកនយោ
បាយដែលធ្វើឱ្យលោកមេធាវី គង់ សំអុនដែលធ្លាប់កាន់ក្តីរបស់លោកស្រី តាំង
ពីដំបូងទី ត្រូវបង្ខំប្តូរចិត្តលះបង់ចោលមិនការពារលោកស្រីវិញ។
ការអះអាងពីសេរីភាពក្នុងអាជីពជាមេធាវីនិងការមិនទទួលរងនូវសម្ភាធពីក្រុម
អ្នកនយោបាយដ៏មានឥទ្ធិពលនៅប្រទេសកម្ពុជាមាននៅស្ទើរគ្រប់មេធាវីចំនួន
ប្រាំរូប ដែលវីអូអេ សម្លេងសហរដ្ឋអាមេរិកបានជួបសម្ភាស។ សូម្បីលោកមេធាវី
គង់ សំអុនដែលធ្លាប់ចេញមុខការពារក្តីឱ្យលោកស្រីមួរ សុខហួមុនពេលដែលរូប
លោកត្រូវបានជាប់ក្នុងការចោទប្រកាន់ពីគណមេធាវីពីការខុសក្រមសីលធម៌
ហើយអាចឈានទៅបាត់បង់អាជីពបានអះអាងពីសេរីភាពគ្រប់គ្រាន់ក្នុងការ
ប្រកបមុខវិជ្ជាជីវៈមេធាវី ហើយបានបញ្ជាក់ថាការសម្រេចឈប់ការពារក្តីឱ្យ
លោកស្រីមួរ សុខហួ គឺជារឿងផ្ទាល់ខ្លួន។
លោក គង់ សំអុន បាននិយាយថា៖
“ក្នុងករណីរបស់លោកជំទាវ មួរ សុខហួ និងឯកឧត្តម ហូ វ៉ាន់ ខ្ញុំបានឈប់
ការពារហើយខ្ញុំបានជូនដំណឹងទៅតុលាការហើយ។ នេះអាចថា ជារឿងផ្ទាល់
ខ្លួនទេ ពីព្រោះយើងថ្លឹងថ្លែងពីកាលៈទេសៈទៅ ហើយក៏សម្រេចថា ធ្វើបែប
ហ្នឹង។ អញ្ចឹងយើងគិតថា ជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទៅចុះ”។
លោកគង់ សំអុន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្តឹងពីបទបរិហារកេរ្តិ៍
ក្នុងពេលនៅជាមេធាវីតំណាងឱ្យលោកស្រីមួរ សុខហួនិងលោកហូ វ៉ាន់ តំណាង
រាស្រ្តគណបក្សសម រង្ស៊ី ប៉ុន្តែបានទំលាក់ចោលវិញបន្ទាប់ពី លោកបានសរសេរ
សំបុត្រសុំទោស។ លោកគង់ សំអុនក៏ត្រូវគណមេធាវីកម្ពុជាកំពុងពិនិត្យមើល
លើករណីរំលោភ ក្រមសីលធម៌ក្នុងពេលដែលតំណាងឱ្យកូនក្តី ទាំងពីរដែលជា
អ្នកនយោបាយទាំងពីររូបនេះ។
ជម្រើសមួយទៀតរបស់លោកស្រីមួរ សុខហួ ក្នុងការស្វែងរកការការពារផ្លូវ
ច្បាប់គឺលោក មេធាវីសុខ សំអឿន ប្រធានអង្គការក្រុមអ្នកការពារច្បាប់កម្ពុជា
ប៉ុន្តែត្រូវបានខកខានទៅវិញ។
លោកសុខ សំអឿនអះអាងថា អង្គការរបស់លោកធ្វើការខាងផ្នែកការពារជន
ក្រីក្រក្នុងបណ្តឹងបទល្មើសព្រហ្មទណ្ឌ ករណីរឿងក្តីរដ្ឋប្បវេណី ដូចជាអាពាហ៍
ពិពាហ៍ និងគ្រួសារ និងរឿងទំនាស់ដីធ្លីជាដើម ហើយលោកស្រីមួរ សុខហួ
មានលក្ខណៈមិនគ្រប់គ្រាន់តាមតម្រូវការរបស់អង្គការ។
លោក សំអឿនមានប្រសាសន៍ថា៖ “គាត់មានថវិកាសម្រាប់ជួលមេធាវីដូច្នេះ
គាត់អត់ចូលក្នុងក្រទេហើយទីពីរតាមដែលខ្ញុំដឹង នៅក្នុងគណបក្សសម រង្ស៊ី
ហ្នឹង មានមេធាវីដែលជាសមាជិករបស់គណបក្សសម រង្ស៊ីច្រើនណាស់។ គេ
ទាំងអស់នោះ ខ្ញុំគិតថា គេអាចធ្វើការដើម្បីឧត្តមគតិគេ ឬក៏មានប្រយោជន៍
គណបក្ស ហេតុដូច្នេះបើគាត់លើកឡើងថាអត់មានមេធាវីការពារ វាអត់សម
ហេតុសមផលដែលថាគ្មានមេធាវីណាមួយហ៊ានការពាររឿងគាត់ ”។
រឿងក្តីចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដែលធ្វើឡើងដោយលោក ហ៊ុន សែន
នាយករដ្ឋមន្រ្តី ប្រឆាំងលោកស្រី មួរ សុខហួ គ្រោងនឹងបើកសវនាការនៅថ្ងៃ
សុក្រទី ២៤ខែកក្កដានេះ។
លោកស្រី មួរ សុខហួបានយល់ឃើញថា វាជាការបាត់បង់នូវយុត្តិធម៌មួយផ្នែក
តាំងពីដំបូងទី សម្រាប់លោកស្រី ដែលមិនមានមេធាវីការពារក្តី ក្នុងអំឡុងពេល
សវនាការ ព្រោះការងារការពារតាមផ្លូវច្បាប់ទាមទារអ្នកដែលមានជំនាញ។
លោកស្រីបាននិយាយថា៖
“ខ្ញុំអត់មានមេធាវីដោយសារស្ថានការណ៍នយោបាយនេះ ខ្ញុំ យល់ឃើញថា
ជាការរាំងស្ទះក្នុងការដែលខ្ញុំត្រូវទទួលការការពារនៅចំពោះមុខច្បាប់ ការ
ពារនៅពេលមានសវនាការ តុលាការនេះ គឺជាការមួយមិនអាចឱ្យខ្ញុំទទួល
បាននូវយុតិ្តធម៌ទេ”។
លោក គង់ សំអុន អតីតមេធាវីរបស់លោកស្រី មួរ សុខហួ បានបកស្រាយថា
តាមផ្លូវច្បាប់លោកស្រី អាចការពារខ្លួនដោយខ្លួនឯងបានដោយមិនចាំបាច់
មានមេធាវីទេ ដោយសារតែវាមិនមែនជាបទល្មើសធ្ងន់ធ្ងរ។
លោកសំអុនបានពន្យល់ថា៖ “ក្នុងករណីរបស់គាត់វាជារឿងមជ្ឈឹម ក្នុងបទ
ល្មើសមជ្ឈឹមហ្នឹង មិនចាំបាច់មានមេធាវីក៏បានដែរ ប៉ុន្តែបើបទឧក្រិដ្ឋបានគេ
ត្រូវការរកមេធាវី។ បទមជ្ឈឹមជាបទមធ្យម ហើយបទលហុ ជាបទស្រាលតូច
តាច។ អញ្ចឹងពីបទមជ្ឈឹមមកលហុហ្នឹងមិនចាំបាច់មានមេធាវីក៏បានដែរ ចង់
មានក៏បាន ចង់មិនមានក៏បានស្រេចលើបុគ្គល”។
លោក ហ៊ុន សែន បានប្តឹងលោកស្រី មួរ សុខហួ បន្ទាប់ពីលោកស្រីបានទាម
ទារឱ្យលោកនាយករដ្ឋមន្ត្រីធ្វើការ សុំទោសចំពោះអត្ថាធិប្បាយ ដែលលោក
បានធ្វើនៅក្នុងវេទិកាមួយនៅខេត្តកំពត ដែលលោកស្រីយល់ថា ប៉ះពាល់
ដល់កិត្តិយសរបស់លោកស្រី និងស្ត្រីខ្មែរដទៃទៀត។
គណមេធាវីកម្ពុជាដែលជាស្ថាប័នមួយផ្តល់ការទទួលស្គាល់មេធាវីនៅកម្ពុជានិង
ផ្តល់ការបណ្តុះបណ្តាលដល់មេធាវីបានទទួលការរិះគន់ថាបានបន្ទន់ទៅតាម
សម្ពាធនយោបាយនៅពេលដែលមានរឿងនយោបាយធំៗកើតឡើង៕
free programes
![]() |
LABELS
- Khmer krom (5)
- Khmer news (73)
- Phật giáo (8)
- vietnam news (34)
- world news (36)
- พระพุทธศาสนา (3)
- កំណាព្យ (5)
- ប្រវត្តិសាសនាក្នុងលោក ជាភាសាសៀម (6)
- ព្រះពុទ្ធសាសនា (5)
- ភូមិសាស្ត្រកម្ពុជាក្រោម (3)
- ភូមិសាស្ត្រនយោបាយ (15)
- ស្រីហិតោបទេស (3)
FOLLOWERS
FROM ALL COUNTRY
VIET NAM SONG
CHINESE SONG
ENGLISH SONG
Saturday, 1 August 2009
សម្ពាធនយោបាយធ្វើឱ្យគ្មានមេធាវី ការពារតំណាងរាស្រ្តគណបក្សប្រឆាំង
Posted by
sereykh
at
23:50
Labels: Khmer news
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment