Saturday 23 May 2009

ទ័ពព្រៃ Karens នៅភូមា

ពួក​Karens​ដែល​តាំង​ពី​ឆ្នាំ​១៩៤៨​មក​ ទាមទារ​ឯករាជ្យ​ពី​រដ្ឋាភិបាល​ភូមា​។ នៅ​ភូមា​ មាន​ជន​ជាតិ​ភាគ​តិច​ចំនួនជាង​៤០​សហគមន៍​ដែល​តំណាង​៣០%​នៃ​ប្រជាជនភូមា​ទាំង ​ស្រុង​។ ក្នុង​ចំណោម​ជនជាតិ​ភាគ​តិច​ទាំងនេះ​ ពួក​Karens​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​របប​សឹក​ភូមា​សព្វ​ថ្ងៃ​ខ្វល់ខ្វាយ​ជាង​គេ ​។


ផែន​ទី​បញ្ជាក់ពី​តំបន់​រស់​នៅ​របស់​ពួក Karens

ពួក​Karens​ អ្នក​ទាមទារ​ផ្តាច់​ទឹក​ដី​នៅ​ភូមា​ ជា​ទ័ព​ព្រៃ​ចាស់​ជាង​គេ​បង្អស់​ នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ និង​នៅ​ក្នុង​ពិភព​លោក​។ តាំង​ពី​ឆ្នាំ​១៩៤៨​មក​ម៉្លេះ​ ពោល​គឺ​តាំង​ពី​ភូមា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ពួក​Karens​បាន​ចាប់​អាវុធ​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​ទី​ក្រុង​Rangoon ​ ដើម្បី​ផ្តាច់​តំបន់​ដែល​មាន​ផ្ទៃ​ដី​ប្រមាណ​ប្រាំមួយ​រយ​គីឡូម៉ែត្រ​ក្រឡា​ នៅ​ជាប់​នឹង​ព្រំ​ដែន​ថៃ​ ចេញ​ពី​ការ​ត្រួតត្រា​របស់​ប្រទេស​ភូមា​។ តំបន់​នោះ​ ជា​ភាសា​Karen​មាន​ឈ្មោះ​ថា​ Kawthoolei ប្រែ​ថា​ ប្រទេស​សម្បូណ៌​ផ្កា។
មក​ទល់​សព្វ​ថ្ងៃ​ រដ្ឋា​ភិបាល​ភូមា​ដែល​ប្រើ​មធ្យោបាយ​វាយបង្ក្រាប​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ជា​ទី​បំផុត​ នៅ​តែ​យក​ជ័យជំនះ​ទៅ​លើ​កង​ទ័ព​រំដោះ​ជាតិ​Karen ​មិន ​បាន​ បាន​ត្រឹម​រុញ​ច្រាន​ទ័ព​ព្រៃ​នេះ​ និង​ប្រជាជន​Karens ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ព្រៃ​និង​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ ជា​ទី​ដែល​ពួក​គេ​រស់​នៅ​យ៉ាង​វេទនា​តាម​ជំរំ​នានា។

មាន ​ទឡ្ហីករណ៍​បី​ដែល​អាច​ពន្យល់​ការ​ប្រឹងប្រែង​តស៊ូ​ស្លាប់រស់​របស់​ពួក​ ទ័ពព្រៃ​Karens​។ ទី​មួយ​ ពួក​Karens​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ប្រយុទ្ធ​ស្លាប់រស់​ ពីព្រោះរបប​សឹក​ភូមា​គ្មាន​បំណង​ចរចា​ជា​មួយ​ពួក​គេ​ឡើយ​ ហើយ​អនុវត្ត​នយោបាយ​មួយ​ដែល​គេ​អាច​វាយ​តម្លៃ​ថា ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ កង​ទ័ព​ភូមា​ដុត​បំផ្លាញ​គ្មាន​សល់​ភូមិ​ស្រុក​និង​ស្រូវ​អង្កររបស់​ពួក​ Karens​ កាប់​សម្លាប់​បុរស​និង​រំលោភ​ស្រ្តី​។ ទីពីរ ពួក​Karens​មាន​វិន័យ​ មាន​សីលធម៌​ មិន​ធ្វើ​ភេរវកម្ម​ មិន​រត់ពន្ធ និង​មិន​ជក់​អាភៀន។ ទី​បី​ ពួក​Karens​ ដែល​មាន​គ្នា​ប្រមាណ ប្រាំពីរ​លាន​នាក់​ជា​ជាតិ​សាសន៍​មួយ​ស្រេច​ទៅ​ហើយ​ ទោះ​ជា​គ្មាន​ប្រទេស​និង​គ្មាន​ស្ថាប័ន​គ្រប់​គ្រង​មាំមួន​ក៏​ដោយ​ ពីព្រោះ​ពួក​គេ​មាន​ប្រវត្តិសាស្រ្ត​ ភាសា និង​វប្បធម៌​ ច្បាស់លាស់ ខុសពី ជន​ជាតិ​ភាគ​តិច​ដទៃ​ផ្សេង​នៅ​ភូមា​ ដូច​ជា​ពួក​Chan​ ជា​ដើម។

ក៏ ​ប៉ុន្តែ តាម​មើល​ទៅ​ពួក​ទ័ព​ព្រៃ​Karens​ នឹង​មិន​អាច​មាន​វត្តមាន​យឺន​យូរ​អ៊ីចឹង​ត​ទៅ​ទៀត​បាន​ឡើយ​។ មូល​ហេតុ​មាន​ច្រើន​យ៉ាង​។​ ម៉្យាង ដូច​ដែល​យើង​បាន​លើក​ឡើង​ខាង​លើ​រួច​ហើយ​ថា​ របប​សឹក​ភូមា​អនុវត្តិ​នយោបាយ​ដែល​គេ​អាច​វាយ​តម្លៃ​ថា​ ជា​នយោបាយ​​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​ពួក​Karens​។
ម៉្យាង​ទៀត ប្រទេស​ថៃ​ដែល​មក​ទល់​ពេល​ថ្មីៗ​នេះ​ គាំ ​ទ្រ​ពួក​ទ័ព​ព្រៃ​Karens​ ផ្តើម​បែ​រ​មក​ត្រូវ​ជា​មួយ​របប​ភូមា​វិញ​ ពី​ព្រោះ​ថៃ​ក៏​ដូច​ភូមា​ដែរ​ ជា​សមា​ជិក​របស់​Asean​ ហើយ​ពីព្រោះ​ថៃ​ឥឡូវ​ ត្រូវ​ការ​ប្រយោជន៍​សេដ្ឋកិច្ច​ ចៀស​មិន​រួច​ពី​រក​ស៊ី​ជា​មួយ​ប្រទេស​ភូមា​។ និយាយ​បែប​ផ្សេង ​ រដ្ឋា​ភិបាល​ទី​ក្រុង​Bangkok​លែង​ត្រូវ​ការ​ពួក​ទ័ព​ព្រៃ​Karens​ ដើម្បី​បង្កើត​ឲ្យ​មាន​ដំបន់​ទ្រនាប់​មួយ​នៅ​ចន្លោះ​ប្រទេស​ខ្លួន​និង​ ប្រទេស​ភូមា​ទៀត​ហើយ​ តែ​ត្រូវ​ការ​អភិវឌ្ឍន៍​តំបន់ ​បណ្តោយ​ព្រំដែន​ ដោយ​ទាក់ទង​ផ្ទាល់​ជា​មួយ​របប​សឹក​ភូមា​។ គឺ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ប្រយោជន៍​សេដ្ឋកិច្ច​នេះ​ហើយ ​ដែល​នៅ​ឆ្នាំ​២០០៥​ ភូមា​និង​ថៃ​បាន​យល់​ព្រម​ព្រៀង​គ្នា​ថា​នឹង​សាង​សង់​ទំនប់​វារីអគ្គីសនី​ចំនួន​បួន​ នៅ​លើ​ទន្លេ​ Salouen។

ក្រៅ ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​ទំនប់វារីអគ្គីសនី​ទាំង​បួន​ របប​សឹក​ភូមា​មាន​គោលដៅ​នយោបាយ​មួយ​ច្បាស់​ នោះ​គឺ​ពន្លិច​ទៅ​ក្នុង​ទឹក​ ស្រុក​ភូមិ​កំណើត​ លំនៅ​ដ្ឋាន​និង​ដំណាំ​ដាំ​ដុះ​របស់​ពួក​Karens​។ ពេល​ណា​ទំនប់​ទាំង​បួន​នេះ​ត្រូវ​សាងសង់​រួច​រាល់​ហើយ​ នោះ​ទឹក​ទន្លេ​Salouen​ នឹង​ជន់​ឡើង​ពីរ​រយ​ម៉ែត្រ​យ៉ាង​តិច​ ដែល​ជា​ហេតុ​នឹង​បណ្តាល​ឲ្យ​តំបន់​ពួក​Karens​លិចលង់​អស់​គ្មាន​សល់​អ្វី​។ ​នៅ​ពេល​នោះ​ មិន​ត្រឹម​តែ​ ទ័ព​ព្រៃ​Karens​ប៉ុណ្ណោះ​ទេ​ដែល​នឹង​ត្រូវ​វិនាស​សាបសូន្យ​ ពូជ​សាសន៍​Karens​ទាំង​មូល​នឹងអាច​បាត់បង់​ ពីព្រោះ​ពួក​គេ​នឹង​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ពី​ភូមា​ ហើយ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ថា​តើ​នៅ​ពេល​នោះ​ប្រទេស​ថៃ​នឹង​ទទួល​ពួក​Karens​ឬ​ទេ ?
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog