Saturday 23 May 2009

របបសឹកភូមា

តាំង​ពី​ឆ្នាំ​១៩៦២​មក​ម៉្លេះ​ អំណាច​រដ្ឋ​នៃ​ប្រទេស​ភូមា​ឋិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​នាយ​ទា​ហាន​ ហើយ​តាម​មើល​ទៅ​ វា​នឹង​មិន​អាច​វិល​មក​ដៃ​ស៊ីវិល​វិញ​ងាយៗ​បាន​ទេ​ ពីព្រោះ​មនោគមវិជ្ជា​នៃ​របប​សឹក​ភូមា​ឈរ​លើ​ការ​ប្រឆាំង​នឹង​ ប្រជាធិបតេយ្យូបនីយកម្ម​ និង​ការ​ប្រឆាំង​នឹង​បស្ចិមលោក​។



ផ្ទុយ​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ ដែល​ហាក់​បី​ដូច​ជា​ខិត​ខំ​បោះ​ជំហាន​ ទៅ​រក​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​បើក​ចំហ​ព្រំដែន​នៃ​ប្រទេស​ខ្លួន​ ភូមា​នៅ​តែ​ជា​របប​ផ្តាច់ការ​ បិទ​ព្រំដែន​សឹង​ជិត​ឈឹង​ មាន​ទំនាក់​ទំនង​តិចតួច​បំផុត​ ជា​មួយ​ពិភពលោក​។
របប​ផ្តាច់ការ​ភូមា​ ជា​របប​សឹក​ បាន​ន័យ​ថា​អំណាច​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​យោធា​។ មិនមែន​ជា​ការ​ចៃដន្យ​ទេ​ ដែល​អំណាច​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​នាយ​ទាហាន​ ពីព្រោះ​ពី​ឆ្នាំ​១៩៤៨​ ឆ្នាំ​ដែល​ភូមា​ទទួល​បាន​ឯករាជ្យ​ រហូត​ដល់​ឆ្នាំ​១៩៦២​ រដ្ឋាភិបាល​ស៊ីវិល​ ចេះ​តែ​ទៅ​ពឹងពាក់​កងទ័ព​ឥត​ឈប់ឈរ​។ ជាក់​ស្តែង​ នៅ​ឆ្នាំ​១៩៤៨​ នាយក​រដ្ឋមន្ត្រី​ U Nu បាន​ពឹងពាក់​ឧត្តមសេនីយ​ Ne Win ឲ្យ​បង្ក្រាប​ពួក​ជន​ជាតិ​ភាគ​តិច​Karens​ ដែល​ងើប​បះបោរ​ទាមទារ​ឯករាជ្យ​។ នៅ​ឆ្នាំ​១៩៥៨​ U Nu បាន​ទៅ​ ពឹងពាក់​ឧត្តមសេនីយ​Ne Win ជា​ថ្មី​ លើក​នេះ​ ឲ្យ​បង្ក្រាប​ពួក​កុម្មុយនីស្ត​វិញ​ម្តង​។

នៅ​ទី​បំផុត​ នៅ​ខែមីនា​ឆ្នាំ​១៩៦២​ ឧត្តមសេនីយ​Ne Win បាន​ធ្វើរដ្ឋប្រហារ​ទំលាក់​ U Nu ហើយ​ក្រសោប​យក​អំណាច​ទាំង​ស្រុង​មក​ក្តាប់​។

គេ ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៨៨​ ទើប​ឃើញ​ពលរដ្ឋ​ស៊ីវិល​ងើប​បះបោរ​ ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​របប​សឹក​របស់​ Ne Win។ កាល​នោះ​ នៅ​ចំពោះ​មុខ​មហា​បាតុកម្ម​មួយ​របស់​គណបក្ស​ប្រឆាំង​ គឺបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ដឹក​នាំ​ដោយ​លោក​ស្រី​Aung San Suu Kyi ឧត្តមសេនីយ​ Ne win ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​តំណែង​។ ក៏​ប៉ុន្តែ​ កង​ទ័ព​ដែល​នៅ​តែ​មិន​ព្រម​បោះ​បង់​ចោល​អំណាច​ ចាប់​ពួក​មេ​ដឹក​នាំ​បក្ស​ជំទាស់​ដាក់​គុក​ ចាប់​លោក​ស្រី​Aung San Suu Kyi ឃុំ​ខ្លួន​ក្នុង​គេហដ្ឋាន​លោក​ស្រី​ និង​បង្កើត​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ ដែល​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា​ គណៈកម្មាធិការ​រដ្ឋ​ដើម្បី​រៀបចំ​ច្បាប់​និង​សណ្តាប់​ធ្នាប់​ឡើង​វិញ​ ហៅ​កាត់​ថា​ SLORC​។

ស្ថាប័ន​ SLORC នេះ​ដែល​នៅ​ឆ្នាំ​១៩៩៧​ ត្រូវ​បាន​ដូរ​ឈ្មោះ​ទៅ​ជា​ ក្រុម​ប្រឹក្សា​រដ្ឋ​ ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​ (SPDC) គឺ​ជា​សសរគ្រឹះ​នៃ​របប​ផ្តាច់ការ​ភូមា​។ សមាជិក​នៃ​ក្រុមប្រឹក្សា​រដ្ឋ​នេះ​សុទ្ធ​សឹង​ជា​នាយ​ទាហាន​ មាន​មេបញ្ជាការ​យោធភូមិភាគ​ទាំង​១២​នាក់​និង​នាយ​ទាហាន​ជាន់​ខ្ពស់​៧​នាក់​។ គឺ​ក្រុម​នាយ​ទាហាន​នេះ​ហើយ​ ដែល​ជា​អ្នក​តែងតាំង​នាយក​រដ្ឋមន្ត្រី​ កំណត់​មនោគមវិជ្ជា​និង​បន្ទាត់​នយាបាយ​ធំៗ​នៃ​របប​សឹក​ភូមា​។

នៅ​ខែ ​មិថុនា​ឆ្នាំ​១៩៨៩​ ក្រុម​នាយ​ទាហាន​ បាន​សម្រេច​ប្តូរ​ឈ្មោះ​ភូមា​ ទៅ​ជា​Myanma​r ពី​ព្រោះ​ ពាក្យ​Myanmar​ ដែល​មាន​ន័យ​ថា​ ពូជសាសន៍​ដែល​កើត​មុន​គេ​នៅ​លើ​លោកិយ​ មាន​លក្ខណៈ​ជាតិ​និយម​ខ្លាំង​។

ក្រៅ ​ពី​មូលដ្ឋាន​ជាតិនិយម​ មនោគមវិជ្ជា​របស់​ក្រុម​នាយ​ទាហាន​ភូមា​ឈរ​លើ​ការ​ប្រឆាំង​នឹង​ ប្រជាធិបតេយ្យូបនីយកម្ម​ និង​ការ​ប្រឆាំង​នឹង​បស្ចិម​លោក​។ ការ​ប្រឆាំង​នឹង​ប្រជាធិបតេយ្យូបនីយកម្ម ជម្រុញ​ឲ្យ​របប​សឹក​ ក្តាប់​យ៉ាង​តឹងរ៉ឹង​ មធ្យោបាយ​ឃោសនា​មហាជន​ ដូច​ជា​ ទូរទស្សន៍​ វិទ្យុ និង​សារពត៌មាន​ និង​ខ្ទប់​មាត់​បក្ស​ជំទាស់​។ នៅ​ក្នុង​ន័យ​នេះ​ របប​សឹក​មិន​ព្រម​ទទួល​ស្គាល់​ ជ័យជំនះ​ របស់​គណបក្ស​លោក​ស្រី​Aung San Suu Kyi នា​ពេល​បោះ​ឆ្នោត​សភា​ឆ្នាំ​១៩៩០ បន្ត​ចាប់​អ្នក​ប្រឆាំង​ញាត់​គុក ​និង​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​រាល់​ចលនា​បះបោរ​ ដូច​យ៉ាង​ ការ​វាយ​បង្ក្រាប​គ្មាន​ត្រាប្រណី​ ទៅ​លើ​បាតុកម្ម​លោក​សង្ឃ​និង​និស្សិត​ នៅ​ ឆ្នាំ​២០០៧​។

ដោយ​ឡែក​ មិន​មែន​ចៃ​ដន្យ​ទេ​ ដែល​របប​សឹក​ភូមា​ប្រឆាំង​នឹង​បស្ចិមលោក​ ពីព្រោះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ដែល​សហរដ្ឋអាមេរិក ​និង​សហភាព​អឺរ៉ុប ដាក់​សម្ពាធ​គ្រប់​បែប​យ៉ាង​ ទៅ​លើ​ភូមា​ បង្ខំ​ឲ្យ​ក្រុម​នាយ​ទាហាន​ ធ្វើ​ប្រជាធិបតេយ្យូបនីយកម្ម​នៅ​ក្នុង​ប្រទេស​ និង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ ជា​ពិសេស​ លោក​ស្រី​ប្រមុខ​បក្ស​ជំទាស់​Aung San Suu Kyi ដែល​នៅ​ឆ្នាំ​១៩៩១​ បាន​ក្លាយ​ជា​ជ័យលាភី​រង្វាន់​Nobel​ ផ្នែក​សន្តិភាព​។

ក៏​ប៉ុន្តែ​ មក​ទល់​ពេល​នេះ​ ការ​គាប​សង្កត់​របស់​បស្ចិម​លោក​ទៅ​លើ​របបសឹក​ គ្មាន​ប្រសិទ្ធិភាព​ទាល់​តែ​សោះ​ ពីព្រោះ​របប​ផ្តាច់ការ​ភូមា​មិន​ដែល​ត្រូវ​ការ​លោក​ខាង​លិច​ទេ​។ សូម្បី​តែ​ នៅ​ខែ​ឧសភា​ឆ្នាំ​២០០៨​ ក្រោយ​ពេល​ដែល​ខ្យល់​ព្យុះ​កំបុត​ត្បូង​Narguis បាន​សម្លាប់​ប្រជាជន​ភូមា​ អស់​ជាង​មួយ​សែន​នាក់ ក៏របប​សឹកមិនព្រមទទួល​ជំនួយ​របស់​បស្ចិម​លោក​ដែរ យល់​ព្រម​ទទួល​តែ​ ជំនួយ​របស់​បណ្តាប្រទេស​អាស៊ី​។

ការពិត ​របប​សឹក​ភូមា​អាង​យ៉ាង​ ពីព្រោះ​មាន​ប្រទេស​ចិន​ជួយ​និង​មាន​ប្រទេសរុស្ស៊ី​ ព្រម​ទាំង​បណ្តា​ប្រទេស​Asean​រក​ស៊ី​ជា​មួយ​។ ជាក់ស្តែង នៅ​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ ​ប្រទេស​ចិន​បាន​ដាក់​ទុន​ ៨៥៥​លាន​ដុល្លារ​ រក​ស៊ី​នៅ​ភូមា​ រុស្ស៊ី​៩៤​លាន​ដុល្លារ​ សិង្ហ​បូរី​៥​លាន​ដុល្លារ និង​វៀត​ណាម​២០​លាន​ដុល្លារ​។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រោម​ការ​ណែ​នាំ​របស់​ប្រទេស​ចិន​ និង​ដោយ​ហេតុ​តែ​មាន​ការ​ទិតៀន​កាន់​តែ​ខ្លាំង​ពី​សំណាក់​សមាជិក​Asean​ខ្លះ ​ របប​សឹក​ភូមា​បាន​ផ្តើម​បោះ​ជំហាន​ទៅ​រក​អ្វី​ ដែល​ខ្លួន​ប្រសិទ្ធនាម​ឲ្យ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​វិន័យ​។ នៅ​ក្នុង​ន័យ​នេះ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ ត្រូវ​បាន​អនុម័ត​ឡើង​ តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ កាល​ពី​ចុង​ឆ្នាំ​២០០៨​។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ ត្រូវ​បង្កើត​របប​នយោបាយ​ប្រធានាធិបតី​ស៊ីវិល​មួយ។ តែ​អ្នក​ណា​ក៏​យល់​ដែរ​ថា​ ទាំង​នេះ​គឺ​ជា​ឆាក​ល្ខោន​នយោបាយ​មួយ​តែ​ប៉ុណ្ណោះ​ ពីព្រោះ​ ចង់​ឬ​មិន​ចង់​ អំណាច​ពិត​ប្រាកដ​ នឹង​បន្ត​ឋិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​នាយ​ទាហាន​យូរ​ឆ្នាំ​ត​ទៅ​មុខ​ទៀត៕
free programes

Read more!

0 comments:

INDIAN SONG

THAI SONG

Template by : kendhin news blog