Saturday, 23 May 2009

ទ័ពព្រៃអ៊ីស្លាមផ្តាច់ទឹកដីនិយមនៅប្រទេសហ្វ៊ីលីពីន

អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​ដែល​
ហ្វ៊ីលីពីន​​ ប្រឈម​មុខ​នឹង​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​ពីព្រោះ​នៅ​ខាង​ត្បូង​នៃ​ ប្រទេស​នេះ​ដូចជានៅ​កោះ​ Mindanao​ Sulu​ និង​Jolo​ជា​ដើម​មាន​សុទ្ធ​តែ​ប្រជា​ជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​នៅ​ ។


ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​នេះ​បាន​ផ្តើម​បង្ក​រឿងរ៉ាវ​នៅ​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​ពី​ព្រោះ​កាល​ណោះ​រដ្ឋា​ភិបាល​ទីក្រុង​ Manille​ បាន​ផ្តើម​បញ្ជូន​ប្រជា​ជន​អ្នក​កាន់​គ្រិស្ត​សាសនា​ទៅ​តាំង​លំនៅ​ដ្ឋាន​នៅ​ លើ​កោះ​Mindanao​​ ជា​ហេតុ​ធ្វើ​ឲ្យ​សហគមន៍​អ៊ី​ស្លាម​នៅ​ទី​នោះ​ខឹង​ច្រឡោត​តោត​តូង​។
គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ​ដែល​ចលនា​អ៊ីស្លាម​ផ្តាច់​ទឹក​ដី​និយម​ចំនួន​ពីរ​បាន​ត្រូវ​បង្កើត​ឡើង​គឺ​រណ​សិរ្ស​​​​​ Moro​ ​រំដោះ​ជាតិ​​ និង​រណ​សិរ្ស​ Moro​អ៊ីស្លាម​រំដោះ​។ ​ កង​ទ័ព​ព្រៃ​ទាំង​ពីរ​នេះ​ទាម​ទារ​បង្កើត​រដ្ឋ​អ៊ីស្លាម​ឯករាជ្យ​មួយ​ដែល​ លាត​សន្ធឹង​គ្រប​យក​កោះ​ធំ​ជាង​គេ​គឺ​Mindanao​និង​កោះ​តូចៗ​ពីរ​ទៀត​គឺ​ Sulu​និង​Jolo​។​​ នៅ​ចំពោះ​មុខ​ចលនា​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ទាំង​ពីរ​នេះ​រដ្ឋា​ភិបាល​​ហ្វ៊ីលីពីន​​​ជា​បន្ត​បន្ទាប់​គ្នា​​ជួន​កាល​អនុវត្ត​នយោបាយ​វាយ​បង្ក្រាប​និង​ជួន​កាល​ទៀត​នយោ​បាយ​លួង​លោម​បំបោស​អង្អែល​​។ ​ ​នៅ​ឆ្នាំ​១៩៧៦​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​ទីក្រុង​​ Manille​​ និង​ពួក​ទ័ព​ព្រៃ​បាន​បង្កើត​ឲ្យ​មាន​តំ​បន់​ស្វយ័ត​មួយ​នៅ​ប៉ែក​ខាង​លិច​នៃ ​កោះ​Mindanao​និង​នៅ​កោះ​Sulu​។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ដំបន់​ស្វយ័ត​នេះ​ប្រជា​ជន​អ្នក​កាន់​គ្រិស្ត​សាសនា​បែ ​រជា​មាន​ចំនួន​ច្រើន​ជាង​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទៅ​វិញ​។ ​ម៉្លោះ​ហើយ​បាន​ជា​ពីរ​ឆ្នាំ​ក្រោយ​មក​គឺ​នៅ​ឆ្នាំ​១៩៧៨ ​រណ​សិរ្ស​ Moro​ រំដោះ​ជាតិ​ ដែល​យល់​ថា​បាន​ចាញ់​បោក​រដ្ឋា​ភិបាល​ទី​ក្រុង​​ Manille​ ក៏​សម្រេច​ចាប់​អាវុធ​ធ្វើ​ការ​តស៊ូ​ជា​ថ្មី​ឡើង​វិញ​។ ​ក្រោយ​​មក​​ពោល​​គឺ​​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ការ​ប្រយុទ្ធ​គ្នា​រវាង ​កង​ទ័ព​ជាតិ​និង​កង​ទ័ព​ព្រៃ​អ៊ី​ស្លាម​ផ្តាច់​ទឹក​ដី​និយម​បាន​បណ្តាល​ឲ្យ ​មាន​ជន​ភៀស​ខ្លួន​កើន​ចំនួន​រហូត​ទៅ​ដល់​ជាង​៥០០​០០០​នាក់​។​ នៅ​ឆ្នាំ​១៩៩២​លោក​Fidel ​Ramos​ដែល​ទើប​តែ​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​​ហ្វ៊ីលីពីន​​​បែរ​ជា​សម្រេច​ចិត្ត​ធ្វើ​ការ​ចរចា​ជាមួយ​ពួក​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ទៅ​វិញ​។​ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ឆ្នាំ​១៩៩៧​រណសិរ្ស Moro​រំដោះ​ជាតិ​បាន​យល់​ព្រម​ដាក់​អាវុធ​ហើយ​ទទួល​បាន​ពី​រដ្ឋាភិបាល​​ទីក្រុង​Manille​ស្វយ​ភាព​នៃ​តំ​បន់​Mindanao​។​ ផ្ទុយ​ទៅ​វិញ​រណ​សិរ្ស​​Moro​អ៊ីស្លាម​រំដោះ​បន្ត​តស៊ូ​រហូត​ដល់​ឆ្នាំ​២០០០​មុន​នឹង​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​រដ្ឋា​ភិបាល​នៅ​ខែ​សីហា​ឆ្នាំ​២០០១​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​ដែល​បង្ក​បញ្ហា​ដល់​រដ្ឋាភិបាល​​ហ្វ៊ីលីពីន​​​ខ្លាំង​ជាង​គេ​គឺ​ពួក​Abu ​Sayyaf​ ។ ​ពួក​Abu Sayyaf ​គឺ​ជាពួកជ្រុលនិយមផុតលេខដែលបានផ្តាច់ខ្លួន​ចេញ​ពី​រណសិរ្សMoroអ៊ីស្លាមរំដោះ​​នៅចុងទសវត្សរ៍ ​ឆ្នាំ​១៩៩។​ ពួក​Abu ​Sayyaf ​ចាប់​ផ្តើម​មាន​ឈ្មោះ​ល្បី​សុះ​សាយ​ពេញ​ពិភព​លោក​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០​ពី​ព្រោះ​កាល​នោះ​ពួក​វា​បាន​ចាប់​ជនជាតិ​ស្បែក​ស​ជា​ច្រើន​នាក់​ធ្វើ​ ជា​ចំណាប់​ខ្មាំង​។​ នៅ​​ក្រោយ​​មហា​ភេរវកម្ម​ថ្ងៃ​ទី​១១​ កញ្ញា​ឆ្នាំ​២០០១​សហ​រដ្ឋ​អាមេរិក​ដែល​បាន​ចាត់​ទុក​អាស៊ី​អា​គ្នេយ៍​ថា​ជា​ សមរភូមិ​ទី​ពីរ​នៃ​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​ភេរវកម្ម​អន្តរជាតិ​ សង្ស័យ​ថា​អង្គ​ការ​ភេរវកម្ម​អន្តរជាតិ​Al​ Qaï​da​របស់​Ben ​La​den​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​Abu ​Sayyaf​។​ អីចឹង​ហើយ​បាន​ជា​នៅ​ឆ្នាំ​២០០២​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ទ័ព​ជាង​៣០០០​ នាក់​ទៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ហ្វ៊ីលីពីន​ដើម្បី​ជួយ​រដ្ឋា​ភិបាល​ទីក្រុង​ Manille​ក្នុង​ប្រតិ​បត្តិ​ការ​កំទេច​ពួក​Abu ​Sayyaf​។ ​ក៏​ប៉ុន្តែ​​រហូត​ដល់​ឆ្នាំ​២០០៦​កង​ទ័ព​រដ្ឋា​ភិបាល​ហ្វ៊ីលីពីន​​ទោះ​ជា​ មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ក៏​ដោយ​មិន​អាច​វាយ​បង្ក្រាប​ពួក​អ៊ីស្លាម​ ជ្រុល​និយម​បាន​ឡើយ​។ ​ឧទាហរណ៍​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៥​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ជាតិ​ ហ្វ៊ីលីពីន​និង​ពួក​Abu​ Sayyaf​នៅ​លើ​កោះ​Jolo​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​រាប់សិប​នាក់​ទាំង​សង​ខាង ​។​ មិន​តែ​ប៉ុណ្ណោះ​ពួក​Abu ​Sayyaf​បាន​ទាំង​លាត​សន្ធឹង​សកម្មភាព​ភេរវកម្ម​របស់​គេ​ចូល​ទៅ​ដល់​កណ្តាល​ ទី​ក្រុង​Manille​ទៀត​ផង​។ នៅ​ទី​បំផុត​នៅ​ខែ​សីហា​ឆ្នាំ​ ២០០៦​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​សម្បើម​អស្ចារ្យ​ពី​សំណាក់​កង​ទ័ព​ អាមេរិកាំង​កង​កម្លាំង​ជាតិ​ហ្វ៊ីលីពីន​បាន​ធ្វើ​ប្រតិ​បត្តិ​ការ​វាយ​លុក​ ទៅ​លើ​ពួក​Abu​ Sayyaf​ជា​ថ្មី​ម្តង​​ទៀត​។ ​មាន​ស្លាប់​ជា​ច្រើន​រយ​នាក់​នៅ​ខាង​ពួក​ទ័ព​ព្រៃ​។​តែ​សព្វ​ថ្ងៃ​នេះ​មេ​ ទ័ព​ធំៗ​នៃ​ចលនា​Abu​Sayyaf​នៅ​បន្ត​មាន​ជីវិត​និង​បន្ត​ពួន​លាក់​ខ្លួន​នៅ​ ក្នុង​ព្រៃ​ការ​ពារ​ដោយ​ទាហាន​ស្មោះ​ស្ម័គ្រ​ស្លាប់​រស់​ពី​២០០​ទៅ​៤០០​នាក់ ​៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog