Saturday 6 June 2009

អំពី​ដំណើរ​ទៅ​ក្នុង​ដែន​កូសាំង​ស៊ីនចំពោះ​ខែត្រ​ដែល​មាន​វត្ត​លោក​សង្ឃ​ខ្មែរ

ព្រះគ្រូសង្ឃវិជ្ជា ហ. តាត
អាចារ្យ​បង្រៀន​សំស្រ្កិត​នៅ​សាលា​បាលី​ក្រុងភ្នំពេញ

ដំណើរ​ដែល​ទៅ​ក្នុង​ដែន​កូសាំង​ស៊ីន​នេះ ជា​ដំណើរ​របស់​ម៉ាដឺមូអាហ្ស៊ែល​ស៊ុយសានការប៉ឺឡេស ចាង​ហ្វាង​ព្រះរាជ​បណ្ណាល័យ​កម្ពុជា​មាន​លោក​គ្រូ​សង្ឃ​វិជ្ជា តាត អាចារ្យ​បង្រៀន​ក្នុង​សាលាបរិយត្តិ​ជាន់​ខ្ពស់​នឹង​អ្នក​រាជការ​ក្នុង​ព្រះ​ រាជ​បណ្ណាល័យ​ម្នាក់​ឈ្មោះ ជី ជា​អ្នក​ទៅ​ជា​មួយ តាំង​ពី​ថ្ងៃ​ពុធ ១១ រោច​ខែ​បុស្ស ឆ្នាំ​ថោះន ព្វស័ក ត្រូវ​និង​ថ្ងៃ ១៨ ខែ យ៉ាំងវីយេរ ឆ្នាំ ១៩២៨ ដរាប​ដល់​ថ្ងៃ​សៅរ៍ ១២ រោច​ខែ​មាឃ ឆ្នាំ​ថោះនព្វស័ក​ត្រូវ​នឹង​ថ្ងៃ ១៨ ហ្វេវរីយេរ ឆ្នាំ ១៩២៨ ក្នុង​ពុទ្ធសករាជ ២៤៧០ ។
ខ្ញុំ (ព្រះ​គ្រូ តាត ) សូម​ថ្លែង​រៀប​រាប់​ពី​ដំណើរ​នេះ​មាន​សេចក្ដី​ដូច​ម្ដេច​ខ្លះ នោះ​មាន​រៀប​រាប់​ដូច​ខាង​ក្រោយ ៖

ដំណើរ​ចេញ​ពី​ភ្នំពេញ

ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​ចេញ​ពី​ភ្នំពេញ ទៅ​កាន់​ទី​ក្រុង​ព្រៃ​នគរ តាំង​ពី​ថ្ងៃ ៩ ខែ យ៉ាំងវីយេរ ដោយ​មាន​កិច្ច​នឹង​បុណ្យ តាំង​របស់​ក្នុង​ព្រៃ​នគរ ។ ចំណែក​ខ្លួន​ខ្ញុំ​នឹង​ឈ្មោះ ជី បាន​ចេញ​ពី​ភ្នំពេញ​ទៅ​នៅ​ថ្ងៃ ១៨ ខែ យ៉ាំងវីយេរ វេលា​ម៉ោង ៥ ព្រឹក​ដោយ​រថយន្ត​គួរិយេរ ដល់​ម៉ោង ១២កន្លះ ថ្ងៃ​ជ្រេ​ពី​ត្រង់​ដល់​ទៅ​ទី​ព្រៃនគរ បាន​ឈប់​សម្រាក​ក្នុង​វេលា​ថ្ងៃ​រសៀល​នោះ​ដរាប​ដល់​ព្រឹក​ឡើង ។

ដំណើរ​ចេញ​ពី​ព្រៃនគរ ថ្ងៃ ១៩ ខែ យ៉ាំងវីយេរ​ឆ្នាំ ១៩២៨

វេលា​ម៉ោង ១កន្លះ​ថ្ងៃ​រសៀល ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​ខ្លួន​ខ្ញុំ​និង​ឈ្មោះ ជី ព្រម​ទាំង​អ្នក​បរ​រថយន្ត​ម្នាក់​ជាតិ​យួន​និង​គូលី​ម្នាក់​របស់​ចាង​ហ្វាយ​ ព្រះ​រាជ​បណ្ណាល័យ​រួម​ជា ៥ នាក់​បាន​ចេញ​ពី​ព្រៃនគរ​ចំពោះ​ខេត្ត​ត្រា​វិញ (យួន​ហៅ ត្រាយិញ ខ្មែរ ហៅ ព្រះ​ត្រពាំង) ចេញ​ទៅ​ដោយ​រថយន្ត​លេខ ៨ របស់​រាជការ​គូវែរណើម៉ងដឺឡាកូសាំងស៊ីន ដល់​ម៉ោង ៦កន្លះ​ល្លាច បាន​ទៅ​ខេត្តត្រាវិញ អស់​ចម្ងាយ​ផ្លូវ​ចំនួន ១៩៣ គីឡូម៉ែត្រ ។ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​ទៅ​ឈប់​សំណាក់​នៅ​ទី​ផ្ទះ​លោក ឡាត់បីនិស្ត្រាទ័រ ឯ​ខ្លួន​ខ្ញុំ​និង​ឈ្មោះ ជី ទៅ​ឈប់​សំណាក់​នៅ​វត្តកំពង់ធំ​ជា​ខាង​ជើង​ជិត​នឹង​ផ្ទះ​លោក ឡាត់មីនិស្ត្រាទ័រ នោះ​ដែរ ។ វត្តកំពង់ធំ នោះ​យួន​តែង​ហៅ​ថា ជួអុងមាឃ ជា​វត្ត​ស្អាត​បាត​ល្អ​ណាស់​មាន​របៀប​កុដិ​និង​វិហារ​រៀប​រយ​ល្អ ទី​ដី​ក្នុង​វត្ត​នោះ​ស្អាត​បាត​ឥត​មាន​ស្មៅ​ដុះ​ឡើយ ។ លោក​ចៅ​អធិការ​វត្ត​នេះ​នាម លី មាន​ងារ​ជា​ព្រះ​សិរីវិសុទ្ធវង្សា លោក​មាន​ព្រះហឫទ៍យ​ល្អ បាន​រៀប​ទី​កន្លែង​ឲ្យ អស់​យើង​ដែល​ជា​អ្នក​ដំណើរ បាន​សំណាក់​អាស្រ័យ​ដោយ​ស្រួល ព្រម​ទាំង​ភោជនាហារ លោក​ក៏​បាន​ចាត់​ចែង​ឲ្យ​ដរាប​ដល់​ហើយ​កិច្ច ដែល​នៅ​សំណាក់​ក្នុង​វត្ត​លោក មិន​តែ​ប៉ុណ្ណោះ​លោក​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ជួយ​ជូន​ដំណើរ​ទៅ​កាន់​វត្ត​ ទៀត​ៗ ផង យើង​ខ្ញុំ​មាន​អំណរ​គុណ​លោក​មិន​ភ្លេច​ឡើយ ។

ដំណើរ​ក្នុង​ខេត្តត្រាវិញ ថ្ងៃ ២០ ខែ យ៉ាំងវីយេរ ឆ្នាំ ១៩១៨

វេលា​ម៉ោង ៧ ព្រឹក ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ បាន​អញ្ជើញ​ចូល​ទៅ​ក្នុង​កំពង់ធំ ជា​វត្ត​ដែល​យើង​សំណាក់ លោក ឡាត់មីនិស្រ្តាទ័រ និង​អ្នក​ប្រែ​ភាសា​ជាតិ​យួន ១ នាក់​ជូន​ទៅ​ផង បាន​ជួប​ជុំ​នៅ​លើ​ទី​សាលា​ជា​មួយ​នឹង​ព្រះ​សង្ឃ​ក្នុង​វត្ត​នោះ ព្រម​ទាំង​ឧបាសក​ ឧបាសិកា ទាំង​ឡាយ​ហើយ​ចាង​ហ្វាង​ព្រះ​រាជា​បណ្ណាល័យ បាន​សួរ​ពី​ចំនួន​ភិក្ខុ​សាមណេរ-ក្មេង និង​ចំនួន​គម្ពីរ​ហើយ​សួរ​ថា កោក​ចង់​បង្កើត​សាលា​រៀន​ទេ ? ចង់​ឲ្យ​មាន​គ្រូ​បង្រៀន​ទេ ? លោក​គ្រូសរិវិសុទ្ធិវង្ស ឆ្លើយ​ថា​ចង់​បាន​ណាស់ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ កំពុង​រវល់​និង​កិច្ច​ធ្វើ​បង្ហើយ​វិហារ​ឲ្យ​ហើយ​ស្រេច ។ រួច​ចុះ​ពី​សាលា​ដើរ​មើល​របៀប​រៀប​រយ​ក្នុង​វត្ត ហើយ​សរសើរ​ថា​ស្អាត លោក​ចេះ​រៀប​ចំ​ល្អ រួច​ឡើង​ទៅ​មើល​គម្ពីរ​ក្នុង​កុដិ​លោក ។
ដល់​ម៉ោង ៨ ព្រឹក ចេញ​ទៅ​វត្តកញ្ចោង (យួន​ហៅ វត្តទីវកឹង) ដោយ​រថយន្ត​ដែល​ទៅ​នេះ គឺ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ, ខ្លួន​ខ្ញុំ​ឈ្មោះ ជី និង​សេក្រេទែរ (ថីយួន) ដែល​លោក ឡាត់មីនិស្រ្តាទ័រ ចាត់​ឲ្យ​ជា​អ្នក​ជូន​ដំណើរ ១ នាក់​ទៀត រួម​ជា ៤ នាក់​ចេញ​ទៅ​ជា​មួយ​គ្នា​កាល​ដែល​ទៅ​ដល់​វត្តកញ្ចោង ក៏​បាន​ឡើង​ទៅ​លើ​កុដិ​លោក​ចៅ​អធិការ​នាម សរ លោក​ចៅ​អធិការ​នេះ លោក​ធ្វើ​ជា​ឧបជ្ឈាយ៍​ចាស់​ជរា​ណាស់​ហើយ ។ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ បាន​សួរ​ដូច​របៀប​សួរ​ឯ​វត្តកំពង់ធំ ហើយ​សួរ​ពី​សាលា​បង្រៀន និង​គ្រូ​បង្រៀន លោក​ឆ្លើយ​ថា​មិន​ត្រូវ​ការ​ចង់​បាន​ទេ សូម​ឲ្យ​នៅ​តាម​ទំនៀម​ពី​ដើម លោក​គ្រូ​វត្ត​នេះ លោក​ប្រកាន់​ទំនៀម​របស់​លោក​ខ្ជាប់​ខ្ជួន​ណាស់ ទោះ​បី​រៀប​ចំ​ដូច​ម្ដេច​នឹង​ឲ្យ​ចម្រើន លោក​ក៏​ពុំ​ព្រម​ទទួល ។ ក្នុង​វត្ត​នេះ​មាន​លោក​ចេះ​បាលី ១ អង្គ​ឈ្មោះ​អាចារ្យ រាជ កាល​រៀន​សូត្រ​នៅ​ក្រុង​ភ្នំពេញ ។ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​សួរ​រួច​ហើយ ក៏​ប្រគេន​សៀវភៅ​និង​រូប​ផ្ដិត​ពុម្ព ដល់​លោក​អធិការ​វត្ត​រួច​ត្រឡប់​ពី​លើ​កុដិ​ទៅ​មើល​វិហារ វិហារ​នេះ​គ្រាន់​បើ​ដែរ​បន្ទាប់​បន្សំ​គ្នា​នឹង​វិហារ​វត្តកំពង់ធំ លុះ​មើល​រួច​ហើយ​ក៏​ត្រឡប់​មក​វត្ត​កំពង់ដូង ឬ​ផ្នោរដូង (យួន​ហៅ​ជួហឺវទឺ) កាល​ដែល​មក​ដល់​វត្ត​នេះ​ឃើញ​មាន​របៀប​រៀប​ទទួល​ទង់​ជ័យ និង​លេង​ភ្លេង​សៀម ១ វង់ ព្រម​ទាំង​មាន​តុកៅអី​ផង ។ លោក​ចៅអធិការ​វត្ត​នេះ​នាម ហឿង មាន​ទី​ឧបជ្ឈាយ៍​ដែរ ក្នុង​ពេល​ដែល​ចូល​ទៅ​អង្គុយ​ជុំ​គ្នា​ក្នុង​ទី​ដែល​រៀប​ទទួល​នោះ ខ្ញុំ​ចំណាំ​បាន​លោក​អាចារ្យ ១ អង្គ​ឈ្មោះ លឿក លោក​អាចារ្យ​នេះ​កាល​រៀប​បាលី​នៅ​ៗ ភ្នំពេញ​បាន​ធ្វើ​សមុហ​លោក​គ្រូ​សិរិសម្មតិវង្ស នេត្រ ក្នុង​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ។ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​សួរ​ពី​ចំនួន​ភិក្ខុ​សាមណេរ ជា​ដើម​ដូច​ក្នុង​វត្តកញ្ជោង លោក​គ្រូ​វត្ត​នេះ​ក៏​ឆ្លើយ​ដូច​គ្នា​នឹង​ឧបជ្ឈាយ៍​វត្តកញ្ជោង​ដែរ ថា​មិន​ត្រូវ​កាច់​ចង់​ឲ្យ​មាន​សាលា​រៀន ឲ្យ​មាន​គ្រូ​បង្រៀន​ទេ ព្រោះ​វត្ត​នេះ​ឧបាសក​ជើង​វត្ត​តិច​តួច​ស្ដួច​ស្ដើង​ណាស់ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​សួរ​ទៅ​លោក​សមុហ លឿក ថា ត្រូវ​ការ​ចង់​ចូល​រៀន​ទៀត​ឯ​សាលា​បាលី​ទេ ? លោក​សមុហ លឿក ឆ្លើយ​ថា​មិន​ត្រូវ​ការ​ទេ បើ​ប្រសិន​ជា​ត្រូវ​ការ​ចង់​រៀន​ក្នុង​សាលា​បាលី​នោះ កាល​នៅ​ឯ​ភ្នំពេញ​ស្រាប់​នោះ ចូល​រៀន​និង​គេ​ទៅ​ហើយ ។ លុះ​សួរ​រួច​ហើយ​បាន​ប្រគេន​សៀវ​ភៅ​និង​រូប​ផ្ដិត​ពុម្ព​ដល់​លោក​ចៅ​អធិការ​ វត្ត រួច​ចូល​ទៅ​មើល​វិហារ ហើយ​ត្រឡប់​មក​ទី​កន្លែង​ដែល​សំណាក់​វិញ
ដល់​ម៉ោង ១ ឯ​រសៀល​ចេញ​ទៅ​ម្ដង​ទៀត ទៅ​ម្ដង​នេះ លោក​គ្រូ សិរិវិសុទ្ធិវង្ស វត្តកំពងធំ​ក៏​ជូន​ទៅ​ដែរ​រួម​ជា ៥ នាក់​ទៅ​នោះ​ដរាប​ដល់​ផុត​ខែត្រ​ត្រាវិញ ដោយ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ កាល​ដែល​ចេញ​ពី​ព្រៃនគរ​ទៅ ខែត្រាវិញ នៅ ២៨ គីឡូម៉ែត្រ​ទៀត​ដល់​ទៅ​ត្រាវិញ ក៏​ឃើញ​វត្ត ១ ដាច់​តែ​ឯង ហើយ​ចំណាំ​ថា​នឹង​ចូល​មក​មើល​វត្ត​នេះ លុះ​ដល់​វេល​ដែល​ចេញ​មក​មើល​វត្ត ត្រូវ​តាម​ផ្លូវ​ដែល​ទៅ​នោះ​ក៏​បង្ហួស​មក​ចូល​វត្ត​នោះ​ឯង ឈ្មោះ​ថា​វត្តកំពង់រលេម នៅ​ក្នុង​ខែត្រ​វិញឡុង យួន​ហៅ​ថា យិញឡឹង ខ្មែរ​ហៅ ឡុង ហោ ក្នុង​ខែត្រ​វិញឡុង​នេះ​មាន​តែ​វត្ត ១ ប៉ុណ្ណោះ វត្ត​នេះ​ជា​វត្ត​តូច​ស្ដួច​ស្ដើង ព្រោះ​ជាតិ​ខ្មែរ​ជា​ចំណុះ​ជើង​វត្ត មាន​តិច មាន​ច្រើន​តែ​ពួក​យួន ។ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​សួរ​ដូច​វត្ត​ឯ​ទៀត ហើយ​បាន​ប្រគេន​សៀវភៅ​បរាភវសូត្រ ១ សៀវភៅ​ដែល​សរសើរ​គុណ​លោក​គ្រូ​ព្រះ មហាមិលធម្ម ១ និង​រូប​ផ្ដិត​ពុម្ព ៤ សន្លឹក រួច​ត្រឡប់​មក​វិញ​ចូល​មក​ក្នុង​ខែត្រ​ត្រាវិញ ឈៀង​ចូល​ទៅ​វត្តពីសី វត្ត​នេះ​យួន​ហៅ​ថា​វត្តបាស៊ី ក្នុង​ឃុំភឿងថាន់ កាល​ទៅ​ដល់​បាន​ឃើញ លោក​សង្ឃ​និង​ឧបាសក ឧបាសិកា ជា​ច្រើន​ចេញ​មក​ទទួល​ដល់​ទ្វារ​របង​វត្ត ព្រម​ទាំង​លេង​ភ្លេងសៀម និង​អុជផាវ​ទទួល ហើយ​បាន​ឃើញ​លោក​សង្ឃ​សុទ្ធ​តែ​ស្លៀក​ពាក់​សង្ប់​ចីពរ​បរិមណ្ឌល​ល្អ ខ្ញុំ​ក៏​នឹក​ថា​វត្ត​នេះ​ប្រហែល​ជា​មាន​ការ​រៀន​សូត្រ​ច្រើន លុះ​ក្រឡេក​មើល​ទៅ​ឃើញ​លោក​គ្រូ​អរិយធម្ម ពុំ​ទី​រាជាគណៈ នៅ​វត្តឧណ្ណាលោម​ក្រុង​ភ្នំពេញ មក​ក្នុង​ពួក​លោក​សង្ឃ​ទាំង​នោះ​ដែរ លុះ​សួរ​ទៅ​លោក​អរិយធម្ម​ៗ ប្រាប់​ថា​វត្ត​នេះ​ជា​វត្ត​លោក​ធ្លាប់​នៅ​ពី​ដើម សព្វ​ថ្ងៃ​នេះ​មាន​លោក ១ អង្គ​ឈ្មោះ ធន់ ជា​ប្អូន​លោក​ធ្វើ​អាចារ្យ​បង្រៀន​នៅ​វត្ត​នេះ ។ ហើយ​យើង​បាន​ចូល​ទៅ​អង្គុយ​ជួប​ជុំ​ក្នុង​ទី​សាលា ទើប​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ បាន​សួរ​ដូច​វត្ត​ឯ​ទៀត នោះ​លោក​ចៅអធិការ​នាម ខ្មៅ និង​លោក​អាចារ្យ ធន់ អាចារ្យ ចន្ទ ទាំង ២ ឆ្លើយ​ថា​ក្នុង​វត្ត​សព្វ​ថ្ងៃ​មាន​បង្រៀន​អក្សរ​ខ្មែរ អក្សរ​សៀម​និង​បង្រៀន​ធម៌​វិន័យ​តែ​ត្រូវ​ការ​ចង់​សុំ​ឲ្យ​មាន​គ្រូ​បង្រៀន ១ ទៀត​មក​ពី​ភ្នំពេញ ជា​គ្រូ​លោក​សង្ឃ ដើម្បី​និង​បង្រៀន​អក្សរ​ខ្មែរ អក្សរ​បារាំង និង​បាលី​ខ្លះ​ផង​ថែម​ទៀត វត្ត​នេះ​ឃើញ​ថា​មាន​ការ​ចង់​ឲ្យ​មាន​ការ​បង្ហាត់ បង្រៀន​ច្រើន​ដោយ​សេចក្ដី​ស្រឡាញ់​ចូល​ចិត្ត​ខាង​ការ​ចេះ​ដឹង​ច្រើន ព្រោះ​គេ​បាន​សង់​សាលា ១ ដោយ​ឥដ្ឋ ហើយ​បាន​បង្រៀន​ធម៌​វិន័យ​ក្នុង​សាលា​នេះ មក​ជា​យូរ​ឆ្នាំ​ហើយ​ដល់​មក​ក្នុង​សម័យ​នេះ ក៏​នៅ​តែ​ត្រូវ​ការ​សុំ​បន្ថែម​ឲ្យ​មាន​គ្រូ​មក​បង្រៀន​ថែម​ទៀត ហើយ​មាន​និយាយ​ថា សូម​ប្រគល់​វត្ត​ទាំង​មូល​ឲ្យ សូម​ឲ្យ​ជួយ​រៀប​ចំ​យ៉ាង​ណា ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ចម្រើន​ខាង​ផ្លូវ​ពុទ្ធ-សាសនា នោះ​យើង​ទាំង​អស់​គ្នា​ចេះ​តែ​ប្រតិបត្តិ​ធ្វើ​តាម ហើយ​សម្ដែង​សេចក្ដី​រាប់​អាន​ដូច​ជា​ធ្លាប់​បាន​ស្គាល់ ធ្លាប់​បាន​ជា​មិត្ត​នឹង​គ្នា​មក​យូរ​ហើយ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ ក៏​ពេញ​ចិត្ត​ជា​ច្រើន​នឹង​វត្ត​នេះ ហើយ​បាន​ប្រគេន​សៀវភៅ​នឹង​រូប​ផ្ដិត​ពុម្ព ហើយ​ចូល​ទៅ​មើល​វិហារ ។ រួច​ក៏​ចេញ​ពី​វត្តពីសី​នោះ ចំពោះ​ទៅ​វត្តសំរោង ក្នុង​ឃុំធៀកវ៉ាត ខ័ណ្ឌត្រាភូ ។ កាល​ដែល​ទៅ​ដល់​វត្តសំរោង បាន​ឃើញ​លោក​ចៅអធិការ​វត្ត​នេះ នាម គង់ និង​ឧបាសក​ជើង​វត្ត​រៀប​ចំ​ធ្វើ​បដិសណ្ឋារៈ​ទទួល​ដោយ​ការ​គួរ​សម​ក្នុង​ទី​ សាលា​វត្ត ហើយ​បាន​ចូល​ទៅ​ជួប​ជុំ​ក្នុង​ទី​សាលា​នោះ ហើយ​បាន​សួរ​ដូច​វត្ត​ឯ​ទៀត ។ ក្នុង​ទី​ដែល​ជួប​ជុំ​នោះ​មាន​លោក​គ្រូ​ឧបជ្ឈាយ៍​នៅ​វត្ត អង្គ និង​លោក​អធិការ​វត្ត​ឯ​ទៀត​ខ្លះ​ក៏​និមន្ត​មក​ជួប​ជុំ​ក្នុង​ទី​នោះ​ដែរ បាន​ឆ្លើយ​ថា​ត្រូវ​ការ​ចង់​ឲ្យ​មាន​សាលា​រៀន​និង​គ្រូ​បង្រៀន​ក្នុង​ វត្តសំរោង​នេះ លុះ​រួច​ការ​ប្រជុំ​នេះ​ហើយ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ បាន​ប្រគេន​សៀវភៅ​និង​រូប​ផ្ដិត​ពុម្ព​ដល់​លោក​ថោអធិការ​គ្រប់​វត្ត រួច​ហើយ​លោក​គ្រូ​ឧបជ្ឈាយ៍​វត្ត​អង្គ លោក​បាន​អញ្ជើញ​ឲ្យ​ចូល​ទៅ​វត្ត​លោក​ផង តែ​មិន​បាន​ទៅ​ព្រោះ​ពេល​តិច ក្រែង​មិន​អាច​នឹង​ចូល​ទៅ​វត្ត​ឯ​ទៀត​ៗ ដែល​​មាន​ក្នុង​ប្រូក្រាម​កំណត់​ឲ្យ​ចូល​មើល​ថ្ងៃ​នោះ គួរ​អាណិត​ដល់​លោក​គ្រូ​វត្តអង្គពេក ព្រោះ​លោក​ចាស់​ជរា​ណាស់​ហើយ​ៗ លោក​មាន​សេចក្ដី​រាប់​អាន​ច្រើន បាន​អញ្ជើញ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​ក្នុង​វេលា​នោះ​ម្ដង ដល់​ថ្ងៃ​ស្អែក​ឡើង​បាន​អញ្ជើញ​ម្ដង​ទៀត​ឯ​កំពង់ធំ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​ក៏​នឹក​ស្ដាយ​ពេក ដោយ​ពេល​តិច​មិន​អាច​នឹង​ឆ្លៀត​ពេល​ចូល​ទៅ​បាន​ឡើយ តែ​នឹក​បំណង​ថា ជាន់​ក្រោយ​និង​ចូល​ទៅ​វត្តអង្គ​ឲ្យ​បាន លុះ​ត្រឡប់​ពី​វត្តសំរោង​បាន​ចូល​ទៅ​វត្តឃឿន ក្នុង​ឃុំតាំងមី ខ័ណ្ឌត្រាញីវ កាល​ចូល​ទៅ​ដល់​ទី​វត្ត ឃើញ​ស្ងាត់​ឈឹង ហើយ​បាន​ឡើង​ទៅ​លើ​កុដិ​លោក​អធិការ​នាម សេង ឃើញ​លោក​សង្ឃ ៤-៥ អង្គ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​មិន​ឃើញ​មាន​អ្វី​នឹង​អ្គុយ ក៏​ចេញ​មក​អង្គុយ​លើ​ក្បាល​ជណ្ដើរ​ខាង​ក្រៅ ចំណែក​លោក​សង្ឃ​មាន​លោក​អធិការ​ជា​ដើម ឈរ​ពី​ខាង​ក្នុង​កុដិ ទើប​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​សួរ​ដូច​វត្ត​ឯ​ទៀត ហើយ​ប្រគេន​សៀវភៅ​និង​រូប​ផ្ដិត​ពុម្ព​ខ្លះ រួច​ត្រឡប់​មក​ពី​វត្ត​ឃឿន​នោះ​មក​វិញ ចូល​វត្ត​កំពង់​ជ្រៃ ឃុំ​មីភឿង ខ័ណ្ឌ​តាញីវធឿង កាល​ចូល​ទៅ​ដល់​មាន​គេ​ប្រាប់​ថា ក្នុង​វត្ត​នេះ មាន​លោក​ពី​ពួក​ដូច​ជា​អធិការ​ពីរ ១ ពួក​ខាង​ជើង ១ ពួក​ខាង​ត្បូង​ទាំង​ពី​ពួក​នេះ​បាន​ជា​មិន​ចុះ​សាមគ្គី​នឹង​គ្នា ព្រោះ​ពួក​ខាង​ជើង​ជា​សិស្ស​នៃ​ឧបជ្ឈាយ៍​វត្តថ្មទល់ ពួក​ខាង​ត្បូង​ជា​សិស្ស​នៃ​ឧបជ្ឈាយ៍​វត្ត​ឯ​ទៀត គឺ​សុទ្ធ​តែ​មាន​ទី​ពឹង​ទី​ពំនាក់​រាល់​ៗ ខ្លួន ហេតុ​នេះ​ជា​ដើម​ហើយ ដែល​បណ្ដាល​នាំ​ឲ្យ​លោក​ក្នុង​វត្ត​នេះ​បែក​គ្នា​ជា​ពីរ​ពួក ។ កាល​ឌែល​យើង​បាន​ចូល​ទៅ​ដល់​ឃើញ​លោក​ពួក​ខាង​ជើង​ចុះ​មក​ទទួល ឯ​លោក​ពួក​ខាង​ត្បូង​មិន​ចុះ​មក​រួប​រួម​ជា​មួយ​គ្នា​ទេ ​ប៉ុន្តែ​ចាង​វាង​ព្រះ​រាជ​បណ្ណាល័យ មាន​អធ្យាស្រ័យ ចង់​ឲ្យ​លោក​ទាំង​ពីរ​ពួក​និមន្ត​រួប​រួម​ជា​មួយ​គ្នា ទើប​ឲ្យ​គេ​និមន្ត​លោក​ពួក​ខាង​ត្បូង​មក​ជួប​ជុំ​ជា​មួយ​គ្នា​នឹង​កុដិ​លោក​ ពួក​ខាង​ជើង ហើយ​បាន​សួរ​ដូច​វត្ត​ឯ​ទៀត រួច​បាន​ប្រគេន​សៀវភៅ​និង​រូប​ផ្ដិត​ពុម្ព រួច​ចេញ​ពី​វត្ត​កំពង់ជ្រៃ ចូល​ទៅ​វត្ត​ថ្មទល់ ក្នុង​ឃុំ​ភឿងថាច់ ខ័ណ្ឌ​តាញីវធឿង ។ កាល​ចូល​ទៅ​វត្ត​ថ្ម​ទល់​នេះ ឃើញ​ស្ងាត់​ឈឹង ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ ក៏​មិន​ចុះ​ពី​រថយន្ត ព្រោះ​សួរ​ទៅ​ដឹង​ថា លោក​អធិការ​នាម អិន ដែល​ជា​ឧបជ្ឈាយ៍​វត្ត​នេះ និមន្ត​ចេញ​ទៅ​ឯ​ណា​បាត់​ទៅ​ហើយ គ្រាន់​តែ​សួរ​លោក​គ្រូ​សូត្រ​ពី​ចំនួន​ភិក្ខុ-សាមណេរ​និង​ក្មេង ហើយ​ផ្ញើរ​បផ្ដិត​ពុម្ព​ទុក​ឲ្យ​ប្រគេន​លោក​អធិការ រួច​ត្រឡប់​មក​វិញ ដល់​មក​កន្លែង​សំណាក់​ដើម​នៅ​វេលា​ម៉ោង ៦ ល្ងាច ។

ថ្ងៃ ២១ ខែ​យ៉ាំងវីយេ ឆ្នាំ ១៩២៨ វេលា​ម៉ោង ៧ ព្រឹក ចេញ​ទៅ​ម្ដង​ទៀត ចំពោះ​ទៅ​វត្តថ្កូវ​យួន​ហៅ ត្រាគូ ក្នុង​ឃុំថិញឈៀង ខ័ណ្ឌង៉ាយធឿង កាល​ទៅ​ដល់​វត្ត​នេះ​បាន​ឃើញ​លោក​ចៅអធិការ​នាម ប៉ែន ព្រម​ទាំង​ឧបាសក​ទាយក​រៀប​ចំ​ធ្វើ​បដិសណ្ឋារ ទទួល​ដោយ​ការ​គួរ​សម​ក្នុង​ទី​សាលា ១ មាន​រៀន​តុកៅអី​ព្រម​ទាំង​មាន​កំរ៉ាល​ពី​លើ​តុ ហើយ​រៀប​តាក់​តែង​ជា​ចម្លែក គឺ​យក​ដប​គូលែន​រៀប​បន្តុប​លើ​គ្នា ជា​ជួរ​ជា​សង្កាត់​ដូច​គេ​រៀប​លក់ ព្រម​ទាំង​ដបលីមូណាត់ នឹង​សារូ​ជា​ច្រើន លុះ​ជួប​ជុំ​គ្នា​ក្នុង​ទី​សាលា​នោះ​ហើយ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​សួរ​ដូច​វត្ត​ឯ​ទៀត រួច​បាន​ប្រគេន​សៀវភៅ​នឹង​រូប​ផ្ដិត​ពុម្ព​ហើយ​ឡើង​ទៅ​មើល​វិហារ រួច​ត្រឡប់​ពី​វត្ត​ថ្កូវ​បត់​ទៅ​វត្ត​ចេតិយ​ក្នុង​ឃុំ​ងឹវសើង ខ័ណ្ឌង៉ាយវ៉ាធឿង កាល​ទៅ​ដល់​បាន​ឃើញ​លោក​អធិការ​នាម កែវ ព្រម​ទាំង​បណ្ដារាស្រ្ត​ជើង​វត្ត​នេះ​បាន​ធ្វើ​បដិសណ្ឋារ ជា​ការ​ស្រួល​បួល​ណាស់​ដែរ នៅ​ក្នុង​ទី​សាលា​មាន​ជួប​ជុំ​លោក​សង្ឃ​និង​ឧបាសក​ជា​ច្រើន​រូប ហើយ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​សួរ​ដូច​វត្ត​ឯ​ទៀត ហើយ​បាន​ប្រគេន​សៀវភៅ និង​រូប​ផ្ដិត​ពុម្ព រួច​ឡើង​ទៅ​មើល​វិហារ ហើយ​ត្រឡប់​មក​វិញ​បត់​តាម​ផ្លូវ ១ ផ្សេង​តម្រង់​ត្រង់​ទៅ​វត្ត​កាសិត ក្នុង​ឃុំ​ហ្វោយឡុង ខ័ណ្ឌង៉ាយវ៉ាទ្រុង លោក​អធិការ​នេះ​នាម​ទៀង ។ កាល​ទៅ​ដល់​វត្ត​នេះ​វេលា​ម៉ោង ១១ ព្រឹក កាល​មុន​នឹង​ទៅ​ដល់​វត្ត​នេះ​គឺ​ទើប​នឹង​ដល់​ទៅ​ផ្លូវ​បត់ ឃើញ​មនុស្ស​ម្នាក់​ជា​បំរើ​លោក​ចៅហ្វាយ​ខ័ណ្ឌ គើវ មាន​ងារ​កិត្តិយស​ជា​ចៅហ្វាយ​ស្រុក ជា​ធំ​ក្នុង​ខណ្ឌ​នេះ បាន​នាំ​យក​កាត​នាម (កាតវិស៊ិត) របស់​លោក​ចៅហ្វាយ​ខណ្ឌ គើវ ១ សន្លឹក​មក​ចាំ​នៅ​ដើម​ផ្លូវ សេចក្ដី​សរសេរ​ថែម​ក្នុង​កាត​នោះ​ថា សូម​អញ្ជើញ ម៉ាដឺមូអាហ្ស៊ែល សូម​និមន្ត​ព្រះ​តេជ​ព្រះ​គុណ​ចូល​ទៅ​វត្តកាសិត​ក្នុង​ខណ្ឌ​ខ្ញុំ​ព្រះ​ ករុណា​ជា​មុន ហើយ​សឹម​អញ្ជើញ​សឹម​និមន្ត​ទៅ​វត្ត​ឯ​ទៀត​ៗ ជា​ក្រោយ តែ​ការ​ដែល​ទៅ​នេះ​ក៏​ពុំ​បាន​សម្រេច​តាម​សេចក្ដី​និមន្ត​​ឡើយ ព្រោះ​អ្នក​នាំ​សំបុត្រ​នោះ​យូរ​បន្តិច ដំណើរ​ដែល​អស់​យើង​ទៅ​នោះ ដោយ​រថយន្ត​រហាស់​ហួស​ទៅ​វត្ត​ឯ​ទៀត​ៗ មុន​លុះ​ដល់​ត្រឡប់​មក​វិញ​ទើប​ឃើញ​សំបុត្រ ហើយ​ឲ្យ​អ្នក​នាំ​សំបុត្រ​ឡើង​រថយន្ត​ជា​មួយ​គ្នា​ទៅ នៅ​ចំនួន​តែ​ជាង ១០០ ម៉ែត្រ​ទៀត​នឹង​ដល់​ទៅ​វត្ត​កាសិត ក៏​ដល់​ទៅ​ផ្ទះ​លោក​ចៅហ្វាយ ខណ្ឌ គើវ ៗ ក៏​ចេញ​មក​ទទួល ហើយ​សូម​អញ្ជើញ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ នឹង​សូម​និមន្ត​ខ្ញុំ​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​ជា​មុន ហើយ​សឹម​ឲ្យ​ហួស​ទៅ​វត្ត តែ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ ឃើញ​ថា​ពេល​ជិត​ថ្ងៃ​ត្រង់​ហើយ ចង់​ឲ្យ​ខ្លួន​ខំ​ទៅ​ទទួល​ចង្ហាន់​ឯ​វត្ត ដល់​រួច​ការ​ហើយ​សឹម​ត្រឡប់​មក​វិញ​នឹង​ចូល​ផ្ទះ​លោក​ចៅ​ហ្វាយ​ខណ្ឌ គើវ ជា​ក្រោយ ទើប​បង្ហួស​ទៅ​ឯ​វត្តកាសិត កាល​ដែល​ទៅ​ដល់​នោះ​បាន​ឃើញ​លោក​សង្ឃ​នឹង​ឧបាសក​ជា​ច្រើន​នៅ​ចាំ​ទទួល អញ្ជើញ​ឲ្យ​ឡើង​ទៅ​លើ​សាលា​ដែល​ជា​ទី​រៀប​ចំ​ទទួល​ហើយ​ក៏​ធ្វើ​បដិសណ្ឋារៈ​ ប្រាស្រ័យ​ដោយ​រាក់​ទាក់ ហើយ​ក៏​រំសាយ​ទៅ​វិញ​ដោយ​ដល់​ពេល​អាហារ ។ លុះ​ដល់​ផុត​ពេល​អាហារ​ហើយ​ក៏​មក​ប្រជុំ​គ្នា​លើ​ទី​សាលា មាន​ព្រះ​សង្ឃ​ចំនួន ១៩ វត្ត​ដែល​នៅ​ក្នុង​ខណ្ឌ​នេះ មក​ជួប​ជុំ​ព្រម​គ្នា ថែម​វត្ត​ជ្រោយ​ទន្សាយ ១ ទៀត ជា ២០ វត្ត ឯ​ជ្រោយ​ទន្សាយ​នៅ​ក្នុង​ខណ្ឌ​ផ្សេង​ទេ តែ​បាន​ជា​មក​ឲ្យ​ជួប​ជុំ​ក្នុង​វត្ត​នេះ​ព្រោះ​ថា​មាន​សេចក្ដី​យល់​ឃើញ​នឹង ​សេចក្ដី​ប្រតិបត្តិ តាម​ផ្លូវ​ពុទ្ធសាសនា​ត្រូវ​គ្នា តែ​ដែល​មក​នេះ​លោក​អធិការ​មិន​បាន​មក​ទេ គឺ​លោក​អាចារ្យ លកខណ៍ មក​ជំនួស ។
ឯ​វត្ត​ទាំង ១៩ នោះ​គឺ ១ វត្តកាសិត ២ វត្តស្លាបាង ៣ វត្តជ្រៃគោក ៤ វត្តរំដួល ៥ វត្តតារាំ ៦វត្តដំបងពាក់ ៧ វត្តជ្រោយប្រាសាទ ៨ វត្តបាយាម ៩ វត្តឫស្សី ១គុម្ព ១០ វត្តព្រះប្រាង្គណ៍ ១១ វត្តកំពង់សាលា ១២ វត្តព្រៃវល្លិ ១៣ វត្តផ្នោរព្រាល ១៤ វត្តទ្រព្រះបាទ ១៥ វត្តផ្នោរទំពូង ១៦ វត្តផ្នោរអណ្ដូង ១៧ វត្តកោះទន្លាប់ ១៨ វត្តបាត្រាច ១៩ វត្តក្បាលទូកជា ២០ វត្តជ្រោយទន្សា ។ កាល​ដែល​ជួប​ជុំ​គ្នា​ហើយ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​សួរ​លោក​គ្រប់​ វត្ត​ពី​ចំនួន​ភិក្ខុ សាមណេរ ក្មេង​នឹង​សួរ​ពី​កិច្ច​ការ​រៀន​សូត្រ​ក្នុង​វត្ត ដូច​សេចក្ដី​សួរ​ក្នុង​វត្ត​ឯ​ទៀត​មុន​ៗ លោក​ទាំង​អស់​នោះ​ក៏​ឆ្លើយ​ប្រាប់​ពី​ចំនួន​ភិក្ខុ សាមណេរ ក្មេង ហើយ​ឆ្លើយ​ថា​ត្រូវ​ការ​ចង់​បាន​គ្រូ​បង្រៀន​ស្ទើរ​តែ​គ្រប់​វត្ត ដើម្បី​ឲ្យ​បង្រៀន​អក្សរ​ខ្មែរ បាលី ធម៌​វិន័យ​នឹង​ភាសា​បារាំង​សែស​ផង លោក​សង្ឃ​ទាំង​ប៉ុន្មាន​វត្ត ដែល​នៅ​ក្នុង​ខណ្ឌ​ង៉ាយរ៉ាទ្រុង​នេះ​មាន​វត្តកាសិត​នឹង​វត្តកំពង់សាលា​ជា​ ដើម​តាម​ដែល​សង្កេត​មើល​ទៅ​ឃើញ​ថា​មាន​អធ្យាស្រ័យ​ស្រឡាញ់ នឹង​ការ​រៀន​សូត្រ​ច្រើន​គ្រាន់​បើ​ជាង​លោក​សង្ឃ​ដែល​នៅ​ខណ្ឌ​ឯ​ទៀត​ៗ តាម​ដែល​បាន​ដឹង​ថា ព្រោះ​ចៅហ្វាយ​ខណ្ឌ​នេះ​ជាតិ​ជា​ខ្មែរ ហើយ​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា ​ដោយ​មាំ​មួន​ណាស់ ហើយ​មាន​ចិត្ត​ជ្រះ​ថ្លា​នឹង​ព្រះ​សង្ឃ​ដែល​ជា​អ្នក​រៀន​សូត្រ​នោះ​ផង ម្ល៉ោះ​ហើយ​ព្រះ​សង្ឃ​ក្នុង​ខណ្ឌ​នោះ ក៏​ត្រឡប់​មាន​ចិត្ត​ប្រតិបត្តិ​ល្អ​បាន​ដោយ​ច្រើន ដោយ​អំណាច​លោក​ចៅហ្វាយ​ខណ្ឌ គើវ នេះ​ឯ​ចៅ​ហ្វាយ​ខណ្ឌ​ក្នុង​ខណ្ឌ​ឯ​ទៀត​ៗ ក្នុង​ខែត្រ​ត្រាវិញ​នេះ​សុទ្ធ​តែ​ជា​ជាតិ​យួន​ទាំង​អស់ គេ​មិន​ត្រូវ​ការ​នឹង​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ឡើយ ម្ល៉ោះ​ហើយ​លោក​សង្ឃ​ក្នុង​ខណ្ឌ​ទាំង​នោះ ក៏​មិន​សូវ​មាន​កម្លាំង​នឹង​រៀន​សូត្រ ។
កាល​ដែល​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​សួរ​ហើយ ក៏​បាន​កត់​តាម​ចម្លើយ ដែល​លោក​គ្រប់​វត្ត​ឆ្លើយ រួច​បាន​ប្រគេន​សៀវភៅ​នឹង​រូប​ផ្ដិត​ពុម្ព​ដល់​លោក​អធិការ​គ្រប់​វត្ត ។ លុះ​រួច​កិច្ច​ក្នុង​វត្ត​ហើយ ក៏​ត្រឡប់​ចេញ​មក​ចូល​ផ្ទះ​លោក​ចៅ​ហ្វាយ​ខណ្ឌ​គើវ ព្រះ​សង្ឃ​គ្រប់​វត្ត​និមន្ត​មក​ជួប​ជុំ​នៅ​ទី​ផ្ទះ​នោះ​ទៀត ។ ក្នុង​ឱកាស​ដែល​ជួប​ជុំ​នោះ លោក​ចៅ​ហ្វាយ​ខណ្ឌ គើវ បាន​និយាយ​ចំពោះ​មុខ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​ថា ម៉ាដឺមូអាហ្ស៊ែល ខ្ញុំ​មាន​អំណរ​ដោយ​ក្រៃ​លែង ដែល​ម៉ាដឺមូអាហ្ស៊ែល បាន​អញ្ជើញ​មក​ក្នុង​ស្រុក​យើង ហើយ​បាន​ជួយ​ទំនុក​បម្រុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ស្រុក​យើង ដើម្បី​និង​ឲ្យ​បាន​ចម្រើន​រុង​រឿង​ឡើង ព្រោះ​ខ្លួន​ខ្ញុំ​ក៏​ជា​អ្នក​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ដែរ ខ្ញុំ​បាន​ដឹង​យូរ​ថ្ងៃ​ហើយ​ថា ម៉ាដឺមូអាហ្ស៊ែល​នឹង​អញ្ជើញ​មក ខ្ញុំ​ក៏​មាន​សេចក្ដី​ត្រេក​អរ​នឹង​សេចក្ដី​ពេញ​ចិត្ត​ទុក​តាំង​ពី​ថ្ងៃ​មុន ឥឡូវ​ថ្ងៃ​នេះ ម៉ាដឺមូហ្ស៊ែល បាន​អញ្ជើញ​មក​ដល់ ខ្ញុំ​ក៏​រឹង​រឹត​តែ​មាន​សេចក្ដី​ត្រេក​អរ​ទ្វេរ​ឡើង​ទៀត ខ្ញុំ​សូម​ជូន​ពរ សូម​ឲ្យ​ម៉ាដឺមូហ្ស៊ែល​មាន​អាយុ​វែង និង​បាន​ជួយ​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ត​ទៅ ហើយ​ត្រឡប់​បែរ​មក​និយាយ​រឿង​ខ្ញុំ​ទៀត​ថា "ព្រះ​តេជ​ព្រះ​គុណ​បាន​និមន្ត​មក​ជួយ​រំលឹក​ដាស់​តឿន ដើម្បី​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ទី​នេះ​បាន​លូត​លាស់​ដុះ​ឡើង សូម​ព្រះ​តេជ​គុណ​នៅ​ឲ្យ​បាន​សេចក្ដី​សុខ សេចក្ដី​ចម្រើន​ត​រៀង​ទៅ" ។ ទើប​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​និយាយ​តប​ទៅ​វិញ​ថា "លោក​ចៅហ្វាយ​ខណ្ឌ ចំណែក​ខាង​ខ្ញុំ​ដែល​មក​នេះ បាន​ឃើញ​លោក​ចៅហ្វាយ​ខណ្ឌ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​ដែល​នាំ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​បាន​ចម្រើន​ឡើង ខ្ញុំ​ក៏​មាន​សេចក្ដី​ត្រេក​អរ​ក្រៃ​ពេក​ណាស់ សូម​ឲ្យ​លោក​បាន​តម្កល់​នៅ​ក្នុង​សេចក្ដី​សុខ សេចក្ដី​ចម្រើន​ត​ទៅ ។ ម្យ៉ាង​ទៀត​សូម​ឲ្យ​លោក​យក​ចិត្ត​ទុក​ដាក់​ជួយ​ផ្សាយ​សៀវភៅ​ធម៌​អាថ៌​ព្រះ​ ពុទ្ធ​សាសនា ឲ្យ​បាន​ផ្សាយ​សព្វ​ក្នុង​ដំបន់​នេះ ដើម្បី​នឹង​ឲ្យ​អ្នក​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា បាន​រៀន​សូត្រ​ចេះ​ដឹង ហើយ​នឹង​បាន​ប្រតិបត្ត​ឲ្យ​ត្រឹម​ត្រូវ​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា ៗ ក៏​នឹង​ចម្រើន​ឡើង​ដោយ​លំដាប់ ។
លុះ​រួច​ហើយ​ក៏​ភិក្ខុ​សង្ឃ និង​លោក​ចៅហ្វាយ​ខណ្ឌ គើវ ចេញ​ពី​នោះ​មក​នៅ​វេលា​ម៉ោង ១ រសៀល​ទ្រឡប់​ទៅ​តាម​ផ្លូវ ១ ផ្សេង​ចំពោះ​ទៅ​ទៅ​វត្ត​ផ្នោររាំង ក្នុង​ឃុំ ឡាង ស៊ឺង ខណ្ឌ យិញឡឺយ កាល​ចូល​ទៅ​ដល់​វត្ត​នេះ បាន​ដឹង​ថា​លោក​អធិការ​វត្ត​នេះ និមន្ត​ទៅ​ឯ​វត្ត​កោះសោម​ហើយ បម្រុង​និង​ជួប​ជុំ​នៅ​វត្តកោះសោម ទើប​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​សួរ​លោក​គ្រូ​សូត្រ​វត្ត​នោះ​ដូច​វត្ត ​ឯ​ទៀត ហើយ​ផ្ញើ​សៀវភៅ​នឹង​រូប​ផ្ដិត​ ពុម្ព​ទុក​ឲ្យ​ប្រគេន​លោក​អធិការ រួច​ត្រឡប់​មក​វិញ ដល់​មក​ផ្លូវ ១ ដែល​​បត់​ចូល​ទៅ​វត្តកោះសោម ផ្លូវ​នោះ​រថយន្ត​ចូល​ទៅ​មិន​បាន ទៅ​បាន​តែ​ដោយ​ជើង​ទទេ ។ យើង​មាន​សេចក្ដី​ត្រូវ​នឹង​ចង់​ចូល​ទៅ​វត្តកោះសោម ដោយ​ក្រៃ​ពេក ព្រោះ​បាន​ដឹង​ថា​វត្តកោះសោម​នោះ​ជា​វត្ត​ធំ​មាំ​មួន​ជា​វត្ត​ឯ​ទៀត ប៉ុន្តែ​និង​បង្ខំ​ទៅ​ដោយ​រថយន្ត​មិន​រួច​នឹង​ចុះ​ដើរ ក្រែង​យូរ​ពេក​ក្រែង​ត្រឡប់​មក​មិន​ទាន់ ពេល​ដែល​មាន​ប្រជុំ​ធំ​នៅ​ក្នុង​វត្តកំពង់ធំ ហេតុ​នោះ​អស់​យើង​ក៏​ខំ​កាត់​ចិត្ត​បង្ហួស​វត្តកោះសោម ត្រឡប់​មក​កាន់​ទី​សំណាក់​ដើម​វិញ ។
នៅ​វេលា​ម៉ោង ៦ ល្ងាច ជួប​ជុំ​នៅ​ក្នុង​ទី​វិហារ​វត្តកំពង់ធំ ក្នុង​ឱកាស​ដែល​ជួប​ជុំ​នោះ លោក​ឡាត់មីនិស្រ្តាទ័រ នៅ​ត្រាវិញ​ក៏​បាន​អញ្ជើញ​មក​ជួប​ជុំ​ជា​មួយ​និង​ចាង​ហ្វាង​ព្រះ​រាជ​ បណ្ណាល័យ និង​លោក​សង្ឃ​ចំនួន ៤០ វត្ត ឯ​វត្ត​ទាំង ៤០ នោះ ខ្ញុំ​មិន​ចាំ​ឈ្មោះ​ទាំង​អស់ ព្រោះ​នៅ​វេលា​នោះ​មាន​ពេល​ខ្លី​ណាស់​មិន​អាច​នឹង​សួរ​ឈ្មោះ​វត្ត​ហើយ​កត់​ ទុក​បាន តែ​ចំណាំ​បាន​ខ្លះ គឺ​វត្ត ឃឿន វត្តទល់ វត្តអង្គ វត្តពិសី និង វត្តកាសិត វត្តជ្រោយទន្សា ជា​ដើម ១ អន្លើ នឹង​ឧបាសក​ស្រី- ប្រុស​ប្រហែល ២០០ នាក់ មាន​លោក​ចៅហ្វាយ​ខណ្ឌ គើវ ជា​ដើម​ដែល​បាន​ជួប​ពី​មុន​រួច​ហើយ​នោះ ក៏​បាន​មក​កាន់​ទី​ប្រជុំ​នេះ​ខ្លះ​ទៀត​ជា​ច្រើន ។ នៅ​វេលា​ដែល​បាន​ជួប​ជុំ​នោះ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ បាន​ឲ្យ​ខ្ញុំ​អធិប្បាយ​ពន្យល់​ពី​ព្រះ​ពុទ្ធ​សាសនា ដែល​ផ្សាយ​ចូល​មក​ក្នុង​ក្រុង​កម្ពុជា ជា​ដំបូង រហូត​ដល់​មក​សព្វ​ថ្ងៃ​នេះ ដែល​រាជការ​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ខាង​ដែន​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​សាលាបាលី​នឹង​ព្រះ​រាជ​បណ្ណាល័យ រហូត​ដល់​មក​កិច្ច​ដែល​រាជការ​បាន​អនុញ្ញាត​ឲ្យ​មាន​ដំណើរ​មក​ក្នុង​ដែន​ កូសាំងស៊ីន ចំណុះ​ខែត្រ​ដែល​មាន​ព្រះ​ពុទ្ធ​សាសនា ដោយ​រាជការ​ខាង​ដែន​កូសាំងស៊ីន​មាន​ប្រាថ្នា​នឹង​បង្កើត​ឲ្យ​មាន​សាលា​ បង្រៀន​ក្នុង​វត្ត សម្រាប់​បង្រៀន​វិជ្ជា​ខាង​ខ្មែរ​នឹង​ព្រះ​ពុទ្ធ​សាសនា ខ្ញុំ​ក៏​មិន​បាន​អធិប្បាយ​តាម​សេចក្ដី​ខាង​លើ​ជា​សេចក្ដី​ខ្លី​ៗ ល្មម​តែ​ស្ដាប់​បាន លុះ​អធិប្បាយ​រួច​ហើយ ទើប​លោក​សង្ឃ​និង​ឧបាសក​ដែល​ស្ដាប់​បាន ក៏​មាន​ចិត្ត​ជឿ​នឹង​រីក​រាយ​គ្រប់​គ្នា​ក្នុង​ពេល​នោះ​ឯង មាន​លោក​សង្ឃ​វត្ត​ខ្លះ​សុំ​បង្កើត​ឲ្យ​មាន​សាលា​ឲ្យ​មាន​គ្រូ​បង្រៀន ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ ក៏​បាន​សេចក្ដី​ត្រេក​អរ​ចំពោះ​ទៅ​កាន់​លោក​សង្ឃ និង​ឧបាសក ដោយ​សេចក្ដី​សម​គួរ លុះ​រួច​កិច្ច​ប្រជុំ​នេះ​ហើយ លោក​សង្ឃ​និង​ឧបាសក​ទាំង​អស់ ក៏​ត្រឡប់​ទៅ​កាន់​ទីលំនៅ នៃ​ខ្លួន​វិញ​ទៅ ។
ក្នុង​វេលា​យប់​នោះ ខ្លួន​ខ្ញុំ​បាន​ទៅ​និយាយ​សន្ទនា​នឹង​លោក​គ្រូ​សិរិវិសុទ្ធវង្សា លី ជា​ធំ​ក្នុង​វត្តកំពង់ធំ បាន​សួរ​លោក​ពី​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​នៅ​ក្នុង​ស្រុក​កូសាំងស៊ីន​នេះ លោក​ក៏​បាន​និយាយ​ប្រាប់​រឿង ១ ជា​រឿង​គួរ​ឲ្យ​ចង់​ស្ដាប់​ៗ ហើយ​និង​កើត​សេចក្ដី​ស្ងើច សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ។ រឿង​ដែល​លោក​និយាយ​ប្រាប់​ដូច្នេះ​ថា ៖
កាល​ស្រុក​កូសាំងស៊ីន​នេះ នៅ​ជា​របស់​ខ្មែរ​នៅ​ឡើយ កាល​នោះ​ក្សត្រី ១ អង្គ​ព្រះ​នាម​អង្គ ម៉ី ជា​ព្រះ​រាជ​បុត្រី​ព្រះ​បាទ​អង្គ ចន្ទ បាន​សោយ​រាជ្យ​គ្រប់​គ្រង​ផែន​ដី​ខ្មែរ ក្នុង​រាជ​នើ​មាន​យួន​ឈ្មោះ ទ្រឿង មិញយ៉ាង ជា​សេនា​ទាហាន​ធំ​របស់​យួន លើក​កង​ទ័ព​មក​ច្បាំង​ដណ្ដើម​យក​ទឹក​ដី​ខ្មែរ ស្ដេច​អង្គ ម៉ី ក៏​អប្បរាជ័យ​ចាញ់​ទ័ព​យួន​ៗ ដណ្ដើម​យក​បាន​ដី​ព្រៃ​នគរ មីថរ ឡុងហោ ផ្សារ​ដែក បាសាក់ ព្រះ​ត្រពាំង ។
ព្រះ​អង្គ ម៉ី សោយ​រាជ្យ​បាន​តែ ៧ ឆ្នាំ​ក៏​ទិវង្គត​ទៅ ក្រោយ​នោះ​ពួក​យួន​មាន​អំណាច​ជិះ​ជាន់​ញាំញី​ព្រះ​ពុទ្ធ​សាសនា បង្គាប់​ឲ្យ​ពួក​លោក​សង្ឃ​ខ្មែរ ស្លៀក​ខោ​ពាក់​អាវ​ដូច​ជា​លោក​សង្ឃ​យួន ក្នុង​សម័យ​នោះ មាន​ចៅ​ហ្វាយ​ស្រុក​ខ្មែរ​ម្នាក់​ឈ្មោះ គុយ ជា​អ្នក​ត្រួត​ត្រា ក្នុង​ខែត្រ​នេះ​តែ​នៅ​ក្នុង​អំណាច​យួន ក៏​ឈឺ​ចិត្ត​ពេក​ណាស់ ដោយ​យួន​មក​ញាំញី​ព្រះ​ពុទ្ធ​សាសនា ប្រាថ្នា​និង​បំបាត់​ភេទ​សមណៈ​ដូច្នេះ ចៅ​ហ្វាយ​ស្រុក គុយ ក៏​នឹក​រឭក​ដល់​គុណ​ព្រះ​ពុទ្ធ​សាសនា ហើយ​ក៏​កើត​បសេចក្ដី​ជ្រះ​ថ្លា​ដ៏​មាន​កម្លាំង អាច​ហ៊ាន​ផ្ដូរ​ជីវិត​អាត្មា​និង​ព្រះ​ពុទ្ធ​សាសនា ទើប​ចូល​ទៅ​និយាយ​នឹង​ពួក​អ្នក​រាជការ​យួន ថា​ជាតិ​ខ្មែរ​កាន់​ព្រះ​ពុទ្ធ​សាសនា ហើយ​លះ​ទ្រព្យ​សម្បត្តិ​ប្រពន្ធ​កូន​មក​បួស កាន់​ភេទ​ជា​សមណៈ នេះ ត្រូវ​តែ​ស្លៀក​ស្បង់​ពាក់​ចីពរ​តាម​បែប​នេះ ទើប​ហៅ​ថា​អ្នក​បួស​ដោយ​ត្រឹម​ត្រូវ មិន​ត្រូវ​ឲ្យ​ស្លៀក​ខោ​ពាក់​អាវ​ដូច្នេះ​ទេ ។ ពួក​យួន​មិន​ស្ដាប់​ចេះ​តែ​បង្ខំ​ញាំញី​បៀត​បៀន ឲ្យ​ស្លៀក​ខោ​ពាក់​អាវ ដូច​លោក​សង្ឃ​យួន ចៅ​ហ្វាយ​ស្រុក គុយ ក៏​យក​ជីវិត​ប្ដូរ​និង​ព្រះ​ពុទ្ធ​សាសនា ហើយ​ចូល​ទៅ​និយាយ​នឹង​រាជការ​យួន​ទៀត​ថា ខ្ញុំ​សូម​ឲ្យ​ភេទ​អ្នក​បួស​និង​កិច្ច​ពុទ្ធ​សាសនា តាំង​នៅ​ក្នុង​ស្រុក​នេះ​ដូច​ដើម ហើយ​សូម​ឲ្យ​រាជការ​យួន​សម្លាប់​ខ្លួន​ខ្ញុំ​ចុះ ។ រាជការ​យួន​ក៏​ព្រម​សន្យា​ទុក​ភេទ​អ្នក​បួស​និង​កិច្ច​សាសនា​ឲ្យ ហើយ​ក៏​ប្រហារ​ជីវិត​ចៅហ្វាយ​ស្រុក គុយ នោះ​ទៅ គ្រា​ដែល​រាជការ​យួន សម្លាប់​ចៅ​ហ្វាយ​ស្រុក គុយ នោះ ក៏​កើត​អស្ចារ្យ​ងងឹត​មេឃ​ភ្លៀង​ធ្លាក់​អស់ ៧ យប់ ៧ ថ្ងៃ ។ ក្រោយ​នោះ​បណ្ដារ​ជន​ខ្មែរ​ទាំង​ឡាយ ក៏​នាំ​គ្នា​លើក​សព​ធ្វើ​បុណ្យ​ឈាបនកិច្ច​ស្រេច​ហើយ បាន​សាង​ចេតិយ ១ នៅ​ក្នុង​វត្តកំពង់ធ ខាង​ជ្រុង ឦសានវិហារ ហើយ​បញ្ចុះ​ធាតុ​ចៅហ្វាយ​ស្រុក គុយ ក្នុង​ចេតិយ​នោះ តាំង​ពី​កាល​នោះ​រៀង​មក​ដល់​ឥឡូវ​នេះ ជា​យូរ​អង្វែង​ឆ្នាំ​ហើយ នឹង​កំណត់​ថា​ប៉ុណ្ណេះ​ប៉ុណ្ណោះ​ឆ្នាំ​ពុំ​បាន ប៉ុន្តែ​មនុស្ស​ជាន់​ចាស់​ៗ បាន​ចាំ​មក​ដល់​ឥឡូវ​នេះ​ស្ទើរ​តែ​រាល់​គ្នា ។
សព្វ​ថ្ងៃ​នេះ​ចេតិយ​នោះ​ក៏​ទ្រុឌ​ទ្រោម​បាក់​បែក​ហើយ លោក​គ្រូ សិរិវិសុទ្ធិវង្សា លី វត្តកំពង់ធំ នឹង​លោក​ចៅហ្វាយ​ស្រុក គើវ លោក​មាន​ចិត្ត​កត្តញ្ញូ​រឭក​ដល់​គុណ​ចៅហ្វាយ​ស្រុក គុយ ដោយ​គិត​ឃើញ​ថា​អ្នក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​មាន​ក្នុង​ដែន​កូសាំងស៊ីន ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​អំណាច​លោក​ចៅហ្វាយ​ស្រុក គុយ នោះ​ឯង ហេតុ​នោះ​បាន​ជា​សព្វ​ថ្ងៃ​លោក​គ្រូ សិរិវិសុទ្ធិវង្សា លី និង​លោក​ចៅហ្វាយ​ស្រុក គើវ លោក​កំពុង​អង្គាស​ឃោសនា​អស់​បណ្ដាជន​ជាតិ​ខ្មែរ​ក្នុង​ស្រុក​នោះ ឲ្យ​ចូល​ប្រាក់​តាម​សទ្ធា​នឹង​បាន​កសាង​ចេតិយ​នោះ ជា​ថ្មី​ឡើង​វិញ ។
ខ្លួន​ខ្ញុំ​បាន​ស្ដាប់​រឿង​នេះ​ហើយ ក៏​មាន​សេចក្ដី​ស្ងើច​ក្នុង​ចិត្ត​គិត​ថា ឱ​រឿង​នេះ​អស្ចារ្យ​ពេក ក្នុង​ជាន់​នោះ​មាន​អ្នក​ដែល​ជឿ​កាន់​ព្រះ​ពុទ្ធ​សាសនា​មាំមួន អាច​ហ៊ាន​ប្ដូរ​ជីវិត​របស់​ខ្លួន​នឹង​ពុទ្ធ​សាសនា​ដូច​សេចក្ដី​ខាង​លើ ឯ​សព្វ​ថ្ងៃ​នេះ ដូច​ជា​រក​អ្នក​ណា​មួយ​ឲ្យ​មាន​សទ្ធា​ចិត្ត​ជឿ​ស្រឡាញ់​ពុទ្ធ​សាសនា​ដូច្នោះ មិន​មាន​ឡើយ ។
ក្នុង​ខែត្រ​ត្រាវិញ​នេះ យើង​ខ្ញុំ​បាន​ឃើញ​វត្ត​លោក​សង្ឃ​ខ្មែរ ដែល​ល្អ​ៗ ជា​ច្រើន​វត្ត ចំណែក​ខាង​លោក​សង្ឃ ក៏​ឃើញ​មាន​សេចក្ដី​ចម្រើន​ក្នុង​ការ​រៀន​សូត្រ​បាន ៧-៨ វត្ត​ដែរ​ហើយ ចំណែក​ខាង​ឃរាវាស​ជាតិ​ខ្មែរ មក​កាន់​ព្រះ​ពុទ្ធ​សាសនា ឃើញ​ថា​ជា​ទាយក​អ្នក​មាន​សទ្ធា​ធ្វើ​ទាន​ដោយ​ច្រើន​នាក់ ប៉ុន្តែ​ចំណែក​ខាង​ឧបាសិកា​អ្នក​រក្សា​សីល​មិន​សូវ​មាន​ច្រើន ។ ក្នុង​ខែត្រ​ត្រាវិញ​នេះ ច្រើន​ឮ​មនុស្ស​ជាតិ​ខ្មែរ​និយាយ​ប្រាប់​ថា សព្វ​ថ្ងៃ​នេះ​លំបាក​ណាស់​ព្រោះ​អ្នក​ធ្វើ​រាជការ​សុទ្ធ​តែ​ជាតិ​យួន ច្រើន​តែ​បៀត​បៀន​ពួក​ខ្មែរ​ឲ្យ​បាន​សេចក្ដី​លំបាក បើ​ពួក​ខ្មែរ​មាន​ការ​អ្វី​ៗ លុះ​តែ​បង់​ប្រាក់​ទើប​សម្រេច​បាន ម្ល៉ោះ​ហើយ​ជាតិ​ខ្មែរ​ក្នុង​ស្រុក​នេះ ចេះ​តែ​ធ្លាក់​ចុះ​ទៅ​ជា​អ្នក​ក្រខ្សត់​បន្តិច​ម្ដង​ៗ ។
ម្យ៉ាង​ទៀត យើង​បាន​សង្កេត​មើល​អស់​ទាំង​បណ្ដា​ជន​ជាតិ ខ្មែរ​ក្នុង​ខេត្រ​ត្រាវិញ​នេះ សុទ្ធ​តែ​ចេះ​និយាយ​ភាសា​យួន​គ្រប់​គ្នា ហើយ​មាន​សម្លៀក​បំពាក់ ច្រឡំ​គ្នា​នឹង​ជាតិ​យួន​ពាក់​កណ្ដាល​ទាំង​សម្ដី​ដែល​និយាយ​ជា​ភាសា​ខ្មែរ ក៏​មិន​ច្បាស់​លាស់ ច្រើន​ព្រលាំ​ៗ ហើយ​សម្ដី​នោះ​ច្រើន​លាយ​ច្រឡំ​គ្នា​និង​ភាសា​យួន​ខ្លះ ។

ដំណើរ​ចេញ​ពី​ខេត​ត្រាវិញ​ថ្ងៃ ២២ ខែ​យ៉ាំងវីយេរ​ឆ្នាំ ១៩២៨

វេលា​ម៉ោង ៩ ព្រឹក ចេញ​ពី​ខេត្ត​ត្រាវិញ ចំពោះ​ទៅ​ខេត្ត​បាក់លីវ (ខ្មែរ​ហៅ​ប៉ោលាវ) ដោយ​រថយន្ត​ដដែល បាន​ទៅ​ដល់​ខេត្ត​កងថី នៅ​វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់ បាន​ឈប់​នៅ​ទី​ខេត្ត​នោះ​អស់ ១ ម៉ោងកន្លះ ទើប​ចេញ​ពី​ខេត​កងថី​ទៅ​ទៀត បាន​ដល់​ខេត្ត​សុកត្រាំង នៅ​វេលា​រសៀល​ម៉ោង ៣ បាន​ឈប់​កន្លះម៉ោង ទើប​ចេញ​ពី​ខេត្ត​សុកត្រាំង​ទៅ​ទៀត បាន​ទៅ​ដល់​ខេត្ត​បាក់ឡិវ នៅ​វេលា​រសៀល​ម៉ោង ៤ កន្លះ ចម្ងាយ​ផ្លូវ​ពី​ខេត្ត​ត្រាវិញ​ដល់​ខេត្ត​បាក់លីវ​ចំនួន ២២០ គីឡូម៉ែត្រ ។ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ ចូល​ទៅ​ឈប់​សំណាក់​នៅ​ផ្ទះ​បង្គលោ ខ្លួន​ខ្ញុំ​នឹង​ឈ្មោះ ជី ទៅ​ឈប់​សំណាក់​នៅ​វត្ត​ប៉ោលាវ ក្នុង​ឃុំ​ហឹងហោយ ស្រុក​ថិនវ៉ា ចម្ងាយ​ពី​ប៉ុស្ដិ​ទៅ ៣ គីឡូម៉ែត្រ ។ វត្តប៉ោលាវ​នេះ ក៏​ជា​វត្ត​ធំ​ហើយ​ស្អាត​បាត​ល្អ​គ្រាន់​បើ​ដែរ លោក​អធិការ​វត្ត​នេះ ក៏​មាន​ព្រះ​ទ័យ​ល្អ បាន​ចាត់​ចែង​ទី​អាសនៈ​ឲ្យ​នៅ​អាស្រ័យ​អស់​ពីរ​យប់ ព្រម​ទាំង​ភោជនាហារ របស់​លោក​ដរាប​ដល់​ចេញ​ពី​វត្ត​នោះ​មក​វិញ ខ្ញុំ​មាន​អំណរ​គុណ​លោក ដោយ​ក្រៃ​លែង ។

ដំណើរ​ចេញ​ពី​ខេត​ប៉ោលាវ ថ្ងៃ ២៣ ខែ​យ៉ាំងវីយេរ​ឆ្នាំ ១៩២៨

វេលា​ម៉ោង ៧ ព្រឹក ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​អញ្ជើញ​ទៅ​វត្ត​ប៉ោលាវ ដែល​ជា​វត្ត​ខ្ញុំ​សំណាក់​នៅ​មួយ​អន្លើ​នឹង​សេក្រេទែរ (ថី) ខ្មែរ ១ នាក់​ឈ្មោះ សរ ដែល​លោក ឡាត់មីនិស្ត្រាទ័រ នៅ​បាក់លីវ ផ្ចុក​ផ្ដាក់​ឲ្យ​ជា​អ្នក​ជូន​ដំណើរ កាល​ដែល​ទៅ​ដល់​បាន​អញ្ជើញ​ឡើង​ទៅ​លើ​កុដិ​លោក​អធិការ​នាម សុខ ព្រោះ​លោក​រៀប​ទទួល​នៅ​កុដិ​នោះ មិន​បាន​នៅ​ៗ​កុដិ​នោះ​យូរ​ឡើយ ក៏​ចុះ​ទៅ​មើល​ឯ​ទី​វិហារ ព្រោះ​លោក​សង្ឃ​ក្នុង​វត្ត​នោះ​មិន​ទាន់​មក​ជួប​ជុំ ទាំង​លោក​អធិការ អិម វត្តខ្វែង-បបែល​ក្នុង​ឃុំ​ស្រុក​ជា​មួយ​គ្នា ដែល​ត្រូវ​និមន្ត​មក​ជួប​ជុំ​នៅ​វត្ត​ក៏​មិន​ទាន​និមន្ត​មក​ដល់ លុះ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ មើល​ទី​វិហារ​ស្រេច​ហើយ ត្រឡប់​ចុះ​មក​ឯ​កុដិ​លោក​អធិការ​វិញ ក្នុង​វេលា​ដែល​ជួប​ជុំ​នោះ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​សួរ​ទំនង​ដូច​សួរ​គ្រប់​វត្ត​ឯ​ទៀត​ក្នុង​ ខេត្ត​ត្រាវិញ រួច​បាន​ប្រគេន​សៀវភៅ​នឹង​រូប​ផ្ដិត​ពុម្ព ដល់​លោក​អធិការ​វត្តប៉ោលាវ និង វត្តខ្វែងបបែល លុះ​រួច​កិច្ច​នេះ​ហើយ ឃើញ​ថា​នៅ​សល់​ពេល​តិច​នឹង​ចេញ​ទៅ​វត្ត​ឯ​ណា​ទៀត នឹង​ត្រឡប់​មក​វិញ​មិន​ទាន់ ទើប​ចេញ​ទៅ​មើល​មាត់​សមុទ្រ​នៅ​ខាង​ត្បូង​ប៉ុស្ដិ​មាន​ផ្លូវ​ល្មម​រថយន្ត​ទៅ ​បាន​ដល់ លុះ​ទៅ​ដល់​ក៏​ឃើញ​សមុទ្រ​ល្ហ​ល្ហេវ​គួរ​ឲ្យ​ចង់​មើល​ណាស់ ព្រោះ​សមុទ្រ​ត្រង់​នេះ​មិន​មាន​កោះ​បាំង នៅ​មាត់​សមុទ្រ​នោះ​គេ​រៀប​ចំ​ស្អាត​គ្រាន់​បើ មាន​ទាំង​ផ្ទះ​សម្រាប់​សំណាក់ ១ តែ​ុំមិន​ល្អ​ស្អាត​ដូច​មាត់​សមុទ្រ​ខាង​កែប​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ ។ យើង​បាន​ចុះ​ដើរ​មើល​នៅ​ទី​មាត់​សមុទ្រ​នោះ​ចំនួន ២០ មីនុត​ក៏​ត្រឡប់​មក​វិញ លុះ​ត្រឡប់​មក​តែ​បន្តិច​ក៏​ឃើញ​វិហារ​ចិន ១ តូច​នៅ​ប្រប​ផ្លូវ គឺ​ចិន​គេ​ធ្វើ​តម្កល់​ឆ្អឹង​ត្របាឡែន អ្នក​ស្រុក​នោះ​គេ​ហៅ​ឆ្អឹង​ត្រីដំរី ទើប​នាំ​គ្នា​ចុះ​ពី​រថយន្ត​ចូល​ទៅ​មើល​ឃើញ​ចិន​ចាស់​ម្នាក់​នៅ​ថែ​រក្សា​ ត្រី​នោះ អុជ​ធូប​បូជា​ជានិច្ច​ឯ​ឆ្អឹង​ត្រី​នោះ​គេ​គ្រប​សំពត់​ជាតី​ជិត ហើយ​បិទ​បាំង​ដោយ​វាំងនន​ទើប​ថី សរ សុំ​ឲ្យ​បើក​វាំងនន​នឹង​សំពត់​ជាតី​នោះ​ចេញ បង្ហាញ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​ៗ ក៏​បាន​ថត​គំនរ​ឆ្អឹង​ត្រី​នោះ​រួច​ត្រឡប់​មក​វិញ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​ឈប់​សំណាក់​នៅ​ផ្ទះ​បង្គលោ​ខ្លួន​ខ្ញុំ​និង​ ឈ្មោះ ជី ទៅ​ទទួល​អាហារ​កិច្ច​នៅ​ផ្ទះ​ថី សរ ។ លុះ​ដល់​រសៀល​ម៉ោង ១ ចេញ​ទៅ​វត្ត​ដើម​អម្ពិល ក្នុង​ឃុំ​យិញភឿក ស្រុកថាញ់ហឹង ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​បាន​សួរ​លោក​អធិការ​វត្ត​នេះ​ឈ្មោះ ហ៊ុន និង​ប្រគេន​សៀវភៅ ដូច​វត្ត​ឯ​ទៀត រួច​ហួស​ទៅ​វត្តបោសលាន វត្ត​នេះ​អ្នក​ស្រុក​ខ្លះ​គេ​ហៅ​វត្ត កណ្ដាល ក្នុង​ឃុំ​ស្រុក​ជា​មួយ​គ្នា លោក​អធិការ​វត្ត​នេះ​ឈ្មោះ អ៊ុង មាន​លោក​អាចារ្យ ១ អង្គ​ឈ្មោះ ហ៊ាន កាល​ដែល​ទៅ​ដល់​វត្ត​នេះ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ បាន​ឡើង​មើល​វិហារ​រួច​ឡើង​មក​មើល​កុដិ​លោក​អាចារ្យ ហ៊ាន ព្រោះ​គេ​រៀប​ទី​កន្លែង​ចាំ​ទទួល​នៅ​កុដិ​នេះ ហើយ​បាន​សួរ​លោក​អធិការ និង​បាន​ប្រគេន​សៀវភៅ​និង​រូប​ផ្ដិត​ពុម្ព​ដូច​វត្ត​ឯ​ទៀត រួច​ហើយ​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ បាន​ដើរ​មើល​របស់​ក្នុង​កុដិ​លោក​អាចារ្យ ហ៊ាន ឃើញ​មាន​ទូ ៤-៥ មាន​ក្បាំង​ប្រកប​ដោយ​ក្បាច់​ចម្លាក់​ផ្សេង​ៗ គ្នា ជា​ក្បាច់​ល្អ​ដោយ​យ៉ាង ដល់​សួរ​ទៅ បាន​ដឹង​ថា​ក្បាច់​ក្បាំង​ទូ​ទាំង​នោះ ជា​ស្នាដៃ​របស់​លោក​អាចារ្យ ហ៊ាន លោក​ធ្វើ​ទាំង​អស់ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ​ក៏​សរសើរ​លោក​អាចារ្យ ហ៊ាន ថា​ចេះ​ការងារ​ល្អ ចំណែក​លោក​អាចារ្យ ហ៊ាន បាន​ដឹង​ថា​ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ គាប់​ចិត្ត​និង​ក្បាច់​ក្បូរ​ដូច្នោះ​ក៏​និយាយ​និង​ខ្ញុំ​ថា ខ្លួន​លោក​និង​គិត​ធ្វើ​របស់​អ្វី ១ ឆ្លាក់​ឲ្យ​ល្អ​ហើយ​នឹង​យក​មក​តម្កល់​ទុក​ក្នុង​ព្រះ​រាជ​បណ្ណាល័យ ។ លុះ​រួច​កិច្ច​ក្នុង​វត្ត​នេះ​ហើយ ក៏​ចេញ​ចំពោះ​ទៅ​វត្ត ១ ទៀត​ឈ្មោះ​វត្តក្រសាំង​ក្នង​ឡាងវិញចូវ (ខ្មែរ​ហៅ​ជ្រោយ​ញរ) ស្រុក​ថាញ់ហឹង លោក​អធិការ​វត្ត​នេះ​នាម ជី ធ្វើ​ជា​ព្រះ​ឧបជ្ឈាយ៍​ផង កាល​ដែល​បាន​ទៅ​ដល់​វត្ត​នេះ ចាង​ហ្វាង​ព្រះ​រាជ​បណ្ណាល័យ បាន​សួរ​លោក​អធិការ និង​ប្រគេន​សៀវភៅ រូប​ផ្ដិត​ពុម្ព ដូច​វត្ត​ឯ​ទៀត​រួច​ត្រឡប់​មក​ឯ​ផ្សាវិញចូវ​វិញ ហើយ​តម្រង់​ទៅ​មាត់​សមុទ្រ​តាម​ផ្លូវ ១ ផ្សេង​ជា​ផ្លូវ​ល្មម​ថយន្ត​ទៅ​បាន ចំនួន​​ប្រមាណ​ជា ៥-៦ គីឡូម៉ែត្រ​ក៏​ដល់​ទៅ​មាត់​សមុទ្រ​ៗ ត្រង់​នេះ​មិន​សូវ​ស្អាត​ល្អ​ទេ ព្រោះ​គេ​មិន​បាន​រៀប​ចំ​ក្នុង​វេលា​ដែល​ទៅ​ដល់​នោះ ទទួល​ក្នុង​ពេល​ទឹក​ជោរ​ផង ខ្យល់​ក៏​បក់​បោក​មក​ពេញ​សន្ធឹក គួរ​ឲ្យ​ចង់​មើល​ណាស់ ព្រោះ​មើល​ទៅ​ៗ មិន​ឃើញ​មាន​កោះ​មាន​ត្រើយ​ឡើយ ក៏​បណ្ដាល​គំនិត​ឲ្យ​គិត​ឃើញ​ដល់ ធម៌​របស់​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្្ចាស់ ឌែល​ទ្រង់​ត្រាស់​សម្ដែង​ថា សង្សារវដ្ដឧបមា​ដូច​ជា​មហា​សមុទ្រ ព្រោះ​សង្សារវដ្ដ​គឺ​ទី​កន្លែង ដែល​សត្វ​ស្លាប់​កើត​រក​មើល​ខាង​ដើម​ខាង​ចុង​មិន​ឃើញ ដូច​ជា​មហា​សមុទ្រ រក​មើល​ត្រើយ​មិន​ឃើញ​ដូច្នោះ ។
ម្យ៉ាង​ទៀត កាល​ដែល​ឈរ​សម្លឹង​មើល​ទៅ​ទឹក​ក្នុង​សមុទ្រ​ដែល​កំពុង​តែ​ត្រូវ​ខ្យល់​បក់​ រលក​គគ្រេង​គគ្រាំ មើល​ទៅ​ៗ ហើយ​គិត​ៗ​ទៅ ក៏​ឃើញ​ថា​គួរ​ខ្លាច​គួរ​ស្លុត​ពេក ប្រសិន​បើ​ធ្លាក់​លិច​លង់ ទៅ​ក្នុង​ទឹក​សមុទ្រ​ដែល​កំពុង​មាន​រលក​ធំ​ៗ ឮ​សន្ធឹក​គគ្រេង​គគ្រាំ ដោយ​អំណាច​ខ្យល​បោក​បក់​ដូច្នោះ សម​នឹង​រក​អ្វី​ជា​ទី​ពឹង​ផ្អែក​ទី​តោង នឹង​ជួយ​ឲ្យ​រួច​ឲ្យ​ផុត​ពី​សេចក្ដី​ស្លាប់​មិន​មាន​ឡើយ ឃើញ​ថា​សមុទ្រ នេះ​ជា​ទី​ប្រកប​ដោយ​សេចក្ដី​ភិត​ភ័យ​ពេក ដូច​ជា​ព្រះ​ពុទ្ធ​ភាសិត​សម្ដែង​ថា សង្សរវដ្ដ​នេះ ដូច​គ្នា​និង​មហា​សមុទ្រ អ្នក​ណា ១ តែ​កើត​ក្នុង​សង្សារវដ្ដ​នេះ​ហើយ ក៏​មុខ​ជា​នឹង​ដល់​នូវ​សេចក្ដី​ភិត​ភ័យ ដរាប​ដល់​ស្លាប់​ទាំង​ខ្លួន ដូច​គ្នា​នឹង​សត្វ​ដែល​ធ្លាក់​ទៅ​ក្នុង​មហា​សមុទ្រ​ដូច្នោះ​ឯង ។
កាល​ដែល​ទៅ​មើល​មាត់​សមុទ្រ ខាង​វិញចូវ​នោះ ចំនួន​ជា ៣០ មីនុត​ក៏​ត្រឡប់​មក​ឯ​ទី​សំណាក់​ដើម​វិញ ។

នៅ​មាន​ត​ទៅ​ទៀត
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog