Wednesday 12 August 2009

គេគ្រាន់តែថា បំភាន់ខេមរាឲ្យច្រឡំ

ដោយ​ សំ វិជ្ជា

1.ឲ្យដីទៅឈ្មូញ គេថាសុម្បទាន
រិះគន់ទិតៀនថាបរិហាកេរិ៍្ត
​រាស្រ្តស្លាប់អត់បាយ ថាព្រោះឈឺទេ
ធ្វើខ្ញុំយួនហ្វេ គេថាជាមិត្ត ។

2.អង្គរ ឲ្យឈ្មួញ គេថាទេសចរណ៍
ចាប់ដាក់ព្រៃសរ ថាទោសឧក្រិដ្ឋ
ឃាត់ឡានយកលុយ ថាសុំពិនិត្យ
សភាដកសិទិ្ធ ថាធ្វើតាមច្បាប់ ។

3.ដេញរាស្រ្តយកដី ថាអភិវឌ្ឈន៍
វាយទាត់ព្រះសង្ឃ ថារៀបសណ្តាប់
ស្រុកខ្មែរស្រុកក្រ ថាមានចំណាប់
ឆ្ការព្រៃកាប់គាស់ ថាដាំហូរហែរ ។

4.សង់ស្ពាន សាលា ថាលុយ ហ៊ុន-សែន
យួនខិតព្រំដែន ថាមិនពិតទេ
អង្គរក្ស ហ៊ុន-សែន ថាកងទ័ពខ្មែរ
រាស្រ្តលក់ដីស្រែ គេថាហ៊ឺហា ។

5.ពួកតំណាងបក្ស ថាតំណាងរាស្រ្ត
យួនចូលពេញពាស ថាមានឯណា
ពួកឈ្មួញទុច្ចរិត គេថា ឧកញ៉ា
មានឡានវិឡា ថាខ្លួនស្អាតស្អំ ។

6.ច្បាប់ពុករលួយ គេថាចេញឆាប់
បើគេចង់ចាប់ ថាប្តឹងចៅក្រម
ត្រឹមអ្នកអន្រ្ទើស ថាឯកឧត្តម
ចាប់រាស្រ្តបង្ខំ គេថារាស្រ្តស្ម័គ្រ ។

7.បើចង់ឲ្យសូក គេថាដោះស្រាយ
ចាប់ដីជិតឆ្ងាយ ថាទិញដោយប្រាក់
អ្នកជាប់សាច់ឈាម ថាត្រូវឡើងសកិ្ត
ទិញអ្នកក្បត់បក្ស ថារត់ចុះចូល ៕

free programes

Read more!

UNHCR ទទួល​ស្គាល់​ខ្មែរ​ក្រោម​៥​នាក់​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់

ដោយ ឃឹម សារ៉ង

ខ្មែរ​កម្ពុជា​ក្រោម​ជា​អតីត​ព្រះ​សង្ឃ​គ្រូ​បង្រៀន​សាលា​បាលី​ជាន់​ខ្ពស់​៥ ​រូប​នឹង​ត្រូវ​ចាកចេញ​ទៅ​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ហុល្លង់ បន្ទាប់​ពី​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) នា​ក្រុង​បាងកក ទទួល​ស្គាល់​ថា​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់​រួច​មក។



លោក ថាច់ ឡានី បេសកជន​ពិសេស​របស់​សហព័ន្ធ​ខ្មែរ​ក្រោម​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​សាសនា​នៃ​ជនជាតិ​ខ្មែរ​ក្រោម បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក ​ដែល​បាន​សម្ភាស​ហើយ​ដែល​ជាប់​ហ្នឹង គឺ​ថា​បាន​តិចតួច​មែនទែន។ ឥឡូវ​នេះ​ទើប​បាន​លោក​៥​អង្គ​ដែល​យួន​ចាប់​ដាក់​ពន្ធនាគារ អស់​រយៈពេល​ជាង​១​ឆ្នាំ​ហ្នឹង ហើយ​ឥឡូវ​ហ្នឹង​ក៏​បាន​ភៀស​ខ្លួន​មក​ដល់​បាងកក ហើយ​ក៏​បាន​សម្ភាស​ជាប់។ អង្គការ UNHCR ហើយ​មាន​ប្រទេស​២ ដែល​គេ​បម្រុង​យក​ចេញ​ទៅ ដើម្បី​នៅ​ប្រទេស​ទី​៣​ហ្នឹង មាន​២​នាក់​បាន​ជាប់​ទៅ​ប្រទេស​ហ្វាំងឡង់ ហើយ​៣​ទៀត​បាន​ទៅ​ប្រទេស​ហុល្លង់ ហ្នឹង​ទាំង​៥​ហ្នឹង»។

កន្លង​មក​ខ្មែរ​ក្រោម​ជា​ច្រើន​ដែល​បាន​គេច​ខ្លួន​ពី​ការគាប​សង្កត់​ពី​ អាជ្ញាធរ​យៀកណាម​ខ្លះ​បាន​ចេញ​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​ខ្មែរ​បាន​ចាត់ទុក​ជន​នោះ​ថា​ជា​ជនជាតិ​ខ្មែរ បើ​ទោះ​បី​ជា​ខ្មែរ​ក្រោម​ខ្លះ​មិន​បាន​ទទួល​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ ខ្មែរ​ក៏​ដោយ ហើយ​ខ្លះ​ទៀត​បាន​រត់​ទៅ​ប្រទេស​ថៃ។

លោក ថាច់ ឡានី បាន​ឲ្យ​ដឹង​ថា ខ្មែរ​ក្រោម​ដែល​ទៅ​ដល់​ថៃ​មាន​ជីវភាព​រស់នៅ​លំបាក ៖ «ចំពោះ ​បង​ប្អូន​ដែល​ស្នាក់នៅ​ក្រុង​បាងកក​ហ្នឹង មាន​ការពិបាក​យ៉ាង​ច្រើន ជា​ពិសេស​ជីវភាព​រស់នៅ​មិន​គ្រប់គ្រាន់។ គឺ​អង្គការ​សិទ្ធិ​មនុស្ស អង្គការ​ផ្សេងៗ​ហ្នឹង​គេ​អត់​បាន​ជួយ​ទេ ពីព្រោះ​យើង​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អង្គការ UNHCR នៅ​បាងកក​ហ្នឹង ហេតុ​ដូច្នេះ​ហើយ​ខ្មែរ​ក្រោម​ទាំងអស់​កំពុង​រស់នៅ​ហ្នឹង​ពិបាក​មែនទែន គ្រប់​បែប​យ៉ាង»។

លោក ថាច់ ឡានី បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​អ្នក​ដែល​សម្ភាស​ធ្លាក់​វិញ​មាន​ចំនួន​ច្រើន ហើយ​បាន​ត្រូវ​គេ​ចាប់​ដឹក​ចេញ​ពី​ថៃ។ អ្នក​ដែល​គេ​ដឹក​បញ្ជូន​ចេញ​ទៀតសោត ខ្លះ​ក៏​វិល​ត្រឡប់​ចូល​ប្រទេស​ថៃ​សា​ជា​ថ្មី។ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​សម្ងំ​រស់នៅ​លាក់​ខ្លួន​នៅ​ប្រទេស​ថៃ ដោយ​ប្រកប​ពលកម្ម​ខុស​ច្បាប់ ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព៕

free programes

Read more!

Monday 10 August 2009

កម្ពុជា និង​ថៃ​សម្រេច​លុប​ទិដ្ឋាការ​នៅ​ឆ្នាំ​២០១០

ដោយ គី សុខលីម
08/08/2009

ប្រទេស​កម្ពុជា និង​​ប្រទេស​ថៃ​សម្រេច​លុប​ទិដ្ឋាការ​នៅ​ឆ្នាំ​២០១០​ខាងមុខ​នេះ​។​ប្រទេស​ថៃ ​នឹង​ក្លាយ​ជា​ប្រទេស​ទី​៦​ដែល​បាន​ព្រមព្រៀង​លុប​ទិដ្ឋាការ​ជាមួយ​ប្រទេស​ កម្ពុជា។

ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ថៃ​បាន​ព្រមព្រៀង​គ្នា​សម្រេច​លុប​ទិដ្ឋាការ​ ឬ​ហៅ​ថា​Visa នៅ​ចុង​ឆ្នាំ​២០១០​ខាង​មុខ​នេះ។ ការ​សម្រេច​លុប​ទិដ្ឋាការ​នេះ​នឹង​ធ្វើឡើង​ក្នុង​ពិធី​ខួប​៦០​ឆ្នាំ​នៃ​ការ​ បង្កីត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ។​

ប្រទេស ​ថៃ​នឹង​ក្លាយ​ជា​ប្រទេស​ទី​៦​ដែល​បាន​សម្រេច​លុប​ទិដ្ឋាការ​ជាមួយ​ប្រទេស​ កម្ពុជា។​ មុន​ប្រទេស​ថៃ​មាន​ប្រទេស​វៀតណាម​ ប្រទេស​ឡាវ​ ប្រទេស​ហ្វីលីពីន​ ប្រទេស​សឹង្ហបុរី​ និង​ប្រទេស​ម៉ាឡេស៊ី។

លោក​ កុយ​ គួង​ អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​ការបរទេស​ខ្មែរ​ និង​ជា​អ្នក​នាំពាក្យ​បាន​បញ្ជាក់​នៅ​ថ្ងៃសៅរ៍​នេះ​ថា​ ​ការ​សម្រេច​លុប​ទិដ្ឋការ​នេះ​នឹង​សម្រួល​ដល់​ការ​ចរាចរណ៍​មនុស្ស​រវាង​ ប្រទេស​ទាំង​ពីរ​ ហើយ​ម៉្យាងទៀត​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ចំណេញ​ទាំង​ពេលវេលា​​ និង​ប្រាក់កាស។​ ទិដ្ឋាការ​សម្រាប់​ប្រទេស​ថៃ​មាន​តម្លៃ​៣៥​ដុល្លារ​អាមេរិក។​​​

អ្នកជំនាញ ​សេដ្ឋកិច្ច​ និង​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​មួយ​ចំនួន​បាន​អត្ថាធិប្បាយ​ថា​​ការ​ លើកលែង​ទិដ្ឋការ​នេះ​មិនមែន​សម្រួល​តែ​ការ​ចរាចរណ៍​មនុស្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នឹង​ជួយ​សម្រួល​ដល់ការ​ធ្វើ​ពាណិជ្ជកម្ម​ថែមទៀត​ផង។​​

ប្រទេស ​វៀតណាម​ជា​ប្រទេស​ដែល​បាន​សម្រេច​លុប​ទិដ្ឋការ​ជាមួយ​ប្រទេស​កម្ពុជា​ចុង​ ក្រោយ​គេ​បង្អស់​ក្នុង​ចំណោម​ប្រទេស​ទាំង​៥​កាលពី​ខែ​មេសា​កន្លងមក។​​​

ជាលទ្ធផល ​តួលេខ​ក្រសួង​ទេចរណ៍​បាន​បង្ហាញ​ថា​ប្រជាជន​វៀតណាម​បាន​មក​ទស្សនា​ប្រទេស​ កម្ពុជា​ច្រើន​ជាង​គេ​បំផុត​ក្នុង​ឆមាស​ទីមួយ​នៃឆ្នាំ​២០០៩​នេះ​​ ពោល​គឺ​ចំនួន​ភ្ញៀង​ទេសចរ​វៀតណាម​មាន​កំណើន​ប្រមាណ​ជា​៤០​ភាគរយ​បើ​ប្រៀបធៀប ​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០០៨​កន្លងមក។​​

និន្នាការ​មាន​ លក្ខណៈ​ខុសគ្នា​ដាច់ស្រឡះ​ជាមួយ​ភ្ញៀវទេសចរ​ថៃ​​តួលេខ​បាន​បង្ហាញ​ថា​ ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​​២០០៩​នេះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ​មក​ទស្សនា​ កម្ពុជា​មានការ​ថយចុះ​២៤​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី ​ឆ្នាំមុន។

លោក​ កុយ​ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបទេស​បាន​បន្ត​ទៀត​ថា​​ ប្រទេស​កម្ពុជា​កំពុង​ដាក់​សំណើ​សុំ​លុប​ទិដ្ឋាការ​ជាមួយ​ប្រទេស​បីទៀត​ដែល​ ជា​សមាជិក​អាស៊ាន​ដែរ​នោះ​​ប៉ុន្តែ​ប្រទេស​ទាំងនោះ​កំពុង​ពិចារណា​លើ​សំណើ​ របស់​កម្ពុជា។​​ ប្រទេស​ទាំងនោះ​ជារូមមាន​៖​ប្រទេស​ឥណ្ឌូនេស៊ី​ ប្រទេស​ប្រ៊ុយណេ និង​ប្រទេស​ភូមា។​
សូមបញ្ជាក់​ថា​កាល​ពី​ប៉ុន្មាន​ថៃ​ មុន​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ការ​លុប​ទិដ្ឋាការ​ជាមួយ​ប្រទេស​ទាំង​៥​កន្លង​មក​បាន​ធ្វើ​អោយ ​រដ្ឋ​ខាតបង់​ប្រាក់​ចំណូល​ប្រមាណ​ជា​៨​លាន​ដុល្លារ​មែន​​ ប៉ុន្តែ​​​ការលុប​នេះ​បាន​ជំរុញ​អោយ​ភ្ញៀវ​ទេសចរ​បទេស​មក​កម្ពុជា​កាន់​តែ​ ច្រើន​ ហើយ​ពេលនោះ​ការងារ​ជាច្រើន​ត្រូវបាន​បង្កើត​ឡើង៕
free programes

Read more!

ភាសា​ខ្មែរ​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ក្នុង​ខេត្ត​សុរិន្ទ

លោក ជ័យ មង្គល បង្រៀន​ភាសា​ខ្មែរ ដល់កុមារ​នៅ​ក្នុង​ខែត្រ​សុរិន្ទ ។
ដោយ កេសរណ្ណីយ្យា
2009-08-09

ប្រភព​ពី​ខេត្ត​សុរិន្ទ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ផ្នែក​សិក្សា​ធិការ​នៃ​ខេត្ត​សុរិន្ទ​របស់​ថៃ បាន​យល់​ព្រម​ឲ្យ​មាន​ការ​បញ្ចូល​ភាសា​ខ្មែរ​ក្នុង​កម្មវិធី​សិក្សា​ក្នុង​ សាលា​រដ្ឋ។

ខណៈ​ដែល​ស្ថានការណ៍​រវាង​កម្ពុជា​និង​ថៃ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ក្នុង​ តំបន់​ប្រាសាទ​ព្រះ​វិហារ​មិន​ទាន់​ដោះស្រាយ​រួច​ស្រេច​នៅ​ឡើយ​នោះ ខ្មែរ​នា​ឧត្តរ​ទិស​ក្នុង​ខេត្ត​សុរិន្ទ ដែល​ធ្លាប់​ជា​ភាគ​មួយ​នៃ​ទឹក​ដី​ខ្មែរ​លើ​ខ្ពង់​រាប​នគរ​រាជ បាន​ឲ្យ​ដឹង​ថា មាន​ការ​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​មាន​បង្រៀន​ភាសា​ខ្មែរ​នៅ​តាម​សាលា​រៀន​ របស់​រដ្ឋ​នានា​ក្នុង​ខេត្ត​នៃ​ភាគ​ឦសាន​របស់​ប្រទេស​ថៃ​មួយ​នេះ​ហើយ។

សមាគម​ភាសា​និង​វប្បធម៌​ខេត្ត​សុរិន្ទ ដែល​មាន​លោក ជ័យ មង្គល ជា​ប្រធាន បាន​ឲ្យ​ដឹង​ថា សមាគម​បាន​ស្នើ​ទៅ​ក្រសួង​អប់រំ សុំ​ឲ្យ​អនុញ្ញាត​ជា​ផ្លូវការ ឲ្យ​មាន​ម៉ោង​បង្រៀន​អាន​និង​សរសេរ​ភាសា​ខ្មែរ​ក្នុង​កម្មវិធី​សិក្សា​ទូទៅ​ កាល​ពី​ពេល​ថ្មីៗ​នេះ។

នាយកដ្ឋាន​ផ្នែក​អប់រំ​ខេត្ត​សុរិន្ទ កាល​ពី​ថ្ងៃ​ពុធ​ទី​៥ ខែ​សីហា បាន​ទទួល​យល់​ព្រម​តាម​សំណើ​នេះ ព្រមទាំង​បាន​រៀបចំ​សន្និសីទ​មួយ​ជាមួយ​តំណាង​សាលា​បឋម​សិក្សា​និង​មធ្យម​ សិក្សា​ចំនួន​ប្រមាណ ៣០​-៤០​សាលា​ពី​ឃុំ​ស្រុក​នានា​ក្នុង​ខេត្ត ដើម្បី​ពិភាក្សា​ពី​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​ក្នុង​ថ្នាក់​រៀន​នេះ។

លោក ជ័យ មង្គល មាន​ប្រសាសន៍​ថា ៖ «យើង​បាន​និយាយ​គ្នា​ល្អៗ ខ្ញុំ​ទៅ​ជួប​នាយក​សិក្សា​អប់រំ​ខេត្ត​ហ្នឹង អំពី​រឿង​ភាសា​ខ្មែរ​យើង និយាយ​គ្នា​ល្អ ថា​យើង​នៅ​ស្រុក​ជាមួយ​គ្នា មិន​បាច់​យក​ច្បាប់​មក​ដាក់​គ្នា​ទេ យើង​រក​ការ​ស្វែង​យល់​ជាមួយ​គ្នា កុំ​ឲ្យ​ថា ខ្មែរ​និយាយ​គ្នា​មិន​ល្អ យើង​ខ្មែរ។ គេ​ព្រម គេ​ប្រជុំ​ហើយ គេ​ថា OK [យល់​ព្រម] អ៊ីចឹង​ឲ្យ​ខ្ញុំ​ធ្វើ​អី? ខ្ញុំ​ចង់​ឲ្យ​លោកគ្រូ​កោះ​ហៅ​នាយក​សាលា​មក ហើយ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​បញ្ចូល​ភាសា​ខ្មែរ មាន​ច្រើន​សាលា​រៀន គេ​ប្រាប់​ខ្ញុំ​តាម​ទូរស័ព្ទ មាន ៣០​-៤០​សាលា​រៀន»។

យោង​តាម​គម្រោង​ផ្លូវការ ការ​បើក​បង្រៀន​ភាសា​ខ្មែរ​ក្នុង​សាលា​រៀន​រដ្ឋ នឹង​មាន​បង្រៀន ២​ម៉ោង​ក្នុង​មួយ​សប្តាហ៍ មាន​តាំង​ពី​ថ្នាក់​បឋម​សិក្សា​ឆ្នាំ​ទី​១ ដល់​មធ្យម​សិក្សា ឆ្នាំ​ទី​១២ ហើយ​នឹង​ចាប់​ផ្តើម​អនុវត្ត​ជា​បណ្តើរៗ ចាប់​ពី​ខែ​កញ្ញា​ខាង​មុខ​នេះ​ទៅ ដោយ​នឹង​ផ្តើម​ដំបូង​នៅ​ស្រុក​ស្វាយ ជា​មុន​សិន។

បញ្ហា​ដែល​គម្រោង​នេះ​ជួប​ប្រទះ គឺ​កង្វះ​គ្រូ​សម្រាប់​បង្រៀន។ លោក ជ័យ មង្គល បាន​ឲ្យ​ដឹង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​នឹង​ចាត់​ឲ្យ​មាន​ការ​បង្រៀន​ដោយ​កូន​សិស្ស ដែល​លោក​បាន​អប់រំ​ ក្នុង​យុទ្ធនាការ​ដាស់​ភាសា​ខ្មែរ​របស់​លោក​ផ្ទាល់។

លោក ជ័យ មង្គល ថ្លែង​បន្ថែម​យ៉ាង​ដូច្នេះ ៖ «គ្រូ​បង្រៀន​ហ្នឹង យក​កូន​សិស្ស​យើង​បាន​ល្អ​ជាង ព្រោះ​គ្រូ​នៅ​សាលា​គាត់​ជាប់​ដៃ​ជាប់​ជើង​អស់​ហើយ ព្រោះ​ការងារ​ពេញ​ដៃ។ បើ​ថា យក​ប្រជាជន​កូន​សិស្ស​យើង​ទៅ នេះ​ជា​មធ្យោបាយ​មួយ​សម្រាប់​ឲ្យ​មាន​មនុស្ស​មក​រៀន​ឲ្យ​ច្រើន។ ទី​២ អ្នក​ភូមិ​គាត់​មិន​ដែល​ទៅ​ណា​ទេ បើ​យក​គ្រូ​មក​ពី​ឆ្ងាយ​បង្រៀន​មួយ​ភ្លែត​ទៅ​បាត់​អស់»៕

free programes

Read more!

កូន​ប្រុស​តំណាងរាស្ត្រ​គណបក្ស​សម​រង្ស៊ី​ត្រូវ​គេ​បាញ់​ស្លាប់

ដោយ ហាស់ សាន
2009-08-10


គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​អ្នក​បើក​រថយន្ត​និង​អ្នក​ជិះ​ម៉ូតូ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៩ សីហា នៅ​ម្តុំ​ទី​លក់​នំ​បញ្ចុក មុខ​វត្ត​បុទុម​វតី បាន​រាល​ដាល​ដល់​ការ​បាញ់​ប្រហារ​គ្នា ដែល​បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​កូន​ប្រុស​អ្នក​តំណាង​រាស្ត្រ​ពី​គណបក្ស​សម​ រង្ស៊ី។

លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ភ្នំពេញ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​ពី​ទី​តម្កល់​សព​យុវជន​ឈ្មោះ យន់ ថារុន អាយុ​២៥​ឆ្នាំ កូន​ប្រុស​ពៅ​អ្នក​តំណាង​រាស្រ្ត យន់ ថារ៉ូ នៃ​មណ្ឌល​បន្ទាយ​មាន​ជ័យ ដែល​បាន​បាត់​បង់​ជីវិត​ភ្លាម​នៅ​ទី​កើត​ហេតុ​នោះ​ថា មាន​មិត្ត​ភ័ក្តិ​ពីរ​នាក់​ទៀត​ក្នុង​រថយន្ត​ជាមួយ​គ្នា​នោះ មាន​របួស​ជា​ទម្ងន់ ត្រូវ​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ភ្លាមៗ​នោះ​ដែរ ៖ «នៅ​ក្នុង​ឡាន​ដែល​កូន​លោក យន់ ថារ៉ូ បើក គឺ​មាន ៣​នាក់ ប្រុស​ពីរ​នាក់​ទៀត​ក៏​ត្រូវ​រង​របួស ហើយ​ម្នាក់​ដែល​ជា​ស្រ្តី​នោះ​មិន​មាន​របួស​អ្វី​ទេ ហើយ​បី​នាក់​នេះ​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​ទេ។ ហើយ​មក​ទល់​ពេល​នេះ​ថា​តើ​មូលហេតុ​អី​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាញ់​ប្រហារ​ បែប​នេះ ក៏​យើង​នៅ​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​ត្រូវ​ចាប់​ឃាតករ​នោះ​យក​មក​កាត់​ទោស កុំ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​រួច​ទោស​ឲ្យ​សោះ ពីព្រោះ​បើ​សិន​ជា​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​វប្បធម៌​អត់​ទោស​ពៃរ៍ ឬ​មួយ​បណ្ដែត​បណ្ដោយ​ឲ្យ​ឃាតករ​រួច​ខ្លួន​នោះ គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​សង្គម​ខ្មែរ ក្លាយ​ទៅ​ជា​សង្គម​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​មែន​ទែន»។

រហូត​រំលង​អធ្រាត្រ​យប់​មិញ​នេះ យើង​ពុំ​អាច​រក​ការ​បញ្ជាក់​ពី​ក្រុម​មន្រ្តី​ពេទ្យ បាន​នៅ​ឡើយ​ទេ។

ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ គឺ​លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏​ពុំ​ទាន់​អាច​បញ្ជាក់​បាន​អំពី​មុខ​សញ្ញា​នៃ​អ្នក​បាញ់​ប្រហារ​នោះ​នៅ​ ឡើយ​ទេ ដោយ​គ្រាន់​តែ​បាន​មាន​ប្រសាសន៍​ថា ក្រុម​សមត្ថកិច្ច​កំពុង​ធ្វើការ​លើ​រឿង​នេះ។

លោក ទូច ណារ៉ុថ ថ្លែង​យ៉ាង​ដូច្នេះ ៖ «វា​ផ្ដើម​ចេញ​ពី​ទំនាស់​គ្រោះ​ ថ្នាក់​ចរាចរណ៍ ឥឡូវ​យើង​កំពុង​តាម​ជន​ល្មើស តាម​អ្នក​ដែល​បង្ក​ហ្នឹង។ វា​ទំនាស់​គ្នា​ទៅ​វិញ​ទៅ​មក គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​វា​ឈាន​ដល់​ហ្នឹង ឥឡូវ​យើង​កំពុង​តែ​តាម»៕
free programes

Read more!

បុរស​ជនជាតិ​ថៃ​ម្នាក់ ត្រូវ​ចាប់​ខ្លួន ដោយសារ​ធ្វើ​រូប​អង្គរវត្ត​នៅ​មុខ​បង្គន់

ដោយ លី ម៉េងហួរ

បុរស​ជនជាតិ​ថៃ​ម្នាក់ ជា​ជាង​សំណង់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលីស​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​ខ្លួន នៅ​ក្រុង​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ។ បុរស​ជនជាតិ​ថៃ អាយុ ៣៩ ឆ្នាំ​រូប​នេះ បាន​សាង​សង់​រូប​ប្រាសាទ​អង្គរវត្ត ធ្វើ​ជា​កាំ​ជណ្តើរ​សម្រាប់​ឡើង​ចេញ-ចូល​បង្គន់។

បុរស​ជនជាតិ​ថៃ ឈ្មោះ សឡាវ៉ុន ខាំស៊ន ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ ទី៩ សីហា និង​ត្រូវ​បាន​បញ្ជួន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​ប៉ូលីស​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី១០​សីហា​នេះ។ ប៉ូលីស​ខេត្ត​ជាប់​ព្រំដែន​ថៃ កំពុង​សួរ​ចម្លើយ និង​កសាង សំណុំរឿង បញ្ជូន​បុរស​ថៃ​នោះ ទៅ​កាន់​តុលាការ។ លោក ហ៊ុន ហ៊ាន ស្នងការ​ប៉ូលីស​ខេត្ត​បន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា បុរស​ជនជាតិ​ថៃ​នោះ​បាន​ចូល​កម្ពុជា តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨។ បុរស​ថៃ​នេះ​បាន​សង្ងំ​រស់​នៅ​ក្រុង​ប៉ោយ​​ប៉ែត ហើយ​បាន​សាង​សង់​រូប​សំណាក​ប្រាសាទ​​អង្គរវត្ត ដែល​ធ្វើ​ពី​ថ្ម ទំហំ​ប្រមាណ ១ ម៉ែត្រ​ការ៉េ ដាក់​នៅ​មុខ​បង្គន់​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែត ជាប់​ព្រំដែន​ប្រទេស​ថៃ។

ការ​សង់​រូប​សំណាក ​ប្រាសាទ​អង្គរវត្ត​នេះ បាន​ត្រូវ​បុរស​ថៃ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ប៉ូលីស​ថា មក​ពី​រូប​គេ​ស្រលាញ់​អង្គរវត្ត​ខ្លាំង​ពេក។ ក៏​ប៉ុន្តែ​លោក​ស្នងការ​ប៉ូលីស​ខេត្ត ហ៊ុន ហ៊ាន បាន​អត្ថាធិប្បាយ​ថា ទង្វើ​របស់​បុរសជន​ជាតិ​ថៃ​ ដែល​បាន​សាង​សង់​រូប​សំណាក​អង្គរវត្ត​សម្រាប់​ឲ្យ​គេ​ជាន់​ចេញ​ចូល បត់​ជើង​ក្នុង​បង្គន់ គឺ​ជា​ការ​មើល​ងាយ​លើ​អត្តសញ្ញាណ​ជាតិ​ខ្មែរ។ ប្រាសាទ​អង្គរវត្ត ជា​និម្មិត្តរូប​ជាតិ​ខ្មែរ ដែល​មាន​នៅ​ក្នុង​ទង់ជាតិ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ លោក​ស្នងការ​បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១០​សីហា​នេះ​ថា សមត្ថកិច្ច​ប៉ូលីស​របស់​លោក​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជួន​បុរស​ជនជាតិ​រូប​នេះ​ទៅ​កាន់​តុលាការ។ ប៉ូលីស​បាន​រក​ឃើញ​ថា បុរស​ថៃ​នេះ​បាន​មើល​ងាយ​ដល់​អត្តសញ្ញាណ​ជាតិ​ខ្មែរ និង​បាន​ចូល​មក​រស់​នៅ​ដោយ​ធ្វើ​អន្តោប្រវេស​ខុស​ច្បាប់​នៅ​កម្ពុជា ដែល​នឹង​ត្រូវ​​​​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី ៣ ខែ ទៅ ៦ ខែ មុន​នឹង​បណ្តេញ​ចេញ​។

សូម​បញ្ជាក់​ថា ជនជាតិ​ថៃ​ជ្រុល​និយម​មួយ​ចំនួន តែង​តែ​បង្ក​បញ្ហា​ជា​ជម្លោះ​ជាតិសាសន៍​ជាមួយ​នឹង​កម្ពុជា តាម​រយៈ​ប្រាសាទ​អង្គរវត្ត។ កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​២០០៣ តារា​ភាពយន្ត​ថៃ​ម្នាក់​បាន​អះអាង​ថា ប្រាសាទ​អង្គរវត្ត​ជា​របស់​ថៃ ដែល​ត្រូវ​បាន​កម្ពុជា​​រំលោភ​​យក។ សេចក្តី​​ប្រកាស​កាល​ណោះ បាន​បង្ក​ឲ្យ​ជន​កម្ពុជា ផ្ទុះ​កំហឹង ក្លាយ​ជា​កូប្បកម្ម វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន និង​ស្ថានទូត​ថៃ នៅ​ទីក្រុង​ភ្នំពេញ។ ចំណែក​​​បរិបទ​ពេល​នេះ គឺ​ចំ​ពេល​ដែល​កម្ពុជា និង​ថៃ​មាន​ជម្លោះ​ព្រំដែន ដែល​បាន​រុំារ៉ៃ​ជាង​មួយ​ឆ្នាំ​ហើយ៕
free programes

Read more!

Monday 3 August 2009

ជួបភក្ត្រ័ជំពាក់ចិត្ត

ពេល​បាន​ជួប​ភ័ក្ត្រ​ជំពាក់ស្នេហ៍
ពៅល្អ​ដូច​ខែ​ពេញវង់​សោភា
បេះដូង​បង​ឆ្លាក់​រូប​ស្រស់​ពុំងារ
ក្នុង​ដួង​ទ័យា​ជាគូរនែបនិត្យ ។
មិន​ទាន់​យល់​ប្រាណ​បាន​ត្រឹម​ស្រមោល
ឱរា​តែលតោល​នឹក​កែវ​វរមិត្រ
បង​សូម​ស្រែក​ច្រៀង​ផ្ញើ​សៀង​ដួងចិត្ត
សារភាព​ការ​ពិត​ឲ្យ​ស្រី​បាន​ដឹង ។
ស្រស់​អើយ​អើយ​ស្រស់​មាស​មុំ​ធីតា
ទទួល​ផងណា​បេះដូង​បង​ហ្នឹង
កាត់​ផ្ញើ​ជូន​អូន ឱ!កែវ​ព្រលឹង
រៀម​សូម​ដណ្ដឹង​អូន​ហ្នឹង​ជាគូរ ។
ឆ្លើយ​ចាស​ណាអូន​កុំ​ឲ្យ​បង​ខក
ផ្សង​ថែ​ត្របក​ផ្កា​ស្រស់​ផង់ផូរ
ឧបសគ្គ​យ៉ាងណា​បង​ស្ម័គ្រ​ផ្ដាច់​ប្ដូរ
យក​អូន​ជា​គូរួម​ជីវិត​រៀង​អើយ ។
free programes

Read more!

អ្នករត់ម៉ូតូឌុប

ដោយ ៖ អ្នក​ស្រី កែវ​ ច័ន្ទបូរណ៍
មិនីសូតា សហរដ្ឋ​អាមេរិក


ទ្រីនៗទ្រឺនៗលឿនដូចហោះ
ឆ្វែលឆ្វាត់ផ្លេកផ្លោះកាត់ទីក្រុង
ឌុបអ្នកដំណើរមិនអែអង់
ត្រេចត្រង់ត្រឹមត្រូវមិនប្រមាថ។

ថ្ងៃខ្លះឌុបតាយាយមីងអ៊ំ
ថ្ងៃខ្លះក្រៀមក្រំរកស៊ីខាត
អត់មានអ្នកជិះសល់តែកាត
មុខជូរដូចត្មាតដេកចាំព្រៃ។
ថ្ងៃខ្លះមុខរីកដូចគ្រាប់ជីរ
បានឌុបនារីស្រស់ពេកក្រៃ
ក្លិនក្លួនក្រអូបដូចចំប៉ី
រំភើបដួងចៃតែម្នាក់ឯង។
រាល់ថ្ងៃដឹកឌុបអស់មនុស្សសត្វ
វត្ថុគ្រប់សព្វមានកញ្ច្រែង
ឧស្សាហ៍ធ្វើការយ៉ាងរអែង
ប្រឹងប្រែងញើសហូរប្តូរជីវិត។
បាយត្រឹមបាតឆ្នាំងអាំងត្រីងៀត
ហូបចុកត្បិតត្បៀតមានកំរិត
សន្សំលុយកាក់ផ្ញើញាតិមិត្ត
ម៉ែឪក្រពិតឯស្រុកស្រែ។
មួយថ្ងៃសន្សំខំតក់ៗ
រកស៊ីដង្ហក់មិនត្អូញត្អែ
របរសុចរិតមិនលួចគេ
សូមព្រះយាងថែលុះភ្លឺស្វាង។


free programes

Read more!

Saturday 1 August 2009

សម្ពាធនយោបាយធ្វើឱ្យគ្មានមេធាវី ការពារតំណាងរាស្រ្តគណបក្សប្រឆាំង

By ម៉ែន គឹមសេង, VOA

មុខរបរ​មេធាវី​ជាមុខរបរ​ដែលគេចាត់នៅក្នុង​​វិជ្ជាជីវៈសេរី​នេះបើ ​តាម​ការអះអាង​​
របស់​ក្រុម​មេធាវី​កម្ពុជា។​​ នេះមានន័យថា​មេធាវី​មាន​សិទ្ធិ​ទទួល​ឬ​មិន​ទទួល
ការពារ​ក្តី​ឱ្យ​​ជនណា​ ម្នាក់​តាម​ការស្ម័គ្រចិត្ត។​

ក្រុម​មេធាវី​ដែល​ វីអូអេសម្លេងសហរដ្ឋអាមេរិក​បាន​ជួ​បសម្ភាសនាពេល​ថ្មីៗនេះ
បាន​បញ្ចេញ​ទស្សនៈស្រដៀងគ្នា ដោយ​អះអាងពី​សេរីភាពក្នុងការ​ធ្វើតំណាង​
ឱ្យ​កូន​ក្តី​​។​

លោកស្រី ​ ពឹង​ ធីតា​ ដែល​បាន​ធ្វើជា​មេធាវីអស់រយៈពេល​​ជាង១០​ឆ្នាំ ដោយ
​ធ្លាប់​ទាំង​ធ្វើជាមេធាវី​នៃ​អង្គការ​ជំនួយផ្នែកច្បាប់​នៃកម្ពុជា​បាន​រៀបរាប់​ពី​សេរី
ភាព​នៃ​ការងារ​របស់​លោក​ស្រីថា​៖ ​

“អត់បញ្ហាអ្វីទេ​ ឱ្យតែគេ​ពឹង​ពាក់​យើង​ ត្រឹមត្រូ​វតាមបែបបទនីតិវិធី​។​ យើងដាក់​
ការពារទៅ​ ហើយ​អតិថិជនណា​ដែល​យើង​ គិតថា​ ពេញចិត្ត ការពារទៅ​។​ បើ​
អតិថិជន​ណា​ដែលយើងមិនពេញចិត្ត​ យើងកុំការពារទៅ​។​ នេះជា​ឆន្ទានុសិទ្ធិ​
របស់យើង​ក្នុង​ការសម្រេច”។

​មេធាវីទាំងអស់​នៅប្រទេសកម្ពុជាមានចំនួន​ ៦៤៧​នាក់​ដែល​ជាសមាជិក​នៃ​
គណៈមេធាវីកម្ពុជា​។ លោក​ជីវ សុងហាក់​ ប្រធាន​នៃ​ស្ថាប័នមួយនេះ​បន្ថែម​ពី
សេរី​ភាពក្នុង​មុខ​របរនេះ​ថាៈ​

“មេធាវីយើងមានសេរីភាពគ្រប់គ្រាន់ ​ ព្រោះក្នុងការជ្រើសរើសអតិថិជនម្នាក់ៗ
គេអាចជ្រើសរើសតាមសិទ្ធិរបស់​គេ ។ ច្បាប់​អត់​មានហាមឃាត់​ថា​ ឥឡូវអតិថិ
​ជន​ប្រភេទនេះ​អ្នកឯង​ត្រូវ​ទទួលយក អតិថិជន​ប្រភេទ​នេះ​អ្នក​ឯង​មិន​ត្រូវ​ទទួល​
យក​​មិនមានចែងដូចនេះទេ។​ នៅក្នុងក្រមសីលធម៌គេគ្រាន់​តែ​និយាយថា​ មេធាវី​​
មានសិទ្ធិ​ បដិសេធក្នុងការពឹងពាក់​របស់​អតិថិជនដែរ ប្រសិនបើគេមិន​ពេញចិត្ត
គេអាចបដិសេធដែរ”។​​

លោកសុង​ ហាក់​​ក៏បាន​អះអាងពី​ការនៅអព្យាក្រឹតរបស់​គណ​មេធាវី​​កម្ពុជាពី​
សម្ពាធ​នយោបាយ​ផ្សេងៗ។​

ប៉ុន្តែលោក ​ស្រី មួរ​ សុខហួ​ សមាជិកសភា និង​ជា​អគ្គ​លេខាធិការ​រង​របស់​គណ
បក្ស​សម រង្ស៊ី ដែល​មាន​សញ្ជាតិ​ខ្មែរ​ អាមេរិកាំងហើយ​បច្ចុប្បន្ន​កំពុង​មានរឿង
ក្តីក្តាំជាមួយ​លោក​នាយក​ រដ្ឋមន្ត្រី​ ហ៊ុន សែន​ពី​បទបរិហារកេរ្តិ៍បាន​យល់ផ្សេង​
ពីនេះ។ ខណៈ​ពេល​ ដែល​ទទួល​​ស្គាល់​​ថា​​ មេធាវី​នៅ​កម្ពុជា​មាន​ជំនាញ​គ្រប់
គ្រាន់​​ក្នុង​ការ​ប្រកប​ការងារ​របស់​គេ លោក​​ស្រី​មួរ​ សុខហួ​យល់ថា​ពួកគេ​កំពុង​
ទទួលរងការ​គាប​សង្កត់​​មិន​ប្រយោល​​​​​ពីក្រុម​អ្នក​នយោបាយ។​
ប្រតិកម្ម​របស់​​លោកស្រី បាន​កើតមាន​ឡើង​បន្ទាប់​​ពី​អតីតមេធាវី​របស់​គាត់​គឺ​
លោក​គង់​ សំអុន​បាន​ដកខ្លួន​ថយ​បន្ទាប់​ពី​មាន​រឿងចម្រូង​ចម្រាសជាមួយគណ
មេធាវី​កម្ពុជា​ និងការដែល​លោក​ស្រី ​មាន​បរាជ័យ​ជាលើក​ទីពីរ​ក្នុងការ​រកមេធាវី
ការពារ​ក្តី​លោក​ស្រី សម្រាប់​ឡើងទៅតុលាការ​ ហើយ​ចុងក្រោយ​លោក​ស្រី ត្រូវ
ឡើង​តុលាការ​ការពារក្តី ដោយ​ខ្លួនឯង។​

លោក​ស្រី បាន​បញ្ជាក់ថា​៖​ “ករណីរបស់​ខ្ញុំជាក់ស្តែងណាស់​។​ តើឱ្យ​មេធាវី​គាត់​
បំពេញតួនាទី​ ជាមេធាវី​របៀបណា​ ប្រសិនបើអារម្មណ៍របស់​គាត់​នៅ​តែ​មាន​ការ​
ភ័យ​ខ្លាច​ អារម្មណ៍នៅ​តែមានគិត​ថា​ អាចនឹងទៅជាការរងគ្រោះ ដូចជាមេធាវី​
គង់​ សំអុន នោះ។ ខ្ញុំយល់​ឃើញថា​ អាជីពមេធាវី​ គឺជាអាជីពមួយដែលអាច​រង
គ្រោះ​ ដោយសារ​សម្ពាធ​នយោបាយ”។​

លោកស្រី​បាន​ដាក់ការចោទប្រកាន់ត្រង់ៗថា​ គឺ​មាន​ការគាបសង្កត់​ផ្នែក​នយោ
បាយ​​​ដែល​ធ្វើឱ្យ​លោក​មេធាវី​ គង់​ សំអុន​​ដែល​ធ្លាប់កាន់​ក្តីរបស់​លោក​ស្រី តាំង​
ពី​ដំបូងទី​ ត្រូវ​បង្ខំប្តូរចិត្ត​លះបង់​ចោល​មិនការពារ​លោក​ស្រីវិញ។​

ការអះអាងពីសេរីភាពក្នុង​អាជីពជាមេធាវី​និងការមិនទទួលរងនូវសម្ភាធ​ពី​ក្រុម
​អ្នក​នយោបាយ​ដ៏មានឥទ្ធិពល​នៅប្រទេស​កម្ពុជាមាននៅស្ទើរគ្រប់មេធាវីចំនួន
​ប្រាំរូប​ ​ដែល​វីអូអេ​ សម្លេងសហរដ្ឋអាមេរិក​បាន​ជួបសម្ភាស។​ សូម្បី​លោកមេធាវី​
គង់​ សំអុន​ដែលធ្លាប់ចេញមុខ​ការពារក្តីឱ្យលោក​ស្រី​មួរ​ សុខ​ហួ​មុន​ពេល​ដែល​រូប
លោក​ត្រូវ​បាន​ជាប់​ក្នុងការ​ចោទប្រកាន់​ពី​គណមេធាវី​ពី​ការ​ខុស​ក្រម​សីលធម៌
ហើយ​អាច​ឈាន​ទៅបាត់​បង់​អាជីព​បាន​អះអាង​ពី​សេរីភាព​គ្រប់​គ្រាន់ក្នុងការ​
ប្រកប​​មុខ​វិជ្ជា​ជីវៈ​មេធាវី​​ ហើយ​បាន​បញ្ជាក់​​ថា​ការ​សម្រេច​​ឈប់​​ការពារ​ក្តី​ឱ្យ​
លោក​ស្រីមួរ​ សុខហួ គឺជារឿងផ្ទាល់ខ្លួន​។​

លោក​ គង់​ សំអុន​ បាន​និយាយថា៖

“​ក្នុង​ករណីរបស់​លោក​ជំទាវ មួរ​ សុខហួ​ និង​ឯកឧត្តម​ ហូ វ៉ាន់​ ខ្ញុំបាន​ឈប់​
ការពារ​ហើយ​ខ្ញុំបាន​ជូនដំណឹង​ទៅតុលាការ​ហើយ​។​ នេះអាចថា​ ជារឿងផ្ទាល់​
ខ្លួនទេ ​ ពីព្រោះយើងថ្លឹងថ្លែង​ពីកាលៈទេសៈទៅ​ ហើយ​ក៏សម្រេចថា​ ធ្វើបែប
ហ្នឹង​។​ អញ្ចឹងយើងគិត​ថា​ ជារឿងផ្ទាល់​ខ្លួន​របស់​ខ្ញុំទៅចុះ”។​​

លោកគង់ សំអុន​ ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ប្តឹង​ពី​បទបរិហារកេរ្តិ៍​
ក្នុង​ពេល​នៅជាមេធាវី​តំណាង​ឱ្យ​លោក​ស្រីមួរ​ សុខហួ​​​និង​លោក​ហូ វ៉ាន់​ តំណាង​
រាស្រ្ត​គណបក្ស​សម រង្ស៊ី​​ ប៉ុន្តែបានទំលាក់ចោល​វិញបន្ទាប់​ពី លោកបាន​​សរសេរ​
សំបុត្រសុំទោស។​ ​លោកគង់ សំអុន​​ក៏ត្រូវ​គណមេធាវី​កម្ពុជាកំពុង​ពិនិត្យ​មើ​ល
​លើករណី​រំលោភ​ ក្រមសីលធម៌ក្នុង​ពេល​ដែល​តំណាង​ឱ្យ​កូនក្តី ទាំង​ពីរដែល​ជា
អ្នក​នយោបាយ​ទាំងពីរ​រូបនេះ។​​​

ជម្រើសមួយទៀតរបស់​លោកស្រី​មួរ​ សុខហួ ​ក្នុង​ការ​ស្វែងរក​ការការពារ​ផ្លូវ
ច្បាប់​គឺ​លោក​ មេធាវី​សុខ សំអឿន​ ប្រធាន​អង្គការ​ក្រុម​អ្នក​ការពារច្បាប់​កម្ពុជា
ប៉ុន្តែ​ត្រូវ​បាន​ខកខាន​ទៅវិញ។​

លោក​សុខ​ សំអឿន​អះអាងថា​ ​អង្គការ​របស់​លោក​ធ្វើការ​ខាង​ផ្នែក​ការពារ​ជន
ក្រីក្រ​ក្នុង​បណ្តឹង​បទល្មើសព្រហ្មទណ្ឌ​ ករណី​រឿងក្តី​រដ្ឋប្បវេណី​ ដូច​ជា​អាពាហ៍
ពិពាហ៍ និងគ្រួសារ និង​រឿងទំនាស់​ដី​ធ្លី​ជាដើម​ ហើយលោក​ស្រីមួរ​ សុខហួ​
មានលក្ខណៈមិនគ្រប់គ្រាន់​តាម​តម្រូវការរបស់​អង្គការ។​

លោក​ សំអឿន​មាន​ប្រសាសន៍ថា​៖ “គាត់មានថវិកាសម្រាប់​ជួលមេធាវី​ដូច្នេះ​
គាត់​​អត់ចូលក្នុងក្រទេហើយ​ទី​ពីរ​តាម​ដែល​ខ្ញុំដឹង​ នៅក្នុង​គណបក្ស​សម រង្ស៊ី
ហ្នឹង​ មានមេធាវី​ដែល​ជា​សមាជិក​របស់​គណបក្ស​សម​ រង្ស៊ី​ច្រើនណាស់​។​ គេ​
ទាំងអស់​នោះ ខ្ញុំគិត​ថា ​គេអាច​ធ្វើការ​ដើម្បី​ឧត្តមគតិ​គេ ឬ​ក៏​មាន​ប្រយោជន៍​
គណបក្ស ហេតុដូច្នេះបើគាត់​លើកឡើង​ថា​​អត់​មាន​មេធាវី​ការពារ​ វាអត់​សម​
ហេតុ​សមផល​ដែល​ថា​គ្មានមេធាវី​ណាមួយ​ហ៊ាន​ការពារ​រឿងគាត់​ ​”។

រឿងក្តី​ចោទប្រកាន់ពី​បទ​បរិហារកេរ្តិ៍ ដែល​ធ្វើឡើងដោយ​លោក​ ហ៊ុន​ សែន​
នាយករដ្ឋមន្រ្តី​ ប្រឆាំង​លោក​ស្រី មួរ​ សុខហួ​ គ្រោង​នឹង​បើកសវនាការនៅថ្ងៃ​
សុក្រ​ទី ២៤​ខែ​កក្កដា​នេះ។​

លោកស្រី ​មួរ សុខហួ​បានយល់ឃើញថា​ វាជាការបាត់បង់​នូវ​យុត្តិធម៌មួយផ្នែក
​តាំងពីដំបូងទី​ សម្រាប់លោក​ស្រី​ ដែល​មិនមាន​មេធាវីការពារក្តី​ ក្នុងអំឡុងពេល
​សវនាការ ព្រោះការងារ​ការពារតាម​ផ្លូវច្បាប់​ទាមទារ​អ្នកដែលមានជំនាញ។​

លោក​ស្រីបាន​និយាយថា៖​

“ខ្ញុំ​អត់​មាន​មេធាវី​ដោយ​សារ​ស្ថាន​ការណ៍​នយោ​បាយ​នេះ​ ខ្ញុំ យល់ឃើញថា
ជាការ​រាំងស្ទះ​ក្នុងការដែលខ្ញុំត្រូវទទួលការការពារនៅ​ចំពោះ​មុខ​ច្បាប់ ​ ​ការ
ពារនៅ​ពេល​​​មាន​​​សវនាការ តុលាការនេះ គឺ​ជា​ការ​មួយ​មិន​អាច​ឱ្យ​ខ្ញុំទទួល
បាននូវ​យុតិ្ត​ធម៌​ទេ”។​

លោក គង់ សំអុន​ អតីតមេធាវី​របស់​លោកស្រី​ មួរ​ សុខហួ​​ បាន​បកស្រាយ​ថា​
តាម​ផ្លូវច្បាប់​លោក​ស្រី អាច​ការពារខ្លួន​ដោយ​ខ្លួន​ឯង​បាន​ដោយមិនចាំបាច់​
មាន​មេធាវី​ទេ​ ដោយ​សារ​តែវា​​មិនមែន​ជា​បទ​ល្មើសធ្ងន់​ធ្ងរ​។​

លោក​សំអុន​បាន​ពន្យល់​ថា​៖​ “ក្នុង​ករណីរបស់​គាត់​វា​ជា​រឿង​មជ្ឈឹម ក្នុង​បទ
ល្មើស​មជ្ឈឹម​​ហ្នឹង មិនចាំបាច់​មាន​មេធាវីក៏បាន​ដែរ ប៉ុន្តែបើបទឧក្រិដ្ឋបាន​គេ
​ត្រូវ​ការ​រក​មេធាវី​។​ បទមជ្ឈឹម​ជាបទ​មធ្យម ហើយ​បទ​លហុ​ ជា​បទ​ស្រាលតូច
តាច។​ អញ្ចឹង​ពី​បទ​មជ្ឈឹមមក​លហុ​ហ្នឹង​មិនចាំបាច់​មាន​មេធាវី​ក៏​បាន​ដែរ​ ចង់​
មាន​ក៏បាន​ ចង់​មិន​មាន​​ក៏បាន​ស្រេចលើ​បុគ្គល​”។​

​លោក​ ហ៊ុន​ សែន​ បាន​ប្តឹងលោក​ស្រី​ មួរ​ សុខហួ​ បន្ទាប់​ពី​លោក​ស្រីបាន​ទាម
ទា​រ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ធ្វើការ​ សុំទោសចំពោះ​អត្ថាធិប្បាយ ​ដែលលោក​
បាន​ធ្វើ​នៅ​ក្នុង​វេទិកាមួយនៅខេត្ត​កំពត ​ ដែល​លោក​ស្រីយល់ថា​ ប៉ះពាល់
ដល់​កិត្តិយស​របស់លោកស្រី និង​ស្ត្រី​ខ្មែរ​ដទៃទៀត។

គណមេធាវី​កម្ពុជា​ដែល​ជាស្ថាប័នមួយផ្តល់ការទទួលស្គាល់​មេធាវី​នៅកម្ពុជា​និ​ង​
ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​មេធាវី​បានទទួលការរិះគន់​ថា​បាន​បន្ទន់​ទៅ​តាម​​
សម្ពាធ​នយោបាយ​នៅពេល​ដែល​មានរឿងនយោបាយធំៗកើតឡើង៕
free programes

Read more!

គណបក្ស សម រងី្ស ផ្លាស់ប្តូរយុទ្ឋសាស្រ្តរិៈគន់រដ្ឋាភិបាល

By ហេង រស្មី, VOA

គណបក្ស សម រងី្ស ផ្លាស់ប្តូរយុទ្ឋសាស្រ្តប្រឆាំងជាមួយដ្ឋាភិបាល ក្រោយពី
សមាជិកសភារបស់ខ្លួនពីររូបបានទទួលរងសម្ពាធខាងផ្លូវច្បាប់ពីគណបក្ស
គ្រប់គ្រងអំណាច។

លោកសម រង្សី មេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃច័ន្ទ បានបញ្ជាក់ថា គណ
បក្ស​របស់​លោក​នឹង​ផ្លាស់​ប្តូរ​យុទ្ឋសាស្រ្តប្រឆាំងជាមួយរដ្ឋាភិបាល ពីការរិះគន់
នៅតាមផ្លូវទីសាធារណៈមក​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា​វិញ។

ការអះអាងរបស់លោកសម រង្សី យ៉ាងដូច្នេះ ​បានកើតមាន​ឡើង​ ក្រោយ​ពី
សមាជិក​សភា​របស់ខ្លួនចំនួនពីររូបបានទទួលរងសម្ពាធខាង​តុលាការ​ដោយ
សារពាក្យបណ្តឹងរបស់គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយករដ្ឋមន្រ្តី
ហ៊ុន សែន។

សមាជិកសភាគណបក្សសម រង្សី ដែលកំពុងជាប់ក្តីក្តាំខាងផ្លូវតុលាការពីបទ
បរិហារកេរិ៍្ត គឺរួមមាន​លោកស្រីមួរ សុខហួ ដែលតុលាការគ្រោងនឹងប្រកាស
សាលក្រមនៅថ្ងៃទី៤ខែ សីហាខាងមុខនេះពាក់ពន្ឋ័ទៅនឹងបណ្តឹងរបស់លោក
នាយករដ្ឋមន្រ្តីហ៊ុន សែន នឹង​លោក​ ហូ វ៉ាន់ ដែល​កំពុង​គេចខ្លួន​នៅ​ឯ​ក្រៅ
ប្រទេសនោះ ពាក់ពន្ឋ័ទៅនឹងបណ្តឹងមន្រ្តីយោធាជាន់ខ្ពស់ចំនួន២២រូប។

លោកសម រង្សី មេគណបក្សប្រឆាំងដែលកន្លងមកប្រជាពលរដ្ឋជាទូទៅធ្លាប់​
ឃើញ​លោក​ដឹកនាំ​ធ្វើ​បាតុកម្ម​តាមផ្លូវសាធារណ:ប្រឆាំងជាមួយរដ្ឋាភិបាល
នោះលោកបានបញ្ជាក់ប្រាប់ VOA សម្លេង​សហរដ្ឋ​អាមេរិកនៅថ្ងៃច័ន្ទនេះថា ឥឡូវនេះជំហរបស់លោកបានផ្លាស់ប្តូរហើយ ក៏ប៉ុន្តែគណបក្ស​របស់​លោក​នៅតែប្រកាន់ជហរប្រឆាំងជាមួយរដ្ឋាភិបាលដដែលទេ ក៏ប៉ុន្តែប្រឆាំងទៅតាម
ផ្លូវច្បាប់​តែ​ប៉ុណ្ណោះ​។

"យើងជំទាស់ទៅតាមផ្លូវគំនិត។​ យើងមិនចាំបាច់ទៅតតាំងគ្នា​នៅចំពោះមុខ​
តុលាការ​ តាមដង​ផ្លូវ​ដូចមុនទេ គឺយើងជំទាស់នៅក្នុងរដ្ឋសភា យើងជំទាស់
នៅក្នុងក្រុមប្រឹក្សាខេត្ត យើងជំទាស់នៅក្នុង​ក្រុម​ប្រឹក្សាស្រុកយើងជំទាស់នៅ
ក្នុងក្រុម​ប្រឹក្សាឃុំ ពីព្រោះគណបក្ស សម រង្សី មានតំណាង​ជាប់ឆ្នោត​ទាំងថ្នាក់
ជាតិមានថ្នាក់ខេត្តក៏មានថ្នាក់ស្រុកក៏មាន ថ្នាក់ឃុំក៏មាន" ។

លោក សម រង្សី បានបពា្ជក់ទៀតថា ការផ្លាស់ប្តូរជំហរនេះ គណបក្ស​របស់​
លោក​ពុំទទួល​រង​សម្ពាធ​ពីខាងក្រៅទេ ក្រោយពីសមាជិកសភារបស់ខ្លួនចំនួន
ពីររូបកំពុងជាប់ក្តីក្តាំក្នុងផ្លូវតុលាការនោះ។

"បើយើងតតាំងជាមួយគូប​ដិបក្ខណាមួយនោះយើងមិនត្រូវឲ្យគូបដិបក្ខ យើង
នាំ​យើង​ចូល​ទៅ​ក្នុងសមរភូមិណាដែលគេខ្លាំង តែយើងខ្សោយផ្ទុយទៅវិញ
យើងត្រូវតែ​នាំគេឲ្យចូល​ក្នុងសមរភូមិ​ណាដែលយើងខ្លាំងគេខ្សោយ" ។

លោកគឹម សុខា ប្រធានគណបក្សសិទ្ឋិមនុស្ស ដែលគណបក្សរបស់លោក
មានគំរោងនិងចងសម្ព័ន្ឋ​ជា​មួយ​គណបក្សសម រង្សីនោះបានបពា្ជក់ថា ការ
សម្រេចរបស់គណបក្សសម រង្សី គឺជាសិទ្ឋិ​របស់​គណបក្ស​​នោះ ។ លោក
គឹម សុខា បានបពា្ជក់ថា ជំហររបស់គណបក្សសិទ្ឋិមនុស្សវិញក្នុងកាល:ទេស:
ស្ថានភាពនយោបាយបច្ចុប្បន្នដែលពោរ ពេញទៅដោយសម្ពាធយ៉ាងខ្លាំងក្លា
នោះយើងមិនគួរថយ​ក្រោយ​ទេ។

"យើងត្រូវនៅតែឈរនឹងដដែលដូចជាការរំលោភសិទ្ឋិមនុស្សដូចជាការរំលោភ
លើ​អ្នក​តំណាង​រាស្រ្ត​អាហ្នឹងយើងអត់អាចថយក្រោយទេ ប្រសិនបើជាបញ្ហា
យើងជាយុទ្ឋវិធីអាហ្នឹង​យើង​អាច​ប្តូរដូចថា ពីមុនយើងធ្វើបាតុកម្ម។ ឥឡូវយើង
អត់ធ្វើ ពីមុនយើងធ្វើនេះ ឥឡូវយើងអត់ធ្វើ ប៉ុន្តែ​គោលការណ៍​ធំៗនេះតាម
ទស្សន:របស់គណបក្សសិទ្ឋិមនុស្ស យើងអត់ត្រូវដូរ"។

លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូ
បង្រៀនឯករាជ្យកម្ពុជា ដែលធ្លាប់គាំទ្រគណបក្សប្រឆាំងបានបញ្ជាក់ លោក
មិនជំទាស់ទៅ និង​ការ​ផ្លាស់​ប្តូរ​យុទ្ឋសាស្រ្ត​របស់​គណបក្ស​សម រង្សីទេ ពីព្រោះ
នេះគឺជាការសម្រេចរបស់ថ្នាក់ដឹកនាំរបស់គណបក្សនយោបាយ។

"គោលការណ៍របស់សមាគមសហជីពយើងគាំទ្រចង់​ឲ្យ​សង្គមមានប្រជាធិប
តេយ្យចង់​ឲ្យ​សង្គមទទួលបានយុត្តិធម៌ ទុកជាសម្រាប់ប្រជាពលរដ្ឋទាំងអស់
គ្នា ហើយបើគណបក្ស​លែងការពារ​ផល​ប្រយោជន៍រាស្រ្តអាហ្នឹងយើងនឹងគាំទ្រ
អ្នកណាដែលការពារផលប្រយោជន៍រាស្រ្តការពារ​ដោយ​យុត្តិធម៌ជូនសង្គម"។

ក្រុមមន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ពុំអាចស្នើសុំដើម្បី​
សេចក្តី​អធិប្បាយ​បំភ្លឺ​បាន​ទេ ក៏ប៉ុន្តែអ្នកតំណាងរាស្ត្រជៀមយាបខាងគណ
បក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់​កាសែត​ជា​ភាសាអង់គ្លេសមួយឈ្មោះថា
The Cambodia Daily ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះថា លោក​សង្ឃឹម
​ថា ការតាំងចិត្តរបស់គណបក្សប្រឆាំងនេះនិងជួយដល់ការអភិវឌ្ឍន៍របស់
ប្រទេសជាតិ៕
free programes

Read more!

តុលាការកម្ពុជាពុករលួយ ទទួលឥទ្ធិពលពីអ្នកមានអំណាច

By រស់ សុធា, VOA

តុលាការកម្ពុជាពុករលួយនិងទទួល ឥទ្ធិពលពីអ្នកមានអំណាចការស្រាវជ្រាវ
មួយបានបង្ហាញថា ប្រព័ន្ធតុលាការកម្ពុជាគ្របដណ្តប់ដោយអំពើពុករលួយ​
យ៉ាងខ្លាំង ហើយអ្នកមានអំណាចមានឥទ្ធិពលខ្លាំងមកលើប្រព័ន្ធតុលាការ។

ប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា គឺទន់ខ្សោយ មិនឯករាជ្យ និងពោរពេញ​
ដោយ​អំពើ​ពុករលួយ​។ នេះ គឺជា​លទ្ធផលនៃការសិក្សាចុងក្រោយដែលធ្វើឡើង
ដោយក្រុមអ្នក​ស្រាវជ្រាវ​ជាតិនិងអន្តរជាតិ។ ការសិក្សានេះត្រូវបានលើកឡើង
នៅក្នុងសៀវភៅដែលមានចំណងជើង​ថា​ “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យក្នុង
ប្រទេសកម្ពុជា” ដែលទើបចេញផ្សាយជា​សាធារណៈ​កាលពីថ្ងៃសុក្រ ។

ជំពូកទី៣នៃសៀវភៅដែលមាន១០ជំពូក បោះពុម្ពជាភាសាអង់គ្លេសនេះ បាន
លើកឡើងថា អំពើពុករលួយកំពុងកើតមានយ៉ាងក្តៅគគុក នៅក្នុងប្រព័ន្ធ
តុលាការខ្មែរ ពោលគឺភាពសំខាន់ និង ភាពមិនសំខាន់របស់រឿងក្តីនីមួយៗ
អាស្រ័យទៅលើចំនួននៃទឹកប្រាក់។

ជាញឹកញាប់ ចៅក្រមជាច្រើនបានចរចា​ជាមួយអ្នកមកទាក់ទងតុលាការដើម្បី
រកឲ្យបាន សំណូក​ច្រើន​បំផុត ។ មានពេលខ្លះ ចៅក្រមបានប្រើយុទ្ធសាស្ត្រ
ពន្យារពេល​ក្នុងការចេញ​សេចក្តី​សម្រេច ដើម្បីស្វែងរកសំណូកបន្ថែមពីអ្នក
ប្តឹង។

សៀវភៅដដែលនេះបានលើកឡើងថា កម្រិតប្រាក់ខែទាបនាំឲ្យចៅក្រម និង
មន្ត្រី​តុលាការ​ងាយ​នឹងទទួលយកការសម្រុះសម្រួលនិងសំណូក។ ចៅក្រម
ដែលប្រព្រឹត្តអំពើពុករលួយ និង​ចៅក្រមដែលគ្មានសមត្ថភាព​អាចរក្សាតួនាទី
របស់ពួកគេបាន​ ដោយសារតែ​ការផ្តល់ប្រាក់​សំណូក​ច្រើនឲ្យទៅថ្នាក់លើ។
ទន្ទឹមនឹងនោះ ការជ្រើសតាំងនិងការតំលើងឋានៈ ក៏ត្រូវពឹង​ផ្អែក​ទៅលើប្រាក់
ឧបត្ថម្ភនិងសំណូកដែរ។

អំពើពុករលួយធ្វើឲ្យជនក្រីក្រដែលគ្មានប្រាក់និងគ្មានខ្នងបង្អែក​ ទទួលរង​នូវ
ភាពអយុត្តិធម៌​ នៅពេល​ប្រឈមនឹងការតវ៉ា​ក្តី​ជាមួយនឹងក្រុមអ្នកមានទ្រព្យ
និងអ្នកមានអំណាច។

សៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” សរសេរបន្ថែមទៀត
ថា តុលាការ​នៅ​ប្រទេសកម្ពុជាបច្ចុប្បន្នមាន​ឯករាជ្យភាពតិចតួចណាស់ពោល
គឺការជ្រៀតជ្រែក​ដោយ​ស្ថាប័ន​កំពូល និងបុគ្គលិកមានអំណាចតែងតែកើតមាន
ក្នុងប្រព័ន្ធតុលាការខ្មែរ។ ចៅក្រមនិង​ព្រះរាជអាជ្ញាជាច្រើន ជាទូទៅទទួលរង
ការរំលោភពីអ្នកមានអំណាចនិងមេដឹកនាំ​​គណបក្ស​នយោបាយ​ដែលអាចដក
ពួកគេពីតំណែង ប្រសិន​បើពួកគេមិនពេញចិត្ត​ចំពោះ​សេចក្តី​សម្រេច​​​របស់
តុលាការ។

ចៅក្រមម្នាក់​ដែល​ត្រូវបានសម្ភាសនៅក្នុងសៀវភៅនោះ​និយាយ​ថា បើទោះជា
ពួកគេពុំមាន​ទទួល​​ការគំរាម​គំហែង​ ​ក៏​ពួកគេជាចៅក្រមត្រូវតែប្រតិបត្តិតាមអ្នក
ធ្វើអន្ដរាគម ពីព្រោះពួកគេ​បាន​ដឹង​ទុក​ជា​មុន​ពីទំហំនៃអំណាចរបស់អ្នកធ្វើ
អន្តរាគមទាំងនោះ។ ក្នុងចំណោមអ្នកត្រូវ​បាន​សម្ភាស​ មាន​ការយល់​ស្របជា
ទូទៅមួយថា ក្នុងរឿងក្តីនយោបាយចៅក្រមតែង ចេញ​ដិកា​តម្រូវ​តាម​កាល
បរិច្ឆេទរបស់រដ្ឋាភិបាល។

សៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” ក៏បានរិះគន់ធ្ងន់ៗ
ដែរ​ចំពោះ​ប្រព័ន្ធ​ច្បាប់​នៅកម្ពុជា ដែលប្រឈមនឹងការខ្វះធនធានមនុស្ស ដូច
ជាចៅក្រម ព្រះរាជអាជ្ញា និង​មេធាវី ជាដើម។ មេធាវីមានការភ័យខ្លាចនិងមិន
មានបទពិសោធន៍ក្នុងការតទល់​ជាមួយ​ព្រះរាជអាជ្ញា ឬក៏ចៅក្រមក្នុងអំឡុង
ពេលកាត់ក្តី​ទេ​ ។

ជាងនេះទៅទៀត ថវិកាជាតិសម្រាប់តុលាការមានទំហំតិចតួចជាងក្រសួងនិង
ស្ថាប័ន​នានា​យ៉ាងច្រើន ហើយជាទូទៅ​ប្រាក់ទាំងនោះមានការយឺតយ៉ាវ និង
មិនទៀតទាត់ ។

លោក ខៀង អ៊ុន អ្នកស្រាវជ្រាវនិងជាអ្នកសរសេរ​អំពីប្រព័ន្ធតុលាការនៅកម្ពុជា
បានថ្លែង​នៅ​ក្នុង​ការសម្ពោធចេញផ្សាយសៀវភៅស្តីពី “នៅពីក្រោយលទ្ធិប្រជា
ធិបតេយ្យនៅកម្ពុជា” នេះថា ប្រព័ន្ធតុលាការមានសារៈសំខាន់ណាស់ក្នុងការ
លើកកម្ពស់ប្រព័ន្ធច្បាប់ក្នុងការងារអភិវិឌ្ឍន៍ និងកសាងសេដ្ឋកិច្ច។ ប៉ុន្តែប្រព័ន្ធ
តុលាការនៅកម្ពុជាមិនទាន់ល្អទេ។

“ប្រសិនបើ​លោក​អ្នកសួរប្រជាជនថាតើកម្ពុជាជារបបមានច្បាប់ត្រឹមត្រូវដែរទេ
ចម្លើយ​ជា​ទូទៅគឺ​ថា​ មាន។ ប៉ុន្តែប្រសិនបើលោក​អ្នកសួរប្រជាជនថា តើ​តុលា
ការ​មាន​ច្បាប់​ត្រឹមត្រូវ​ដែរ​ទេ តើតុលាការមាន​ឯករាជ្យដែរទេចម្លើយច្រើនលើស
លុបគឺថា គ្មានទេ។ ជាក់ស្តែង បើ​មើល​ពី​ជម្លោះរវាងលោកនាយករដ្ឋមន្ត្រី និង
លោកស្រី មួរ​ សុខហួ លោក​អ្នកនឹងឃើញពីតួនាទីនៃតុលាការនៅក្នុងប្រទេស
នេះ” ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិយាយថា ការលើក
ឡើង​នៅក្នុង​សៀវភៅ​នោះមិនបានឆ្លុះបញ្ជាំងពីធាតុពិតទាំងស្រុងក្នុងប្រព័ន្ធ
តុលាការកម្ពុជាទេ។ហើយ​រដ្ឋាភិបាលកំពុងបន្តធ្វើការកែទម្រង់លើប្រព័ន្ធច្បាប់
និងតុលាការរបស់ខ្មែរ។

លោកជៀម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភា បានទទួលស្គាល់
ថា​ មាន​អំពើ​ពុករលួយ​ក្នុងប្រព័ន្ធតុលាការ ។ ប៉ុន្តែលោកបានស្តីបន្ទោសថា
សៀវភៅនោះ​ទំនង​ជា​មិន​បាន​​ធ្វើការស្រាវជ្រាវ​ស៊ីជម្រៅពីប្រព័ន្ធតុលាការកម្ពុជា
ទេ ។ ម្យ៉ាងវិញទៀត ការសរសេរបែបនេះ​នឹង​បង្អាក់​ការវិនិយោគពីបរទេស
ពិសេសក្នុងពេលសេដ្ឋកិច្ចជួបវិបត្តិ។

“សៀវភៅហ្នឹងគេសរសេរជាសិទ្ធិរបស់គេហើយ ប៉ុន្តែមុននឹងសរសេរហ្នឹងយើង
ចាំបាច់ ត្រូវ​សួរថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ ឲ្យបានសមស្រប ពីព្រោះថា បើសិន
ជាសៀវភៅហ្នឹង គេលើក ឡើងមិនល្អពីការគ្រប់គ្រងរបស់យើងវាក៏នឹងធ្វើឲ្យ
ប៉ះពាល់ដល់ការទាក់ទាញការវិនិយោគ ភ្ញៀវបរទេសឲ្យចូលធ្វើវិនិយោគនៅ
កម្ពុជាផងដែរ” ។

ទោះយ៉ាងណា លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិ
មនុស្សអាតហុក គាំទ្រការលើកឡើងនៅក្នុងសៀវភៅនោះ ដោយអះអាងថា
វាជាការស្រាវជ្រាវឯករាជ្យ និងគួរ ឲ្យជឿ​ទុក​ចិត្តបាន។

“ការស្រាវជ្រាវឯករាជ្យនេះ មានលក្ខណៈប្រសើរនិងត្រឹមត្រូវច្រើន ខ្ញុំគំាទ្រ។
យើង​ចាត់​ទុកថា ការរកឃើញត្រឹមត្រូវមើលឃើញចំចំណុចដែលរដ្ឋាភិបាល
កម្ពុជាត្រូវតែទទួលយក និងធ្វើការកែប្រែ” ។

គួរបញ្ជាក់ថា អស់រយៈពេលជាយូរឆ្នាំមកនេះ ប្រទេសផ្តល់ជំនួយជាច្រើនបាន
ផ្តល់ថវិកា​រាប់លាន​ដុល្លាសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការកែទម្រង់ច្បាប់
និងប្រព័ន្ធតុលាការ ក្នុងនោះមានសហរដ្ឋអាមេរិក បារំាង អូស្ត្រាលី និងជប៉ុន។
គោលនយោបាយ​កំណែ​ទម្រង់​ច្បាប់ និងប្រព័ន្ធតុលាការបានក្លាយជាចំណុច
ស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ខ្មែរ។ ក្រុមប្រឹក្សាកំណែទម្រង់
ច្បាប់ និងប្រព័ន្ធតុលាការបានផ្តោតលើការងាររៀបចំតាក់តែង​ច្បាប់​សំខាន់ៗ ដើម្បីពង្រឹងសមត្ថភាពចៅក្រមនិងព្រះរាជអាជ្ញា។ ប៉ុន្តែរហូតមកដល់ពេលនេះ ការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការកម្ពុជា ហាក់ដូចជានៅស្រពិច
ស្រពិល ហើយ​តុលាការ​កម្ពុជានៅតែទទួលរងការរិះគន់ពីអង្គការសង្គមស៊ីវិល
និង​មហាជន​ ថា​មិន​មាន​ភាព​យុត្តិធម៌​ ។

លោក Joakim Ojendal ជា​សាស្ត្រាចារ្យផ្នែកសា្រវជ្រាវការអភិវឌ្ឍន៍សន្តិភាព
នៃ​សាកល​វិទ្យាល័យ Gothennburg និងជាអ្នកនិពន្ធសៀវភៅ​ “នៅពីក្រោយ
លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​​កម្ពុជា” ។​ លោកបានព្រមានថា នៅពេលដែល
សុក្រិតភាព​នៃ​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​បន្ត​រំលោភបំពាន ហើយបានប្រែក្លាយ
ជាតុលាការដែលគ្មានប្រសិទ្ធិភាព ដោយពឹងផ្អែកលើ​ឥទ្ធិពល​នយោបាយ និង
ស្ថាប័នពុករលួយផ្សេងទៀតនោះ វានឹងខារខាំង​ដល់​ការ​ពង្រីក​លទ្ធិ​ប្រជាធិប
តេយ្យ និង​ការវិនិយោគ ហើយនឹងធ្វើឲ្យប្រជាជនអស់ជំនឿ​ មិនត្រឹមតែទៅលើ
​ប្រព័ន្ធ​តុលាការប៉ុណ្ណោះទេ តែថែមទាំងស្ថាប័ននយោបាយដទៃទៀតដែរ៕
free programes

Read more!

ស្វែងយល់អំពី ទឹកដីទីក្រុងព្រែឬស្សី បច្ចុប្បន្ន


ផែនទីទីក្រុងព្រែកឬស្សី
ដោយ ថាច់ ប្រីជា គឿន

ព្រែកឬស្សីគឺជាទីក្រុងមួយនៅដែន ដីកម្ពុជាក្រោម បច្ចុប្បន្ន ត្រួវបានរដ្ឋា
ភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្តូរឈ្មោះទៅជាភាសាយួន
ថាទីក្រុកកឹងធើ (thành phố Cần Thơ) ។

ទីតាំងភូមិសាស្រ្ត៖
ព្រែកឬស្សី ជាទីក្រុងមួយនៅដែនដីកម្ពុជា ក្រោម ឋិតនៅក្នុងតំបន់វាល
ទំនាបនៃដងទន្លេមេគង្គ មានទីតាំងលាតសន្ធឹងខាងស្តាំមាត់ទនេ្លបា
សាក់ (យួន:Sông Hậu) ចម្ងាយពីទីក្រុងព្រៃនគរប្រមាណ ១៦៩ គីឡូ
ម៉ែត្រឆ្ពោះទៅទិសនិរតី ។ ទីក្រុងព្រែកឬស្សី មានផ្ទៃដី ១.៣៨៩,៥៩
គីឡូម៉ែត្រការ៉េ ។

ធាតុអាកាស៖
ទីក្រុងព្រែកឬស្សី គឺជាតំបន់ដែលមានធាតុ អាកាសក្តៅ៖
· រដូវ​ភ្លៀង (ពីខែឧសភា ដល់ ខែ វិច្ឆិកា)
· រដូវប្រាំង​(ពីខែធ្នូ ដល់ ខែ មេសា )
· កម្រិតសំណើមធ្យមភាគ ៨៣%
· កម្រិតភ្លៀងមធ្យមៈ ១.៦៣៥ mm, អង្សាមធ្យម ២៧o C ។

ប្រជាជនៈ
ទីក្រុងព្រែកឬស្សីមានប្រជាជនចំនួន១.១២១.១៤១ នាក់ ក្នុងនោះ ប្រុស
មាន ៥៥០.៣៣៤ ស្រី មាន ៥៧០.៨០៧ នាក់ ។

ប្រវត្តិសាស្រ្ត៖
ព្រែកឬស្សី មុនសម័យបារាំងចូលធ្វើអាណានិគមលើទឹកដីកម្ពុជាក្រោម
គឺជាដីមួយភាគនៃទឹក ដីខេត្តមាត់ជ្រូក (An Giang) ដែលជាខេត្តមួយក្នុង
ចំណោមខេត្តទាំង ៦ នៅកម្ពុជាក្រោម ។ ពេលបារាំងចូលធ្វើអាណានិគម
នៅកម្ពុជាក្រោមនាឆ្នាំ ១៨៦៧ ខេត្តមាត់ជ្រូក (An Giang) ត្រូវចែកចេញ
ជា ៦ ខេត្តតូចៗ គឺ៖
· ខេត្តមាត់ជ្រូក (Châu Đốc)
· ខេត្តបារាជ (Long Xuyên)
· ខេត្តផ្សាដែក (Sa Đéc)
· ខេត្តព្រែកឬស្សី (Cần Thơ)
· ខេត្តឃ្លាំង (Sóc Trăng)
·ខេត្កពលលាវ (Bạc Liêu)

ឆ្នាំ ១៩៥៧ ក្រោមរបបសាធារណរដ្ឋវៀត ណាម ទីក្រុងព្រែកឬស្សីត្រូវបាន
ប្តូរឈ្មោះទៅជាភា សាយួនថា ផុងយិន (Phong Dinh) ។

ក្រោយពីទីក្រុងព្រៃនគរត្រួវបានដួលរលំនាថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥
ពួកយួនកុម្មុយនិស្ត បានចូលកាន់កាប់ទឹកដីកម្ពុជាក្រោមជំនួសយួនសេរី ។
ឆ្នាំ ១៩៧៦ រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមបានបូករួម
ខេត្តទាំងបីគឺ ខេត្តព្រែកឬស្សី (Phong Dinh) ខេត្តជឿងទៀង (Chương
Thiện) និង ខេត្តឃ្លាំង (Ba Xuyên) នៃសាធារណរដ្ឋវៀតណាមទៅជា
ខេត្តបាសាក់ ដែលភាសាយួនហៅថា ហូវ យ៉ាង (Hậu Giang) ។

ចុងឆ្នាំ ១៩៩១ ខេត្តបាសាក់ (Hậu Giang) ត្រូវបានចែកចេញជា ២ ខេត្ត
គឺ ខេត្តព្រែកឬស្សី (Cần Thơ) និង ឃ្លាំង (Sóc Trăng) ។

ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៤ ខេត្តព្រែក ឬស្សី បានចែកចេញជាពីរគឺ ទី
ក្រុងព្រែកឬស្សី ដែល មានផ្ទៃដីធម្មជាតិចំនួន ១៣៨.៩៥៩,៩៩ha និងប្រ
ជាជន ១.១១២. ១២១ នាក់ និង ខេត្តបាសាក់ (Hậu Giang) ។

រដ្ឋបាលភូមិសាស្ត្រ៖
ទីក្រុងព្រែកឬស្សី (Cần Thơ) ចែកចេញជា ៩ ទីចាត់ការរដ្ឋបាលគឺ ៥
សង្កាត់ និង ៤ ខ័ណ្ឌ ។ សារុបទីរួមស្រុក ឃុំ ខ័ណ្ឌ ទាំងអស់មាន ៦៨ ក្នុង
នោះមាន ៤ ទីរួមស្រុក ៣០ ខ័ណ្ឌ និង ៣៤ ឃុំ ៕
free programes

Read more!

ស្វែងយល់អំពី ទឹកដីខេត្តទឹកខ្មៅ បច្ចុប្បន្ន

ផែនទីខេត្តទឹកខ្មៅ
ដោយ ថាច់ ប្រីជា គឿន

ទឹកខៅ្ម ជាខេត្តមួយនៅដែនដីកម្ពុជាក្រោមដែលភាសាសាម័ញ្ញតែង
និយមហៅថាជ្រោយទឹកខៅ្មព្រោះជាជ្រោយនៅចុងកាត់មាត់ញកសិ្ថត
នៅបែកខាងលិចនៃប្រទេសគឺដែនដីកម្ពុជាក្រោម ។
ទីប្រជុំជនដ៏សំខាន់នៃតំបន់នេះគឺ ទីក្រុងទឹក ខៅ្ម ដែលជាដែនដីកោះហ៊ុំ
ព័ទ្ធដោយដងសឹ្ទង ដូចក្រឡាច័ក្រ ។

ទីក្រុងទឹកខៅ្ម ត្រូវបានតភា្ជប់ដោយផ្លូវជាតិ លេខ ១ A និងផ្លូវជាតិលេខ
៦៣ ដែលមានរយៈចមា្ងយពីទីក្រុងពៃ្រនគរ ( Sài Gòn ) ប្រវែង ៣៨០ Km
និងពីទីក្រុងព្រែកឫស្សី ( Cần Thơ) ប្រវែង ១៨០ Km គេមិនត្រឹមតែ
អាចធើ្វដំណើរ ទៅកាន់ទីក្រុងទឹកខៅ្មតាមផ្លូវគោកតែគេ អាចទៅបានតាម
ផ្លូវទឹកដោយស្រួលទៀតផង ។
អំពីពាក្យថា ទឹកខ្មៅ និង ពាក្យថា កាម៉ាវ ក្នុងភាសាយួន៖
ពាក្យថា «ទឹកខ្មៅ» កើតឡើងដំណាលគ្នានឹង ពេលដែលជនជាតិដើម
ខ្មែរក្រោមបានចូលទៅកាប់ខ្លាឆ្ការព្រៃដើម្បីតាំងទីលំនៅក្នុងតំបន់នេះមុន
គេបង្អស់ ។

ហេតុដែលនាំជនជាតិដើមខ្មែរក្រោម ហៅខេត្តនេះថា «ទឹកខ្មៅ»នោះ គឺ
ដោយពេលដែលជនជាតិដើមខ្មែរក្រោមបានមកតាំងទីលំនៅក្នុងតំបន់
នេះមុនដំបូង គឺជាតំបន់ព្រៃក្រាស់ និងមានស្លឹកឈើជ្រុះគរនៅនឹងទឹក
បណ្តាលឲ្យទឹកក្នុងតំបន់នេះទៅ ជាខ្មៅមានសត្វឈ្លើងច្រើន ។ ក្រោយ
ពីកាប់ឆ្ការនិងបានតាំងទីលំនៅក្នុងតំបន់នេះ ពលរដ្ឋជនជាតិដើមខ្មែរក្រោម
បានហៅខេត្តនេះថា «ទឹកខ្មៅ» ជា រៀងរហូតមកដល់សព្វថ្ងៃ ។

ចំណែកជនជាតិយួនវិញ ពេលបានចូលដល់ទឹកដីកម្ពុជាក្រោមនៅសត
វត្សរ៍ទី ១៧ តាមរយ:ព្រះបាទជ័យជេដ្ឋាទី ២ (១៦១៨-១៦២៨) ដែល
វង្វេងនឹងសម្រស់ស្រីយួននោះ បានឮជនជាតិដើមខ្មែរក្រោមហៅតំបន់
ខេត្តនេះ ថា«ទឹកខ្មៅ» យ៉ាងនេះ ក៏នាំគ្នាហៅតាមសំនៀងខ្មែរក្រោមម្ចាស់
ស្រុកមិនច្បាស់ថា «កាម៉ាវ» (Ca Mau) ទៅវិញ រហូតដល់សព្វថ្ងៃ ។

បើយើងប្រៀបធៀបរវាងពាក្យខ្មែរថា«ទឹកខ្មៅ» និងពាក្យយួនថា «កាម៉ាវ»
ថាតើពាក្យមួយដែល មានអត្ថន័យនោះ គឺយើងសង្កេតឃើញដូច្នេះពាក្យ
ថា «ទឹកខ្មៅ» មកពីពាក្យ «ទឹក» បូកនឹង ពាក្យ «ខ្មៅ» ។

ពាក្យថា «ទឹក» បើយោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ
គណ:មហានិកាយ ជោត ញ្ញាណោ (ជ.ណ) បោះពុម្ភឆ្នាំ ១៩៦៨ បាន
ពន្យល់ ថា [ទឹក ន.(បា ទក) ធាតុរាវ,តាមកំណើត ដើមឥត ព័ណ៌ ឥតក្លិន,
ជារបស់មានប្រយោជន៍ដ៏សំខាន់ សម្រាបើពួកមនុស្សសត្វ , មានត្រូវផឹក,
ងូត ជាដើម] ។

ពាក្យថា «ខ្មៅ» បើបើយោងតាមវចនានុក្រមខាង លើដដែលបានពន្យល់
ថា [ខ្មៅ គុ.ដែលមានព័ណ៌ងងឹតឬព័ណ៌យ៉ាងធ្យូង ។ ពាក្យផ្ទុយ ស ]

រួមស័ព្ទ(ពាក្យ)ទាំងពីរនេះចូលគ្នាបានទៅជា «ទឹកខ្មៅ» ដែលមានន័យថា
«ទឹកដែលមានព័ណ៌ខ្មៅ» គឺសំដៅទៅលើ«ស្លឹកឈើដែលធ្លាក់គរទៅនឹង
ទឹកយូរថ្ងៃបណ្តាលឲ្យទឹកខ្មៅ» មិនមែនទឹកខ្មៅសម្រាប់សរសេរឡើយ ។
ចំណែកពាក្យ កាម៉ាវ ក្នុងភាសាយួនដែលសរ សេរថា Cà Mau នេះគឺគ្មាន
ន័យទេអក្សរសាស្ត្ររបស់យួន ។ ពាក្យថា Cà Mau នេះ គឺជាអក្សរយួន
សរសេរតាមសំនៀងខ្មែរ ។


ទីតាំងភូមិសាស្រ្ត៖
ខេត្តទឹកខៅ្ម មានទីតាំងព្រំប្រទល់ទិសខាង ជើងជាប់នឹងខេត្តក្រមួនស
( Kiên Giang )ខាងកើត ជាប់នឹងខេត្តពលលាវ ( Bạc Liêu ) និងសមុទ្រ
ខាងកើតខាងត្បូងជាប់នឹងសមុទ្រខាងកើតនិងព្រំប្រទល់ខាងលិចជាប់
ឈូងសមុទ្រថៃ ។

ខេត្តទឹកខៅ្មមានផី្ទដីសរុប ៥.២១១ គីឡូម៉ែត្រ ការ៉េ ក្នុងនោះ
· ដីព្រៃមាន ១០០.៦០០ ហិចតា
· ដីស្រែមាន ១៣០.៥១៣ ហិចតា
· ព្រៃឈើកសិកម្មមាន ៣៣.៥៩១ ហិចតា
· ដីចំការមាន ៨.៣៣៤ ហិចតា
· ផី្ទដីជលផលមាន ២០៤.៣៨១ ហិចតា
ឆេ្នរសមុទ្រខាងលិចមានប្រវែង ៤៥ គម ជាប់និងឈូងសមុទ្រថៃ ឯឆេ្នរ
ខាងកើតមានប្រវែង ១០៤ គម ជាប់និងសមុទ្រខាងកើត ។

រដា្ធបាលភូមិសាស្រ្ត៖
ខេត្តទឹកខៅ្មសព្វថៃ្ង ត្រូវបានរបបកុម្មុយនិស្ត យួន បែងចែកជាទីក្រុងចំ
នួន ១ និង ៨ ស្រុក មាន ៩៧ ចំនួនខ័ណ្ឌ សងា្កត់ ឃុំ ក្នុងនោះចែកជា
៨ សងា្កត់ ៨ ទីរួមស្រុក និង ៨១ ឃុំ ។

ប្រជាជន៖
ខេត្តទឹកខៅ្ម មានប្រជាជនសរុប ១.១៦៥. ៨៧៦ នាក់ ។
ប្រជាជនរស់នៅតំបន់ទីប្រជុំជនមាន ២២០. ៦៥០ នាក់ នៅតាមជនបទ
មាន ៩៤៥ .២ ២២៦ នាក់ ។

ប្រវតិ្តសងេ្ខប៖
សិលាចារឹកនៅបា្រសាទបាំ្រលែ្វង (Năm Căn) នៅខេត្តទឹកខៅ្ម ដែល
បានចារឡើង ដោយ ព្រះរាជកុមារគុណវរ័្មន ក្នុងសតវត្សន៍ទី ៦ នៃគ្រឹស្ត
សករាជបានរៀបរាប់អំពីប្រវតិ្តរបស់ទ្រង់ផា្ទល់ ។ ព្រះរាជកុមារ ឬ ផាន់
តាង ចេង បើសរសេរជាភាសាចិនជាព្រះរាជបុត្តរបស់ព្រះនាងកុលប្រ
ភាវតី និងកោណិ្ឌន្យជ័យវរ្ម័នដែលបានសោយទីវង្គត នៅឆាំ្ន ៥១៤ នៃ
គ្រឹស្តសក្ករាជ ។

ព្រះអង្គជាព្រះរាជបុត្តនៃព្រះមហាក្សត្រដែលជាព្រះច័ន្ទនៃរាជវង្ស
កោណិ្ឌន្យព្រះអង្គបានត្រួតត្រាកាន់កាប់តំបន់មួយ ដែលបីតារបស់ទ្រង់
បានកសាងនៅលើទីទឹកភក់ នៅស្រុកទឹកខៅ្ម ខេត្ត ព្រែកឫស្សីកម្ពុជា
ក្រោម ។

ស្រុកទឹកខៅ្ម សព្វថៃ្ងបានកា្លយជា ខេត្តមួយមានឈ្មោះទឹកខៅ្មយួន
ហៅកាម៉ាវ (Cà Mau) ។ ឈ្មោះថា ទឹកខៅ្ម ព្រោះជ្រោយទឹកខៅ្មប្រ
ជុំដោយដងសឹ្ទងនិងព្រែកជាច្រើនដែលទឹកនៃដង សឹ្ទងព្រែកទាំងនេះ
គឺទឹកនៅជ្រោយដែលសិ្ថតចន្លោះសឹ្ទងបាយហាប់និង ដាំកិន មាន
ពណ៍ខៅ្ម ។

មួយវិញទៀតពាក្យថា ជ្រោយទឹកខ្មៅមានដើមកំណើតក្នុងសម័យព្រះ
បាទសូរិយាវរ័្មនទី ២ ហើយតំបន់នេះ បើតាមសៀវភៅសរសេរដោយដៃ
របស់ព្រះតេជព្រះគុណ ថាច់ ប៉ាង បានពន្យល់ថា ព្រះមហាក្សត្រសូរិយា
វរ័្មនទី ២ បានចាត់តាំងឲ្យពញ្ញាតេជោទៅស្រុកបាសាក់ដើម្បីបំពេញ
បេសកកម្មត្រួតត្រាឆេ្នរសមុទ្រ ខាងត្បូង ។ ពញ្ញាតេជោបានប្រមូល
អ្នកស្រុកនៅ ជ្រោយទឹកខ្មៅនៅកនែ្លងដែលព្រះអង្គមា្ចស់ខែ្មរមួយអង្គ និងព្រះអង្គមា្ចស់ក្សត្រីលាវបានបងើ្កតនៅរាជ ធានីមួយរបស់ព្រះអង្គ ។
ព្រះអង្គបានប្រទានឈ្មោះ ថា ជ្រោយខែ្មរ ។ ពាក្យថា ជ្រោយខែ្មរ បាន
កា្លយទៅជាជ្រុងខែ្មរ ។ ជ្រុងខែ្មរ សព្វថៃ្ង ជាភូមិសា្ថនប្រមូលផ្ដុំនៃជន
ជាតិដើមខ្មែរក្រោម និងមានវត្តមួយឈ្មោះថា វត្ត ជ្រុងខែ្មរ ។

លោកតា តាំង ហើស ដែលគាត់ទើបតែអនិ ច្ចធម្មក្នុងជនា្មយុ ៩២
ឆ្នាំ កាលពីឆ្នាំ ២០០៥ និង លោកយាយ តាំង តូយ លិន បានអនិច្ច
ធម្មកាលពីឆ្នាំ ២០០៩ ក្នុងជនា្មយុ ៧៩ ព្រឹទា្ធចារ្យទាំងពីរនេះ មាន
ស្រុកកំណើតនៅស្រុកភូមិរាជគុយ (រាជត្រកូល) ឃុំវាលស្រីស្រ
ណោះស្រុកព្រះបាទ ជាន់ទុក ( Trần Văn Thời ) នៃខេត្តទឹកខ្មៅ
និងចាស់ទុំជាច្រើនទៀត បានឲ្យដឹងថា មុនសង្គ្រាមលោកទី ១
(សង្រា្គម លោក លើក ទី ២ ១៩៤៥ ) គឺមុនការកាប់សមា្លប់ខែ្មរ
ដោយរបបយួនយៀកមិញ ។ តំបន់ជ្រោយខែ្មរឬ ជ្រោយទឹកខៅ្ម)
គឺមានសុទ្ធតែជនជាតិដើមខែ្មរក្រោម រស់នៅ ។ ខែ្មរក្រោមទាំង
នេះភាគច្រើនបានចំណាក ស្រុកមានពីស្រុកព្រះត្រពាំង (Trà Vinh)
មករស់នៅ ។ ខែ្មរក្រោមទាំងនេះមានជីវភាពធូរធារណាស់ក្នុងមួយ
គ្រួសារៗមានដីសែ្ររាប់រយហិតតា មានផ្ទះ ក្បឿង ជញ្ជាំងកា្ដរ សសរ
ផ្ចិក សា្មច់ធំៗ សត្វក្របីរាប់សិបនឹម ។ ឯជនជាតិយួននិងចិនមានមក
រស់នៅលាយលាំតិចតួចជនយួនទាំងនេះមួយចំនួនមកស៊ីឈ្នួលខែ្មរ
ក្រោមនិងបានសុំទិញសុំចែកស្រែចំការសែ្ររបស់ខែ្មរក្រោមតាំងជា
លំនៅជាបណើ្ដរៗ។

ក្រោយការកាប់សមា្លប់ខែ្មរនៅឆាំ្ន ១៩៤៥ ជនជាតិបានយួនមករស់នៅ ច្រើនឡើងៗជាលំដាប់នៅខេត្តទឹកខ្មៅ ។ ពួកជនជាតិយួនមកតាំងទី
លំនៅក្រោយឆាំ្ន ១៩៤៥ សុទ្ធតែជាខែ្សស្រឡាយនឹងក្រុមយួនយៀក
មិញ (Việt Minh) ពួកគេចូលមកទន្រា្ទនកាន់កាប់ដី សែ្រចំការខែ្មរ
ក្រោមដោយស្រស់ៗ ។

ឯជនជាតិដើមខែ្មរក្រោម ដែលបានរួចខ្លួនពី ការកាប់សមា្លប់របស់យួន
យៀកមិញនោះ គឺភាគច្រើនបានរួចខ្លួនដោយការរត់គេចទៅប្រមូលផ្ដុំ
នៅគ្នាត្រង់ម្ដុំស្រុកយ៉ារ៉ាយ ស្រុកហូផុង នៃខេត្តពលលាវ និងហួសទៅ
នៅតំបន់ដែលមានខែ្មរក្រោមរស់ នៅច្រើន ឯខេត្តឃាំ្លងជាច្រើនទៀត
ផង ។

បនា្ទប់ពីការកាប់សមា្លម់បានផុតរលត់ទៅខែ្មរក្រោមបានវិលមករស់នៅ
ក្នុងភូមិសា្ថនរបស់ខ្លួនវិញ មានតិចតួចណាស់ ព្រោះពួកគាត់នៅតែដក់
ជាប់ការភ័យខា្លចរអាអំពើកាប់សមា្លប់ពីរបបយួនយៀក មិញ ។

ការកែប្រែឈ្មោះខេត្ត៖
ក្នុងរបបអាណានិគមយួនសម័យយ៉ាឡុង (Gia Long ) មិញម៉ាង (Minh
Mạng ) ១៨០៨​ ទឹក ខៅ្មត្រូវបានរបបនេះចាត់ជាស្រុកមួយហៅថា
ស្រុក ឡុងសៀង (Long xuyen ) សិ្ថតក្នុង ខេត្តពាម ( Hà Tiên ) ។
ឆាំ្ន ១៨៨២ តំបន់ទឹកខៅ្ម និង តំបន់ពលលាវ ត្រូវបានចាត់ជាខេត្តមួយ
មានឈ្មោះថាខេត្តពលលាវ ( Bạc Liêu )។
ឆាំ្ន ១៩៥៦ - ១៩៧៥ របបសាធារណរដ្ឋវៀតណាមតំបន់ទឹកខៅ្មត្រូវ
បានចាត់ជាខេត្តមួយឈ្មោះថា អាងស្វៀង (An Xuyên ) រីឯប្រជំជន់
ទឹកខ្មៅ ត្រូវបានដាក់ឈ្មោះថា កា្វង ឡុង ( Quan Long )។
ពីខែកុម្ភៈ ឆ្នាំ ១៩៧៦ ដល់ ឆ្នាំ ១៩៩៦ ក្នុង របបយួនកុម្មុយនិស្ដយួនខេត្ត
ខេត្តអាង ស្វៀង ( An Xuyên ) និងផ្នែកមួយទៀតរបស់ខេត្តពលលាវ
ត្រូវបានរួមបញ្ចូលជាខេត្តមួយដែលមានឈ្មោះជាភាសា យួនថា មិញ
ហាយ( Minh Hải )​ ។
ឆាំ្ន ១៩៩៧ ខេត្តមិញហាយ (Minh Hải) ត្រូវ បានចែកជា ២ ខេត្តវិញ
ដដែលគឺ៖
· ខេត្តពលលាវ​ ( Bạc Liêu )
· ខេត្តទឹកខ្មៅ ( Cà Mau )

តាមសេចកី្ដសមេ្រចរបស់សមាជលើកទី IX នាសម័យប្រជុំទី ១០ កាល
ថៃ្ងទី ០៦ ខែវិច្ឆិកា ឆាំ្ន ១៩៩៦ ដែលក្នុងពេលនោះ ខេត្តទឹកខ្មៅមានស្រុក
ទាំងអស់ចំនួន ៦ ។

វត្តនៅខេត្តទឹកខៅ្មមាន ៧ គឺ៖
1. វត្ត​សិរីមង្គល (ដូវណាយ) Đầu Nai
2. វត្តជ្រុងខែ្មរ (ជ្រោយខែ្មរ) Rạch Giồng
3. វង្សស្រង់ក្របីឃ្លៀច Cao Văn
4. សិរីវង្សាបុបា្ផរាម Tâm Hiệp
5. មុនីវង្សាបុបា្ផរាម (​ទឹកខៅ្ម ) Cà Mau
6. រាជគូយ (រាជត្រកូល ) Rạch Cụi
7. សតា្ថបូជនីយារាម ( ញ៉ាមៃថី្ម ) Công Đức Lâm
free programes

Read more!

ស្វែងយល់អំពី ទឹកដីខេត្តមេ-ស បច្ចុប្បន្ន

ផែនទីខេត្តមេ-ស
ដោយ ថាច់ ប្រីជា គឿន

មេ-ស ជាខេត្តខ្មែរមួយនៅតំបន់ដែន ដីសណ្តទន្លេមេគង្គនៃទឹកដីកម្ពុជា
ក្រោម នៃអាណាចក្រនគរភ្នំ ដែលយួនបានប្តូរឈ្មោះទៅជាភាសាយួន
ថាខេត្តដិនតឿង (Định Tường) ក្រោយមកប្តូរទៅជាម៉ីថ (Mỹ Tho) និងក្រោយមកទៀតរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនបានដាក់បញ្ចូលខេត្ត
កោះគង (Gò Công) និងខេត្តមេ-ស ឲ្យចូលគ្នាធ្វើជា ខេត្ត មួយ រួចបានប្តូរ
ទៅជាតៀងយ៉ាង (Tiền Giang) ។
បច្ចុប្បន្ន ខេត្ត មេ-ស គឺជាទីក្រុងចំណាត់ ថ្នាក់លេខ ២ របស់ខេត្តតៀងយ៉ាង
(Tiên Giang) នៃរដ្ឋាភិបាលបក្សកុំមុយនិស្តយួន ។

អត្ថន័យពាក្យថា មេ-ស៖
យោងតាមវចនានុក្រមខ្មែររបស់ សម្តេចព្រះ សង្ឃរាជ ជួន ណាត
(ជោតញ្ញាណោ) បោះពុម្ភឆ្នាំ ១៩៦៧ បានពន្យល់ត្រង់ពាក្យថា មេ-ស
មានន័យ យ៉ាង នេះ ៖

មេ-ស(មេ-ស) ន.បិសាចស្រី,យាយទេព, អ្នក តាស្រីៈមេ-ស ជ្រៃ,
មេ-ស ប្រចណ្ឌ ។ល។

អត្ថន័យពាក្យថា Mỹ Tho ៖
ជនជាតិយួនគេហៅ ខេត្តមេ-ស ជាភាសា យួនថា ម៉ីថ (Mỹ Tho) ។
ពាក្យថា ម៉ីថ នៅ ក្នុងភាសាយួននេះគ្មានន័យទេ ព្រោះពាក្យនេះជាភាសា
ខ្មែរថា មេ-ស ហើយ ជនជាតិ យួន ហៅមិនច្បាស់ក្លាយជា ម៉ីថ ដែល
អក្សរយួនសរសេរថា Mỹ Tho ។

ទីតាំងភូមិសាស្ត្រ៖
ទីក្រុងមេ-ស បច្ចុប្បន្ន មានទីតាំងឋិតនៅច្រាំង ខាងជើងនៃដងទន្លេ
លឿង (Xông Tiền) ទិសឦសានជាប់នឹងស្រុកផ្សារអង្ករ (huyện Chợ
Gạo) ទិសខាងលិចជាប់នឹង ស្រុកជុំក្រុង (Châu Thành) ខាង ត្បូង
ជាប់នឹងទន្លេលឿង (Sông Tiền) និងខេត្តកំពង់ ឬស្សី (Bến Tre) ។

ផ្ទៃដី និង ចំនួនប្រជាជន៖
ទីក្រុងមេ-ស មានផ្ទៃដីធម្មជាតិចំនួន ៤៩,៩៨ Km2 ។ ទីក្រុង មេ-ស
មាន ១១ សង្កាត់ និង ៤ ឃុំ និងមានប្រជាជនសរុប ១៦៥.០៧៤ នាក់ ។

ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០០៨ គណៈ កម្មា ធិការប្រជាជនទីក្រុងមេស
អាណត្តិ IX នៃរដ្ឋាភិ បាលបក្សកុមកមុយនិស្តយួនបានបើកកិច្ចប្រជុំ
លើក ទី ១៣ (វិសាមញ្ញ) ដើម្បីពិនិត្យលើគំរោងការផ្លាសប្តូររដ្ឋបាល
ភូមិសាស្ត្រក្នុងការពង្រីកទីក្រុងមេ-ស ។

ក្រោយពីកិច្ចប្រជុំនេះ ទីក្រុងមេ-ស ត្រូវបាន រដ្ឋាភិបាលយួនសម្រេច
ធ្វើការពង្រីកដោយមានផ្ទៃដីធម្មជាតិចំនួន 8.154,08 ha (កើនឡើង
3.295,28 ha) ។ ប្រជាមាន 204.142 នាក់ (កើនឡើងចំនួន 94.725
នាក់) ។

ប្រវត្តិ៖

សម័យអាណានិគមនិយមបារាំង៖
ឆ្នាំ ១៨៧៦ ខេត្តមេ-ស ត្រូវបានស្តេចយួនប្តូរ ឈ្មោះទៅជាភាសាយួន
ថាខេត្តដិន តឿង (Định Tường) ក្នុងចំណោមខេត្តទាំង ៦ នៅដែន
ដីកម្ពុជាក្រោម ។ ពេលបារាំងចូលកាន់កាប់កម្ពុជាក្រោម មេ-ស បាន
ក្លាយទៅជានិគម (arrondissement) មួយឋិតនៅក្នុងតំបន់មេ-ស តាម
រដ្ឋបាលភូមិសាស្ត្រ ដែលបារាំងបានកំណត់ ។

យោងតាមកិច្ចព្រមព្រៀងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហព័ន្ធ
ឥណ្ឌូចិនដើម្បីធ្វើការផ្លាស់ប្តូរនិគមទៅជាខេត្តចាប់ពីថ្ងៃទី ០១ ខែមករា
ឆ្នាំ ១៩០០ នោះ និគមមេ-ស ត្រូវបានគេប្តូរទៅជាខេត្ត មេ-ស វិញ ។
ទីរួមខេត្តរបស់ខេត្តមេ-ស ពេលនោះ គឺទីរួម ខេត្តមេ-ស ។

មុនដំបូងខេត្តមេ-សមានមជ្ឈមណ្ឌលរដ្ឋបាល ភូមិសាស្ត្រ ៣ តំបន់ធំ
ហើយចែកចេញ ជា ១៥ ស្រុក ។

ចាប់ពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ១៩១៣ ដល់ថ្ងៃទី ០២ ខែកុម្ភៈ ១៩២៤
ខេត្តកោះគង (Gò Công) ត្រូវបានគេដាក់បញ្ចូលទៅក្នុងខេត្តមេ-ស
គឺជាខ័ណ្ឌ កោះគង ។
ពីឆ្នាំ ១៩៤៥ ដល់ ១៩៧៥៖
ឆ្នាំ ១៩៥៦ រដ្ឋាភិបាលសាធារណរដ្ឋវៀត ណាម (Việt Nam Cộng Hòa)
បានប្តូរឈ្មោះ ខេត្ត មេ-ស ទៅជាភាសាយួនថា ខេត្តដិនតឿង (Định
Tường) តាមបទបញ្ជាលេខ 143-NV ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦។
ការប្តូរឈ្មោះនេះត្រូវបានរដ្ឋាភិបាលរណសិរ្សជាតិរំដោះវៀតណាម ខាង
ត្បូង ( Mặt trận dân tộc giải phóng miền Nam Việt Nam) ដែល ជារដ្ឋាភិបាលបង្កើតឡើងដោយក្រុមជនជាតិយួនកុម្មុយនិស្តនិយមធ្វើការ បដិសេធឈ្មោះដែលបានប្តូរថ្មីនេះ ហើយរក្សាឲ្យនៅជា ខេត្តម៉ីថ (Mỹ
Tho) ដូចដើម ។

ខែសីហា ឆ្នាំ ១៩៦៨ ខ័ណ្ឌកោះគង (Gò Công) ត្រូវបានរដ្ឋាភិបាលរណ
សិរ្សជាតិ រំដោះវៀតណាមខាងត្បូង ផ្តាច់ចេញពីខេត្តមេ-ស ហើយបង្កើត
ឲ្យមានខេត្តកោះគងឡើងវិញ ។

ខែកុម្ភៈ ឆ្នាំ ១៩៧៦ ខេត្តមេ-ស និង ខេត្តកោះ គង ត្រូវបានរដ្ឋាភិបាល
សាធារណរដ្ឋសង្គមនិយមវៀតណាម ដាក់បញ្ចូលចូលគ្នាហើយបង្កើត
ទៅជាខេត្តថ្មីមួយទៀតដែលភាសាយួនហៅថា ខេត្តតៀងយ៉ាង (Tiền
Giang) ។

ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០០៥ ខេត្តមេ-ស ត្រូវបានក្លាយជាទីក្រុងចំណាត់
ថ្នាក់លេខ ២ របស់ខេត្តតៀងយ៉ាង (Tiền Giang) ដោយមានការទទួល
ស្គាល់ពីនាយករដ្ឋមន្ត្រីនៃ រដ្ឋាភិបាលបក្សកុម្មុយនិស្ត យួន ៕
free programes

Read more!

INDIAN SONG

THAI SONG

Template by : kendhin news blog